ប្រជា​សហគមន៍​ស្នើ​ដល់​អាជ្ញាធរ​ខេត្តស្ទឹងត្រែង​ឱ្យ​បញ្ឈប់​សកម្មភាព​ក្រុមហ៊ុន​ចិន​មួយ ឈូស​ឆាយ​ព្រៃ​សហគមន៍​ក្បាល​រមាស​

0:00 / 0:00

ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​សារ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​នៅ​ខេត្តស្ទឹងត្រែង​ស្នើ​ដល់​អាជ្ញាធរ​ខេត្ត​នេះ ឱ្យ​បញ្ឈប់​សកម្មភាព​ក្រុមហ៊ុន​ចិន ស៊ីវ ហ្គេច (Sev Gek) ដែល​កំពុង​ឈូស​ឆាយ​ទន្ទ្រាន​ព្រៃ​សហគមន៍​ក្បាល​រមាស​អស់​ជា​ច្រើន​ហិកតារ នៅ​តំបន់​ដែល​សត្វ​ព្រៃ​កម្រ​រស់​នៅ។ មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​ទង្វើ​នេះ​ថា បំពាន​សិទ្ធិ​ពលរដ្ឋ ដោយ​មិន​ឱ្យ​តម្លៃ​ជនជាតិ​ដើម​ភាគ​តិច ក្នុង​ការ​រក​ដំណោះស្រាយ​ឱ្យ​បាន​ត្រឹមត្រូវ​ស្រប​តាម​ច្បាប់ មុន​នឹង​ធ្វើការ​ឈូស​ឆាយ​ព្រៃ​អភិរក្ស​ទ្រង់ទ្រាយ​ធំ។

ជនជាតិ​ដើម​ភាគ​តិច​ព្នង ៥៣គ្រួសារ រស់នៅ​ភូមិ​ក្បាល​រមាស ឃុំ​ក្បាល​រមាស ស្រុក​សេសាន​ បារម្ភ​ថា ប្រសិន​បើ​អាជ្ញាធរ​ខេត្តស្ទឹងត្រែង ពន្យារ​ពេល​មិន​ដោះ​ស្រាយ​ក្តី​កង្វល់​រួម​របស់​ពលរដ្ឋ​នោះ សកម្មភាព​ឈូស​ឆាយ​ព្រៃ​សហគមន៍​ក្បាល​រមាស នឹង​កាន់​តែ​រីក​ធំ​ឡើង បង្ក​គ្រោះ​មហន្តរាយ ដល់​ព្រៃ​អភិរក្ស ដែល​អ្នកភូមិ​បាន​ស្នើសុំ​ចុះ​បញ្ជី​សមូហភាព។

ការ​លើក​ឡើង​នេះ ក្រោយ​ពី​ក្រុមហ៊ុន​ចិនស៊ីវ ហ្គេច (Sev Gek) បញ្ជូន​គ្រឿង​ចក្រ ៤គ្រឿង​ ឈូស​ឆាយ​ព្រៃ​សហគមន៍​នេះ ជា​បន្ត​បន្ទាប់​នៅ​រយៈ​ពេល ជាង ៣ខែ​ចុង​ក្រោយ​នេះ។

តំណាង​សហគមន៍​លោកស្រី ស្រាំង ឡាញ់ ​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១៤ កក្ដដា​ថា មក​ទល់​ពេល​នេះ ក្រុមហ៊ុន​មិន​ទាន់​បញ្ឈប់​សកម្មភាព​ឈូស​ឆាយ​ព្រៃ​សហគមន៍​នៅ​ឡើយ​ទេ ធ្វើឱ្យ​អ្នកភូមិ​បារម្ភ​ ខ្លាច​ក្រែង​ប៉ះពាល់​តំបន់​ព្រៃ​អារក្ស ​ចម្ការ​វិលជុំ ព្រៃ​កប់​សព និង​កន្លែង​អាស្រ័យផល​របស់​ជនជាតិ​ដើម​ភាគ​តិច​ព្នង​កាន់​តែ​ធំ​ឡើង។

