មន្ត្រី​ប៉ាន់​ប្រមាណ​ថា​មាន​ភ្ញៀវ​​ប្រមាណ​១៥​ម៉ឺន​នាក់​ចូល​រួម​ពិធី​បុណ្យ​សមុទ្រ​ឆ្នាំ​នេះ

0:00 / 0:00

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ អះអាង​ពី​ភាព​ជោគជ័យ​នៃ​ការ​រៀបចំ​ពិធី​បុណ្យ​សមុទ្រ​លើក​ទី​៣ រយៈពេល ៣​ថ្ងៃ នា​ខេត្ត​កោះកុង ដែល​បាន​បិទ​បញ្ចប់​នៅ​ល្ងាច​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៤។ ទន្ទឹម​គ្នា​នេះ លោក​ក៏​បាន​អះអាង​ថា ពិធី​បុណ្យ​សមុទ្រ ៣​ថ្ងៃ​មក​នេះ អាច​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចូល​រួម​ទស្សនា​ប្រមាណ ១៥​ម៉ឺន​នាក់។

ចំណែក​បញ្ហា​សន្តិសុខ​វិញ ត្រូវ​មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង ​បញ្ជាក់​ថា មាន​សុវត្ថិភាព​ល្អ និង​កម្មវិធី​បុណ្យ​មាន​ដំណើរ​ការ​រលូន ស្រប​ទៅ​តាម​កម្មវិធី​ដែល​មន្ត្រី​រៀបចំ​បុណ្យ​សមុទ្រ​គ្រោង​ទុក។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន បាន​ផ្ដល់​សម្ភាសន៍​ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា តាម​ការ​ព្យាករ​អាច​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ មក​ចូល​រួម​ទស្សនា​បុណ្យ​សមុទ្រ​លើក​ទី​៣ នា​ខេត្ត​កោះកុង រយៈពេល ៣​ថ្ងៃ​មក​នេះ គឺ​មាន​ភ្ញៀវ​សរុប​ប្រមាណ ១៥​ម៉ឺន​នាក់។

​លោក​ថា ទោះ​បី​មិន​ទាន់​មាន​តួលេខ​ជាក់លាក់​នៃ​ចំនួន​មនុស្ស​ចូលរួម​បុណ្យ​សមុទ្រ​ដែល​បញ្ចប់​នៅ​ថ្ងៃ​អាទិត្យ ទី​១៤ ខែ​ធ្នូ ក្តី ក៏ប៉ុន្តែ​ចំនួន​ភ្ញៀវ​ចូល​មក​ទស្សនា មិន​តិច​ជាង​ឆ្នាំ​មុន​ទេ។ ឆ្នាំ​២០១៣ គឺ​មាន​ភ្ញៀវ​មក​ចូល​រួម​បុណ្យ​សមុទ្រ​ប្រមាណ ១០​ម៉ឺន​នាក់៖ «តាម​យើង​គិត​ប្រហែល​មាន​ភ្ញៀវ​មក​ចូល​រួម​ច្រើន​ណាស់ ព្រោះ​មាន​ចំនួន ៥​ម៉ឺន​នាក់​ក្នុង​១​ថ្ងៃៗ ហើយ​ភ្ញៀវ​ភាគ​ច្រើន​មក​ពី​ប្រទេស​ថៃ​ច្រើន។ ពលរដ្ឋ​កម្ពុជា ក៏​ចង់​ទៅ​លេង​ប្រទេស​ថៃ ហើយ​ខាង​ថៃ ចង់​មក​ឃើញ​កម្ពុជា។ ថៃ​បាន​សម្រាក​នៅ​តាម​តង់​ដែល​បាន​រៀបចំ​ទុក​មាន​ចំនួន​ច្រើន ហើយ​កម្ពុជា គ្មាន​កន្លែង​ស្នាក់​នៅ​ក៏​ទៅ​សម្រាក​នៅ​ក្នុង​តង់​ជាមួយ​ថៃ​ដែរ នៅ​ត្រើយ​ម្ខាង​សមុទ្រ​ខេត្ត​កោះកុង»

