ក្រុម​អ្នក​អភិរក្សសត្វ​រក​ឃើញ​សម្បុក​ពង​កូន​របស់ កន្ធាយ​ក្បាល​កង្កែប​ជា​លើ​ដំបូង​នៅ​ដើម​រដូវ​ពង​កូន

ក្រុម​អ្នក​អភិរក្ស​សត្វនៃ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃនិង​រដ្ឋបាល​ជលផល​ បាន​ រក​ឃើញ​សម្បុក​របស់​សត្វ​ល្មិច ឬ​ហៅថា កន្ធាយ​ក្បាល​កង្កែប​ជា​លើក​ដំបូង​ ក្នុង​រដូវ​ពង​កូន ក្នុង​ឆ្នាំ ២០២០​នេះនៅ​ក្នុង​ស្រុក​សំបូរ ខេត្តក្រចេះ។

អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ​បាន​រៀបរាប់​នៅ​លើ​ទំព័រ​ហ្វេសប៊ុកនៅ​ថ្ងៃទី ៣០ ខែ​ធ្នូ បញ្ជាក់​ថា​សម្បុក​ដំបូង​ដែល​ក្រុម​អ្នក​ការពារ​សម្បុក​របស់​អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃនិង​រដ្ឋបាល​ជលផល​បាន​រកឃើញ​នោះមានពង​កូន​ចំនួនសាមសិប​ពីរ​គ្រាប់​ (៣២)។

កន្ធាយ​ក្បាល​កង្កែបឬ​ហៅ​ថា ល្មិច នេះ​ជា​ពូជ​សត្វ​កម្រ​ដែល​អ្នក​អភិរក្ស​បាន​ប្រទះ​ឃើញ​នៅ​តំបន់​មួយ​ចំនួនតាម​ដង​ទន្លេ​មេគង្គក្នុង​ខេត្ត​ក្រចេះនិង​ខេត្ត​ស្ទឹងត្រែង។អង្គការ​សហភាព​អន្តរជាតិ​ដើម្បី​អភិរក្ស​ធម្មជាតិ (IUCN) បាន​បញ្ចូល​ពូជ​កន្ធាយ​ក្បាល​កង្កែបនេះ ទៅ​ក្នុង​បញ្ជីក្រហម​របស់​ខ្លួន ក្នុង ប្រភេទសត្វជិតផុតពូជផងដែរ​។

អង្គការ​សមាគម​អភិរក្ស​សត្វព្រៃធ្លាប់​បាន​ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​ទិវា​សត្វ​អណ្ដើក​កាល​ពី​ខែ​ឧសភាថា នៅឆ្នាំ២០២០ ក្រុម​អ្នក​ការពារ​សម្បុកបាន​រក​ឃើញ​សម្បុក​ពងកូន​របស់​ កន្ធាយ​ក្បាល​កង្កែប​ចំនួន ៤៩សម្បុក ដែល​មាន​ពង​កូន​សរុប​ជាង មួយ​ពាន់​ ប្រាំពីរ​រយ​ក្បាល (១ ,៧៥៦ )។ ចំនួន​សម្បុក​ពង​កូនដែល​រក​ឃើញ​នៅ​ឆ្នាំ២០២០ គឺ​ច្រើន​ជាង​ឆ្នាំ​ ២០១៩ ចំនួន​ពីរ​សម្បុក។

អង្គការ​ដដែល​នេះបាន​បង្ហាញ​បន្ថែម​ថាពូជ​សត្វ​កម្រ​នេះ​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​នៅ​តាម​បណ្តា​ប្រទេស​ដទៃ​ទៀតដោយ​ឡែក​នៅ​ប្រទេស​វៀតណាមនិង​ប្រទេស​ថៃគេ​រកឃើញ​ថា​ចំនួន​កន្ធាយក្បាល​កង្កែប​នេះបាន​ចុះថយ​ចំនួន​យ៉ាង​ច្រើន​ដោយសារ​តែ​ការ​នេសាទ ជួញដូរ​និង​ការប្រមូល​ពង​កូន​របស់​វាទៅ​ធ្វើ​ជា​ម្ហូប​ជា​ដើម។

ទោះ​យ៉ាង​ណាអ្នក​ការពារ​សម្បុកនៃ​អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ​ នៅ​កម្ពុជា​អះអាង​ថា​នឹង​ព្យាយាម​ការពារ​សម្បុក​ពង​កូន​របស់​កន្ធាយ​ក្បាល​កង្កែប​ពី​ដៃ​ជនល្មើស​ដែល​ចង់​លួចឬ​បំផ្លាញ។ ម្យ៉ាង​ទៀត​ក្រុម​អ្នក​ការពារ​សម្បុក​សង្ឃឹម​ថា​នឹង​អាច​រក​ឃើញ​សម្បុក​ពង​កូន​ថ្មីៗ​បន្ថែម​ទៀតក្នុង​រដូវ​ពង​កូនក្នុង​អំឡុង​ពេល​ចុង​ឆ្នាំ​នេះ​និង​ដើម​ឆ្នាំ​ក្រោយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។