ស្ទឹង​សៀមរាប​ក្លាយជា​កន្លែង​ស្រូប​ទាញ​ទេសចរ ក្រោយ​ពី​យុវជន​មាតា​ធម្មជាតិ​ផ្សាយ​វីដេអូ​បង្ហូរ​ទឹក​កខ្វក់​ចូល

ដោយ ទីន ហ្សាការីយ៉ា
2024.09.10
ស្ទឹង​សៀមរាប​ក្លាយជា​កន្លែង​ស្រូប​ទាញ​ទេសចរ ក្រោយ​ពី​យុវជន​មាតា​ធម្មជាតិ​ផ្សាយ​វីដេអូ​បង្ហូរ​ទឹក​កខ្វក់​ចូល ទិដ្ឋភាពសិស្សនិស្សិតអង្គុយលេងកម្សាន្ត​នៅ​មាត់ស្ទឹង ខេត្ត​សៀមរាប នៅដើមខែ​កញ្ញា ២០២៤។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ស្ទឹង​សៀមរាប​បាន​ក្លាយជា​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​យ៉ាង​សំខាន់​មួយ​ដែល​ភ្ញៀវ​ទេសចរ​តែងតែ​អង្គុយ​កម្សាន្ត​តាម​មាត់​ស្ទឹង​ដោយ​មិន​មាន​ក្លិនស្អុយ និង​ទឹក​កខ្វក់​ដូន​មុន​នោះ​ឡើយ។

បញ្ហា​នេះ មន្ត្រី​សង្គម​ស៊ីវិល និង​យុវជន​នឹកឃើញ​ដល់​ការ​លះបង់​និង​ការ​តស៊ូ​មតិ​របស់​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ ដែល​តែងតែ​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ វិបត្តិ​បរិស្ថាន​ក្នុង​តំបន់​នោះ តែ​បែរជា​ត្រូវ​ជាប់គុក។

បច្ចុប្បន្ន​ស្ថានភាព​ស្ទឹង​សៀមរាប ឋិត​នៅ​ចំ​កណ្តាល​អតីត​រាជធានី​បុរាណ បាន​ក្លាយ​ជាទី​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ភ្ញៀវ​ទេសចរ ដោយសារ​វិបត្តិ​បរិស្ថាន នៅ​តំបន់​នោះ ត្រូវ​បាន​អាជ្ញាធរ​ដោះស្រាយ និង​កែ​លម្អ​សោភ័ណភាព ដោយសារ​ក្រោយ​មាន​ការ​ទាមទារ​របស់​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ។

ទោះជា​យ៉ាងណា មន្ត្រី​សង្គម​ស៊ីវិល និង​ក្រុម​យុវជន​មើលឃើញ​ថា កន្លងទៅ​ស្ទឹង​បុរាណ​មួយ​នេះ​មានការ​បង្ហូរទឹក​កខ្វក់ និង​ចោល​សំរាម ជះក្លិន​ស្អុយ ប៉ះពាល់​សោភ័ណភាព និង​ជីវចម្រុះ រហូតដល់​បឹង​ទន្លេសាប​។

ក៏ប៉ុន្តែ​ក្រោយពី ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​បាន​តស៊ូ​មតិ​គ្រប់​ទម្រង់​រួមមាន ផលិត​វីដេអូ និង​ការ​ដាក់​ញត្តិ​ជាដើម បង្ហាញ​ពី​ភាព​មិន​ប្រក្រតី របស់​អាជ្ញាធរ​ខេត្តសៀមរាប មិន​យកចិត្តទុកដាក់ ថែរក្សា​បរិស្ថាន​ទឹកស្ទឹង​នេះ ធ្វើ​ឱ្យ​វិបត្តិ​បរិស្ថាន​ស្ទឹង​សៀមរាប ត្រូវ​បាន​ដោះស្រាយ។

យុវជន​រស់នៅ​ខេត្ត​សៀមរាប លោក ចៅ ភេត្រា សង្កេត​ឃើញ​ថា ទឹកស្ទឹង​សៀមរាប មាន​ភាព​ស្រស់ស្អាត​ដូច្នេះ ជា​ការ​រួមចំណែក​យ៉ាង​សំខាន់ របស់​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ ដែល​អាជ្ញាធរ​គួរតែ​លើកទឹកចិត្ត និង​ផ្តល់​ឱកាស​ឱ្យ​ពួកគាត់​បំពេញការងារ​ឱ្យ​បាន​ពេញលេញ វា​ជា​រឿង​ល្អ​សម្រាប់​បរិស្ថាន មិន​គួរ​រឹតត្បិត​នោះ​ទេ។

