ពលរដ្ឋ​ខេត្តតាកែវ​រាប់​រយ​នាក់ តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ២ ដើម្បី​ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្ត ដោះស្រាយ​បញ្ហា​ខ្វះ​ទឹក​ធ្វើ​កសិកម្ម

0:00 / 0:00

[អាន​អត្ថបទ​ជា​ ភាសា​អង់គ្លេស៖ Hundreds block Cambodian highway to protest irrigation water shortage]

ពលរដ្ឋ​នៅ​ខេត្ត​តាកែវ​រាប់​រយ​នាក់​នាំ​គ្នា​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ២ ដើម្បី​ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្ត និង​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដោះស្រាយ​បញ្ហា​ខ្វះ​ទឹក​ធ្វើ​កសិកម្ម​ជូន​ពួក​គាត់។ ពលរដ្ឋ​ថា ការ​តវ៉ា​នេះ កើត​ឡើង​ក្រោយ​ពី​អាជ្ញាធរ​ស្រុកបាទី បាន​គេចវេះ​មិន​ដោះស្រាយ​បញ្ហា​ខ្វះ​ទឹក​ជូន​កសិករ បើ​ទោះ​ជា​ពួក​គាត់​បាន​ស្នើសុំ​កិច្ច​អន្តរាគមន៍​នេះ​ជាច្រើន​ដង​មក​ហើយ​ក្ដី។

សន្ទុះ​នៃ​ការ​តវ៉ា​របស់​ប្រជា​កសិករ​ពាក់ព័ន្ធ​បញ្ហា​កសិកម្ម ហាក់​បន្ត​កើត​មាន​ឡើង​ជា​បន្ទប់​បន្ទាប់​ រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។ ជាក់ស្ដែង នៅ​ថ្ងៃ​ទី២១ ខែមករា ប្រជាកសិករ​រាប់​រយ​នាក់ នៅ​ស្រុក​បាទី​ខេត្តតាកែវ នាំគ្នា​ចេញ​តវ៉ា និង​បិទ​ផ្លូវ​ជាតិ២ ដើម្បី​ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ដោះស្រាយ​បញ្ហា​ខ្វះ​ទឹក​ជូន​ប្រជា​កសិករ​ឱ្យ​បាន​ត្រឹម​ត្រូវ ខណៈ​ស្រូវ​របស់​កសិករ​រាប់​ពាន់​ហិកតារ កំពុង​ប្រឈម​ការ​ខូចខាត។

ក្នុង​ការ​តវ៉ា​នេះ ប្រជា​ពលរដ្ឋ​បាន​នាំ​គ្នា​យក​គោយន្ត ម៉ូតូ និង​ដើម​ស្រូវ​ចង​ជា​បាច់​ដាក់​ជា​រនាំង​បិទ​ផ្លូវ​ជាតិ​២​ អស់​រយៈ​ពេល​ជិត ៣ម៉ោង។ ក្នុង​ពេល​បិទ​ផ្លូវ​នោះ ពួក​គាត់​ប្រើប្រាស់​ឧបករណ៍​បំពង​សំឡេង ​ស្រែក​អំពាវនាវ​ស្នើ​ឱ្យ​អាជ្ញាធរ និង​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួយ​ដោះស្រាយ​បញ្ហា​ខ្វះ​ទឹក​ជូន​កសិករ​ឱ្យ​បាន​ឆាប់។ ភ្លាមៗ គេ​ឃើញ​មាន​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ចុះ​មក​សម្របសម្រួល ជា​មួយ​ពលរដ្ឋ ហើយ​សន្យា​ថា នឹង​ដោះស្រាយ​បញ្ហា​ខ្វះ​ទឹក​នេះ។ ក្រោយ​មក​ពលរដ្ឋ​ទាំង​នោះ បាន​រំសាយ​ការ​តវ៉ា។

ពលរដ្ឋ ដែល​បាន​ចូលរួម​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ២ នៅ​ព្រឹក​ថ្ងៃ​ទី២១ ខែមករា គឺ​លោក អោ រតនា បាន​បង្ហោះ​វីដេអូ​ផ្សាយ​ផ្ទាល់​លើ​បណ្ដាញ​សង្គម ​ហ្វេសប៊ុក (Facebook) របស់​លោក​ថា ស្រូវ​របស់​កសិករ​ជា​ច្រើន​ហិកតារ​នៅ​ឃុំកណ្ដឹង ស្រុកបាទី កំពុង​ប្រឈម​ខូចខាត​ទាំង​ស្រុង ប្រសិន​បើ​គ្មាន​ទឹក​សង្គ្រោះ​ឱ្យ​បាន​ទាន់​ពេល​វេលា​នោះ​ទេ។

