ភាគី​ពាក់ព័ន្ធ​រួមគ្នា​កំណត់​អត្តសញ្ញាណ​សត្វ​ផ្សោត និង​កត់ត្រា​ប្រភេទ​សត្វស្លាប​ទឹក

​សត្វ​ផ្សោត​​ក្នុង​ទន្លេមេគង្គ។
​សត្វ​ផ្សោត​​ក្នុង​ទន្លេមេគង្គ។ (Photo WWF)

ស្ថាប័ន​ពាក់ព័ន្ធ រួមមាន រដ្ឋបាល​ជលផល អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ (WWF) និង​ក្រុម​អ្នក​ជំនាញ​មកពី​សហរដ្ឋអាមេរិក បាន​រួម​គ្នា​ចុះ​កំណត់​អត្តសញ្ញាណ​សត្វ​ផ្សោត​លើក​ទីមួយ​នៃ​ឆ្នាំ ២០២៣ នេះ កាល​ពី​ថ្ងៃទី ១២ មករា​ដល់​ទី ១៧ មករា ដើម្បី​តាមដាន និង​ស្ថានភាព​សត្វ​ផ្សោត​ក្នុង​ទន្លេមេគង្គ។ ទិន្នន័យ​នេះ​នឹង​ត្រូវ​ដាក់​បញ្ចូល​ជាមួយ​ទិន្នន័យ​ដែល​គេ​គ្រោង​ចុះ​សិក្សា​ចំនួន​ពីរ​លើក​ទៀត​នៅ​ក្នុង​ឆ្នាំ​នេះ ដើម្បី​ឈាន​ដល់​ការ​បូកសរុប និង​ចងក្រង​របាយការណ៍​អំពី​ចំនួន​សត្វ​ផ្សោត​ក្នុង​ឆ្នាំ ២០២៣។

អង្គការ WWF បញ្ជាក់​លើ​ទំព័រ​ហ្វេសប៊ុក​ថា របាយការណ៍​នេះ​មាន​សារៈសំខាន់​ក្នុង​ការ​ផ្ដល់​បច្ចុប្បន្នភាព​នៃ​ចំនួន​សត្វ​ផ្សោត ព្រមទាំង​គាំទ្រ​ដល់​ភ្នាក់ងារ​រដ្ឋាភិបាល អង្គការ​ដៃគូ និង​អ្នក​អភិរក្ស ស្វែងរក​យុទ្ធសាស្ត្រ​ថ្មីៗ​បន្ថែម​ទៀត ដើម្បី​ពង្រឹង​ការ​ការពារ​សត្វ​ផ្សោត​ទន្លេមេគង្គ​កុំ​ឱ្យ​បាត់បង់។

ជំរឿន​សត្វ​ផ្សោត​ឆ្នាំ២០២០ បង្ហាញ​ថា មាន​សត្វ​ផ្សោត​ត្រឹមតែ ៨៩​ក្បាល​ប៉ុណ្ណោះ ដែល​រស់នៅ​ក្នុង​ទន្លេ​មេគង្គ ចាប់​ពី​ខេត្តក្រចេះ ដល់​ខេត្ត​ស្ទឹងត្រែង។ ការ​គំរាមកំហែង​របស់​សត្វ​ផ្សោត រួមមាន​ការ​នេសាទ​ខុសច្បាប់ និង​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​ផ្នែក​ខាងលើ​នៃ​ទន្លេមេគង្គ។

ទាក់ទង​នឹង​ការងារ​អភិរក្ស​នេះ​ដែរ លទ្ធផល​បឋម​នៃ​ជំរឿន​សត្វស្លាប​ទឹក​អាស៊ី​បង្ហាញ​ថា តំបន់​ការពារ​ទេសភាព​បឹង​ព្រែក​ល្ពៅ​នៅ​ខេត្តតាកែវ មាន​សត្វស្លាប​ចំនួន ៩១ ប្រភេទ ខណៈ​តំបន់​ការពារ​ទេសភាព​អន្លង់​ព្រីង​នៅ​ខេត្ត​កំពត មាន​សត្វស្លាប​ចំនួន ៣៤ ប្រភេទ។ ជំរឿន​សត្វស្លាប​ទឹក​អាស៊ី (Asian Water Bird Census) នេះ ធ្វើឡើង​ដោយ​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា (NatureLife Cambodia) សហការ​ជាមួយ​មន្ត្រី​ឧទ្យានុរក្ស​នៃ​តំបន់​ការពារ​ទេសភាព​ទាំងពីរ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។