ផ្ទុយ​ពី​ការ​អះអាង​របស់​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ប៊ុន លឺត អភិបាល​ខេត្ត​កោះកុង បាន​ព្យាករ​ថា បុណ្យ​សមុទ្រ ៣​ថ្ងៃ​មក​នេះ អាច​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចូល​មក​ទស្សនា​តែ​ជាង ៥​ម៉ឺន​នាក់​ទេ ហើយ​ភ្ញៀវ​បរទេស​ភាគ​ច្រើន គឺ​ជា​ជនជាតិ​ថៃ៖ «យើង​គិត​ថា ក្នុង​រយៈពេល​បុណ្យ​សមុទ្រ ៣​ថ្ងៃ​នេះ ចំនួន​មនុស្ស​ចូល​ទស្សនា​មិន​តិច​ជាង ៥​ម៉ឺន​នាក់​ទេ»

​បន្ថែម​លើ​នេះ លោក ប៊ុន លឺត ឲ្យ​ដឹង​ថា បញ្ហា​សន្តិសុខ គឺ​សមត្ថកិច្ច​ជំនាញ​ថែរក្សា​ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ដែល​ចូលរួម​សប្បាយ​បុណ្យ​សមុទ្រ​នា​ខេត្ត​កោះកុង មាន​សុវត្ថិភាព​ល្អ។ ជាង​នេះ បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ក៏​មិន​ឃើញ​កើត​មាន​គ្រោះថ្នាក់​ធំដុំ​ដល់​អាយុ​ជីវិត​ទេ។

ចំណែក​លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ក៏​បាន​អះអាង​ថា ការ​រៀបចំ​ប្រកួត​កីឡា​ទាំង ១៣​ប្រភេទ ដើម្បី​អបអរ​សាទរ​បុណ្យ​សមុទ្រ​លើក​ទី​៣ នា​ខេត្ត​កោះកុង បាន​ទទួល​ជោគជ័យ​ជា​ទី​មោទនៈ។

លោក​បន្ត​ថា បុណ្យ​សមុទ្រ​ឆ្នាំ​នេះ ប្រទេស​វៀតណាម និង​ថៃ បាន​បញ្ជូន​កីឡាករ កីឡាការិនី​របស់​គេ​មក​ចូលរួម​ប្រកួត​លើ​វិញ្ញាសា​មួយ​ចំនួន​មាន​ប្រកួត​អុំ​ទូក ប្រណាំង​កង់ និង​ប្រកួត​កីឡាប្រដាល់​សេរី​ជាដើម ហើយ​ដំណើរ​ការ​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​រវាង​ប្រទេស​ជិត​ខាង​នេះ ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​ភ្ញៀវ​ជាតិ និង​អន្តរជាតិ៖ «ក្នុង​គ្រប់​ប្រព្រឹត្តិការណ៍​ប្រកួត​កីឡា​ទាំង​អស់​មាន​ការ​គាំទ្រ​ពី​ទស្សនិកជន​ជាតិ និង​អន្តរជាតិ​ច្រើន​កុះករ ហើយ​ប្រភេទ​កីឡា​ដែល​ចូល​រួម​ប្រកួត​នៅ​បុណ្យ​សមុទ្រ​ឆ្នាំ​នេះ សុទ្ធតែ​ជា​ប្រភេទ​កីឡា​ដែល​ពេញ​និយម និង​មាន​ប្រជាប្រិយភាព​ពី​អ្នក​ទស្សនា​ថែម​ទៀត»

​ជា​មន្ត្រី​រៀបចំ​បុណ្យ​សមុទ្រ​ផង​នោះ លោក វ៉ាត់ ចំរើន បាន​វាយ​តម្លៃ​ថា កម្មវិធី​ប្រកួត​កីឡា​នៅ​ក្នុង​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​លើក​ទី​៣ នា​ខេត្ត​កោះកុង បាន​ទទួល​ជោគជ័យ និង​ការ​រៀបចំ​បុណ្យ​មាន​ដំណើរ​ការ​រលូន។