លោកស្រី​ថា ​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​ព្រៃ​ឱ្យ​ក្លាយ​ជា​វាល​រហោឋាន និង​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ ដើម្បី​ងាយ​ស្រួល​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ​សហគមន៍​នេះ។ រីឯ​ដើម​ឈើ​ធំៗ ក្រុមហ៊ុន​បាន​ប្រមូល​ចូល​ដេប៉ូ​អារ​ឈើ ​នៅ​ក្បែរ​តំបន់​នោះ៖ « បើ​គាត់​ពេញ​ចិត្ត​ឱ្យ​សហគមន៍​ការពារ​ព្រៃឈើ ​ជម្រក​សត្វព្រៃ ​គាត់​គួរ​មក​ជជែក​ឱ្យ​ច្បាស់លាស់​ បោះ​បង្គោលព្រំ​ឱ្យ​ច្បាស់លាស់​។​គាត់​និយាយ​ដដែល​ថា​សហគមន៍​ទាមទារ​ដី​លើស​ខ្នាត​ សហគមន៍​ទាមទារ​ដី​លើសខ្នាត​មិនមែន​សម្រាប់​កាប់​ទន្ទ្រានព្រៃ ​សម្រាប់​អនុផល​ព្រៃឈើ​បោច​វល្លិ៍​ទឹក »

ស្ត្រី​ដដែល​បន្ថែម​ថា ប្រជា​សហគមន៍​មូល​មតិ​គ្នា ស្នើ​ឱ្យ​អាជ្ញាធរ​កាត់​ឆ្វៀល​ដី​ព្រៃ​សហគមន៍​នេះ ត្រឹម​តែ​ជាង ៣ពាន់​ហិកតារ​ប៉ុណ្ណោះ ខណៈ​ដែល​ព្រៃនេះ​មាន​ទំហំ​សរុប​ជាង​ ៧​ពាន់​ហិកតារ​ដែល​ពួក​គាត់​បាន​ស្នើសុំ​ចុះ​បញ្ជី​ជិត ១០ឆ្នាំ​មក​ហើយ។ លោកស្រី​បន្ត​ថា ប្រសិនបើ​អាជ្ញាធរ​ខេត្ត និង​ក្រុមហ៊ុន​គោរព​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច ដែល​មាន​ចែង​ក្នុង​លិខិត​តុបករណ៍​អន្តរជាតិ និង​ច្បាប់​ភូមិបាល​គួរ​តែ​ផ្អាក​ការ​ឈូសឆាយ ​ដោយ​រង់ចាំ​ការ​ដោះស្រាយ​ឱ្យ​ចប់​សព្វ​គ្រប់​សិន។

​លើស​ពី​នេះ សកម្មភាព​ឈូសឆាយ​នេះ ធ្វើ​ឱ្យ​សត្វ​ខ្ទីង ៣ក្បាល​បាន​ផ្អើល​រត់​ទៅ​តំបន់​ផ្សេង​ ក្រោយ​ពី​ពួក​វា​ភ័យ​ខ្លាច​ដោយសារ​សំឡេង​គ្រឿងចក្រ។

កាល​ពី​ថ្ងៃ​ទី១១ ដល់​ថ្ងៃ​ទី១៣ កក្ដដា អង្គការ​សម្ព័ន្ធ​ជនជាតិ​ដើម​ភាគ​តិច​កម្ពុជា និង​សមាគមស្ត្រី​ជនជាតិ​ដើម​ភាគ​តិច​កម្ពុជា (CIWA) បាន​ចុះ​សិក្សា​ស្វែង​យល់ ​ពី​ជីវភាព​រស់នៅ និង​បញ្ហា​ប្រឈម​របស់​ប្រជា​សហគមន៍​ក្បាលរមាស ដែល​ក្រាញ​ននៀល ​មិន​ទទួល​សំណង​ពី​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ។ អង្គការ​ទាំង​នេះ​បាន​ចាត់​ទុក សកម្មភាព​ឈូសឆាយ​ព្រៃ​អភិរក្ស​នេះ​ គឺ​រំលោភ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច ​និង​ប៉ះពាល់​តំបន់​សក្ដានុពល អាច​អភិវឌ្ឍន៍​ជា​សហគមន៍​គំរូ​ផ្នែក​វប្បធម៌ ​ធនធាន​ធម្មជាតិ និង​វិស័យ​ទេសចរណ៍​ក្នុង​តំបន់។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង សុំការ​បំភ្លឺ​រឿង​នេះ ពី​អ្នក​នាំ​ពាក្យ​សាលាខេត្ត​ស្ទឹងត្រែង លោក ម៉ែន គុង បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១៤ កក្ដដា ដោយ​ទូរស័ព្ទ​លោក​មិន​អាច​ទាក់ទង​បាន។ ចំណែក​តំណាង​ក្រុមហ៊ុន​ចិន ស៊ីវហ្គិច ក៏​វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

