វិធានការរបស់អាជ្ញាធរខេត្តកំពង់ឆ្នាំងរៀបចំផ្ទះបណ្ដែតទឹកជនជាតិវៀតណាមនៅឆ្នាំ២០១៦
2015.12.31
អាជ្ញាធរខេត្តកំពង់ឆ្នាំង ប្ដេជ្ញាថានឹងប្រើរយៈពេល ៥ឆ្នាំ ដើម្បីអភិវឌ្ឍសួនច្បារ និងច្រាំងទន្លេនៅក្រុងកំពង់ឆ្នាំង ឲ្យក្លាយទៅជាតំបន់មានសណ្ដាប់ធ្នាប់ និងសោភណភាពល្អ។ គម្រោងអភិវឌ្ឍន៍នេះ បានប៉ះពាល់ដល់តូបលក់ដូរ ផ្ទះសម្បែងប្រជាពលរដ្ឋខ្មែរ ព្រមទាំងផ្ទះបណ្ដែតទឹករបស់ជនជាតិវៀតណាម ជាច្រើនខ្នងផងដែរ នៅពេលអាជ្ញាធរតម្រូវឲ្យអ្នកភូមិបណ្ដែតទឹក ឡើងរស់នៅលើគោក។
តើអ្នកភូមិបណ្ដែតទឹកទាំងនោះ បានត្រៀមលក្ខណៈយ៉ាងណាហើយដើម្បីសម្របទៅតាមការអភិវឌ្ឍនេះ?
ផ្ទះអ្នកភូមិបណ្ដែតទឹកជិត ១.៥០០ខ្នង បានផ្លាស់ទីចេញពីតំបន់អភិវឌ្ឍន៍ និងផ្ទះជាង ៤០០ខ្នងទៀត នឹងត្រូវរុះរើចេញពីតំបន់អភិវឌ្ឍន៍នៅក្នុងឆ្នាំ២០១៦ ឬដើមឆ្នាំ២០១៧ ខាងមុខ ដើម្បីទៅរស់នៅទីតាំងថ្មីតាមវិធានការរៀបចំរបស់អាជ្ញាធរ។ ក្នុងដំណើរការអភិវឌ្ឍនេះ ជនជាតិវៀតណាម និងចាម ភាគច្រើនភ័យខ្លាចត្រៀមលក្ខណៈមិនទាន់តាមការអភិវឌ្ឍរបស់អាជ្ញាធរ ដោយសារបញ្ហាជីវភាព និងគ្មានមុខរបរ។
ស្ត្រីមេម៉ាយជនជាតិវៀតណាម គឺលោកស្រី ឡេធី ឌិន មានប្រសាសន៍ថា គ្រួសារគាត់មិនទាន់ត្រៀមលក្ខណៈឡើងរស់នៅលើគោកនៅឡើយ ព្រោះមុខរបរទិញត្រីធ្វើម្ហូបឲ្យក្មេងរៀនក្នុងមួយថ្ងៃ ១ម៉ឺនរៀល មិនអាចផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃបានផង។ តើគាត់មានលទ្ធភាពអ្វីទៅសន្សំលុយ ឬរកទិញដីរស់នៅលើគោកបាននោះ? លោកស្រីចង់ឃើញវិធានការចុងក្រោយរបស់អាជ្ញាធរ ក្នុងការនាំយកពលរដ្ឋក្រីក្រឡើងរស់នៅលើគោកដោយមិនប្រកាន់ពូជសាសន៍៖ «បើគេឲ្យឡើងរស់នៅលើគោក ខ្ញុំនឹងឡើងដែរ ប៉ុន្តែថាអត់មានលុយទិញដីទិញអីនៅផង មិនដឹងថារកស៊ីស្អីផង! ខ្ញុំនៅលើទឹកហ្នឹងយូរហើយ។ ខ្ញុំធ្វើការជាមួយគេ បើថាទៅនៅលើគោកមិនដឹងរកស៊ីស្អីផង។ បើមានអ្នកជួយដើមរកស៊ីទៅគ្រាន់ ខ្ញុំមានដើមណារកស៊ីពូ!»។
