បទល្មើសព្រៃឈើនៅតំបន់បាតអាងនៃទំនប់រាវីអគ្គិសនីសេសានក្រោមពីរ ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង នៅតែកើតមានច្រើន ទោះបីជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានបញ្ជាឲ្យទប់ស្កាត់ និងស៊ើបអង្កេតរកអ្នកនៅពីក្រោយនៃបទល្មើសនេះយ៉ាងណាក្តី។ កម្មករនៃក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ និង ពលរដ្ឋរាយការណ៍ថា ឃ្លាំងស្តុករាប់ពាន់ម៉ែត្រក្នុងតំបន់បាតអាង កំពុងដឹកជញ្ជូនឈើចេញក្រៅតំបន់ផ្ទៃបាតអាងជាបន្តបន្ទាប់ ហើយភាគច្រើន គឺគេធ្វើឡើងនៅពេលយប់។
កម្មករក្រុមហ៊ុន និងពលរដ្ឋរស់នៅក្បែរទំនប់វារីអគ្គិសនីសេសានក្រោមពីរ អះអាងថា ថ្មីៗ នេះ មានរថយន្តយីឌុបនៅតែបន្តដឹកជញ្ជូនឈើមូលពីតំបន់បាតអាងទំនប់វារីអគ្គិសនីសេសានក្រោមពីរ។
ពួកគេបារម្ភថា ប្រសិនបើអាជីវកម្មឈើខ្នាតធំមួយនេះ កម្រើកឡើងវិញ ទំហំព្រៃឈើទាំងមូលនៅខេត្តភាគឦសាន នឹងរលាយហិនហោច រួមទាំងព្រៃឈើ ក្នុងតំបន់ឧទ្យានជាតិវារៈជ័យដែលការពារដោយព្រះរាជក្រឹត្យក្តី។
ក្រុមកម្មករក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ បង្ហើបឲ្យដឹងថា សកម្មភាពកាប់ឈើ អនាធិបតេយ្យទ្រង់ទ្រាយធំ នៅខេត្តភាគឦសាននោះ បង្កឡើងដោយក្រុមអ្នកមានអំណាច បានយកតួនាទីអែបជាប់គម្រោងអភិវឌ្ឍន៍វារីអគ្គិសនី ប៉ុន្តែធាតុពិត កាប់ព្រៃឈើធ្វើអាជីវកម្ម និងដឹកជញ្ជូនទៅប្រទេសវៀតណាម និងចែកចាយទៅកាន់ដេប៉ូនានា នៅក្នុងប្រទេសកម្ពុជា បានកើតមានតាំងពីឆ្នាំ ២០១២ រហូតមកទល់ពេលនេះ។
ទាក់ទងករណីនេះដែរ ពលរដ្ឋរស់នៅឃុំស្រែគរថ្លែងមិនហ៊ានបញ្ចេញឈ្មោះ បង្ហើបថា ឃ្លាំងស្តុកឈើនៅតំបន់បាតអាងប្រមាណជាង ៣ពាន់ម៉ែត្រគូប ត្រូវបានក្រុមហ៊ុនដឹកជញ្ជូនចេញនៅពេលយប់ ដោយមានមន្ត្រីអាវុធហត្ថការពារយ៉ាងប្រុងប្រយ័ត្ន។ លោកថា ឈើទាំងនោះ ទំនងជារបស់ឧកញ៉ាដឹកពីតំបន់ឆ្ងាយៗ មកទុក ធ្វើអាជីវកម្ម ដែលគេប្រមូលបានពីតំបន់ភ្នំក្រឡាពស់ និងតំបន់ឧទ្យានជាតិវារៈជ័យជាដើម ហើយមកស្តុកទុកក្នុងឃ្លាំងរបស់ក្រុមហ៊ុនបាតអាង កាលពីឆ្នាំ២០១៧៖ «ឡានយីឌុបល្បាក់ ២០គ្រឿងធំៗ ប្រមូលឈើដឹកចេញមកក្រៅ។ ឈើក្នុងបាតអាងប្រភេទឈើក្តារ និងសសរគ្រឿងគ្រប់មុខ » ។