ប៉ុន្តែ​អ្នក​ភូមិ​ថា អភិបាល​រង​ខេត្តស្ទឹងត្រែង លោក ជា ថាវរិទ្ធិ បាន​ចុះ​ដល់​ទៅ​តំបន់​នោះ​ដោយ​និយាយ​ប្រាប់​ពលរដ្ឋ នៅ​ចំពោះ​មុខ​ថា ទីតាំង​ដី​ដែល​ក្រុមហ៊ុន​ចិន​ឈូសឆាយ គឺ​ជា​តំបន់​ដែល​រដ្ឋាភិបាល​ផ្តល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​ចិន​វិនិយោគ ហើយ​ផ្ទៃ​ដី​ជាក់​ស្ដែង សម្រាប់​ចុះ​បញ្ជី​ដី​សមូហភាព​ជូន​ពលរដ្ឋ​មាន​ទំហំ​ជាង ៩រយ​ហិកតារ​ប៉ុណ្ណោះ។

កាល​ពី​ថ្ងៃ​ទី១៣ ខែមីនា ឆ្នាំ២០១៩ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​ អនុប្បយោគ​ដី​ទំហំ​ជាង ៧ពាន់​ហិកតារ (៧.៣៩៧) សម្រាប់​វិនិយោគ​ឱ្យ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ ដាំ​ដើម​អាកាស្យា ម៉ៃសាក់ និង​ប្រភេទឈើ​ផ្សេងៗ ទៀត។ ប៉ុន្តែ​ប្រជាសហគមន៍​សង្កេត​ឃើញ​ថា មក​ទល់​ពេល​នេះ ក្រុមហ៊ុន​ចិន​មួយ​នេះ បាន​អនុវត្ត​គម្រោង​ផ្ទុយពី​កិច្ចសន្យា​វិនិយោគ គឺ​ដាំដំណាំ​កៅស៊ូ​តិចតួច​ប៉ុណ្ណោះ គឺ​ឃើញតែ​ឈូសឆាយ​ព្រៃ និង​កាប់​ឈើ​ធ្វើ​អាជីវកម្ម ដោយ​បើក​ដេប៉ូអារ​ឈើ​ខ្នាតធំ ​ក្នុង​បរិវេណ​ក្រុមហ៊ុន ឋិត​ក្នុង​ឃុំក្បាលរមាស ស្រុក​សេសាន។

ព្រៃ​សហគមន៍​ភូមិ​ក្បាល​រមាស​មានផ្ទៃ​ដី​សរុប ជិត ៨ពាន់​ហិកតារ (៧.៨៣) សហគមន៍​បាន​ស្នើសុំ​ចុះ​បញ្ជី​ជា​ព្រៃ​អភិ​រក្ស​ចាប់​តាំង​ពី​ឆ្នាំ២០១២ រហូតដល់​ឆ្នាំ២០១៨ ទើប​ក្រសួង​មហាផ្ទៃ​សម្រេច​ចុះ​បញ្ជី​ជន​ជាតិ​ដើម​ភាគ​តិច​រស់នៅ​តំបន់​នោះ​ជា​ស្វ័យ​អត្តសញ្ញាណ។ ព្រៃ​សហគមន៍​នេះ​ក្រុម​ពលរដ្ឋ​បាន​កំណត់​លក្ខន្តិកៈ​ផែនទី​បទ​បញ្ជា​ផ្ទៃក្នុង និង GPS កំណត់​ព្រំប្រទល់ ដែល​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​អង្គការ​សង្គម​ស៊ីវិល និង​មន្ទីរ​អភិវឌ្ឍន៍​ជនបទ។

