ពលរដ្ឋ​រស់​នៅ​ខ្សែទឹក​ខាងក្រោម​នៃ​ដង​ស្ទឹងសង្កែ​​ជំរុញ​ឱ្យ​អាជ្ញាធរ​បើក​ទំនប់​ទឹក​ឱ្យ​ពួកគាត់​ប្រើ

0:00 / 0:00

ប្រជាពលរដ្ឋ​មួយចំនួន​រស់នៅ​ក្នុង​ស្រុក​ឯក​ភ្នំ​ខេត្តបាត់ដំបង​ត្អូញត្អែរ​ពី​បញ្ហា​គ្មាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់​នៅ​រដូវវស្សា ធ្វើ​ឱ្យ​ប៉ះពាល់​ជីវភាព​គ្រួសារ និង​រំខាន​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​។ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​នេះ​អះអាង​ថា មន្ត្រី​ជំនាញ​ផ្នែក​ធនធាន​ទឹកបាន​បើក​ទំនប់​បង្ហូរទឹក​ឱ្យ​ពលរដ្ឋ​រួចហើយ។

ប្រជាពលរដ្ឋ​រស់នៅ​ខេត្តបាត់ដំបង​ប៉ែក​ខាងក្រោម​ខ្សែទឹក​ស្ទឹងសង្កែ ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​គិតគូរ​ពី​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​ដែល​ធ្វើ​ឱ្យ​ពួកគាត់​បាត់បង់​ប្រាក់ចំណូល​ពី​ការ​នេសាទ និង​ការ​ដាំ​ដំណាំ​។ ការ​ត្អូញត្អែរ​នេះ​គឺ​បន្ទាប់ពី​ទឹក​នៅក្នុង​ស្ទឹង​សង្កែ​រីងស្ងួត​អស់ ដែល​ធ្វើ​ឱ្យ​ពួកគាត់​មិន​អាច​នេសាទ និង​ស្រោចស្រព​ដំណាំ ក្រោយ​អាជ្ញាធរ​ស្រុក​នេះ​បើក​ច្រក​ទ្វារ​បង្ហូរទឹក​តិចតួច​នៅឡើយ។

ពលរដ្ឋ​នៅ​ភូមិ​បាក់​ព្រា ស្រុក​ឯក​ភ្នំ លោកស្រី សេង ថឹក ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី៧ កក្កដា ថា លោកស្រី​មិន​ទាន់​ឃើញ​ទឹក​ហូរ​មក​ដល់​កន្លែង​លោកស្រី​រស់នៅ​នោះ​ទេ ដោយសារ​អាជ្ញាធរ​បើក​ទ្វារ​ទឹក​សាលា​តាអន​តូច​ពេក ដូច្នេះ​មិនអាច​ផ្គត់ផ្គង់​ពលរដ្ឋ​ដែល​រស់នៅ​ខាងក្រោម​ខ្សែទឹក​ស្ទឹង​សង្កែ​បាន​ទេ​។ លោកស្រី​បន្ត​ថា សព្វថ្ងៃ​នេះ​ជីវភាព​លោកស្រី​គឺ​ពឹង​លើ​ប្រភព​ទឹកស្ទឹង​សង្កែ​ទាំងស្រុង​ដោយសារតែ ប្ដី​លោកស្រី​ជា​អ្នកនេសាទ ដូច្នេះ​បើ​គ្មាន​ទឹក​ទេ​គ្រួសារ​លោកស្រី​ក៏​បាត់បង់​ប្រាក់ចំណូល​ដែរ។

លោកស្រី សេង ថឹក៖ «លែង​ទឹក​មក​ផង ពីព្រោះ​នៅ​នេះ​ដាច់​ទឹក​អស់ហើយ​ចង់​ឡើង​ទៅ​បាត់ដំបង​ក៏​ឡើង​ទៅ​មិន​រួច ជិះ​តែ​ម៉ូតូ​ក៏​ទៅ​មិន​រួច ភ្លៀង​មក​បែក​ភក់​វល់​ហ្នឹងឯង​ហើយ ទៅ​ស្មាច់​ក៏​ទៅ​មិនកើត គោក​ស្ទឹង​អស់រលីង​ប្រលែង​ទឹក​មក​ឱ្យ​អ្នក​នៅ​នេះ​រស់​ផង អត់​ទឹក​យ៉ាប់​ហើយ»។