បន្ថែម​ពី​នោះ លោក​ថា​បញ្ហា​ខ្វះ​ទឹក​នេះ អាជ្ញាធរ​អាច​ដោះស្រាយ​បាន ដោយ​គ្រាន់​តែ​បើក​ទំនប់​ទឹក​ពី​ កំពង់ទួល ស្ថិត​នៅ​ឃុំកណ្ដឹង ស្រុកបាទី​ឱ្យ​ចូល​មក​ទឹក​ទន្លេ​បាទី ដើម្បី​ឱ្យ​កសិករ ដែល​មាន​ដីស្រែ​ នៅ​ជាប់​ទន្លេបាទី អាច​ប្រើប្រាស់​បាន។ ប៉ុន្តែ ពលរដ្ឋ​ថា អាជ្ញាធរ​ពុំ​បាន​អើពើ​ដោះស្រាយ តាម​ការ​ស្នើសុំ​របស់​ពលរដ្ឋ​នោះ​ទេ ហើយ​ប្រាប់​ឱ្យ​ពលរដ្ឋ​ទ្រាំ​លំបាក​នៅ​ឆ្នាំ​នេះ​សិន ចាំ​ឆ្នាំ​ក្រោយ​នឹង​​មាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់​វិញ។ ករណី​នេះ​ធ្វើ​ឱ្យ​ពលរដ្ឋ​ខឹង​សម្បារ ទើប​ឈាន​ដល់​ការ​តវ៉ា​បិទ​ផ្លូវ​ជាតិ។

លោក អោ រតនា៖«ស្រែ​ស្រូវ​ងាប់​ចង់​អស់​ហើយ ប្រសិន​បើ​អត់​ជួយ​ដោះស្រាយ​ឱ្យ​ពលរដ្ឋ​ដឹង​តែ​ចប់​ហើយ។ បំណុល​ធានា​រឹតតែ​កើន​ឡើង ម្នាក់ៗ មាន​តែ​រត់​ចោល​ស្រុក។ ខាង​ស្រុក​ខាង​ខេត្ត​អត់​ជួយ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ទេ។ ធ្វើ​ស្រែ​អត់​បាន​ផល​ទៀត មាន​អី​ទៀត ឱ្យ​សង្ឃឹម​អី​ទៀត បើ​សេដ្ឋកិច្ច​កំពុង​វេទនា​អ៊ីចឹង ហើយ​ធ្វើ​ស្រែ​អត់​មាន​ទឹក​ទៀត។ ទឹក​នៅ​ខាង​កំពង់​ទួល​មាន តែ​អត់​ទម្លាក់​ឱ្យ​ប្រជា​ពលរដ្ឋ​ទេ ហើយ​ថា ឱ្យ​ប្រជា​ពលរដ្ឋ​នឹង​លំបាក​ឆ្នាំនេះ​មួយ​ឆ្នាំ​សិន។ ឱ្យ​លំបាក​យ៉ាង​ម៉េច ចង់​ឱ្យ​ធានា​មក​រឹបអូស​ផ្ទះ ប្រជាពលរដ្ឋ​ឱ្យ​អស់ ឬ?បើ​ថ្នាក់​ដឹកនាំ​អត់​ជួយ​ប្រជាពលរដ្ឋ​ឱ្យ​ប្រជាពលរដ្ឋ​ពឹង​នរណា​គេ​ឥឡូវ»។

ទាក់ទិន​រឿង​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ កញ្ញា អឹម រចនា ប្រាប់​វិទ្យុ​ អាស៊ី​សេរី នៅ​ថ្ងៃ​ទី២១ ខែមករា យ៉ាង​ខ្លី​ថា អំឡុង​ពេល​ដែល​មាន​ការ​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ២ របស់​ប្រជា​កសិករ​នេះ រដ្ឋមន្ត្រី​ទទួល​បន្ទុក​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក គន់ គីម រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក ឌិត ទីណា និង​រដ្ឋ​មន្ត្រី​ក្រសួង​ធនធាន​ទឹក លោក ថោ ជេដ្ឋា បាន​ជួប​ចរចា​ជា​មួយ​ពលរដ្ឋ ដើម្បី​ដោះស្រាយ​ករណី​នេះ។

ទោះ​ជា​យ៉ាង​ណា​ក្ដី អ្នក​នាំ​ពាក្យ​ក្រសួង​កសិករ​រូប​នេះ មិន​បាន​ឆ្លើយ​នោះ​ទេ​ថា តើ​ក្រសួង​ដោះស្រាយ​បែប​ណា លើ​បញ្ហា​ខ្វះ​ទឹក​ស្រោចស្រព​ដំណាំ​របស់​ប្រជាពលរដ្ឋ​នេះ។ ដោយ​ឡែក នៅ​ក្នុង​វីដេអូ ដែល​ប្រជា​កសិករ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ពួក​គាត់​ ព្រមាន​ថា កសិករ​នឹង​នាំគ្នា​តវ៉ា​ជា​ថ្មី​ទៀត ប្រសិន​បើ​អាជ្ញាធរ​ពាក់ព័ន្ធ​ មិន​ដោះស្រាយ​បញ្ហា​ទឹក​ជូន​កសិករ​ឱ្យ​បាន​ត្រឹម​ត្រូវ។