លោកស្រី ឡេធី ឌិន គឺជាមេគ្រួសារមួយក្នុងចំណោមអ្នកភូមិបណ្ដែតទឹកនៅភូមិចុងកោះ និងភូមិកណ្ដាល នៃសង្កាត់ផ្សារឆ្នាំង ចំនួន ៩៩៦គ្រួសារ ដែលត្រូវបានអាជ្ញាធរផ្លាស់ទីឲ្យទៅរស់នៅលើទឹកដដែលនៅចំណុចពាមញ នៃឃុំស្វាយជ្រុំ ស្រុករលាប្អៀរ កាលពីដើមខែតុលា ឆ្នាំ២០១៥ ប៉ុន្តែគ្រួសារទាំងនេះ គេតម្រូវឲ្យឡើងគោកមួយដំណាក់កាលទៀត ហើយត្រូវរកទិញដីសង់ផ្ទះរស់នៅដោយខ្លួនឯង។
ផែនការរបស់អាជ្ញាធរនេះ ទំនងជាចង់គេចពីមតិរិះគន់របស់ប្រជាពលរដ្ឋខ្មែរ និងគណបក្សប្រឆាំងលើបញ្ហាអន្តោប្រវេសន៍វៀតណាម នៅកម្ពុជា និងដើម្បីបញ្ចៀសបញ្ហាបំពុលទឹកបឹងទន្លេសាបផង។ អាជ្ញាធរបានចលនាឲ្យអ្នកភូមិបណ្ដែតទឹក ឡើងតាំងទីលំនៅលើគោកដោយស្ម័គ្រចិត្ត និងម្ចាស់ការលើខ្លួនឯង តាមរយៈការបង្កើតឲ្យមានទីផ្សារ សាលារៀន និងទូរគមនាគមន៍នៅលើគោកក្បែរទន្លេ។
ចំណែកបុរសជនជាតិចាម វ័យប្រមាណ ៥០ឆ្នាំ កំពុងអង្គុយលើអង្រឹងក្រោមផ្ទះប្រក់ស័ង្កសី បាំងជញ្ជាំងក្ដារដែលទើបអូសឡើងរស់នៅលើគោកបានជាង ២ខែ គឺលោក ឡឹប លី ឲ្យដឹងថា ភាពងាយស្រួលរវាងការរស់នៅលើគោក និងលើទឹក មិនសូវខុសគ្នាប៉ុន្មាននោះទេ ប៉ុន្តែនៅលើទឹកត្រូវចំណាយលុយច្រើនលើថ្លៃទិញសម្ភារៈផ្លាស់ប្ដូរផ្ទះដែលពុកផុយ ដូចជា ឫស្សី ឬធុងសាំងបណ្ដែតផ្ទះរៀងរាល់ឆ្នាំ ឬពីរឆ្នាំម្ដង។ លោកថា នៅលើគោកចំណាយលុយច្រើនតែម្ដង គឺសម្រាប់ទិញដី និងថ្លៃអូសផ្ទះឡើងគោក ប៉ុន្តែភ្លាមៗក្រោយផ្លាស់ទី ប្រជាពលរដ្ឋមានការលំបាកមួយចំនួនដែរ៖ «អូ! ខ្ញុំនៅលើទឹកយូរឆ្នាំណាស់ទៅហើយ គឺជាង ៣០ឆ្នាំហើយ។ រស់នៅមិនខុសត្រូវគ្នាប៉ុន្មានទេ។ ឥឡូវគេឲ្យអណ្ដូងមកបីបានធ្វើរួចហើយ តែនៅបង្គន់អត់មានបង្គន់លំបាកបត់ជើង។ នៅលើគោកក្រៅពីនេសាទ មានតែចិញ្ចឹមមាន់ ឬចិញ្ចឹមទាតិចតួចហ្នឹងហើយ»។
លោក ឡឹប លី បញ្ជាក់ថា ពលរដ្ឋដែលរស់នៅលើគោក និងអ្នកកំពុងរស់នៅលើទឹក មិនអាចឃ្លាតឆ្ងាយពីបឹងទន្លេសាបបានទេ ព្រោះពួកគាត់ភាគច្រើន ពឹងផ្អែកលើមុខរបរចិញ្ចឹមត្រី ឬនេសាទត្រី។