លោកស្រី សេង ថឹក បញ្ជាក់​ថា ពលរដ្ឋ​រស់​នៅ​ភូមិ​បាក់​ព្រា​ស្ទើរតែ​៨០​ភាគរយ​ហើយ​ដែល​ចំណាកស្រុក​ដើម្បី​រក​ប្រាក់​ចំណូល​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ និង​សងបំណុល​ធនាគារ។ លោកស្រី​បន្ត​ថា ពលរដ្ឋ​ភាគច្រើន​នៅ​ភូមិ​បាក់​ព្រា​នេះ​គឺ​រំពឹង​លើ​ការ​នេសាទ​តាម​ដងស្ទឹង​សង្កែ ដើម្បី​ចិញ្ចឹមជីវិត ហើយ​រយៈពេល​ជាង​២​ឆ្នាំ​មក​នេះ​ពលរដ្ឋ​បោះបង់​មុខរបរ​នេសាទ​ដោយសារតែ​នៅ​តាម​ស្ទឹង​លែង​សូវ​សម្បូរ​ត្រី​ដូច​ពីមុន។

ដោយឡែក​អាជីវករ​លក់​នំចំណី​តាម​ទូក លោកស្រី ជា ដា ថ្លែង​ថា ជិត​២​សប្តាហ៍​មក​នេះ​លោកស្រី​មិន​បាន​លក់ដូរ​នំ​ចំណី​នៅ​តាម​ទូក​ដូច​លើក​មុន​នោះ​ទេ ដោយសារតែ​គ្មាន​ទឹក​ដើម្បី​ធ្វើដំណើរ ដែល​ធ្វើ​ឱ្យ​រំខាន​ដល់​ការ​រក​ប្រាក់ចំណូល​របស់​លោកស្រី។ លោកស្រី​បន្ត​ថា បើ​ទោះ​បី​អាជ្ញាធរ​បើក​បង្ហូរទឹក​ក៏ដោយ​ក៏​ស្ទឹង​សង្កែ​នៅតែ​គ្មាន​ទឹក ពីព្រោះ​ទំនប់ទឹក​រណប​ធំ គឺ​ទំនប់ទឹក​កង្ហត​នៅ​ប៉ែក​ខាងលើ​ខ្សែទឹក​ស្ទឹង​សង្កែ ប៉ុន្តែ​អាជ្ញាធរ​មិន​ព្រម​បើក​បង្ហូរ​ទំនប់ ទឹក​មួយ​នេះ​នោះ​ទេ។

លោកស្រី ជា ដា៖ «វេទនា​ខ្លាំង​ណាស់​អ្នក​នៅ​ខាងក្រោម​ណាមួយ​អត់​ទឹក​យើង​ប្រើប្រាស់​ប្រចាំថ្ងៃ​ទឹក​ដាំបាយ​ហូប ទឹក​មុជទឹក​អី​អ៊ីចឹង​ខ្វះខាត​ច្រើន​ណាស់​ទាល់តែ​គាត់​បើក​គោយន្ត​មក​ខាងលើ​ណេះ​ឆ្ងាយ​ដើម្បី​បូមទឹក​យក​ទៅ​ប្រើប្រាស់»។

លោកស្រី ជា ដា បញ្ជាក់​ថា មូលហេតុ​ដែល​អាជ្ញាធរ​នៅ​ស្រុក​បាណន់​មិន​ព្រម​បើ​បង្ហូរទឹក​ដោយសារតែ​ទុក​ទឹក​នោះ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ខាងលើ​ស្ទឹង​ប្រើប្រាស់​សម្រាប់​ធ្វើ​ស្រែចម្ការ។

