បន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណខ្សាច់ស្របច្បាប់ពីក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី១០ ខែមេសា មកនោះ នាយកដ្ឋានកំពង់ផែស្វយ័តភ្នំពេញ និងក្រសួងរ៉ែ និងថាមពល បានធ្វើវេទិកាសាធារណៈនៅខេត្តកណ្ដាល និងខេត្តកំពង់ចាម ដើម្បីពន្យល់ប្រាប់ប្រជាពលរដ្ឋរស់នៅតាមទន្លេមេគង្គលើ និងមេគង្គក្រោម ពីសិទ្ធិនៃការបូមខ្សាច់។ មន្ត្រីក្រសួងរ៉ែ និងថាមពល និងអគ្គនាយកដ្ឋានកំពង់ផែស្វយ័តភ្នំពេញ អះអាងថា បូមខ្សាច់ជាការស្ដារទន្លេ បង្កើនជម្រៅទឹកឲ្យជ្រៅ និងសម្រួលផ្លូវនាវាចរណ៍ផង។ មិនតែប៉ុណ្ណោះ ការបូមខ្សាច់ពីទន្លេមេគង្គនោះ រដ្ឋាភិបាលនឹងបានចំណូលក្រាស់ក្រែលពីការលក់ខ្សាច់សំណង់ ដែលអគ្គនាយកដ្ឋានកំពង់ផែស្វយ័តភ្នំពេញនេះបានធ្វើ។
ខ្សាច់ជាសេចក្តីត្រូវការចាំបាច់ក្នុងពេលបច្ចុប្បន្នក្នុងវិស័យសំណង់។ ខ្សាច់ក៏បានឡើងថ្លៃចាប់តាំងពីខែមីនា មកដល់សព្វថ្ងៃ ពីតម្លៃ ៦ពាន់រៀល ទៅជាង ១០ដុល្លារក្នុងមួយម៉ែត្រគូប។ នេះជាការលើកឡើងរបស់អ្នកចូលរួមក្នុងវេទិកាសាធារណៈ ដែលរៀបចំដោយក្រសួងរ៉ែ និងថាមពល និងអគ្គនាយកដ្ឋានកំពង់ផែស្វយ័តភ្នំពេញ នៅខេត្តកណ្ដាល និងខេត្តកំពង់ចាម កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៥។
ជួសមុខឲ្យពលរដ្ឋក្នុងខេត្តកណ្ដាល លោក ម៉ៅ ភារុណ អភិបាលខេត្តកណ្ដាល ថ្លែងថា ខ្សាច់ពិតជាមិនអាចខ្វះបានក្នុងការកសាងតំបន់អភិវឌ្ឍន៍។ ខ្សាច់ក៏បានឡើងថ្លៃ នៅពេលមានតម្រូវការច្រើន។ លោកសំណូមពរឲ្យកំពង់ផែស្វយ័តភ្នំពេញ ដែលបានទទួលអាជ្ញាប័ណ្ណស្របច្បាប់ មិនត្រូវបូមខ្សាច់លើសម៉ោងកំណត់ពីព្រហាមម៉ោង ៥ទៀបភ្លឺ ទៅដល់ម៉ោង ៧យប់ទេ និងមិនត្រូវដំឡើងថ្លៃខ្សាច់ស្រេចចិត្តដែរ៖ «ព្រោះគាត់រំកិលទៅលិច រំកិលទៅកើតអីទៅ។ ដល់អ៊ីចឹងធ្វើឲ្យវាខុសទៅគោលដៅដែលក្រសួងគាត់អត់មានឲ្យបូមខុសទេតាមការសិក្សាបច្ចេកទេស វាឃើញអ៊ីចឹងហើយ។ ប៉ិនដល់អ្នកទៅប្រតិបត្តិវាអត់បានអ៊ីចឹងទេ វាខុសពីបញ្ហាដែលបានគូសវាសនេះ អាហ្នឹងដែលវាបង្កើតបញ្ហា។ អ៊ីចឹងបាននៅកន្លែងនេះ អ្នកណាជាអ្នកមើល? ធម្មតាអ្នកបូមមិនខ្វល់ទេ ពីព្រោះអ្នកបូមគិតថាតែភ្លេច អញបូមយកអាកន្លែងខ្សាច់ល្អហើយ ព្រោះគាត់បូមលក់ គាត់មិនមែនបូមទុកឯណា។ អ៊ីចឹងគាត់រើសយកតែខ្សាច់ល្អ។ ដល់អ៊ីចឹង គាត់ទៅរកតែកន្លែងល្អ ដល់អត់មាននៅកន្លែងហ្នឹង គាត់ទៅយកកន្លែងអត់គូសឲ្យ អ៊ីចឹងវាមានបញ្ហា អ៊ីចឹងប្រជាជនត្រូវតែមើលថា ការបូមហ្នឹងអត់ត្រឹមត្រូវតាមបច្ចេកទេស តាមគំនូសបង្ហាញនេះទេ។ អ៊ីចឹងគាត់មានសិទ្ធិបញ្ចេញមតិ គាត់ប្ដឹងតវ៉ា ថាឥឡូវវាមានបញ្ហាកើតឡើងហើយ វាបាក់ច្រាំងត្រង់នេះ បាក់ច្រាំងត្រង់នោះ ធម្មតាទន្លេមេគង្គ ជួនកាលវាបាក់ដោយធម្មជាតិ ជួនកាលវាបាក់ដោយការបូម ប៉ុន្តែការសិក្សាពីផលប៉ះពាល់បរិស្ថាន EIA យើងគិតថា វាមិនអីទេ ប៉ុន្តែនៅពេលវាបូមទៅ វាទៅជាអីទៅវិញ ពីព្រោះជួនកាលបច្ចេកទេសយើងវាមិនដល់ នេះជារឿងមួយ»។
មេភូមិកោះកែវក្រោម អ្នកស្រី ជា ស៊ីណា ថ្លែងថា ពលរដ្ឋមកស្នើសុំក្នុងវេទិកានេះ កុំឲ្យបូមខ្សាច់ប៉ះពាល់ដីកោះកែវ ដែលអ្នកភូមិជាង ៣០០គ្រួសារ កំពុងដាំដំណាំអាស្រ័យផលលើដីកោះនោះ។ អ្នកស្រីថា ដីកោះកែវបានដុះកណ្ដាលទន្លេមេគង្គច្រើនឆ្នាំមកហើយ។ ប៉ុន្តែបើបូមខ្សាច់នៅដីកោះ ទើបដុះថ្មីក្បែរកោះកែវនេះ ពួកគាត់យល់ព្រមឲ្យបូម ព្រោះតំបន់នោះមិនទាន់មានមនុស្សដាំដុះយកផលដំណាំទេ ប៉ុន្តែមានទូកជនបរទេសតាំងលំនៅលើទឹកនៃកោះថ្មីទើបដុះនោះ៖ «បើបូមយកតែកោះថ្មីទៅ ទុកកោះចាស់ ដើម្បីគាត់ប្រកបមុខរបរដូចឆ្នាំងបាយគាត់អ៊ីចឹង ចិញ្ចឹមគោ និងបង្កបង្កើនផលលើកោះហ្នឹង»។
បុរសវ័យ ៧៨ឆ្នាំ ឈ្មោះ អ៊ុន សុផល នៅភូមិកោះកែវក្រោម ឲ្យដឹងថា ដោយសារតែមានការបូមខ្សាច់អនាធិបតេយ្យក្នុងទន្លេមេគង្គកន្លងមក ទើបអ្នកភូមិបង្កើតប្រជាការពារ ដើម្បីបណ្ដេញសាឡង់បូមខ្សាច់ដែលលួចបូមញឹកញាប់នៅពេលយប់ ធ្វើឲ្យបាក់ដី និងផ្ទះចូលទឹក៖ «ពួកអាកាណូតធំៗវាចូលទៅបូម បូមយកខ្សាច់មកលក់ ចូលទៅបូមពួកប្រជាជនបាតុកម្មផ្អើល ដេញរត់អស់»។