ក្រុមប្រឹក្សាភិបាល​របស់​អង្គការ​សាមគ្គីភាព​កសិករ​កម្ពុជា លោក ឌី គន្ធា ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ការ​តវ៉ា​របស់​ប្រជា​កសិករ​ពី​បញ្ហា​ខ្វះ​ទឹក​ស្រោច​ស្រព​ដំណាំ​នេះ គឺ​ជា​ការ​ឆ្លុះបញ្ចាំង ​ពី​ការ​បរាជ័យ​ធ្ងន់ធ្ងរ​ របស់​អាជ្ញាធរ​ពាក់ព័ន្ធ ក្នុង​ការ​ជួយ​សង្គ្រោះ​ដំណាំ​ស្រូវ​របស់​កសិករ​ពុំ​បាន​ត្រឹមត្រូវ។ ទន្ទឹម​នឹង​នោះ លោក​សង្កេត​ឃើញ​ថា ជា​ច្រើន​ឆ្នាំ​មក​នេះ អាជ្ញាធរ​ពាក់ព័ន្ធ​ហាក់​គ្មាន​ឆន្ទៈ និង​គោលនយោបាយ​ច្បាស់​លាស់​ជួយ​កសិករ​នោះ​ទេ ខណៈ​ដែល​កសិករ​ភាគ​ច្រើន​ប្រឈម​បញ្ហា​ខ្វះ​ទឹក និង​ខ្វះ​ទីផ្សារ​លក់​ស្រូវ​ស្ទើរ​រាល់​ឆ្នាំ ដែល​ធ្វើ​ឱ្យ​កសិករ​​​មាន​ជីវភាព​កាន់តែ​លំបាក។

លោក ឌី គន្ធា៖«រាជរដ្ឋាភិបាល​ត្រូវ​តែ​អនុវត្ត បង្ហាញ​ឆន្ទៈ​នយោបាយ​ខ្ពស់​បំផុត ជា​ពិសេស​គឺ​មាន​ ផែនការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​បំផុត ក្នុង​ការ​ដាក់​ចេញ​នូវ កម្មវិធី​គោលនយោបាយ​។​សិទ្ធិ និង​គោល​នយោបាយ​ស្រោចស្រព ដូច​ជា ការ​ស្ដារ​ប្រព័ន្ធ​ស្រោចស្រព​បែប​ធម្មជាតិ(បឹង)ប្រឡាយ​មាន​ស្រាប់]​ឡើង​វិញ។ ទី២ ការ​ស្ដារ​ប្រព័ន្ធ​ប្រឡាយ​មេ និង​ប្រព័ន្ធ​ប្រឡាយ​រង ដែល​មិន​មែន​ជា​ប្រព័ន្ធ​ស្រោចស្រព​បែប​ធម្មជាតិ​ហ្នឹង។ ទី៣ ត្រូវ​សាងសង់​ប្រព័ន្ធ​ស្រោចស្រព​ថ្មីៗ បន្ថែម​ទៀត ដូច​ជា​ប្រព័ន្ធ​ប្រឡាយ​មេ​ និង​ ប្រឡាយ​រង​ជា​ដើម»។

យោង​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ដែល​បាន​ចេញ​ផ្សាយ​ពេញ​មួយ​ឆ្នាំ២០២៤ បង្ហាញ​ថា យ៉ាង​ហោច​ណាស់ មាន​ដំណាំ​ស្រូវ​កសិករ​ជាង ១១សែន (១១៩.៤៦៥)ហិកតារ រង​ផល​ប៉ះពាល់ និង​ជាង ៣ម៉ឺន (៣០.៥៣៥)ហិកតារ​រង​ការ​ខូចខាត ដោយ​គ្រោះ​រាំង​ស្ងួត​នៅ​រដូវ​ប្រាំង។

ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ថា កម្ពុជា គឺ​ជា​ប្រទេស​កសិកម្ម និង​មាន​ប្រភព​ទឹក​ចេញ​ពី​ទន្លេ​មេគង្គ និង​អាង​ទន្លេសាប​ថែម​ទៀត រដ្ឋាភិបាល​ដឹកនាំ​ដោយ បក្ស​ប្រជាជន​កម្ពុជា បណ្ដែត​បណ្ដោយ​ឱ្យ​បញ្ហា​ខ្វះ​ទឹក​ធ្វើ​កសិកម្ម បន្ត​កើត​ឡើង​ជា​រៀងរាល់​ឆ្នាំ​នោះ​ទេ។ ពួក​គាត់​បារម្ភ​ថា ប្រសិន​បើ​ករណី​នេះ នៅតែ​បន្ត​កើត​មាន នឹង​ធ្វើ​ឱ្យ​កសិករ​ជួប​ការ​លំបាក ដោយសារ​តែ​បញ្ហា​ខ្វះ​ទឹក​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។