​ទាក់ទិន​បញ្ហា​នេះ​ដែរ លោក អ៊ិន គង់ជិត មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (Licadho) ខេត្ត​កោះកុង បាន​កត់សម្គាល់​ថា អាជ្ញាធរ​ពាក់ព័ន្ធ​រៀបចំ​បុណ្យ​សមុទ្រ​រៀបចំ​កម្មវិធី​បុណ្យ​សមុទ្រ​ជា​លើក​ទី​៣​នេះ​មាន​ដំណើរ​ការ​ល្អ និង​មាន​ផែនការ​គិត​ទុក​ជា​មុន​បាន​ត្រឹមត្រូវ ជាពិសេស ការ​ថែរក្សា​សោភណភាព​សួន​ច្បារ និង​ការ​សំអាត​បរិស្ថាន​តំបន់​ឆ្នេរ ព្រមទាំង​ផែនការ​ថែរក្សា​សន្តិសុខ​សុវត្ថិភាព​ជូន​ភ្ញៀវ​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់។ លោក​ថា បុណ្យ​សមុទ្រ​ឆ្នាំ​នេះ​មាន​ចំណុច​វិជ្ជមាន​ច្រើន។

​ទន្ទឹម​គ្នា​នឹង​ចំណុច​វិជ្ជមាន​ទាំង​នេះ លោក អ៊ិន គង់ជិត មាន​ប្រសាសន៍​ថា ក៏​មាន​ចំណុច​អវិជ្ជមាន​មួយ​ចំនួន​ដែរ ដែល​អាជ្ញាធរ​ខេត្ត​កោះកុង និង​ស្ថាប័ន​ពាក់ព័ន្ធ​គ្រប់គ្រង​មិន​ទាន់​បាន​ល្អ គឺ​ការ​ដំឡើង​បន្ទប់​ជួល​របស់​ម្ចាស់​ផ្ទះសំណាក់ និង​សណ្ឋាគារ មាន​តម្លៃ​ខ្ពស់​កប់​ពពក នាំ​ឲ្យ​ភ្ញៀវ​មក​កម្សាន្ត​បុណ្យ​សមុទ្រ​រអ៊ូរទាំ ហើយ​ស្នាក់នៅ​រយៈពេល​ខ្លី ឬ​ក៏​ខ្លាចរអា​មិន​មក​ចូលរួម​បុណ្យ​សមុទ្រ​ជាដើម៖ «ពិធី​បុណ្យ​នេះ​ឃើញ​អាជ្ញាធរ​បាន​ខិតខំ​ប្រឹងប្រែង​ថែរក្សា​សន្តិសុខ សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​ចូល​មក​កម្សាន្ត​បុណ្យ​សមុទ្រ គឺ​ជា​ចំណុច​វិជ្ជមាន​គួរ​ឲ្យ​សរសើរ​បំផុត។ ក៏ប៉ុន្តែ​ចំណុច​អវិជ្ជមាន​វិញ គឺ​ឃើញ​ថា ទាំង​មន្ត្រី​អាជ្ញាធរ​ខេត្ត និង​មន្ត្រី​មន្ទីរ​ទេសចរណ៍​ពុំ​មាន​វិធានការ​ទប់ស្កាត់​ទៅ​លើ​ការ​ដំឡើង​ថ្លៃ​ជួល​បន្ទប់​ផ្ទះ​សំណាក់ ឬ​សណ្ឋាគារ​នោះ​ទេ។ បញ្ហា​នេះ នាំ​ឲ្យ​ភ្ញៀវ​ខ្លាចរអា និង​មិន​ហ៊ាន​មក​កំសាន្ត ព្រម​ទាំង​មក​ស្នាក់​នៅ​រយៈពេល​ខ្លី​ក៏​វិល​ទៅ​លំនៅឋាន​វិញ»