ដើម្បីបញ្ចៀសចម្ងល់ និងមន្ទិលទាំងឡាយរបស់អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តកណ្ដាល អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ លោក ហ៊ឺ ប៉ាវី ពន្យល់ថា ទីតាំងដែលត្រូវបូមខ្សាច់ដើម្បីស្ដារទន្លេមេគង្គ និងដើម្បីបង្កើនជម្រៅទឹកឲ្យបានជ្រៅជំនួយចរាចរណ៍របស់នាវា អាចឲ្យដឹកទំនិញបានរាប់រយតោនឆ្លងកាត់ភ្នំពេញ គឺបូមខ្សាច់ពីកោះទើបដុះថ្មីដែលនៅក្បែរកោះកែវ និងកោះក្នុងឃុំខ្សុំ ដែលសុរិយោដីមិនទាន់ចុះបញ្ជី។ ការបូមខ្សាច់នោះ ដើម្បីស្ដារជម្រៅទឹក៖ «បូមដូចដែលកំពង់ផែ បានបូមជារៀងរាល់ឆ្នាំមកទេ។ អានេះ គឺពីកំពង់ចាម មក ឯកន្លែងនេះ គឺប្រឡាយដែលកំពុងបូមសព្វថ្ងៃ គឺបូមចប់ហើយ ទឹកចាប់ផ្ដើមស្រក គឺខ្សាច់ចាក់បំពេញវិញ ព្រោះកន្លែងនេះ រកាកោង ដែលវាបាក់ខ្លាំង អ៊ីចឹង គឺការបូមហ្នឹង គឺពីហ្នឹងមក ហើយយើងមានកាច់មួយដើម្បីកុំឲ្យប៉ះពាល់ផ្លូវទឹក។ ប៉ុន្តែនេះជាប្រឡាយបណ្ដោះអាសន្នទេ ដែលនឹងបូមតែឆ្នាំនេះ និងឆ្នាំក្រោយទេ បន្ទាប់ពីឆ្នាំក្រោយទៅ យើងនឹងមានគម្រោង ៤ គឺ ៤គម្រោងនឹងដាក់ឲ្យដេញថ្លៃនៅចុងខែឧសភា នេះ។ ហើយការដេញថ្លៃនេះ កំពង់ផែក៏ដូចក្រសួងសាធារណការ និងដឹកជញ្ជូន បានសុំទៅក្រសួងរ៉ែ និងថាមពល ហើយ ថាកំពង់ផែ នឹងសុំទៅដេញថ្លៃដែរ»។
បន្ថែមលើនោះ តំណាងក្រសួងរ៉ែ និងថាមពល លោក ឌិត ទីណា បានប្រាប់ប្រជាពលរដ្ឋ និងអាជ្ញាធរខេត្តកណ្ដាល ថា បើមានករណីបូមខ្សាច់ខុសគោលដៅ និងខុសម៉ោងបូមខ្សាច់ មិនចន្លោះពីម៉ោង ៥ទៀបភ្លឺទៅដល់ម៉ោង ៧យប់ទេ អ្នកភូមិអាចទូរស័ព្ទប្ដឹងទៅលេខ ៧២៧ និងលេខ ០៩៥ ៧២៧ ៧២៧ នោះក្រុមអធិការកិច្ចនឹងចុះចាប់បទល្មើសភ្លាមៗ៖ «ពេលដែលយើងផ្តល់អាជ្ញាប័ណ្ណឲ្យគាត់នៅកន្លែងលើគោកហ្នឹង គឺគាត់មានកាតព្វកិច្ចបាញ់ទឹកលើផ្លូវ ថែរក្សាផ្លូវ គ្របឲ្យបានជិតការដឹកជញ្ជូនខ្សាច់។ ក៏ប៉ុន្តែនៅក្នុងករណីនេះ ដោយសារយើងផ្តល់អាជ្ញាប័ណ្ណឲ្យកំពង់ផែគាត់អត់ធ្វើការងាររហូតដល់ដឹកជញ្ជូនទេ។ អ៊ីចឹងការដឹកជញ្ជូននេះ វានៅលើដេប៉ូទៅវិញ អ៊ីចឹងហើយបានជាយើងត្រូវបែងចែកសមត្ថកិច្ចគ្នាក្នុងការជួយរក្សាកុំឲ្យមានការប៉ះពាល់ដល់បងប្អូននេះ»។