ប៉ុន្តែ​អាជ្ញាធរ​ខេត្តស្ទឹងត្រែង បដិសេធ​សំណើ​នេះ ហើយ​សម្រេច​ឱ្យ​ចុះ​បញ្ជី​ដី​សមូហភាព ជូន​សហគមន៍​ក្បាល​រមាស​ជាង ៩៤១ហិកតារ​ប៉ុណ្ណោះ។

ជុំវិញ​រឿង​នេះ អ្នក​សម្របសម្រួល​លេខាធិការដ្ឋាន​សម្ព័ន្ធ​ជនជាតិ​ដើម​ភាគ​តិច​កម្ពុជា លោក យុន ឡួរ៉ង់ យល់​ថា ទង្វើ​របស់​ក្រុមហ៊ុន និង​អាជ្ញាធរ​ ឆ្លុះ​បញ្ចាំងពី​ការ​រើសអើង និង​រំលោភ​សិទ្ធិ​ពលរដ្ឋ​ ដោយ​មិន​ឱ្យ​តម្លៃ​ជនជាតិ​ដើម​ភាគ​តិច ក្នុង​ការ​ជជែក​រក​ដំណោះស្រាយ។ លោក​ថា ទីតាំង​ឈូស​ឆាយ​ទាំង​នោះ កំពុង​ឋិត​ក្នុង​ដំណើរ​នីតិវិធី​ដោះ​ស្រាយ ​ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​ថ្នាក់​ជាតិ​ មិនទាន់​សិក្សា និង​វាយ​តម្លៃ​ទី​កន្លែង​នោះ​ឱ្យ​ច្បាស់លាស់ ដើម្បី​ទាញ​ហេតុផល​មួយ​គ្រប់គ្រាន់​ក្នុង​ការ​សម្រេច​ចិត្ត​ដោះ​ស្រាយ​ឱ្យ​ជាក់លាក់​នៅ​ឡើយ​ទេ៖ « ពេល​នេះ​គាត់​ស្នើសុំ​ឱ្យ​មាន​ការ​ដោះ​ស្រាយ​មួយ​ឱ្យ​សម​ស្រប​សិន ដំណោះស្រាយ​នេះ​មិន​ទាន់​បាន​សម្រេច​ផង ថ្នាក់​ជាតិ​មិន​ទាន់​មាន​ការ​សិក្សា ​វាយ​តម្លៃ​កន្លែង​ហ្នឹង​ឱ្យ​ច្បាស់លាស់ ដើម្បី​មាន​ហេតុផល​មួយ​គ្រប់គ្រាន់​ក្នុង​ការ​សម្រេច​ចិត្ត។ មិន​ទាន់​ដំណោះស្រាយ​ ធ្វើ​បែប​ហ្នឹង​បំពាន​សិទ្ធិ​គាត់​ហើយ »

ចំណែក​មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្តស្ទឹងត្រែង លោក ប៊ី វ៉ាន់នី មើល​ឃើញ​ថា អ្វី​ដែល​ប្រជា​សហគមន៍​ស្នើសុំ​អភិរក្ស​ព្រៃឈើ ធនធាន​ធម្មជាតិ និង​សត្វព្រៃ គឺ​ស្រប​ទៅ​នឹង​គោល​នយោបាយ​របស់​រដ្ឋាភិបាល ​ដែល​អាជ្ញាធរខេត្ត​នេះ​មិន​គួរ​បដិសេធ​នោះ​ទេ។ លោក​ថា ការពន្យារ​ពេល​ដោះស្រាយ​បញ្ហា​នេះ ​ផ្តល់​ឱកាស​ឱ្យ​ក្រុមហ៊ុន​បន្ត​ឈូស​ឆាយ​ដើម​ឈើ​ធំៗ ក្នុង​ព្រៃ​សហគមន៍​ ធ្វើឱ្យ​ពលរដ្ឋ​អស់​សង្ឃឹម​ចំពោះ​អាជ្ញាធរ​ខេត្តស្ទឹងត្រែង៖ « ការ​ដោះ​ស្រាយ​អត់​មាន​យន្តការ​ដោះ​ស្រាយ​ច្បាស់​លាស់​ទេ វា​នៅ​តែ​ហ្នឹង​ឯង មួយ​ឆ្នាំ​ហើយ មួយ​ឆ្នាំ​ទៀត ពេល​ណា​ពលរដ្ឋ​ទៅ​ដោះ​ស្រាយ​ត្រឡប់​មក​វិញ ក្រុមហ៊ុន​ចេះ​តែ​ធ្វើ​ទៅ បង្ក​ឱ្យ​មាន​ជម្លោះ​ហិង្សា វា​អត់​បាន​អនុវត្ត​តាម​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ទេ »