ពលរដ្ឋរស់នៅភូមិស្ដៅស្រុកសេសាន លោក តូន សែន កត់សម្គាល់ថា ឧក្រិដ្ឋកម្មព្រៃឈើនៅតំបន់បាតអាងនៃទំនប់វារីអគ្គិសនី បានបំផ្លាញទំហំព្រៃទាំងមូល ស្ទើរគ្រប់តំបន់ ក្នុងស្រុកសេសាន ធ្វើឲ្យបាត់បង់ទីកន្លែងប្រមូលអនុផលព្រៃឈើរបស់សហគមន៍។ លោកថា ក្រោយពីមានវត្តមានក្រុមហ៊ុនបាតអាង វិនិយោគតំបន់នោះ ដើមឈើផលិតជ័រទឹករបស់អ្នកស្រុករាប់ម៉ឺនដើម ត្រូវបានគេកាប់បំផ្លាញអស់ទាំងស្រុងដែរ ហើយព្រៃឈើក្នុងឃុំស្ពៅរាប់ម៉ឺនហិកតារទៀត ក៏ត្រូវបានក្រុមហ៊ុនជួលកម្មករកាប់រំលំអស់នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោកបន្ថែមថា អាជីវកម្មព្រៃឈើនៅតំបន់នោះ ក្រុមហ៊ុនបានយកគ្រឿងចក្រឈូសឆាយធ្វើផ្លូវខ្វាត់ខ្វែង ដើម្បីងាយស្រួលដឹកជញ្ជូនឈើពីតំបន់ឆ្ងាយៗ ចូលការដ្ឋានក្រុមហ៊ុននេះ និងដឹកបន្តចេញទៅក្រៅប្រទេស។
លោក តូន សែន សង្កត់ធ្ងន់ថា បទល្មើសព្រៃឈើកើតមានខ្លាំងក្លា អំឡុងពេលដែលរបបលោក ហ៊ុន សែន រំលាយគណបក្ស សង្គ្រោះជាតិ និងរឹតត្បិតស្ថាប័នសារព័ត៌មានឯករាជ្យ។ រីឯមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធ សប្បាយនឹងប្រព្រឹត្តអំពើពុករលួយ៖ «ឆ្នាំទៅនេះ បានអស់មែនទែន។ ឆ្នាំមុន ២ ទៅ ៣ឆ្នាំមុនគេកាប់មុខធំៗ ដូចជា សុក្រំ កកោះ និងផ្ចឹកអីហ្នឹង គេកាប់មុខធំៗ ទេ ប្រវែង ៣ ទៅ ៤ម៉ែត្រ។ គេកាប់ដាក់ឡានក្នុងវារីអគ្គិសនី មានឡានធំៗ គេមកដឹក។ អស់សង្ឃឹមហើយ រាប់ម៉ឺនហិកតារអស់រលីង តាំងពីព្រៃញើន រហូតដល់ឃុំស្តៅ » ។
កម្មករក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ ថ្លែងសុំលាក់ឈ្មោះ សោកស្ដាយយ៉ាងខ្លាំង ចំពោះការបាត់បង់ធនធានធម្មជាតិដ៏ធំសម្បើមនេះ ដែលពួកគេអះអាងថា ក្រុមឈ្មួញ និងឧកញ៉ាយកលេស សំអាតបាតអាង ប្រមូលឈើពីតំបន់ផ្សេងបន្លំជាឈើស្របច្បាប់ ដែលមានមន្ត្រីរដ្ឋបាលព្រៃឈើ និងស្ថាប័នពាក់ព័ន្ធ ឃុបឃិតគ្នា៖ «លោក ស ខេង ដាក់បទបញ្ជាឲ្យអាជ្ញាធរខេត្តណា ទប់ស្កាត់ខេត្តហ្នឹង គឺគ្មាន។ តាមខ្ញុំពិនិត្យមើលទៅ គឺអាជ្ញាធរដែនដី និងអាជ្ញាធរខេត្តស្ទឹងត្រែងហ្នឹង គ្មានវិធានការទប់ស្កាត់ឲ្យបានជាដុំកំភួន គឺគ្មាន។ នៅតែធ្វើសកម្មភាព លួចដឹកចេញយប់ជារឿយៗ » ។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភត្ត្រា បដិសេធមិនផ្ដល់បទសម្ភាសន៍ដល់អាស៊ីសេរី ដោយលោកបានចុចផ្ដាច់ទូរស័ព្ទ នៅថ្ងៃទី៧ ខែមករា។