នៅក្នុងវេទិកាសាធារណៈនៅស្រុកកងមាស ខេត្តកំពង់ចាម ប្រជាពលរដ្ឋនៅក្នុងឃុំស្ដៅ បានលើកឡើងថា មុន និងក្រោយចូលឆ្នាំ មានសាឡង់លួចបូមខ្សាច់ក្បែរភូមិខុសពីកន្លែងដែលបានបោះពោងកំណត់ការបូមខ្សាច់ ដែលមានចម្ងាយពីច្រាំង ១០០ម៉ែត្រ៖ «ទើបខានបូមពីម្សិលមិញទេ ខានបូមប្រហែល ២ថ្ងៃទេ បូមទាំងយប់ទៀតនោះ បូមទាំងយប់ទាំងថ្ងៃ»។
តំណាងក្រសួងរ៉ែ និងថាមពល និងកំពង់ផែស្វយ័តភ្នំពេញ បានទទួលយកការលើកឡើងក្នុងវេទិកាសាធារណៈ ហើយឲ្យប្រជាពលរដ្ឋតាមដានសាឡង់បូមខ្សាច់។ បើជាសាឡង់មានអាជ្ញាប័ណ្ណត្រឹមត្រូវ គឺមានបិទលេខ និងរូបសញ្ញាយុថ្កា និងកប៉ាល់ ដែលជាសញ្ញារបស់កំពង់ផែស្វយ័តភ្នំពេញ។ ក្នុងវេទិកានោះដែរ អាជ្ញាធរខេត្តកណ្ដាល និងខេត្តកំពង់ចាម ព្រមទាំងក្រសួងរ៉ែ និងថាមពល និងកំពង់ផែស្វយ័តភ្នំពេញ ជំរុញឲ្យពលរដ្ឋជួយតាមដានម៉ោងដែលសាឡង់បូមខ្សាច់ឲ្យបានត្រឹមត្រូវ តាមការពន្យល់ប្រាប់ក្នុងវេទិកានេះ។
នៅក្នុងវេទិកាសាធារណៈនៅខេត្តកំពង់ចាម និងខេត្តកណ្ដាល ទាំងមន្ត្រីក្រសួង និងអាជ្ញាធរមូលដ្ឋាន សន្យារឹតបន្តឹងការដឹកជញ្ជូនខ្សាច់ ដែលធ្វើឲ្យខូចផ្លូវសហគមន៍ ដែលក្រសួងរ៉ែ និងថាមពល សន្យាបញ្ឈប់ដេប៉ូលក់ខ្សាច់ និងដកអាជ្ញាប័ណ្ណពីកំពង់ផែស្វយ័តភ្នំពេញវិញ ប្រសិនបើអនុវត្តអាជីវកម្មខ្សាច់រកឃើញថា បានបំពានកិច្ចសន្យាជាមួយក្រសួងមួយនេះ។
តំណាងអគ្គនាយកដ្ឋានកំពង់ផែស្វយ័តភ្នំពេញ អ្នកស្រី សេង គន្ធា ឲ្យដឹងថា បច្ចុប្បន្ន កំពង់ផែស្វយ័តភ្នំពេញ បានផ្គត់ផ្គង់ខ្សាច់ ២ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃទៅដេប៉ូចំនួន៨ ដើម្បីឲ្យលក់ខ្សាច់ក្នុងតម្លៃ ១ម៉ែត្រគូបចន្លោះពី ៤,៥ដុល្លារ ទៅ ៥ដុល្លារ។ ដេប៉ូខ្សាច់ទាំងនោះមានដេប៉ូកោះពេជ្រមួយ។ នៅផ្លូវជាតិលេខ១ មាន៣ គឺដេប៉ូ ទន់ សម្បត្តិ ដេប៉ូ សុខ លី និងដេប៉ូ បឹង ស្នោ។ នៅផ្លូវជាតិលេខ៥ មាន២ គឺដេប៉ូ ង៉ូវ ចិណា និងដេប៉ូ ព្រែក ព្នៅ នៅផ្លូវជាតិលេខ៦ មានដេប៉ូព្រែកតាសេក ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។