ភ្លៀងធ្លាក់ខ្លាំង ៣ថ្ងៃជាប់ៗ គ្នា បណ្ដាលឱ្យស្រុកមួយចំនួន នៅខេត្តបាត់ដំបង និង ខេត្តពោធិ៍សាត់ ត្រូវជន់លិច និងកាត់ផ្ដាច់ផ្លូវជាតិលេខ៥៥ ក្នុងខេត្តពោធិ៍សាត់។ ពលរដ្ឋថា ទំនប់បាសាក់ក្នុងស្រុករុក្ខគិរីនៃខេត្តបាត់ដំបង បានបាក់ធ្វើឱ្យទឹកហូរបុកខ្លាំង មកផ្នែកខាងក្រោមប៉ះពាល់លំនៅឋាន និងសត្វពាហនៈរបស់ពលរដ្ឋជាច្រើនគ្រួសារ។
អាជ្ញាធរខេត្តបាត់ដំបងបានជូនដំណឹងនៅថ្ងៃទី៩ ខែតុលា ឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជាពិសេស ពលរដ្ឋរស់នៅតាមបណ្ដោយស្ទឹងសង្កែ។ អាជ្ញាធរថា ទឹកភ្លៀងនៅបន្តធ្លាក់រាយប៉ាយប៉ែកខាងលើធ្វើឱ្យអាងស្តុកទឹកពេញព្រៀប ត្រូវបង្ខំបើកទ្វារទឹកបង្ហូរចូលក្នុងអាងស្ទឹងសង្កែបណ្ដាលឱ្យកម្ពស់ទឹកកើនឡើងខ្លាំង។ រីឯនៅតំបន់ទំនាបនៃស្រុកមួយចំនួន ក្នុងខេត្តបាត់ដំបង ត្រូវបានទឹកជន់លិច ក្នុងនោះមានស្រុកសំឡូត ស្រុករុក្ខគិរី ស្រុកមោងឫស្សី ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន។
ពលរដ្ឋរស់នៅខេត្តបាត់ដំបង កញ្ញា វ៉ិត ណាវី ប្រាប់អាស៊ីសេរីថា អាជ្ញាធរបានជូនដំណឹងឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ខណៈទឹកភ្លៀងនៅបន្តធ្លាក់រាយប៉ាយ ៣ថ្ងៃជាប់ៗ គ្នា។ កញ្ញាបន្ថែមថា មានលំនៅឋានពលរដ្ឋជាច្រើនគ្រួសារ ត្រូវទឹកជន់លិចដល់ដំបូលក្នុងស្រុករុក្ខគិរី និងស្រុកសំពៅលូនដោយសារភ្លៀងធ្លាក់ខ្លាំងបង្កឱ្យបាក់ទំនប់ទឹកបាសាក់ក្នុងស្រុករុក្ខគិរី៖ « ពេលខ្លះគេអត់ទាន់ចុះព័ត៌មានទេ គេដើរប្រាប់ពលរដ្ឋគេសិន ហើយអាជ្ញាធរខ្លះក៏គាត់ចុះទៅមើលពលរដ្ឋដល់ផ្ទះទៅ » ។
ពលរដ្ឋម្នាក់ទៀតរស់នៅស្រុករុក្ខគិរី កញ្ញា ហុង ឈៀងហ្វុង ឱ្យដឹងថា ទំនប់ទឹកបាសាក់បាក់ស្រុតផ្នែកខ្លះ ធ្វើឱ្យទឹកហូរកួចមកផ្នែកខាងក្រោម ប៉ះពាល់លំនៅឋានពលរដ្ឋ និងសត្វពាហនៈអ្នកស្រុកជាច្រើនគ្រួសារ។ កញ្ញាថា គោក្របីរបស់ពលរដ្ឋជាច្រើនក្បាល ត្រូវទឹកហូរកួចយកទៅបាត់ និងមានផ្ទះពលរដ្ឋខ្លះត្រូវទឹកជន់លិចដល់ដំបូលផ្ទះ៖ «ផ្ទះនៅកៀកៗ ហ្នឹង ខ្លះស្រុតបាត់អ៊ីចឹង ហើយអ្នកខ្លះរងគ្រោះដូចអ្នកខ្លះអ៊ីចឹងបាត់គោ ហើយអណ្ដែតទឹកលិចទៅតាមទឹកហូរអ៊ីចឹង »។
