សាច់សត្វព្រៃ ដូចជា ប្រើស ឈ្លូស ត្រគួត អណ្តើក និងជ្រូកព្រៃជាដើម គេឃើញតាំងលក់ដោយបើកជំហរក្នុងផ្សារសាមគ្គីក្រុងស្ទឹងត្រែង ដោយគ្មានខ្លាចរអាច្បាប់។ ពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលសង្កេតឃើញថា ជនល្មើសមុខដដែលៗ លក់សត្វព្រៃជារបបអាជីពចិញ្ចឹមជីវិតខុសច្បាប់ច្រើនឆ្នាំមក ហើយ ដែលអាជ្ញាធរធ្លាប់ឃាត់ខ្លួនត្រឹមធ្វើកិច្ចសន្យារបញ្ឈប់ និងវិន័យជាប្រាក់តិចតូច ក្រោយមកពួកគេលក់សត្វព្រៃវិញដដែល។
ពលរដ្ឋរស់នៅក្រុងស្ទឹងត្រែង និងមន្ត្រីសង្គមស៊ីវិល រិះគន់សមត្ថកិច្ចជំនាញគ្រប់ស្ថាប័ន ក្នុងខេត្តនេះថា ព្រងើយកន្តើយក្នុងកិច្ចសហការគ្នា លប់បំបាត់ការជួញដូរសត្វព្រៃឲ្យមានប្រសិទ្ធភាព ដើម្បីរួមចំណែកអភិរក្សសត្វព្រៃកម្រជិតផុតពូជ ដែលនៅសេសសល់តិចតូចនៅខេត្តភាគឦសាននេះ។ ពួកគេអង្កេតឃើញថា នៅតាមភោជនីយដ្ឋានមួយចំនួន ក្នុងខេត្តស្ទឹងត្រែង ក៏មានការចម្អិនអាហារពីសាច់សត្វព្រៃជាច្រើនប្រភេទ ដើម្បីជួញដូរ និងធ្វើជាគ្រឿងក្លែម ហើយក៏មានមន្ត្រីនគរបាលយុត្តិធម៌ខ្លះចូលចិត្តបរិភោគសាច់ព្រៃនេះដែរ។
ពលរដ្ឋរស់នៅក្រុងស្ទឹងត្រែង លោក ទួច សំណាង ថ្លែងនៅថ្ងៃទី១៧ សីហាថា អាជ្ញាធរគ្មានវិធានការច្បាស់លាស់បង្ក្រាបការជួញដូរសត្វព្រៃនៅផ្សារខេត្តស្ទឹងត្រែងឲ្យមានប្រសិទ្ធិទេ បែរជាបណ្តោយឲ្យឈ្មូញនៅតែមានឱកាសលក់សាច់សត្វព្រៃ ៤កន្លែង យ៉ាងអនាធិបតេយ្យគ្មានការបង្ក្រាប។ លោកសង្កេតឃើញថា ការបង្ក្រាបរបស់អាជ្ញាធរធ្វើឡើងបានតែមួយឆាវ និងនាំខ្លួនជនល្មើសទៅធ្វើកិច្ចសន្យាបញ្ឈប់ រូចដោះលែងវិញ គឺជាយន្តការរបស់សមត្ថកិច្ចអនុវត្តច្បាប់ តែក្រោយមកឈ្មូញទាំងនោះនៅតែបន្តលក់សត្វព្រៃខុសច្បាប់ដដែល។ លោកបារម្ភថា សត្វព្រៃកម្រនឹងវិនាសហិនហោច បើសមត្ថកិច្ចពាក់ព័ន្ធនៅតែព្រងើយកន្តើយ មិនអនុវត្តច្បាប់រឺងមាំ ហើយនៅតែទទួលប្រយោជន៍ពីជនល្មើសជាថ្នូរមិនអនុវត្តច្បាប់នោះ៖ «ផ្សារនៅស្ទឹងត្រែងលក់សត្វព្រៃអនាធិបតេយ្យពេញទំហឹង មិនដឹងថា សមត្ថកិច្ចទទួលលាភពីអ្នកលក់។ ពេលខ្លះចាប់ខ្លះទាល់តែមានអង្គការ ពុំមានការបង្ក្រាបជាដុំកំភួនណាស់ណាទេ » ។