រីឯ​ពលរដ្ឋ ឃុំ​ព្រៃ​ចាស់ លោក អម គឹមឈិត ព្រួយបារម្ភ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ និង​មនុស្ស​ចាស់ជរា​ដែល​ត្រូវ​ទៅ​មន្ទីរពេទ្យ ដោយសារតែ​ស្ទឹង​គ្មាន​ទឹក​មិន​អាច​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក​បាន ហើយ​ជា​ពិសេស​គឺ​ផ្លូវគោក​មាន​គ្រលុក​ធំៗ និង​រអិលខ្លាំង​ពិបាកធ្វើ​ដំណើរ​។ លោក​បន្ត​ថា លោក​នឹង​ចំណាកស្រុក​ដើម្បី​រក​ការងារ​ធ្វើ ពីព្រោះ​លោក​មិនអាច​នេសាទ​រក​ប្រាក់​ចំណូល​បាន​ទេ។

លោក អម គឹមឈិត៖ «អត់​ទឹក​នៅ​ខាងក្រោម​ប៉ះពាល់​ដល់​ជីវភាព​អ្នក​នៅក្នុង​ភូមិ​ច្រើន ណាមួយ​ធ្វើដំណើរ​ទៅណា​ទៅ​ណី​វា​យ៉ាប់ យ៉ាប់​អា​អ្នក​ឈឺ​អ្នកជា​អ្នក​ថ្កាត់​ឯណេះ​ជិះ​ម៉ូតូ​ក៏​ជិះ​វា​មិន​ស្រួល យើង​បើក​កាណូត​ទឹក​វា​គោក​អស់​ពី​ស្ទឹង អ៊ីចឹង​មក វា​មិន​រួច​យ៉ាប់​អ្នក​ពោះធំ ទឹក​វា​អត់​មក​យ៉ាប់​អ្នក​មក​មណ្ឌល​សុខភាព​អីហ្នឹង​ឯង»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តបាត់ដំបង លោក ឡុង ផលគុណ ដើម្បី​សុំ​អត្ថាធិប្បាយ​បានទេ​នៅ​ថ្ងៃទី​៧ កក្កដា ។ ក៏ប៉ុន្តែ អភិបាលស្រុក​ឯក​ភ្នំ លោក ម៉ិល សុផល អះអាង​ថា លោក និង​មន្ត្រី​ធនធានទឹក​សហការ​គ្នា​បើក​បង្ហូរទឹក​ឱ្យ​ពលរដ្ឋ​ប្រើប្រាស់​ហើយ​ប៉ុន្តែ​អាច​មិនទាន់​ដល់​ដោយសារតែ​មិនអាច​បើក​ទ្វារធំ​ពេក​ទេ​។ លោក​បន្ត​ថា ដោយសារ​ឆ្នាំនេះ​ជួប​គ្រោះ​រាំងស្ងួត​បាន​ជា​មិនអាច​ផ្គត់ផ្គង់​ទឹក​ឱ្យ​ពលរដ្ឋ​បាន​ប្រើប្រាស់​គ្រប់គ្រាន់។

លោក ឡុង ផលគុណ៖ «រឿង​ទឹក​នៅ​លើ​អ្នកជំនាញ​គាត់​អ្នក​កាន់​ទ្វារ​ទឹក អ៊ីចឹង​ណាស់​ហើយ​បច្ចេកទេស​បើកទឹក​មិនអាច​បើក​ភ្លាម​គំហុក​ភ្លាម​បាន​ទេ តាម​ខ្ញុំ​ពិនិត្យ​ទៅ​ទាល់តែ​បើក​សន្សឹមៗ​អ៊ីចឹង​ទឹក​កាលណា​យើង​បើក​គំហុក​ទៅ​វា​មាន​បញ្ហា​អី​ខ្លះ​ទី​១ ទី​២​ទឹក​យើង​នៅ​ខាងលើ​ក៏​វា​នៅ​តិច​ដែរ យើង​បើក​សន្សំសំចៃ​ការ​បើក​ឱ្យ​ប្រើ​ប្រាស់​ហ្នឹង​មិនមែន​បើក​វឹប​ទៅ​បើ​គាត់​ប្រើ​មិន​អស់​វា​ហូរ​បុក​ទៅ​ទន្លេ​ចាក់​ចោល​អា​ដែល»។

