លោក ហ៊ុន សែន អះអាងថា លោកនឹងបន្តកាត់បឹងតាមោក ដើម្បីអភិវឌ្ឍន៍បន្ថែមទៀត ទោះបីជាមានការរិះគន់ពីប្រជាពលរដ្ឋ ឬមជ្ឈដ្ឋានជុំវិញក៏ដោយ។ ការលើកឡើងនេះ ធ្វើឡើងនៅក្នុងពិធីសម្ពោធសមិទ្ធផលថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២២ មករា។ មន្ត្រីសង្គមស៊ីវិលយល់ថា ការលើកឡើងរបស់លោក ហ៊ុន សែន បែបនេះ គឺជាទង្វើមិនទទួលខុសត្រូវលើប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងអាស្រ័យផលលើបឹងនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា លោកធុញទ្រាន់ជុំវិញការរិះគន់របស់ប្រជាពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលមួយចំនួន អំពីការលុបបឹងធម្មជាតិនៅភូមិសាស្ត្ររាជធានីភ្នំពេញ ជាពិសេសបឹងតាមោក។ លោកចោទសួរថា អ្នកជំនាន់មុនអាចលុបបឹងដើម្បីអភិវឌ្ឍបាន ចុះហេតុអ្វីលោកធ្វើមិនបាន។ លោកបន្តថា លោកមិនខ្វល់ចំពោះការរិះគន់ទាំងនេះទេ ហើយលោកនឹងបន្តកាត់ផ្ទៃបឹងតាមោកបន្ថែមទៀត ទៅឱ្យក្រុមហ៊ុនឯកជន ដើម្បីធ្វើការអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជា៖ «បើត្រូវការ គឺត្រូវតែលុប បើមិនលុប ធ្វើម៉េចៗ ចាក់ដីធ្វើបាន ? ថាអ្នកដទៃគេអាចធ្វើបាន ជំនាន់មុនធ្វើបាន ជំនាន់ខ្ញុំធ្វើមិនបាន ? ប្រទេសនានាគេបូមដល់ទៅសមុទ្រ ពង្រីងសមុទ្រយកដី ដើម្បីអភិវឌ្ឍន៍ទៅហើយ ម៉េចក៏កម្ពុជាធ្វើនេះក៏ខុស ធ្វើនោះក៏ខុស ? ប្រណែនឬអី ? យើងមើល គេលុបបឹងធ្វើទីក្រុងអស់អាលីងទៅហើយ ឯងមកជេរ ឯងមកចុះឡើងៗ។ ទេ ! អារឿងអ្នកជេរៗ ទៅ យើងធ្វើ គឺធ្វើ»។
ផ្ទៃបឹងតាមោក មានទំហំជាង៣ ពាន់ហិកតារ (៣.២៣៩) តាមអនុក្រឹត្យចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ ប៉ុន្តែបឹងនេះបានរួមតូចបន្តិចម្តងៗ បន្ទាប់ពីរបបលោក ហ៊ុន សែន សម្រេចកាត់ផ្ទៃបឹង និងអនុញ្ញាតឱ្យចាក់ដីលុបអស់រាប់រយហិកតារ ក្រោមហេតុផលអភិវឌ្ឍន៍។
លោក ហ៊ុន សែន បានប្រកាសថា លោកសោកស្ដាយ ដែលបានកំណត់ផ្ទៃបឹងធម្មជាតិនេះឱ្យធំទូលាយតាមការស្នើសុំរបស់មន្ត្រីជំនាញ។ ទំនងជាដោយសារមូលហេតុនេះហើយ ទើបបុរសខ្លាំងរូបនេះ សម្រេចកាត់ផ្ទៃដីបឹងតាមោកជាបន្តបន្ទាប់ទៅឱ្យស្ថាប័នរដ្ឋ ក្រុមហ៊ុន និងបុគ្គលឯកជន ជាបន្តបន្ទាប់ដោយមិនខ្វល់ពីការស្នើសុំ និងការរិះគន់របស់សាធារណជន។
អ្នកការពារបរិស្ថាន និងមន្ត្រីសង្គមស៊ីវិលមួយចំនួន បានប្រតិកម្មយ៉ាងខ្លាំងចំពោះប្រសាសន៍លោក ហ៊ុន សែន បែបនេះ។ ពួកគេលើកឡើងដូចៗ គ្នាថា លោក ហ៊ុន សែន ប្រើលេសក្នុងការអភិវឌ្ឍន៍នេះ គិតគូរតែប្រយោជន៍បក្សពួករបស់ខ្លួន ដោយមិនយកចិត្តទុកដាក់លើផលប៉ះពាល់របស់ប្រជាពលរដ្ឋនោះទេ។
ស្ថាបនិកចលនាមាតាធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) ចាត់ទុកការលើកឡើងបែបនេះរបស់លោក ហ៊ុន សែន គឺជាការមិនទទួលខុសត្រូវចំពោះប្រជាពលរដ្ឋកម្ពុជា។ លោកថា លោក ហ៊ុន សែន កាត់ដីបឹងតាមោកក្រោមរូបភាពអភិវឌ្ឍន៍នេះ គឺដើម្បីរកប្រាក់ចំណូលបន្ថែមឱ្យក្រុមគ្រួសាររបស់លោក និងបក្សពួក ក្រោយរងផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ច ដោយសារផលប៉ះពាល់ពីជំងឺកូវីដ១៩។ លោកបន្តថា ការអភិវឌ្ឍន៍ដោយការលុបបឹងកន្លងមក មិនបានផ្ដល់ផលប្រយោជន៍ឱ្យប្រជាពលរដ្ឋ ឬជាចំណូលជូនរដ្ឋដូចការអះអាងរបស់លោក ហ៊ុន សែន នោះទេ។ លោកបន្ថែមថា លោក ហ៊ុន សែន គួរបង្ហាញរបាយការណ៍នៃផលប៉ះពាល់ពិតប្រាកដមួយលើការលុបបឹងទាំងនោះឱ្យប្រជាពលរដ្ឋបានដឹង ដើម្បីកុំឱ្យមានការរិះគន់ពីប្រជាពលរដ្ឋបន្ថែមទៀត៖ «យើងឃើញលោក ហ៊ុន សែន ដូចលេខ១ ក្រោមលេសថា ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចមួយឆ្នាំ ៧ % ១០ % ១២ % អីណា ប៉ុន្តែយើងឃើញថា ជីវភាពរស់នៅរបស់ប្រជាជនខ្មែរជាទូទៅ ឡើងតែលើក្រដាសទេ ឡើងតែម៉ាក្រូសេដ្ឋកិច្ចប៉ុន្មានភាគរយទេ ប៉ុន្តែបើនិយាយពីជីវភាពរស់នៅជាក់ស្ដែងរបស់ប្រជាជន ដូចជាអត់ឡើងអីផង។ ចំណុចទី១ គឺអ៊ីចឹង គឺលោក ហ៊ុន សែន គាត់លេខ១ នៅក្នុងការបំផ្លិចបំផ្លាញធនធានធម្មជាតិ ដែលជាមរតកអាក្រក់បំផុតរបស់គាត់ដែរ។ នៅពេលដែលគាត់អស់អំណាចហ្នឹងក៏ព្រៃឈើ ធនធានធម្មជាតិ បឹងបួដែលគាត់លុប ។ល។ ហ្នឹងគឺអត់ត្រឡប់មកវិញទេ»។
ស្រដៀងគ្នានេះ មន្ត្រីស៊ើបអង្កេតនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក វណ្ណ សុផាត មានប្រសាសន៍ថា លោកសោកសង្រេងយ៉ាងខ្លាំងចំពោះការលើកឡើងរបស់លោក ហ៊ុន សែន ជុំវិញការលុបបឹងនេះ។ លោកបន្តថា ការរិះគន់កន្លងមករបស់ប្រជាពលរដ្ឋ សកម្មជនបរិស្ថាន និងមន្ត្រីសង្គមស៊ីវិលមួយចំនួន សមនឹងឱ្យលោក ហ៊ុន សែន ពិចារណាឡើងវិញចំពោះការលុបបឹងបួរក្នុងប្រទេសកម្ពុជា ប៉ុន្តែលោកបែរជាមិនអើពើទៅវិញ។ លោក វណ្ណ សុផាត ចោទជាសំណួរថា តើប្រជាពលរដ្ឋ និងអ្នកជំនាន់ក្រោយនឹងរងទុក្ខ ឬជួបគ្រោះបែបណាទៀត ក្រោយពីរដ្ឋាភិបាលលុបបឹងបួទាំងនោះ ដោយមិនទទួលយកការរិះគន់របស់ប្រជាពលរដ្ឋបែបនេះ៖ «រាជរដ្ឋាភិបាលហ្នឹងគួរតែគិតម្តងទៀត ពិចារណាម្តងទៀត ឃើញថា វាជាការយកឈ្នះ យកចាញ់ ឬមួយក៏ជាការមិនស្ដាប់យោបល់របស់ប្រជាពលរដ្ឋ ធ្វើរបៀបហ្នឹងគឺថា វាអត់បានរីកចម្រើនអីទេ។ ឃើញថា បច្ចុប្បន្ននេះ ឃើញថា មានការសាងសង់អីផ្ទះល្វែង ឃើញមានការសាងសង់អី ក៏ប៉ុន្តែគ្រាន់ថា ជួនកាលទៅ វាមានតែការសាងសង់ហ្នឹងឡើងអីចឹង ប៉ុន្តែប្រជាពលរដ្ឋដែលរងផលប៉ះពាល់ហ្នឹង គឺថា គាត់ត្អូញត្អែររាល់ថ្ងៃ ហើយអ៊ីចឹងទៅ យើងសម្លឹងឃើញថា គំលាតរវាងអ្នកមាន និងអ្នកក្រហ្នឹង គឺថា វាឃ្លាតគ្នាខ្លាំងមែនទែន»។
ផ្ទៃបឹងតាមោក ច្រើនរយហិកតារទៀត កំពុងប្រឈមការលុប ដោយសារ រដ្ឋាភិបាលបានអនុញ្ញាតឱ្យសាងសង់គម្រោងផ្សេងៗ រួមមានទាំងរដ្ឋ និងឯកជន។ ក្នុងនោះ ក៏មានចំណែករបស់សមាជិកគ្រួសារមន្ត្រីធំៗ ក្នុងជួររដ្ឋាភិបាល និងជាសាច់ញាតិរបស់ដន្លងលោក ហ៊ុន សែន កាន់កាប់ជាកម្មសិទ្ធិឯកជនផងដែរ។
របាយការណ៍របស់អង្គការសមាគមធាងត្នោត ចេញកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ បង្ហាញថា ចាប់តាំងពីឆ្នាំ១៩៩០ មក រដ្ឋាភិបាលបានលុបបឹងធម្មជាតិ នៅក្នុងរាជធានីភ្នំពេញ អស់ចំនួន ១៦បឹងហើយ។ ចំណែកបឹងនៅសល់ចំនួន ១០ទៀត កំពុងប្រឈមការចាប់លុប ដោយផ្នែកៗ ជាបណ្ដើរៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។