លោក ចៅ ភេត្រា៖ «យើង​គួរតែ​ផ្ដល់​សិទ្ធិ​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ ការពារ​បរិស្ថាន ឬក៏​ជួយ​សម្អាត​បរិស្ថាន និង​បង្កើត​បម្រាម​ផ្សេងៗ ឲ្យ​យុវជន​មាន​តួនាទី​ចូលរួម​យ៉ាង​សំខាន់​បំផុត​នៅក្នុង​ប្រទេស​យើង ព្រោះ​យុវជន​គឺជា​កម្លាំង​មួយ​ដែល​រដ្ឋាភិបាល​ត្រូវ​យល់ចិត្ត​ទុកដាក់»

ក្នុង​រយៈពេល​ជាង ២ ឆ្នាំ​កន្លង​ទៅ​នេះ ស្ថានភាព​ស្ទឹង​សៀមរាប​មានការ​កែ​លម្អ​ច្រើន ដោយ​កន្លែង​ខ្លះ​ជីក​ស្ដារ សាងសង់​កន្លែង​កម្សាន្ត និង​ដាំ​ស្មៅ​តាម​បណ្តោយ​ដងស្ទឹង មាន​ភ្ញៀវ​ទេសចរ និង​សិស្ស​និស្សិត​អង្គុយ​កម្សាន្ត​។ រីឯ​ម្ចាស់​សណ្ឋាគារ ម្ចាស់​គេហដ្ឋាន និង ផ្ទះសំណាក់ មួយចំនួន​បាន​រៀបចំ​កែ​លម្អ​ប្រព័ន្ធ​លូ​បង្ហូរទឹក​ស្អុយ​បាន​ខ្លះ ហើយ​អាជ្ញាធរ​បាន​ស្ថាបនា​លូ​សាធារណៈ​ជាច្រើន​កន្លែង ដើម្បី​ចម្រុះ​ទឹក​កខ្វក់ មុននឹង​ហូរ​ចុះ​ស្ទឹង។

កន្លងទៅ​ក្រុម​ចលនា​មាតា​ធម្មជាតិ បាន​ផ្សាយ​វីដេអូ បង្ហាញ​ពី​ទឹក​កខ្វក់​ហូរ​ចូល​ស្ទឹង​សៀមរាប មាន​ប្រភព​ចេញពី​មន្ទីរពេទ្យ ផ្សារ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​ផ្ទះ​ប្រជាពលរដ្ឋ​។ ជាមួយ​គ្នា​នេះ​ពួកគេ​រក​ឃើញ​ថា អាង​ចម្រោះ​ទឹក​កខ្វក់​ក្រុង​សៀមរាប​មួយ​កន្លែង​មាន​ទំហំ​១២​ហិកតារ ចំណាយ​លុយ​សាងសង់​អស់​១៤​លាន​ដុល្លារ និង​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​ឆ្នាំ​២០១០ បាន​ក្លាយ​ជា​អាង​ចិញ្ចឹម​ត្រី​ទៅវិញ។

ក្រុម​យុវជន​ចលនា​តាម​ធម្មជាតិ លោក ថុន រដ្ឋា ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី​មុន​ពេល​ជាប់ពន្ធនាគារ​លើក​ទី​០២​ថា ទឹក​ស្អុយ​ដែល​បង្ហូរ​ចូល​ស្ទឹង​នេះ នឹង​បន្ត​ហូរ​ចូល​បឹង​ទន្លេសាប ដោយ​មិនបាន​ចម្រោះ​ត្រឹមត្រូវ​ធ្វើ​ឱ្យ​ប៉ះពាល់​ជីវចម្រុះ​នៅក្នុង​ទឹក​។ លោក​ថា ទឹក​នេះ​ពលរដ្ឋ​បាន​ប្រើប្រាស់​ដើម្បី​ស្រោច​ដំណាំ ដាំ​បន្លែ ចិញ្ចឹម​ត្រី និង​នេសាទ។

លោក ថុន រដ្ឋា៖ «សម្ដី​របស់​អាជ្ញាធរ​មួយចំនួន នៅពេល​មាន​ក្រុម​ណា ហ៊ាន​លើកឡើង​នូវ​បញ្ហា​កើតមាន តែងតែ​ចោទ​ក្រុម​យុវជន កេង​ចំណេញ​នយោបាយ ។ សំណួរ​ថា តើ​យើង​កេង​ចំណេញ​នយោបាយ​ដាក់​បក្ស​កន្លែង​ណា បើ​យើង​អ្នក​ស្រឡាញ់​ធនធាន​ធម្មជាតិ»