អាស៊ីសេរីបានព្យាយាមទាក់ទងអភិបាលស្រុកសំឡូតលោក ជា សម្បត និងអធិការនគរបាលស្រុកសំពៅលូនលោក ពេជ្រ សារ៉ែន ដើម្បីសុំការបំភ្លឺពីស្ថានភាពទឹកជំនន់នេះ តែទូរស័ព្ទហៅចូលច្រើនដងមិនមានអ្នកទទួលនៅថ្ងៃទី៩ តុលា។ ចំណែកអភិបាលខេត្តបាត់ដំបងលោក ងួន រតនៈ ក៏មិនទាន់អាចទាក់ទងបានដែរនៅថ្ងៃដដែលនេះ។
ទោះជាយ៉ាងណារដ្ឋបាលខេត្តបាត់ដំបងជូនដំណឹងថា អាជ្ញាធរខេត្តនេះកំពុងបញ្ជូនកម្លាំងសមត្ថកិច្ចចម្រុះជួយសង្គ្រោះពលរដ្ឋដោយដឹកជញ្ជូនសត្វមនុស្ស និងសម្ភារៈទៅកាន់ទីទូលសុវត្ថិភាព។
រីឯនៅខេត្តពោធិ៍សាត់វិញអាជ្ញាធរខេត្តនេះ បានជូនដំណឹងឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីស្ថានភាពទឹកស្ទឹងពោធិ៍សាត់កើនឡើងដល់កម្រិតប្រកាសអាសន្នធ្វើឱ្យទឹកជន់លិចកំណាត់ផ្លូវជាតិលេខ៥៥ និងតំបន់មួយចំនួនក្នុងខេត្តនេះ។
សកម្មជនព្រៃឈើរស់នៅខេត្តពោធិ៍សាត់ លោក ជា ហ៊ាន ថ្លែងថា ភ្លៀងធ្លាក់ខ្លាំងបណ្ដាលឱ្យទឹកហូរចេញពីល្អាងភ្នំមួយពាន់ប្រាំរយកាត់ផ្ដាច់ផ្លូវជាតិលេខ៥៥ ហើយអាជ្ញាធរបានផ្អាកការធ្វើដំណើរជាបណ្ដោះអាសន្ន។ លោកថា អាជ្ញាធរខេត្ត និងសមត្ថកិច្ចកំពុងបញ្ជូនកម្លាំងចុះអន្តរាគមន៍សង្គ្រោះពលរដ្ឋ។ លោកបន្ថែមថា ទឹកភ្លៀងនៅបន្តធ្លាក់ខ្លាំង ៣ថ្ងៃជាប់ៗ គ្នា ធ្វើឱ្យតំបន់ទំនាបមួយចំនួនក្នុងស្រុកវាលវែងត្រូវជន់លិចដែរ៖ «ផ្លូវហ្នឹងទឹកកំពុងតែជន់ ហើយទឹកហូរពីភ្នំមួយពាន់ប្រាំរយគឺកំពុងតែទឹកហូរលើផ្លូវ ហើយអាចនឹងប្រឈមមុខ បើសិនជាយើងមិនមានការប្រុងប្រយ័ត្នទេ អាចនឹងមានការលិច និងមានការដាច់ផ្លូវ »។
អាស៊ីសេរីបានព្យាយាមទាក់ទងទៅអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយលោក ឃុន សុខា ដើម្បីសាកសួរអំពីស្ថានភាពទឹកជំនន់នៅទូទាំងប្រទេស និងការខូចខាត ប៉ុន្តែលោកមិនលើកទូរស័ព្ទ។
ចំណែកនៅខេត្តកំពង់ធំ និងខេត្តក្រចេះ ពលរដ្ឋឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងរយៈពេល ៧ថ្ងៃជាប់ៗ គ្នាតែមិនបណ្ដាលឱ្យជន់លិចលំនៅឋានរបស់ពលរដ្ឋនោះទេ។ ពលរដ្ឋត្អូញត្អែរថា ទោះជាភ្លៀងធ្លាក់ជាប់ៗ គ្នាបែបនេះក៏ដោយ ក៏មិនសូវមានប្រយោជន៍សម្រាប់ពួកគាត់ដែរ ព្រោះស្រូវវស្សារបស់ពួកគាត់ខ្លះបានក្រិនអស់ទៅហើយមិនអាចលូតលាស់ទាន់ទឹកភ្លៀងនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។