ទោះបីជា​អភិបាលស្រុក​ឯក​ភ្នំ លោក ម៉ិល សុផល លើកឡើង​បែបនេះ​ក្ដី​ក៏​ប្រជាពលរដ្ឋ​អះអាង​ចាប់តាំងពី​មាន​ទំនប់ទឹក​សាលា​តា​អន​នេះ​ពលរដ្ឋ​ជួប​ផលវិបាក​ខ្វះខាត​ទឹក​នេសាទ​ពីព្រោះ​រាល់​ឆ្នាំ​ទំនប់ទឹក​នៅ​ខាងលើ​តែង​បើក​មួយឆ្នាំ​យ៉ាង​ហោច​ក៏​២​ដង​ដែរ ដើម្បី​ឱ្យ​ពលរដ្ឋ​មាន​ទឹក​ប្រើប្រាស់។

ជុំវិញ​បញ្ហា​នេះ​មន្ត្រី​អ្នកសម្របសម្រួល​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​បាត់ដំបង លោក អ៊ិន គង់ជិត មានប្រសាសន៍​ថា អាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​ចុះទៅ​ត្រួតពិនិត្យ​បញ្ហា​នេះ នៅ​ទីតាំង​ដែល​ពលរដ្ឋ​កំពុង​ជួប​បញ្ហា​ខ្វះខាត​ទឹក ដើម្បី​ធ្វើការ​វាយតម្លៃ​ពី​ផល​ប៉ះពាល់ និង​រក​ដំណោះស្រាយ​ជូន​ពលរដ្ឋ​។ លោក​បន្ត​ថា នៅ​ខេត្តបាត់ដំបង​មាន​ទំនប់ទឹក​ច្រើន​ដូច្នេះ​មិនគួរ​ណា​ខ្វះ​ខាត​ទឹក​ប្រើប្រាស់​នៅ​រដូវវស្សា​នោះ​ទេ ។ លោក​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ជាពិសេស​មន្ត្រី​ធនធានទឹក​គួរតែ​បើក​បង្ហូរទឹក​ពី​ខាងលើ​មក​ចៀសវាង​ធ្វើ​ឱ្យ​ពលរដ្ឋ​បាត់បង់​ចំណូល។

លោក អ៊ិន គង់ជិត៖ «ត្រូវតែ​បើកទ្វារ​ទឹក​ផ្នែក​ខាងលើ​ដូច​ទំនប់ទឹក​ពហុ​បំណង​សេកសក នៅ​ទំនប់ទឹក​នៅ​កង្ហត និង​ទំនប់ទឹក​នៅ​សាលាតាអន ករណី​ហ្នឹង​ខាង​មន្ទីរ​ធនធានទឹក​អត់​ត្រូវ​ស្តុក​ទឹក​នៅ​ផ្នែក​ខាងលើ​ទេ យើង​មើល​ខាងក្រោម​ក៏​ត្រូវ​ការ​ទឹក​ប្រើប្រាស់​ដែរ ហើយ​នៅ​ផ្នែក​ខាងលើ​បច្ចុប្បន្ន​ក៏​ទទួល​ទឹកភ្លៀង​មក​ដែរ នៅ​អាងទឹក​ទំនប់​ពហុ​បំណង​សេក​សក​ហ្នឹង​គឺ​មាន​ប្រភព​២​ស្ទឹង​មក​ពី​ខាងលើ»។

ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល​យល់ឃើញ​ស្រដៀង​គ្នា​ថា កត្តា​ដែល​នាំ​ឱ្យ​មានការ​ខ្វះខាត​ទឹក​នៅក្នុង​ស្ទឹង​សង្កែ គឺ​បណ្ដាល​មក​ពី​ការ​គ្រប់គ្រង​បរិស្ថាន និង​ធនធានទឹក​របស់​អាជ្ញាធរ​មិន​បាន​ល្អ​បង្ក​ឱ្យ​ខ្វះខាត​ទឹក​ប្រើប្រាស់​ទាំង​រដូវប្រាំង និង​រដូវវស្សា ។ ពួកគាត់​ស្នើ​ឱ្យ​អាជ្ញាធរ ពង្រឹង​ការ​ធ្វើ​ការងារ​របស់​ខ្លួន​នៅ​តាម​ថ្នាក់​មូលដ្ឋាន​ដើម្បី​អាច​ឱ្យ​ពលរដ្ឋ​មាន​លទ្ធភាព​រក​ប្រាក់​ចំណូល​ចិញ្ចឹម​ជីវិត​ដោយ​មិន​ចាំបាច់​ចំណាកស្រុក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។