ជនជាតិដើមភាគតិច រស់នៅឃុំបឹងចារ និងឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ អំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធ ជួយការពារដើមច្បោះ ដែលសល់ចុងក្រោយឲ្យគង់វង្ស ដើម្បីឲ្យអ្នកភូមិមានលទ្ធភាពរកប្រាក់ចំណូលចិញ្ចឹមជីវិត និងដោះបំណុលធនាគារ។ ការអំពាវនាវនេះ គឺក្រោយពីកម្មករក្រុមហ៊ុន ស៊ី-បាយអូថេក (Ci-Biotech Co., Ltd) នៅតែបន្តកាប់រំលំដើមច្បោះ របស់អ្នកស្រុកអស់ជិត ១០០ដើមថ្មីទៀត។
ជនជាតិដើមភាគតិចកួយ រស់នៅជាប់តំបន់ព្រៃឡង់ ក្នុងឃុំបឹងចារ ស្រុកសំបូរ កំពុងដេកភ័យពីការប៉ុនប៉ងលួចកាប់ដើមច្បោះជ័ររបស់ពួកគេ ដែលនៅសេសសល់ចុងក្រោយប្រមាណជាង ១ពាន់ដើម ដែលពលរដ្ឋជិត ១០គ្រួសារទេ កំពុងអាស្រ័យផលប្រចាំថ្ងៃ។
ជនជាតិដើមភាគតិចកួយរស់នៅឃុំបឹងចារ លោក ណាំ ណាក់ ឲ្យដឹងនៅថ្ងៃទី២៥ មេសាថា គ្រួសារលោកមានដើមច្បោះជាង ៥០០ដើម កំពុងដុតយកជ័រទឹក អាចរកប្រាក់ចំណូលបាន ២លានរៀលក្នុងមួយខែ។ លោកថានៅតំបន់នោះ គឺគ្រួសារលោក ដែលនៅសល់ដើមច្បោះជ័រច្រើនជាងគេ ដោយសារលោកបានដាក់វេនគ្នា យាមល្បាតជាប្រចាំ។ លោកបញ្ជាក់ថា នៅរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ អ្នកភូមិ ៣គ្រួសារទៀត បានបាត់បង់ដើមច្បោះ ជិត ១០០ដើម ដោយសារកម្មករក្រុមហ៊ុន ស៊ី-បាយអូថេក លួចកាប់៖ «ខ្ញុំព្រួយបារម្ភ ទី១ សព្វថ្ងៃដើមច្បោះកាន់តែតិចទៅ ហើយមួយទៀតបទល្មើសកាន់តែចូលច្រើន ហើយក្រុមហ៊ុនចេះតែកាប់បំផ្លាញច្បោះពលរដ្ឋជាបន្តបន្ទាប់ទៀត។ ក្រុមហ៊ុនគេមកកាប់ និងអារឈើកាប់ឈើហ្នឹង។ ដឹកឈើចូលរោងចក្រ ហើយច្រៀកជាក្ដារ ដាក់លើឡានដឹកចេញក្រៅ » ។
បុរសដដែលបន្ថែមថា នៅពេលដែលមិនទាន់មាន ក្រុមហ៊ុន ស៊ី-បាយអូថេក វិនិយោគព្រៃនៅតំបន់នោះ អ្នកភូមិជាង ៤០គ្រួសារ មានដើមឈើដុតយកជ័រទឹកក្នុងព្រៃ ក្នុងមួយគ្រួសារ រាប់រយដើម ក៏ប៉ុន្តែមុខរបរមួយនេះ បានថយចុះយ៉ាងគំហុក នៅគ្រាដែលក្រុមហ៊ុនបោះទីតាំងកាប់ឈើ និងឈូសឆាយព្រៃនៅតំបន់ ដែលសំបូរដោយរណ្ដៅជ័រទឹក។ លោកបញ្ជាក់ថា មកទល់ពេលនេះមានពលរដ្ឋមិនដល់ ១០គ្រួសារទេ រស់នៅឃុំបឹងចារ និងឃុំកំពង់ចាម កំពុងក្រាញននៀលការពាររណ្ដៅជ័រទឹករបស់ខ្លួន និងដុតយកជ័រទឹកលក់។
អាស៊ីសេរីបានទាក់ទងអ្នកនាំពាក្យក្រសួងកសិកម្ម លោក ស្រី វុឌ្ឍី ដើម្បីសុំការពន្យល់បញ្ហានេះ តែទូរស័ព្ទហៅចូលច្រើនដងគ្មានអ្នកទទួលនៅថ្ងៃទី២៥ មេសា។
ចំណែកអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភ័ក្ត្រា មានប្រសាសន៍ថា ក្រុមហ៊ុន ស៊ី-បាយអូថេក ឋិតក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម ក៏ប៉ុន្តែបើពាក់ព័ន្ធដែនជម្រកសត្វព្រៃឡង់ គឺឋិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន ហើយក្រសួងកំពុងយកចិត្តទុកដាក់ការពារ និងអភិរក្សធនធានធម្មជាតិ។ លោកបដិសេធមិនអធិប្បាយចំពោះការលើកឡើងពីការបាត់បង់ដើមច្បោះ និងការកាប់ឈើពីតំបន់ព្រៃឡង់ ដឹកជញ្ជូនចូលក្រុមហ៊ុនទេ ព្រោះក្រសួងមិនទាន់ទទួលបានភស្តុតាង និងរបាយការណ៍ណាមួយពីពលរដ្ឋ និងសហគមន៍នៅមូលដ្ឋាននៅឡើយទេ។ ក៏ប៉ុន្តែលោកអះអាងថា ក្រសួងបានពង្រឹងវិធានការការពារ និងទប់ស្កាត់បទល្មើសព្រៃឈើគ្រប់ប្រភេទ ក្នុងដែនជម្រកសត្វព្រៃឡង់ទាំង ៤ខេត្ត៖ «ត្រូវការបញ្ជាក់ឲ្យបានច្បាស់លាស់ ភស្តុតាងឲ្យបានពិតប្រាកដ ដើម្បីយើងអាចធ្វើការ។ អ៊ីចឹងហើយបានជាយើងអំពាវនាវដល់បងប្អូន ដែលមានភស្តុតាង មានរូបភាព និងសកម្មភាពដែលថតបាន ឬមួយជាសាក្សី គឺសុំធ្វើការងារជាមួយមន្ត្រីនៅមូលដ្ឋាន ដែលនៅមន្ទីរបរិស្ថានខេត្ត។ ជារួមសម្រាប់ក្រសួងបរិស្ថាន គឺយើងចាត់វិធានការការពារធនធានធម្មជាតិ ដែលយើងគ្រប់គ្រង » ។
ទោះយ៉ាងណា មេឃុំបឹងចារ លោក ហ៊ុល សឿង ទទួលស្គាល់ថា ដើមច្បោះជ័ររបស់អ្នកភូមិ កាន់តែថយចុះយ៉ាងគំហុក ដោយសារពលរដ្ឋខ្វះសាមគ្គីភាព ក្នុងការថែរក្សា និងអភិរក្ស។ លោកថា អាជ្ញាធរឃុំតែងធ្វើរបាយការណ៍បញ្ហានេះទៅថ្នាក់លើ ឲ្យជួយរកវិធានការគាំពារ។ ក៏ប៉ុន្តែមានពលរដ្ឋមួយចំនួនតូច លួចកាប់ដើមច្បោះអ្នកស្រុកលក់ឲ្យក្រុមហ៊ុន និងមានពលរដ្ឋខ្លះលក់ដើមច្បោះរបស់ខ្លួនឲ្យឈ្មួញ៖ «ការកាប់បំផ្លាញច្បោះមានពីរយ៉ាង ទី១ បទល្មើសព្រៃឈើអនាធិបតេយ្យ ពួកប្រជាពលរដ្ឋមួយចំនួនដែលរកស៊ីឈើហ្នឹងគាត់កាប់។ គាត់ដណ្ដើមគ្នាកាប់អីចឹងទៅ ហើយអាម្ចាស់អត់នៅអីចឹងទៅ ជួនកាលគាត់កាប់ ហើយគាត់គំរាម និងទី២ ទៀត អានៅម្ដុំក្រុមហ៊ុន ពួកក្រុមហ៊ុនទៅទិញ ដែលគាត់មានការព្រមព្រៀង»។
ជនជាតិដើមភាគតិច បន្ថែមថា ក្រុមហ៊ុន ស៊ី-បាយអូថេក (Ci-Biotech Co., Ltd) បានបើកដេប៉ូ ប្រមូលទិញឈើខ្នាតយក្ស និងអារច្រៀកឈើជាបន្ទះក្ដារ នៅចំណុចដំបូកស ក្បែរព្រៃឡង់ ឆ្ងាយពីលំនៅឋានពលរដ្ឋក្នុងឃុំបឹងចារប្រហែលជាង ១០គីឡូម៉ែត្រ។ អាជីវកម្មឈើនេះ ពលរដ្ឋមួយចំនួន និងកម្មករក្រុមហ៊ុនបានលួចកាប់ឈើក្នុងតំបន់ព្រៃឡង់ និងដើមច្បោះជ័រ ដឹកជញ្ជូនចូលការដ្ឋានរបស់ក្រុមហ៊ុន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។