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អ្នកនាំពាក្យ​សាលាខេត្ត​សៀមរាប លោក លី វណ្ណៈ បាន​នៅឡើយ​ទេ​នៅ​ថ្ងៃទី៩ កញ្ញា ដោយ​ទូរស័ព្ទ​ហៅ​ចូល​តែ​គ្មាន​អ្នក​លើក​។​

កាល​ពី​ដើម​ខែ​កក្កដា​កន្លងទៅ អាជ្ញាធរ​បាន​ចាប់​ខ្លួន​យុវជន​ចលនា​មាតា​ធម្មជាតិ ០៥​នាក់ ដាក់​ពន្ធនាគារ​រួមមាន លោក ថុន រដ្ឋា លោក លី ចាន់ដារ៉ាវុធ កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា និង​លោក យី​ម លាង​ហ៊ី ក្រោយពី​តុលាការ​បាន​ផ្ដន្ទាទោស​សកម្មជន​បរិ​ស្ថាន​ចំនួន ១០​នាក់ ឱ្យ​ជាប់ពន្ធនាគារ ចន្លោះ​ពី ៦ ទៅ ៨​ឆ្នាំ ពី​បទ «​រួមគំនិត​ក្បត់ និង​ប្រមាថ​ព្រះមហាក្សត្រ​» ដោយសារ​ពួកគេ​ចេញមុខ​ការពារ​បរិស្ថាន។

អ្នកសម្របសម្រួល​ផ្នែក​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ និង​ខេត្តសៀមរាប លោក អ៊ិន គង់ជិត យល់ថា យុវជន​លះបង់​ពេលវេលា និង​ធនធាន​ផ្ទាល់ខ្លួន រួមចំណែក​លើកកម្ពស់​បរិស្ថាន និង​សង្គម អាជ្ញាធរ​គួរតែ​លើកទឹកចិត្ត មិន​គួរ​ដាក់ទោស​ទណ្ឌ​នោះ​ទេ។

លោក អ៊ិន គង់ជិត៖ «យើង​គួរតែ​ផ្ដល់​សិទ្ធិ​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ ការពារ​បរិស្ថាន ឬក៏​ជួយ​សម្អាត​បរិស្ថាន និង​បង្កើត​បម្រាម​ផ្សេងៗ ឲ្យ​យុវជន​មាន​តួនាទី​ចូលរួម​យ៉ាង​សំខាន់​បំផុត​នៅក្នុង​ប្រទេស​យើង ព្រោះ​យុវជន​គឺជា​កម្លាំង​មួយ​ដែល​រដ្ឋាភិបាល​ត្រូវ​យល់ចិត្ត​ទុកដាក់»

ស្ទឹង​សៀមរាប ឬ​ហៅ​ម្យ៉ាង​ទៀត​ថា ប្រឡាយ​បុរាណ​សៀមរាប មាន​ប្រភព​ទឹក​ហូរ​ចុះ​ពី​ភ្នំ​គូលែន ឆ្ពោះទៅ​បឹង​ទន្លេសាប ឆ្លងកាត់​ក្រុង​សៀមរាប ហើយ​ក៏​មាន​ប្រភព​ទឹក​ផ្សេងទៀត ហូរ​ចេញពី​រមណីយដ្ឋាន​ក្នុង​តំបន់​អង្គរ។

ស្ទឹង​ប្រវត្តិសាស្ត្រ​មួយ​នេះ ត្រូវ​បាន​ការពារ​ដោយ​ព្រះរាជក្រឹត្យ​ដោយ​កំណត់​ជា​តំបន់​អភិរក្ស ការពារ​ទេសភាព​វប្ប​ធម៌ ឋិត​ក្នុង​តំបន់ ០៣​មាន​ប្រវែង​ជាង ៨០ គីឡូម៉ែត្រ​។ ស្ទឹង​បុរាណ​នេះ មាន​ពលរដ្ឋ​ជាច្រើន​ពាន់​គ្រួសារ​ប្រើប្រាស់​ទឹក​សម្រាប់​ធ្វើ​កសិកម្ម និង​នេសាទ​ត្រី​ជាដើម។

យុវជន និង​មន្ត្រី​សង្គម​ស៊ីវិល ស្នើ​ឱ្យ​រដ្ឋាភិបាល​ដោះលែង និង​លើកលែង​បទចោទប្រកាន់ លើ​សកម្មជន​ការពារ​បរិស្ថាន ១០​រូប និង​យុវជន​សង្គម​ផ្សេងៗ​ទៀត ដើម្បី​ឱ្យ​ពួកគាត់​មានឱកាស​ចូលរួម​ជួយ​សង្គម និង​បរិស្ថាន ឱ្យ​បាន​ពេញលេញ ស្រប​តាម​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។