ទោះយ៉ាងណាក្ដី អ្នកនាំពាក្យគណៈកម្មាធិការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ លោក អេង ហ៊ី ធ្លាប់ប្រាប់អាស៊ីសេរីថា ការស៊ើបអង្កេតបទល្មើសព្រៃឈើ នៅតំបន់បាតអាង ពុំមែនជាភារកិច្ចរបស់គណៈកម្មការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើនោះទេ៖ « គណៈកម្មការធ្វើតាម តួនាទីដែលមានចែងក្នុងសេចក្ដីសម្រេចចិត្ត។ សេចក្តីបានផ្សព្វផ្សាយកន្លងទៅហើយ សូមឆែកមើលទៅ » ។
កន្លងទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានថ្លែងជាសាធារណៈទាក់ទិនការកាប់ឈើពីខាងក្រៅ បន្លំចូលបាតអាង នៃទំនប់វារីអគ្គិសនីសេសានក្រោមពីរ បន្ទាប់ពីក្រុមហ៊ុនបានបិទទ្វារទឹកកម្ពស់ ៧០ម៉ែត្រជាយូរមកហើយ។ លោកស្នើឲ្យអាជ្ញាធរជំនាញពិនិត្យអាជីវកម្មនេះឡើងវិញ ក្រោយពីលោកទទួលបានលិខិតមួយច្បាប់ ទាក់ទិនអាជីវកម្មឈើនៅតំបន់នោះ៖ « ខ្ញុំសួរហាស សារ៉េត ទៅប្រមូលបាតអាងអីទៀត បើបាតអាងសល់ទឹក ៧០ម៉ែត្រ។ វាមិនមែនសម្អាតបាតអាង វាទៅកាប់ឈើនៅអីណាណី ថាសំអាតបាតអាង។ វារីអគ្គិសនីធ្វើយូរហើយ នៅតែសំអាតបាតអាងមិនទាន់ចប់»។
បើទោះបីជា លោក ស ខេង ថ្លែងបែបនេះក្តី ក៏គេពុំឃើញមានស្ថាប័នណាមួយ បង្ហាញជំហរស៊ើបអង្កេតឲ្យមានអ្នកទទួលខុសត្រូវវិនាសកម្មព្រៃឈើនៅតំបន់បាតអាងដែរ។
ផ្ទៃអាងទំនប់វារីអគ្គិសនីសេសានក្រោមពីរ មានផ្ទៃដី ៣៦.០០០ ហិកតារ ឋិតក្នុងស្រុកសេសាន ខែត្រស្ទឹងត្រែង ដែលមានក្រុមហ៊ុនឈ្មោះ អាំង អែន អាសូស៊ីអែត ឡយ័រ (Ang&Associates Lawyer Co., Ltd ) របស់ឧកញ៉ា គិត ម៉េង ទទួលសិទ្ធិសម្អាតបាតអាងតាំងពីឆ្នាំ២០១២។
មេឃុំស្រែគរជាប់ឆ្នោតមកពីគណបក្សសង្គ្រោះជាតិ ដែលរបប ហ៊ុន សែន រំលាយចោល លោក សៀក មេគង្គ ប្រាប់ថា ការអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីសេសានក្រោមពីរ បានភ្ជាប់អាថ៌កំបាំងច្រើនពីភាពមិនប្រក្រតីនៃអាជីវកម្មឈើ ហាក់ជាជំងឺរ៉ាំរ៉ៃច្រើនឆ្នាំមកហើយ ពុំមានស្ថាប័នណាមួយ ដោះស្រាយនោះទេ។ លោកបារម្ភថា បទល្មើសព្រៃឈើនៅតំបន់បាតអាង គួរតែបញ្ឈប់ជាយូរមកហើយ ព្រោះក្រុមហ៊ុនបានសង់ទំនប់រួចជាស្ថាពរ៖ «ខ្ញុំសូមជម្រាបអ្នកស្ដាប់វិទ្យុអាស៊ីសេរី និងអ្នកស្ដាប់វិទ្យុអាស៊ីសេរី គ្រាន់តែធ្វើបំផ្លាញ ៣ម៉ឺន ៦ពាន់ហិកតារ មិនតិចទេអស់រលីង។ ចុះទម្រាំយកឈើតទៀត អ្វីតែបំផ្លាញហើយ វាចប់ហើយ គួរតែរក្សាទុក ដើម្បីកេរដំណែលដូនតាយើង » ។
