ក្រុមយុវជនគ្រោងរៀបចំក្បួនយាត្រាថ្មើរជើងពីភ្នំពេញទៅខេត្តព្រះសីហនុ ដើម្បីទាមទារឱ្យអាជ្ញាធរវាយកម្ទេចសំណង់កាស៊ីណូចិនខុសច្បាប់មួយកន្លែង នៅលើកោះរ៉ុងសន្លឹម។ អាជ្ញាធរខេត្តព្រះសីហនុថា នេះជាសិទ្ធិសេរីភាពរបស់ក្រុមយុវជន ប៉ុន្តែត្រូវធ្វើឡើងស្របតាមច្បាប់។
សកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ កញ្ញា ឡុង គន្ធា ឱ្យអាស៊ីសេរីដឹងថា ក្បួនយាត្រាថ្មើរជើងនេះ នឹងចាប់ផ្ដើមនៅថ្ងៃទី១៥ តុលា ហើយគ្រោងប្រើរយៈពេល ៩ថ្ងៃ ដើម្បីទៅដល់ទីរួមខេត្តព្រះសីហនុ។ កញ្ញាបញ្ជាក់ថា យុទ្ធនាការនេះ គឺដើម្បីពញ្ញាក់ស្មារតីពលរដ្ឋ និងយុវជនដទៃទៀត ឱ្យងាកមកចាប់អារម្មណ៍រឿងកិច្ចការពារបរិស្ថានតំបន់ឆ្នេរសមុទ្ររបស់កម្ពុជា។ ជាពិសេស ក្រុមយុវជនមានបំណងជំរុញឱ្យអាជ្ញាធរចុះរុះរើសំណង់កាស៊ីណូចិនយីហោ ជីន ទីង (Jingding) ដែលត្រូវបានរកឃើញថា សាងសង់រំលោភដីឆ្នេរកោះរ៉ុងសន្លឹម៖ «ជាគំរូមួយឱ្យយុវជន និងប្រជាពលរដ្ឋគាត់មើលឃើញ ហើយគាត់ចាប់ផ្ដើមនាំគ្នាគិតគូរឈឺឆ្អាលរឿងឆ្នេរដែលត្រូវបានគេរំលោភបំពានហ្នឹង កុំឱ្យពួកគាត់ចេះតែលង់លក់ទៅ»។
អាជ្ញាធរខេត្តព្រះសីហនុបានចុះបិទអាជីវកម្មមជ្ឈមណ្ឌលកម្សាន្តចិនយីហោ ជីន ទីង កាលពីចុងខែឧសភាកន្លងទៅ បន្ទាប់ពីពិនិត្យឃើញថា ទីតាំងកម្សាន្តនោះបានប្រព្រឹត្តខុសច្បាប់ជាច្រើនចំណុច។ សកម្មភាពល្មើសច្បាប់ទាំងនោះ រួមមាន ការបង្ហូរទឹកកខ្វក់ចូលក្នុងសមុទ្រដោយមិនបានឆ្លងកាត់ការចម្រោះ ការសាងសង់ទីតាំងកាស៊ីណូរំលោភលើដីឆ្នេរសមុទ្រ ការដាក់ម៉ាស៊ីនភ្លើងនៅលើផែធ្វើឱ្យមានប្រេងហូរចូលសមុទ្រប៉ះពាល់ដល់បរិស្ថាន និងការចាក់ធុងបាសខ្លាំងបង្កការរំខានដល់ពលរដ្ឋ និងភ្ញៀវទេសចរ។
ក្រោយចុះបិទអាជីវកម្ម អាជ្ញាធរខេត្តបានបញ្ជាក់ថា សំណង់ខុសច្បាប់របស់មជ្ឈមណ្ឌលចិនមួយកន្លែងនោះ នឹងត្រូវរុះរើចេញ ក៏ប៉ុន្តែជាច្រើនខែមកនេះ អាជ្ញាធរមិនទាន់ចុះធ្វើសកម្មភាពនៅឡើយទេ។
