សហគមន៍​ព្រៃ​ឈើ​នៅ​បាត់ដំបង​បារម្ភ​បាត់​បង់​ព្រៃ​ដោយសារ​ការ​កាប់​ឆ្ការ​យក​ដី​ធ្វើ​កម្មសិទ្ធិ

0:00 / 0:00

សហគមន៍​ព្រៃ​ឈើ​នៅ​ស្រុក​រុក្ខគីរី ខេត្ត​បាត់ដំបង សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​សកម្មភាព​ប្រជាពលរដ្ឋ និង​មន្ត្រី​យោធា​នៅ​តំបន់​នោះ កាប់​រុក​រាន​ព្រៃ​សហគមន៍​យក​ធ្វើ​ជា​កម្មសិទ្ធិ​អស់​ដី​ព្រៃ​រាប់​រយ​ហិកតារ ដោយ​ពុំ​មាន​អាជ្ញាធរ​ទប់ស្កាត់​ទេ។

អ្នក​ភូមិ​បញ្ជាក់​ថា សកម្មភាព​កាប់​ឆ្ការ​ព្រៃ​យក​ដី​នេះ ប្រសិន​បើ​អាជ្ញាធរ​ទប់ស្កាត់​មិន​ទាន់​ពេល​ទេ​នោះ ដី​សហគមន៍​នឹង​ហិនហោច​អស់​គ្មាន​សល់​នា​ពេល​អនាគត​ជា​ពុំ​ខាន។

ប្រធាន​សហគមន៍​ព្រៃ​ឈើ​ឃុំ​ព្រៃត្រឡាច ស្រុក​រុក្ខគីរី ខេត្ត​បាត់ដំបង លោក អ៊ិន អឿន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៨ មករា ថា ដី​ព្រៃ​សហគមន៍​ប្រមាណ​ជាង ៣០០​ហិកតារ​ក្នុង​ចំណោម​ដី​ប្រមាណ​ជាង ១.៣០០​ហិកតារ (១.៣៣២​ហិកតារ) នៅ​ចំណុច​ឃុំ​ស្តុកប្រវឹក និង​ឃុំ​ព្រៃត្រឡាច ស្រុក​រុក្ខគីរី ត្រូវ​បាន​មន្ត្រី​យោធា​ស្រុក​រុក្ខគីរី និង​ប្រជាពលរដ្ឋ​កាប់​ឆ្ការ​ព្រៃ​យក​ដី​ធ្វើ​កសិកម្ម​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន ធ្វើ​ឲ្យ​ហិនហោច​អស់​ដី​សហគមន៍​ជា​បន្តបន្ទាប់។

លោក​បន្ត​ថា សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​នេះ ផ្ដើម​ចេញ​ពី​មន្ត្រី​យោធា​ស្រុក​រុក្ខគីរី ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ស្រឡាញ់​ព្រៃ​ឈើ​ខឹងសម្បា ហើយ​តវ៉ា​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ចាត់​វិធានការ​ជាច្រើន​លើក​មក​ហើយ តែ​ពុំ​ទទួល​បាន​លទ្ធផល​ទេ៖ «អ្នក​កាប់​ឆ្ការ​យក​ដី​ធ្វើ​ជា​ចម្ការ​បែប​ជា​កម្មសិទ្ធិ ដូចជា​ការ​យក​ដី​ដាំ​ដំឡូងមី និង​ដាំ​ចេក​ជាដើម ដូចជា​ករណី​មន្ត្រី​យោធា​នៅ​ស្រុក​រុក្ខគីរី ម្នាក់​ឈ្មោះ លោក សុវណ្ណារ៉ា ជាដើម គាត់​បាន​ទៅ​ភ្ជួរ​ដាំ​ដំឡូងមី​នៅ​លើ​ដី​សហគមន៍»

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​មេបញ្ជាការ​កង​ប្រតិបត្តិការ​សឹក​រង​ស្រុក​រុក្ខគីរី ដើម្បី​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​រសៀល​ថ្ងៃ​ទី​២៨ មករា។

ចំណែក​មេ​ឃុំ​ព្រៃត្រឡាច លោក ភិន ផុន ទទួល​ស្គាល់​ថា ពិត​ជា​មាន​ការ​រុក​រាន​ព្រៃ​សហគមន៍​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​មែន ប៉ុន្តែ​លោក​ថា អាជ្ញាធរ​ឃុំ​គ្មាន​អំណាច​ទៅ​ទប់ស្កាត់​សកម្មភាព​ទាំង​នោះ​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​ថា បាន​នាំ​រឿង​នេះ​ទៅ​ជម្រាប​មន្ត្រី​ថ្នាក់​លើ​ឲ្យ​ចាត់​វិធានការ​ហើយ៖ «បញ្ហា​នេះ​វា​ហួស​ពី​សមត្ថកិច្ច​របស់​ខ្ញុំ​ជា​មេ​ឃុំ បាន​ជា​ខ្ញុំ​នាំ​រឿង​នេះ​ទៅ​ជម្រាប​លោក​អភិបាល​ស្រុក និង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​បាត់ដំបង»

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា ការ​កាប់​បំផ្លាញ​ព្រៃ​នេះ​ជា​ផល​លំបាក​របស់​សហគមន៍​តែង​តែ​កើត​មាន​ស្ទើរ​គ្រប់​ទីកន្លែង​នៅ​ក្នុង​ខេត្ត​បាត់ដំបង។ លោក​ថា បញ្ហា​នេះ​អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស​គឺ​អភិបាល​ស្រុក ត្រូវ​ទប់ស្កាត់​ដោយ​ចាប់​ជន​បង្ក​បញ្ហា​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់៖ «បាទ! រឿង​នេះ​មាន​តែ​អាជ្ញាធរ​ពាក់ព័ន្ធ​ទេ​ទើប​អាច​ទប់ស្កាត់​មាន​ប្រសិទ្ធភាព។ ហើយ​សមត្ថកិច្ច​មិន​ត្រូវ​បណ្ដោយ​ឲ្យ​សហគមន៍​ដែល​គ្មាន​អំណាច​ជា​អ្នក​ទទួល​ខុស​ត្រូវ​ឡើយ»

ប្រជាពលរដ្ឋ និង​មន្ត្រី​សហគមន៍​ព្រៃ​ឈើ​ព្រៃត្រឡាច អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត​បាត់ដំបង និង​មន្ត្រី​ពាក់ព័ន្ធ មាន​វិធានការ​ទប់ស្កាត់​រក្សា​ព្រៃ​សហគមន៍​នោះ​ទុក​ជា​ប្រយោជន៍​រួម​សម្រាប់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ រក​អនុផល​ព្រៃ​ឈើ​នៅ​ថ្ងៃ​ខាង​មុខ។ ពួក​គេ​បញ្ជាក់​ថា សកម្មភាព​រុក​រាន​ព្រៃ​ឈើ​នោះ​កាន់​តែ​មាន​សភាព​ធ្ងន់ធ្ងរ​ឡើង​ជា​លំដាប់ ហើយ​ប្រសិន​បើ​អាជ្ញាធរ​ទប់ស្កាត់​មិន​ទាន់​ពេល​ទេ ព្រៃ​សហគមន៍​តំបន់​នោះ​នឹង​ហិនហោច​អស់​គ្មាន​សល់​ជា​ពុំ​ខាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។