ទាក់ទងបញ្ហានេះ អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររៀបចំផ្ទះបណ្ដែតទឹក លោក ស៊ុន សុវណ្ណារិទ្ធិ ថ្លែងថា អាជ្ញាធរកំពុងកៀរគររកប្រភពវិនិយោគ និងជ្រើសរើសទីតាំងអភិវឌ្ឍមួយឋិតនៅចម្ងាយមិនលើស ១គីឡូម៉ែត្រពីបឹងទន្លេសាប ដើម្បីឲ្យអ្នករងផលប៉ះពាល់នៅលើគោក អាចរស់នៅទីនោះបាន។ ចំពោះអ្នកភូមិបណ្ដែតទឹកវិញ លោកថាពុំមានគោលនយោបាយដោះដូរ ឬផ្ដល់សំណងផលប៉ះពាល់នោះទេ ប៉ុន្តែនឹងត្រូវរៀបចំឲ្យមានសណ្ដាប់ធ្នាប់ល្អនាថ្ងៃអនាគត៖ «ក្រុមបានខិតខំសម្របសម្រួលជាមួយប្រជាពលរដ្ឋ ធ្វើម៉េចធ្វើឲ្យអាជ្ញាធរ និងប្រជាពលរដ្ឋទទួលយកបានទាំងសងខាង។ ម្យ៉ាងទៀត ក្រុមការងារនឹងត្រៀមកម្លាំងគ្រប់ប្រភេទ និងមធ្យោបាយដើម្បីចូលរួមសហការជាមួយប្រជាពលរដ្ឋទៅទីតាំងថ្មី។ អ៊ីចឹងអានោះ (អ្នកភូមិបណ្ដែតទឹក) ក៏ធ្វើទន្ទឹមគ្នាដែរ ប៉ុន្តែអាចពាក់កណ្ដាលឆ្នាំ ឬចុងឆ្នាំ២០១៦ យើងនឹងមានផែនការថ្មីបន្តទៀត ដើម្បីគិតពីប្រជាពលរដ្ឋដែលផ្លាស់ទីផ្ទះទឹក»។
មន្ត្រីសម្របសម្រួលនៃអង្គការការពារសិទ្ធិជនជាតិភាគតិច ឬហៅកាត់ថា មីរ៉ូ (MIRO) លោក ទត គឹមស្រូយ ថ្លែងគាំទ្រលើការកំណត់ឲ្យឡើងរស់នៅលើគោក ដើម្បីបញ្ចៀសការបំពុលទឹក និងការតាំងទីលំនៅមិនរៀបរយ។ លោកមិនជឿថា អ្នកភូមិបណ្ដែតទឹកដែលភាគច្រើនជាជនជាតិវៀតណាម មានលទ្ធភាព ឬស្ម័គ្រចិត្តឡើងរស់នៅលើគោកក្នុងឆ្នាំ២០១៦ ឬច្រើនឆ្នាំទៅមុខទៀតទេ បើពុំមានការជួយពីអាជ្ញាធរ៖ «ពួកគាត់បានថ្ងូរ បានសុំយោបល់ និងពួកគាត់បានផ្ដល់ព័ត៌មានមកយើងហើយថា ពួកគាត់គ្មានលុយកាក់សម្រាប់ទិញដីធ្លីឡើងរស់នៅលើគោកនោះទេ។ បើតាមខ្ញុំយល់ បើសិនណាធ្វើទៅតាមសំណូមពររបស់គាត់បាននោះ ប្រហែលពួកគាត់អាចឡើងរស់នៅលើគោកបានស្ទើរទាំងអស់»។
ចាប់តាំងពីពេលដែលអាជ្ញាធរផ្លាស់ទីអ្នកភូមិបណ្ដែតទឹក និងបំផុសឲ្យអ្នកភូមិឡើងគោកដោយស្ម័គ្រចិត្តនៅដើមខែតុលា ឆ្នាំ២០១៥ មក គឺមានតែជនជាតិចាម ប្រមាណ ១០គ្រួសារប៉ុណ្ណោះដែលស្ម័គ្រចិត្តអូសផ្ទះឡើងរស់នៅលើគោក ក្នុងចំណោមជនជាតិចាម នៅភូមិកណ្ដាល និងភូមិចុងកោះ នៃសង្កាត់ផ្សារឆ្នាំង ចំនួន ១៧២គ្រួសារ។ ដោយឡែកជនជាតិវៀតណាម មិនទាន់ត្រៀមលក្ខណៈឡើងគោកនៅឡើយ៕