​បន្ថែម​លើ​នេះ ក៏​មាន​សកម្មភាព​របស់​មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង មួយ​រូប បាន​យក​តួនាទី​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​បុរស​ជា​អាជីវករ​លក់ដូរ​ម្នាក់​នៅ​ក្នុង​ពិធីបុណ្យ​សមុទ្រ បណ្ដាល​ឲ្យ​រង​របួស​បែក​ឈាម​ពេញ​ផ្ទៃ​មុខ​នៅ​តាម​ទីធ្លា​សាធារណៈ​ក្នុង​បរិវេណ​ទីធ្លា​រៀបចំ​ពិធី​បុណ្យ​សមុទ្រ៖ «ពិធី​បុណ្យ​សមុទ្រ​លើក​ទី​៣​នេះ អ្វី​ដែល​គួរ​ឲ្យ​អាម៉ាស់​នោះ មន្ត្រី​នគរបាល​ការពារ​សុវត្ថិភាព​បុណ្យ​បាន​យក​តួនាទី​របស់​ខ្លួន ប្រើ​ហិង្សា​វាយ​ដំ​ទៅ​លើ​បុរស​ម្នាក់​នៅ​ទី​សាធារណៈ​ឲ្យ​រង​របួស​ពេញ​មុខ​នាំ​ឲ្យ​មាន​ការ​រិះគន់​ខ្លាំង​ពី​សាធារណជន»

​យ៉ាង​ណា​ក៏ដោយ មន្ត្រី​រៀបចំ​កម្មវិធី​បុណ្យ​សមុទ្រ​លើក​ទី​៣ រយៈពេល ៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៤ ថ្លែង​អះអាង​ថា ពិធីបុណ្យ​នេះ​បាន​ទទួល​ជោគជ័យ និង​រក្សា​សន្តិសុខ​សុវត្ថិភាព​ជូន​ភ្ញៀវ​បាន​ល្អ​ប្រសើរ​បំផុត។ ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ ក៏​ទទួល​ស្គាល់​កើត​មាន​បញ្ហា​មិន​ប្រក្រតី​តិចតួច ដូចជា​បញ្ហា​ចោរ​លួច​កាបូប​ដៃ ឬ​សម្ភារៈ​ប្រើប្រាស់​ផ្សេងៗ ដែល​ភ្ញៀវ​មិន​ប្រុងប្រយ័ត្ន​ដោយ​ខ្លួន​ឯង។

​ស្នងការ​នគរបាល​ខេត្ត​កោះកុង លោក សំឃិត វៀន មាន​មោទនភាព​ថា បុណ្យ​សមុទ្រ​ឆ្នាំ​នេះ សមត្ថកិច្ច​គ្រប់​ជំនាញ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​បាន​គ្រប់គ្រង​សភាពការណ៍​សន្តិសុខ​បាន​ល្អ និង​មិន​មាន​បទល្មើស ឬ​ចោរកម្ម​ធំដុំ​កើត​ឡើង​ទៅ​លើ​ភ្ញៀវ​ទេ។ ជាង​នេះ លោក​ថា សកម្មភាព​ប្រកួត​កីឡា គឺ​មន្ត្រី​រៀបចំ​បុណ្យ​សមុទ្រ​រៀបចំ​បាន​រលូន និង​មាន​ដំណើរការ​ស្រប​ទៅ​តាម​កម្មវិធី​ប្រកួត​កីឡា​តាម​ប្រភេទ​នីមួយៗ។

មន្ត្រី​រៀបចំ​បុណ្យ​សមុទ្រ និង​សមត្ថកិច្ច​នគរបាល​ខេត្ត​កោះកុង អះអាង​ថា ពិធីបុណ្យ​សមុទ្រ​រយៈ ៣​ថ្ងៃ​មក​នេះ មិន​មាន​បញ្ហា​អសន្តិសុខ​កើត​ឡើង​គួរ​ឲ្យ​កត់សម្គាល់​ទេ ដោយ​កម្លាំង​សមត្ថកិច្ច​គ្រប់គ្រង​សភាពការណ៍​បាន​ល្អ​នៅ​តាម​គោលដៅ​នីមួយៗ។

