ពលរដ្ឋខេត្តរតនគិរី ចោទអភិបាលស្រុកវ៉ឺនសៃ ថាបានឃុបឃិតជាមួយឈ្មួញធ្វើអាជីវកម្មខ្សាច់ក្នុងទន្លេសេសានខុសច្បាប់។ ការចោទនេះស្របពេលដែលសកម្មភាពបូមខ្សាច់បានបង្កផលប៉ះពាល់គុណភាពទឹក បាក់ច្រាំងទន្លេ និងបង្កសំឡេងរំខានដល់ពលរដ្ឋ។
ពលរដ្ឋស្រុកវ៉ឺនសៃ អំពាវនាវឲ្យក្រសួងរ៉ែនិងថាមពល ត្រួតពិនិត្យអាជីវកម្មបូមខ្សាច់ក្នុងទន្លេសេសាន ជាបន្ទាន់ ពីព្រោះអាជីវកម្មនេះកំពុងបង្កផលប៉ះពាល់ជីវភាពរស់នៅរបស់ពលរដ្ឋ។
ពលរដ្ឋរស់នៅភូមិហ្វាំង សុំមិនបញ្ចេញឈ្មោះរៀបរាប់ថា សកម្មភាពបូមខ្សាច់មានពីរកន្លែងក្នុងភូមិហ្វាំង ឃុំប៉ុង កន្លែងបូមខ្សាច់នេះជាកម្មសិទ្ធិរបស់ឈ្មួញឯកជនដែលបានធ្វើអាជីវកម្មនៅក្នុងទន្លេសេសាន ច្រើនឆ្នាំមកហើយ។ ប្រជាពលរដ្ឋដដែលបន្តថា មន្ត្រីអាជ្ញាធរមូលដ្ឋានមិនបានយកចិត្តទុកដាក់ទៅនឹងផលលំបាកដែលកំពុងកើតមានចំពោះពលរដ្ឋនោះឡើយ៖ «ដល់ពេលបូមទៅទឹកវាបុកពីលើចុះក្រោម ទឹកវាល្អក់ ប្រជាជនត្រូវការប្រើប្រាស់។ ថាមពលរ៉ែ ឲ្យគាត់ជួយដាស់តឿនទៅឲ្យគាត់ទៅកន្លែងណាទៅ ឲ្យវាស្អាត»។
ឆ្លើយតបនឹងការចោទប្រកាន់នេះ អភិបាលស្រុកវ៉ឺនសៃ លោក ជុំ ងិល ទទួលស្គាល់ថា ពិតជាមានការបូមខ្សាច់ពិតមែន។ អាជីវកម្មបូមខ្សាច់នេះមានការអនុញ្ញាតពីអាជ្ញាធរខេត្តរតនគិរី ក៏ប៉ុន្តែលោកមិនបានអធិប្បាយទាក់ទិនផលប៉ះពាល់ប្រជាពលរដ្ឋយ៉ាងណានោះឡើយ។ លោកបន្តថា អាជីវកម្មនេះបានដាក់ពាក្យសុំអាជ្ញាប័ណ្ណទៅក្រសួងរ៉ែនិងថាមពល រួចហើយ បច្ចុប្បន្នការបូមខ្សាច់ធ្វើឡើងដើម្បីបំពេញតម្រូវការប្រើប្រាស់ការសាងសង់នៅក្នុងខេត្តជាបណ្ដោះអាសន្នរង់ចាំក្រសួងសម្រេចផ្ដល់អាជ្ញាប័ណ្ណ៖ «សុំត្រឹមខេត្តទេ តែភាគីសុំទៅក្រសួងអស់ហើយ បូមពីរបីឆ្នាំមកហើយ»។
ចំណែកប្រធានមន្ទីររ៉ែនិងថាមពល ខេត្តរតនគិរី លោក ហ៊ុន ប៊ុនថាន មិនព្រមអធិប្បាយជាក់លាក់ពីអាជីវកម្មបូមខ្សាច់នោះទេ។ លោកជំរុញឲ្យប្រជាពលរដ្ឋមកមន្ទីររ៉ែនិងថាមពល ធ្វើការដោះស្រាយ៖ «បញ្ជូនពួកហ្នឹងឲ្យទៅមន្ទីររ៉ែនិងថាមពល ឲ្យគេដោះស្រាយទៅ ខ្ញុំនៅប្រជុំភ្នំពេញ»។
កាលពីសប្ដាហ៍មុន រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល លោក ម៉េង ស័ក្ដធារ៉ា ថ្លែងក្នុងសន្និសីទកាសែតស្តីពីបញ្ហារ៉ែនៅសាលាខេត្តរតនគិរី ថាក្រសួងមិនទាន់បានផ្ដល់អាជ្ញាប័ណ្ណអាជីវកម្មបូមខ្សាច់ដល់អាជីវករណាម្នាក់នៅក្នុងខេត្តនេះនៅឡើយ ហេតុនេះកន្លែងធ្វើអាជីវកម្មបូមខ្សាច់នៅក្នុងខេត្តនេះ គឺធ្វើឡើងដោយខុសច្បាប់។ លោកកត់សំគាល់ថា កន្លងទៅក្រសួងធ្លាប់បានផ្ដល់អាជ្ញាប័ណ្ណឲ្យអាជីវករបូមខ្សាច់ ប៉ុន្តែបានបញ្ឈប់វិញដោយសារខ្លាចប៉ះពាល់បញ្ហាជលសាស្ត្រ និងច្រាំងទន្លេ៖ «អាជីវករគាត់ត្រូវផ្អាកស្របតាមច្បាប់ បើគាត់នៅបន្តបូម គឺគាត់អនុវត្តខុសច្បាប់ហើយ។ អ៊ីចឹងយើងត្រូវមានវិធានការច្បាប់»។
ទោះជាយ៉ាងនេះក្តី មន្ត្រីសម្របសម្រួលអង្គការទន្លេបី លោក មៀច មាន កត់សំគាល់ថា អាជីវកម្មបូមខ្សាច់ទាមទារឲ្យមន្ត្រីជំនាញសិក្សាវាយតម្លៃលម្អិត និងជាក់លាក់ពីផលប៉ះពាល់ ព្រមទាំងការចូលរួមពិគ្រោះយល់ពីសហគមន៍មូលដ្ឋាន។ លោកអំពាវនាវឲ្យមន្ត្រីជំនាញពាក់ព័ន្ធយកចិត្តទុកដាក់ផលប៉ះពាល់ប្រជាពលរដ្ឋ និងធនធានធម្មជាតិមុននឹងចេញអាជ្ញាប័ណ្ណធ្វើអាជីវកម្មក្នុងទន្លេនេះ៖ «បើអត់មានការសិក្សាច្បាស់លាស់ទេ ទំនាស់វាកើតមានអ៊ីចឹង។ អាជ្ញាធរខេត្ត ស្រុក អាជ្ញាធរមូលដ្ឋានទាំងអស់ហ្នឹងប្រជុំពិភាក្សាចែករំលែកផលប្រយោជន៍គ្នាដើម្បីឲ្យសហគមន៍គាត់បានស្ងប់ចិត្តព្រោះគាត់ជាម្ចាស់ធនធានធម្មជាតិ»។
នៅខេត្តរតនគិរី មិនមានតែស្រុកវ៉ឺនសៃ នោះទេ នៅស្រុកលំផាត់ ក៏មានអាជីវកម្មបូមយកខ្សាច់ពីក្នុងទន្លេស្រែពក ដូចគ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។