មន្ត្រី​សង្គមស៊ីវិល​រូបនេះ​បន្ថែម​ថា ​អាជ្ញាធរ​ខេត្តស្ទឹងត្រែង ​គួរតែ​អាណិត​អាសូរ​ពលរដ្ឋ​នៅ​តំបន់​នោះ ​ដែល​រងគ្រោះ​ដោយសារ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោមពីរ ​បិទ​ទ្វារ​ទឹក​ពន្លិច​ភូមិ​កំណើត ​និង​ផ្ទះ​សម្បែង​របស់​ពួកគាត់​ជាង​ ៥ឆ្នាំ​មក​ហើយ​ មិន​គួរច្រាន​ចោល​សំណើ ​មិន​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​អ្នកភូមិ​នោះ​ទេ​។ ​លោកថា ​វត្តមាន​ក្រុមហ៊ុនចិន​នៅ​តំបន់នោះ​ នឹង​បង្កការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់ ​ព្រៃឈើ ​សត្វព្រៃ ​និង​ធនធាន​ធម្មជាតិ​បន្សល់​ចុង​ក្រោយ​ នៅ​ទី​នោះ។​

មកទល់​ពេល​នេះ​ពលរដ្ឋ​រស់នៅ​ឃុំ​ក្បាល​រមាស ៥៣គ្រួសារ​បូករួម​ទាំង​ពលរដ្ឋ​បំបែក​គ្រួសារ​បដិសេធ​មិន​ព្រម​ទទួល​យក​គោល​នយោបាយ​សំណង​ពី​ក្រុមហ៊ុន ហើយ​បច្ចុប្បន្ន​ពួកគេ​បន្ត​រស់នៅ​លើ​ទី​ទួល​ខ្ពស់ ត្រង់​ចំណុច​ស្រែ​វាល ឆ្ងាយ​ពី​ភូមិ​ចាស់ ៤គីឡូម៉ែត្រ។

ក្រុម​ពលរដ្ឋ​ទាំង​នោះ​មានជីវភាពពឹងផ្អែក​លើ​ព្រៃ​សហគមន៍​ដែល​ជា​ប្រភព​ចំណូល​សេដ្ឋកិច្ច​របស់​ពួក​គេ ដូច​ជា នេសាទត្រី ឃ្វាល​គោ​ក្របី​ ធ្វើ​​ចម្ការ​​វិល​​ជុំ ​រក​អនុផល​ព្រៃ​ឈើ​បេះ​បន្លែ និង​ដង​ជ័រទឹក​ជា​ដើម។

ធនធាន​ធម្មជាតិ​ទាំងនេះ ​ជា​ជម្រក​វប្បធម៌ ​កន្លែង​ធ្វើ​ពិធី​សាសនា និង​បុណ្យទាន​ផ្សេងៗ បែប​ប្រពៃណី​ជន​ជាតិ​ដើមភាគតិចព្នង​ជាច្រើន​ជំនាន់​មក​ហើយ​។ ​ជន​ជាតិ​ដើមភាគតិច​ទាំងនោះ​ សុខ​ចិត្ត​ក្រាញ​ននៀល ​មិន​ទទួល​សំណងពី​ក្រុមហ៊ុន ​ដោយសារ​តែ​ស្តាយ​ស្រណោះ​ព្រៃ​ប្រឹក្សា​កេរ​ដូនតា​ និង​ចង់​ការពារ​ព្រៃ​ឱ្យ​គង់វង្ស ​ដើម្បី​កូនចៅ​ជំនាន់​ក្រោយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។