ក្រសួង​ធនធាន​ទឹក៖ សីតុណ្ហភាព​អាច​នឹង​ចុះ​ដល់​កម្រិត​១២​អង្សាសេ

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ប្រកាស​ឲ្យ​សាធារណជន​ទូទៅ​ប្រុង​ប្រយ័ត្ន​ពី​បញ្ហា​សុខភាព ឬ​ត្រៀម​សម្ភារៈ​ការពារ​ទប់ទល់​នឹង​សីតុណ្ហភាព​ចុះ​ត្រជាក់​ខ្លាំង ចាប់​ពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ រហូត​ដល់​ពាក់​កណ្ដាល​ខែ​មករា ឆ្នាំ​២០១៤។ មន្ត្រី​ជំនាញ​ឲ្យ​ដឹង​ថា សីតុណ្ហភាព​ចុះ​ត្រជាក់​ពេល​ខាង​មុខ មាន​ឥទ្ធិពល​ខ្លាំង​ជាង​ពេល​មុន និង​គ្រប​ដណ្ដប់​ស្ទើរ​ទូទាំង​ប្រទេស ពិសេស​ខេត្ត​នៅ​តំបន់​ជាប់​ជួរ​ភ្នំ។

0:00 / 0:00

សេចក្តី​ជូន​ដំណឹង​បន្ថែម​ស្ដីពី​ស្ថានភាព​សីតុណ្ហភាព​របស់​ក្រសួង​ធនធាន​ទឹក បាន​បង្ហាញ​ថា អាកាស​ធាតុ​ដែល​នឹង​ចុះ​ត្រជាក់​ជា​ថ្មី​នេះ គឺ​ត្រជាក់​ខ្លាំង​ជាង​ប៉ុន្មាន​សប្ដាហ៍​កន្លង​ទៅ​នេះ។ ហើយ​បញ្ជាក់​ថា ខេត្ត​ដែល​មាន​អាកាស​ធាតុ​ចុះ​ត្រជាក់​ខ្លាំង​នៅ​ភាគ​ខាង​ជើង​ប្រទេស គឺ​មាន​ខេត្ត​មណ្ឌលគិរី ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​ព្រះវិហារ ដោយ​សីតុណ្ហភាព​នឹង​ចុះ​ដល់​កម្រិត ១២​អង្សាសេ។

ប្រកាស​ក៏​បាន​ឲ្យ​ដឹង​ថា អាកាស​ធាតុ​ចុះ​ត្រជាក់​នា​ពេល​ខាង​មុខ ក៏​នឹង​នាំ​មក​ជាមួយ​នូវ​ផ្សែង​អាប់ ឬ​ចុះ​អាប់​ខ្លាំង​នៅ​ពេល​ព្រឹក និង​មាន​ខ្យល់​បក់​ខ្លាំង។

ក្រសួង​ធនធាន​ទឹក ឲ្យ​ដឹង​បន្ថែម​ថា សីតុណ្ហភាព​ចុះ​ត្រជាក់​ខ្លាំង​នឹង​អូស​បន្លាយ​យូរ​ថ្ងៃ​នៅ​កម្ពុជា ឆ្នាំ​នេះ មិន​ធ្លាប់​មាន​ទេ​ពី​មុន​មក។ សីតុណ្ហភាព​ចុះ​ត្រជាក់​ខ្លាំង​នេះ សម្រាប់​មនុស្ស​មាន​វ័យ​ចំណាស់ និង​កូន​ក្មេង​រស់​នៅ​តាម​ខេត្ត​មួយ​ចំនួន ពិបាក​ទ្រាំ​នឹង​អាកាស​ធាតុ​នេះ។

ប្រជាពលរដ្ឋ​រស់​នៅ​ខេត្ត​កំពត បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ ទី​២៥ ខែ​ធ្នូ ថា សីតុណ្ហភាព​ចុះ​ត្រជាក់​នៅ​រដូវ​រំហើយ ឬ​រដូវ​ច្រូត​កាត់​ឆ្នាំ​នេះ បាន​បង្ក​ការ​លំបាក​ដល់​មនុស្ស​វ័យ​ចាស់ និង​កុមារ​តូចៗ។ កសិករ​រូប​នេះ​ព្រួយ​បារម្ភ​ថា បើ​សិន​កម្រិត​សីតុណ្ហភាព​បន្ត​ចុះ​ត្រជាក់​ខ្លាំង​នា​ថ្ងៃ​អនាគត នឹង​នាំ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​កុមារ និង​មនុស្ស​ចាស់​ជរា កើត​ជំងឺ​ផ្ដាសាយ ឬ​ជំងឺ​ផ្សេងៗ៖ «មាន​តែ​ត្រជាក់​ឡើង គឺ​អត់​មាន​ថយ​ចុះ​ទេ។ ហើយ​នៅ​តំបន់​ព្រៃ​ភ្នំ ព្រៃ​បាក់ណឹម​នេះ​ត្រជាក់​ណាស់ បើ​នៅ​តំបន់​ភ្នំ​ហ្នឹង​នៅ​ពេល​យប់ គឺ​ត្រជាក់​ខ្លាំង។ ប្រជាជន​គ្រប់​រូប អ្នក​ណា​ក៏​ត្រជាក់​ខ្លាំង​ដូច​គ្នា។ ពេល​ជួប​មុខ​គ្នា​និយាយ​តែ​ពី​រឿង​ឆ្អើរ​ភ្លើង និយាយ​តែ​ពី​រឿង​ត្រជាក់​ហ្នឹង​តែ​ម្តង។ មនុស្ស​ចាស់ ឬ​ពលរដ្ឋ​ត្រូវ​តែ​ពាក់​អាវ​រងា ឬ​ស្លៀកពាក់​បន្ថែម។ យប់​ឡើង​ពាក់​អាវ​ស្លៀក​ខោ​ពាក់​ស្រោម​ជើង ឬ​ដណ្ដប់​ភួយ និង​ឆ្អើរ​ភ្លើង​ជាដើម​នៅ​ពេល​យប់។ ចាស់ៗ​ដែល​មាន​ពូក​ស្តើងៗ បាន​សម្រាន្ត​នៅ​លើ​នោះ ប៉ុន្តែ​នៅ​តែ​ត្រជាក់»