អាស៊ីសេរីបានទាក់ទងទៅស្នងការខេត្តស្ទឹងត្រែង លោក ម៉ៅ តារា នៅថ្ងៃចន្ទ ទី១៧ កញ្ញា ប៉ុន្តែលោកបដិសេធ មិនអធិប្បាយរឿងនេះទេ ដោយលោកប្រាប់ថា ទូរសព្ទស្តាប់មិនឮ និងឈប់ទទួលទូរសព្ទ ។
អាស៊ីសេរីក៏បានព្យាយាមទាក់ទងសុំការអធិប្បាយរឿងនេះពីអភិបាលក្រុងស្ទឹងត្រែង លោក សាយ កុសល ដែរ ប៉ុន្តែទូរស័ព្ទហៅចូលច្រើនដងគ្មានអ្នកទទួលនៅក្នុងថ្ងៃដដែលនោះ។
អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ ឬហៅថា WWF – Cambodia ធ្លាប់បានអំពាវនាវឲ្យប្រជាពលរដ្ឋ មន្ត្រីរាជការ និងស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាកុំបរិភោគសាច់សត្វព្រៃ បំណងថែរក្សាការពារសត្វព្រៃគ្រប់ប្រភេទឲ្យបានគង់វង្សឡើងវិញនៅថ្ងៃអនាគត។
មន្ត្រីសម្របសម្រួលសមាគម អាដហុក ខេត្តស្ទឹងត្រែង លោក ហូ សំអុល អង្កេតឃើញថា អាជ្ញាធរពាក់ព័ន្ធក្នុងខេត្តស្ទឹងត្រែងគ្មានចេតនាលប់បំបាត់ការជួញដូរសត្វព្រៃនោះទេ ពោលគឺនៅតែអនុវត្តច្បាប់ធូររលុង និងមិនចាត់វិធានការលើឈ្មូញជួញដូរសត្វព្រៃខុសច្បាប់ឲ្យបានខ្លាំងក្លាឡើយ។ លោកថា អ្នកជូញដួរសត្វព្រៃខុសច្បាប់ ហាក់មិនខ្លាចក្រែងប្រព័ន្ធច្បាប់នោះទេ បើទោះបីជាកន្លងទៅ ពួកគេធ្លាប់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនច្រើនសារក្តី បែរជាមិនរាងចាល ហើយថែមទាំងជួញដូរសត្វព្រៃខុសច្បាប់ដដែល៖ «ចាប់ហើយលែងវិញ អ្នកលក់ ៤ ទៅ ៥កន្លែងមុខដដែល។ អាជ្ញាធរគ្មានចេតនាលុបបំបាត់ បើអាជ្ញាធរលុបបំបាត់ គួរតែអនុវត្តច្បាប់តឹងរ៉ឹងខ្ញុំជឿថា អាចធ្វើទៅបាន។ ករណីនេះខ្ញុំជឿថា ប្រហោល ៗ ពេលណាកាសែតផ្សាយនិងបង្ហោះហ្វេសប៊ុក ចុះចាប់មួយសាទៅ ដល់ពេលរួចលក់វិញចាប់ព្រឹកលក់ល្ងាច ចាប់ពីល្ងាចលក់ព្រឹក » ។
សាច់សត្វព្រៃដែលតាំងលក់នៅផ្សារសាមគ្គីក្រុងស្ទឹងត្រែង ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុកខ្លះ បានទៅដល់ទីតាំងឈ្មួញកំពុងតាំងលក់សាច់សត្វព្រៃលើរានឈើកម្ពស់ ១ ម៉ែត្រ ហើយពួកគេ បានថតបង្ហោះតាមបណ្តាញសង្គមហ្វេសបុក រិះគន់អាជ្ញាធរថា មិនទប់ស្កាត់បែរជាបណ្តោយឲ្យឈ្មួញជួញដូរសត្វព្រៃបែបអនាធិបតេយ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។