​បុណ្យ​សមុទ្រ​ឆ្នាំ​នេះ ក៏​មិន​ខុសគ្នា​ឆ្នាំ​មុន​ដែរ គឺ​មាន​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៤។ បុណ្យ​សមុទ្រ​លើក​ទី​១ ធ្វើ​នៅ​ឆ្នាំ​២០១១ នា​ខេត្ត​ព្រះសីហនុ និង​លើក​ទី​២ នៅ​ឆ្នាំ​២០១៣ នា​ខេត្ត​កែប។

​ការ​រៀបចំ​បុណ្យ​សមុទ្រ​នេះ បាន​រៀបចំ​ឡើង​បន្ទាប់​ពី​ឆ្នេរ​សមុទ្រ​កម្ពុជា បាន​ដាក់​បញ្ចូល​ចូល​ជា​សមាជិក​ក្លឹប​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត​នៅ​លើ​សកលលោក។

ឆ្នេរ​សមុទ្រ​កម្ពុជា សរុប​មាន​ប្រវែង ៤៤០​គីឡូម៉ែត្រ។ ខេត្ត​មាន​មូលដ្ឋាន​ជាប់​ឆ្នេរ​សមុទ្រ រួម​មាន​ខេត្ត​កោះកុង ខេត្ត​ព្រះសីហនុ ខេត្ត​កំពត និង​ខេត្ត​កែប។ ខេត្ត​ទាំង ៤​នេះ ត្រូវ​បាន​បញ្ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​ក្លឹប​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១១ នៅ​ប្រទេស​សេណេហ្គាល់ (Senegal)។ ​ឆ្នេរ​សមុទ្រ​ប្រទេស​កម្ពុជា ក្នុង​ខេត្ត​ទាំង ៤ ត្រូវ​បាន​ប្រសិទ្ធិនាម​ថា «តារា​រះ​នា​ទិស​និរតី»។

មន្ត្រី​ក្រសួង​ទេសចរណ៍​ឲ្យ​ដឹង​ថា គោលបំណង​នៃ​ការរៀបចំ​បុណ្យ​សមុទ្រ​នេះ គឺ​ចង់​ផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍ និង​បរិស្ថាន​ឆ្នេរ​តំបន់​សមុទ្រ​កម្ពុជា ជូន​ពិភពលោក​បាន​ស្គាល់​កាន់​តែ​ច្រើន​ថែម​ទៀត។

ទាក់ទិន​ពិធីបុណ្យ​សមុទ្រ​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​កំណត់​យក​ថ្ងៃ​ទី​១១ ខែ​កក្កដា ជា​រៀងរាល់​ឆ្នាំ​ជា​ទិវា​ជាតិ​សម្អាត​ឆ្នេរ។ ​ផ្ដើម​ពី​បញ្ហា​នេះ ប្រមុខ​ដឹកនាំ​ក៏​បាន​ស្នើ​ដល់​ភាគី​ពាក់ព័ន្ធ មាន​ក្រុមហ៊ុន សហគ្រាស រោងចក្រ អង្គការ​ជាតិ អន្តរជាតិ និង​គ្រឹះស្ថានសិក្សា​នានា ឲ្យ​បំផុស​ចលនា​សិស្ស​និស្សិត ឬ​បុគ្គលិក​របស់​ខ្លួន ចូល​រួម​ឲ្យ​បាន​ទាំង​អស់​គ្នា។

​មន្ត្រី​រៀបចំ​បុណ្យ​សមុទ្រ បាន​ឲ្យ​ដឹង​ថា បុណ្យ​សមុទ្រ​លើក​ទី​៤ ឆ្នាំ​២០១៥ នឹង​រៀបចំ​នៅ​ខេត្ត​កំពត ប៉ុន្តែ​មិនទាន់​បញ្ជាក់​កាលបរិច្ឆេទ​ឲ្យ​ពិតប្រាកដ​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។