ជនជាតិដើមភាគតិច លោក តូន សែន បារម្ភថា អាជ្ញាធរពាក់ព័ន្ធ និងសមត្ថកិច្ច ដែលមានតួនាទីអនុវត្តច្បាប់ព្រៃឈើតែងតែយកលុយ ពីអ្នកដឹកឈើ និងលម្អៀងខាងក្រុមហ៊ុន កាប់បំផ្លាញព្រៃឈើក្នុងតំបន់ ដែលសហគមន៍អាស្រ័យផលច្រើនជំនាន់មកហើយ។ លោកថា បើទោះបីព្រៃឈើបាត់បង់ធំធេងបែបណាក្តី ក៏អាជ្ញាធររដ្ឋគ្រប់ស្ថាប័ន មិនអើពើដែរ។ លោករំឭកថា កន្លងទៅ ពលរដ្ឋ ៦០នាក់ បានឃាត់រថយន្តកែច្នៃដឹកឈើខុសច្បាប់របស់ក្រុមហ៊ុនបាតអាង ៣គ្រឿង បំណងឲ្យអាជ្ញាធរអនុវត្តច្បាប់ តែអាជ្ញាធរបែរជាប្រគល់វត្ថុតាងទាំងនោះឲ្យឈ្មួញវិញ ថែមទាំងចោទពលរដ្ឋថា ជាក្រុមបដិវត្តន៍ពណ៌ប្រឆាំងរបបក្រុងភ្នំពេញ៖ «គ្មានពីណាខ្វល់រឿងសង្គមជាតិ ពលរដ្ឋបាត់បង់យ៉ាងណាក៏អត់មានពីណាគិតគូរ ហើយពលរដ្ឋចេះតែទុក្ខព្រួយក្នុងចិត្ត ហើយក៏អស់សង្ឃឹមមិនដឹងទៅពឹងពាក់លើពីណាបាន បើអាជ្ញាធរក៏ទៅតែអាជ្ញាធរ។ តែបើអ្នកគាំទ្រគណបក្សគេ មានសកម្មភាពជ្រោមជ្រែងខ្លះ » ។
មន្ត្រីជាន់ខ្ពស់សមាគម អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ សង្កេតឃើញថា ក្តីបារម្ភរបស់ពលរដ្ឋ រឿងបទល្មើសព្រៃឈើ នៅតំបន់បាតអាងកើតមានយូរមកហើយ ពុំមានស្ថាប័នណាមួយ ស៊ើបអង្កេតនោះទេ។ លោកថា ការបណ្ដោយឲ្យកើតមានឧក្រិដ្ឋកម្មព្រៃឈើ នៅតំបន់នោះ គឺជាការទទួលខុសត្រូវរបស់ក្រសួងបរិស្ថាន និងប្រមុខដឹកនាំរដ្ឋ ចំពោះមុខប្រវត្តិសាស្ត្រ និងពលរដ្ឋខ្មែរ៖ «បើសិនជា អស់លោកមិនប្រើនីតិរដ្ឋ និងច្បាប់ជាធំត្រូវអស់ ហើយកូនចៅជំនាន់ក្រោយ នឹងជេរស្ដីអ្នកដឹកនាំរដ្ឋសម័យនេះហើយ។ អ្វីដែលនៅសេសសល់ព្រៃឈើ គឺជាការទទួលខុសត្រូវរដ្ឋមន្ត្រីក្រសួងសាមី សូមអស់លោកយកគំរូតាមរដ្ឋមន្ត្រីក្រសួងសាធារណការ ដែលគាត់ដាក់បណ្ដឹងបរិហារមន្ត្រីរបស់លោក ដែលប្រព្រឹត្តអំពើពុករលួយ » ។
បើទោះបី មានការរិះគន់ពីសកម្មជនការពារបរិស្ថាន ប្រជាសហគមន៍ និងសង្គមស៊ីវិលពីភាពអសមត្ថភាពរបស់របបក្រុងភ្នំពេញ និងក្រសួងបរិស្ថានក្តី ក៏ឧក្រិដ្ឋកម្មព្រៃឈើនៅតែកើតមានឡើងគ្រប់តំបន់ នៅខេត្តភាគឦសាន។
កន្លងទៅលោក ហ៊ុន សែន បានផ្ដល់ឧទ្ធម្ភាគចក្រ ៣គ្រឿងសម្រាប់សកម្មភាពបង្ក្រាបនេះ និងបញ្ជាឲ្យលោក សៅ សុខា ប្រើគ្រាប់រ៉ុកកែតបាញ់កម្ទេចឈ្មួញកាប់ព្រៃឈើ បើមិនបញ្ឈប់សកម្មភាពបទល្មើសព្រៃឈើ។ លើសពីនេះលោក ហ៊ុន សែន ក៏បានបញ្ជាឲ្យបញ្ឈប់ការដឹកឈើទៅកាន់ប្រទេសវៀតណាមទៀតផង ក៏ប៉ុន្តែបទបញ្ជានេះ ពុំមានប្រសិទ្ធភាព ព្រោះមិនដែលឃើញមន្ត្រីក្រោមឱវាទរបស់លោកអនុវត្តតាម ព្រោះសកម្មភាពនាំឈើឆ្លងដែនចេញទៅកាន់ប្រទេសវៀតណាម នៅតែកើតមានពេញទំហឹងដដែលរហូតមកដល់ពេលនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។