បញ្ហា​នេះ ក្រសួង​ធនធាន​ទឹក បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ត្រៀម​នូវ​សម្លៀកបំពាក់​សម្រាប់​ទប់ទល់ ឬ​ការពារ​ភាព​រងា​ត​ទល់​នឹង​សីតុណ្ហភាព​ចុះ​ត្រជាក់​ពេល​នេះ។

បន្ថែម​លើ​នេះ ក្រសួង​សុខាភិបាល ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ឆ្លង​ជំងឺ​ផ្សេងៗ ជាពិសេស​ជំងឺ​ផ្ដាសាយ​ពេល​សីតុណ្ហភាព​ចុះ​ត្រជាក់​ខ្លាំង។

បញ្ហា​សីតុណ្ហភាព​នេះ​ដែរ សម្រាប់​ពលរដ្ឋ​រស់​នៅ​ខេត្ត​កំពង់ធំ ក៏​បាន​ឲ្យ​ដឹង​ថា អាកាស​ធាតុ​នៅ​មូលដ្ឋាន​នេះ​បាន​ចុះ​ត្រជាក់​ខ្លាំង​នៅ​ពេល​រាត្រី ហើយ​មនុស្ស​វ័យ​ចាស់​ពិបាក​ទប់ទល់​នឹង​អាកាស​ធាតុ​នេះ៖ «ត្រជាក់​ត្រឹម​យើង​អាច​យើង​ទ្រាំ​បាន ប៉ុន្តែ​មនុស្ស​ចាស់ គឺ​ពិបាក​ទ្រាំ។ ត្រជាក់​ខ្លាំង​នៅ​រៀប​ភ្លឺ និង​ព្រលប់​ម៉ោង ៧ ទៅ ៨​យប់។ អាកាស​ធាតុ​ត្រជាក់​នេះ​ចាស់ៗ​ពិបាក​ទ្រាំ ប៉ុន្តែ​ក្មេងៗ​មិន​អី​ទេ»

សេចក្តី​ប្រកាស​ក្រសួង​ធនធាន​ទឹក បង្ហាញ​ថា នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ជួរ​ភ្នំ​ក្រវាញ សីតុណ្ហភាព​អាច​នឹង​ចុះ​ដល់ ១២ ទៅ ១៤​អង្សាសេ។ តំបន់​ខ្ពង់រាប​ភាគ​ឦសាន និង​ខ្ពង់រាប​ភាគ​ខាង​ជើង មាន​ខេត្ត​ព្រះវិហារ ឧត្តរមានជ័យ ស្ទឹងត្រែង ក្រចេះ រតនគីរី និង​ខេត្ត​មណ្ឌលគិរី សីតុណ្ហភាព​អាច​នឹង​ចុះ​ដល់ ១៣ ឬ ១៥​អង្សាសេ។ ដោយ​ឡែក តំបន់​ទំនាប​កណ្ដាល​មាន​ខេត្ត​បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ព្រៃវែង ស្វាយរៀង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្ដាល រាជធានី​ភ្នំពេញ និង​ខេត្ត​តាកែវ សីតុណ្ហភាព​អាច​នឹង​ចុះ​ដល់ ១៦ ឬ ១៨​អង្សាសេ។ ចំណែក​តំបន់​មាត់​សមុទ្រ មាន​ខេត្ត​កោះកុង ព្រះសីហនុ កំពត និង​ខេត្ត​កែប សីតុណ្ហភាព​អាច​នឹង​ចុះ​ដល់ ២០ ទៅ ២២​អង្សាសេ។

បញ្ហា​នេះ ក្រសួង​ធនធាន​ទឹក បាន​អំពាវនាវ​ដល់​សាធារណជន ពិសេស​កងទ័ព​ដែល​កំពុង​ឈរ​ជើង​តាម​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ព្រោះ​សីតុណ្ហភាព​ចុះ​ត្រជាក់​ខ្លាំង​នេះ អាច​បង្ក​ឲ្យ​មាន​ជំងឺ​ផ្សេងៗ។ ក្រសួង​ធនធាន​ទឹក ឲ្យ​ដឹង​ថា អាកាស​ធាតុ​ចុះ​ត្រជាក់​ពេល​នេះ ដោយសារ​ប្រទេស​កម្ពុជា កំពុង​ទទួល​រង​នូវ​ជ្រលង​សម្ពាធ​ខ្ពស់​ស៊ីបេរី និង​មូសុង​ឦសាន ហើយ​បាតុភូត​ធម្មជាតិ​នេះ​នឹង​បង្កើន​ឥទ្ធិពល​កាន់​តែ​ខ្លាំង​ដល់​ពាក់​កណ្ដាល​ខែ​មករា ឆ្នាំ​២០១៤៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។