បច្ចុប្បន្ននៅខេត្តសៀមរាប មានកសិដ្ឋានចិញ្ចឹមក្រពើជាច្រើនកន្លែងកំពុងប្រកបរបរភ្ញាស់យកកូន និងសម្លាប់ក្រពើយកស្បែកលក់។
ការបន្តពូជក្រពើបាន គឺពឹងផ្អែកលើដីខ្មៅម្យ៉ាងជាប្រភេទដីមមោក ដែលមានស្លឹកឈើជ្រុះរលួយនៅតំបន់ព្រៃលិចទឹក បឹងទន្លេសាប ក្នុងស្រុកសូទ្រនិគម ហើយជារៀងរាល់ឆ្នាំកសិដ្ឋាន ចិញ្ចឹមក្រពើទាំងអស់តែងទិញយកដីនោះ មកឱ្យក្រពើពងនិងកូន។
សហគមន៍នេសាទនៅភូមិសន្ទៃ ឃុំដានរុន ស្រុកសូទ្រនិគម ឱ្យដឹងថា ការកើបយកដីខ្មៅនៅក្នុងតំបន់ព្រៃលិចទឹក នៃបឹងទន្លេសាប ដើម្បីលក់ទៅឱ្យកសិដ្ឋានយកធ្វើជាកន្លែងសម្រាប់ក្រពើពង និងកូន កំពុងកើតមានយ៉ាងខ្លាំងនៅតំបន់ពួកគេរស់នៅ។
ប្រជានេសាទព្រួយបារម្ភថា ប្រសិនបើអាជ្ញាធរនៅតែបណ្ដែតបណ្ដោយឱ្យមានការកើបយកដីខ្មៅទាំងនោះទៅធ្វើអាជីវកម្ម គឺវាមិនត្រឹមតែប៉ះពាល់ដល់ជីវចម្រុះប៉ុណ្ណោះទេ ថែមទាំងបំផ្លាញដល់ព្រៃលិចទឹកមួយចំនួនផង។
តំណាងសហគមន៍នេសាទនៅភូមិសន្ទៃ គឺលោក ភឿន សុភិន។ លោកអះអាងកាលពីរសៀលថ្ងៃច័ន្ទ ទី៩ ខែកុម្ភៈ ថា សកម្មភាពកើបនិងរែងយកដីខ្មៅពីតំបន់ព្រៃលិចទឹក នៅក្នុងឃុំដានរុន កំពុងកើតមានជាប្រចាំថ្ងៃតាំងតែពី ៣ខែមុន រហូតមកដល់ពេលនេះ។ លោកអំពាវនាវឱ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធជួយទប់ស្កាត់សកម្មភាពនេះ៖ «ដឹកឡើងប៉ុន្មានខែហើយ ដឹករាល់ថ្ងៃ ១ព្រឹក ៤ឡាន ល្ងាច ៤ឡាន។ យកដីព្រៃលិចទឹក រែងឡើងស្អាត ហើយកាប់ឈើទៀត»។
ទោះយ៉ាងណាវិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោក ព្រិន សាវិន នាយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប ដើម្បីសុំការពន្យល់ជុំវិញបញ្ហានេះបានថាយ៉ាងនៅឡើយ។
ចំណែកសមាជិកក្រុមប្រឹក្សាស្រុកសូទ្រនិគម លោក ហេង លី មានប្រសាសន៍ថា ជារៀងរាល់ឆ្នាំគឺមានមនុស្សតែងទៅកើបយកដីខ្មៅក្នុងព្រៃលិចទឹក នៃបឹងទន្លេសាប នៅម្ដុំព្រៃស្រមោច និងឃុំដានរុន។ លោក ហេង លី បញ្ជាក់ថា ការកើបយកដីខ្មៅនៃតំបន់ព្រៃលិចទឹកនោះ យ៉ាងហោចណាស់ក៏ធ្វើឱ្យប៉ះពាល់ដល់ជីវចម្រុះនៃបឹងទន្លេសាបដែរ៖ «កន្លងមកឃើញគេបោសសំរាមដីលើៗ រាប់តោន។ បើរឿងប៉ះពាល់ជីវចម្រុះប៉ះហើយ អត់ឃើញមានអ្នកណាហាមឃាត់អីសោះ»។
ប្រភពពីម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើខ្លះឱ្យដឹងថា ដីខ្មៅប្រភេទមមោកនោះ គឺជាដីកម្រ ហើយមានតែដីនោះទេដែលយកទៅធ្វើសំបុកក្រពើអាចពងនិងញាស់ចេញជាកូន បើដីក្រៅពីនោះ គឺក្រពើមិនពងហើយក៏មិនញាស់កូនដែរ។
ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប លោក ភួង លីណា មានប្រសាសន៍ថា បច្ចុប្បន្នមិនទាន់មានច្បាប់ណាមួយហាមឃាត់មិនឱ្យប្រមូលយកដីទាំងនោះនៅឡើយទេ។ ទោះយ៉ាងណាលោក ភួង លីណា ទទួលស្គាល់ថា ការចូលទៅប្រមូលយកដីទាំងនោះ ប្រសិនបើមានកាប់បំផ្លាញព្រៃលិចទឹក ឬក៏ធ្វើឱ្យប៉ះពាល់ដល់ជីវចម្រុះធ្ងន់ធ្ងរណាមួយ មន្ទីរបរិស្ថាននឹងចាត់វិធានការផ្លូវច្បាប់ដើម្បីហាមឃាត់ ឬក៏ផាកពិន័យជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។