ក្រុមយុវជនចលនាធម្មជាតិបានរួមគ្នាដាក់ញត្តិទៅសាលាខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ កញ្ញា កន្លងទៅ ដើម្បីស្នើសុំឱ្យអាជ្ញាធរចុះរុះរើសំណង់កាស៊ីណូនេះទៅតាមការសន្យារបស់ខ្លួន។ ក្រុមយុវជនបារម្ភថា សណ្ឋាគារ និងកាស៊ីណូ ជីន ទីង អាចនឹងត្រូវបើកឱ្យដំណើរការវិញ ប្រសិនបើគ្មានការវាយកម្ទេចសំណង់អាគារនេះចោលទេនោះ។
នាយកស្ដីទីទីចាត់ការអន្តរវិស័យខេត្តព្រះសីហនុ លោក អ៊ី ភារិន ថ្លែងថា លោកបានទទួលភារកិច្ចចុះបិទអាជីវកម្មមជ្ឈមណ្ឌលកម្សាន្តមួយនេះ កាលពីពេលកន្លងទៅ ក៏ប៉ុន្តែមិនទាន់ទទួលបានលិខិតបញ្ជាឱ្យរុះរើសំណង់នៅឡើយទេ។ លោកបង្វែរសំណួរទៅអភិបាលក្រុងកោះរ៉ុង គឺលោក នួន ប៊ុនថុល វិញ៖ «ខ្ញុំចុះទៅបិទជាមួយអភិបាលរងទទួលបន្ទុកមួយ។ បិទនោះបិទបានស្ថាពរហើយ ហើយការរុះរើនោះ អាហ្នឹងវានីតិវិធីផ្សេងទៀត មិនដឹងថា ខាងរដ្ឋបាលក្រុងគេចាត់ចែងយ៉ាងដូចម្តេច ប៉ុន្តែសួរទៅខាងក្រុងអាចដឹងហើយ ព្រោះគាត់គ្រប់គ្រងអាហ្នឹងផ្ទាល់»។
អាស៊ីសេរីបានព្យាយាមសុំការបំភ្លឺរឿងនេះពីអភិបាលក្រុងកោះរ៉ុង លោក នួន ប៊ុនថុល ជាច្រើនដងនៅថ្ងៃទី១០ តុលា ក៏ប៉ុន្តែទូរស័ព្ទចូល ពុំមានអ្នកទទួល។
ចំណែក អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ វិញ ថ្លែងថា លោកនឹងសាកសួររឿងនេះទៅមន្ត្រីជំនាញថ្នាក់ខេត្ត។ ទាក់ទងនឹងគម្រោងដើរក្បួនយាត្រារបស់ក្រុមយុវជនវិញ លោកថា នេះជាសិទ្ធិសេរីភាពរបស់ពួកគេ ប៉ុន្តែត្រូវតែធ្វើឡើងក្នុងក្របខ័ណ្ឌច្បាប់៖ «គាត់ចង់ធ្វើ គាត់ធ្វើទៅ ប្រសិនបើគាត់ធ្វើក្រោមច្បាប់។ នេះជារឿងរបស់ខាងគាត់ទេ កុំឱ្យតែអ្វីដែលយើងធ្វើទៅ វាអត់ស្របច្បាប់។ កាលណាយើងធ្វើមិនស្របច្បាប់ វាជាការទទួលខុសត្រូវរបស់យើង»។
សកម្មជនមាតាធម្មជាតិ និងជាអ្នកដឹកនាំដំណើរក្បួនយាត្រា កញ្ញា ឡុង គន្ធា អះអាងថា អ្វីដែលក្រុមយុវជនគ្រោងធ្វើនេះ សុទ្ធតែអនុលោមទៅតាមច្បាប់។ កញ្ញាសង្ឃឹមថា អាជ្ញាធរនឹងមិនរារាំងក្រុមយុវជននោះឡើយ ពីព្រោះសកម្មភាពនេះ គឺដើម្បីតែជួយការពារបរិស្ថាន និងទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋប៉ុណ្ណោះ៖ «ពួកយើងគ្រាន់តែជាយុវជនធម្មតា ហើយធ្វើដំណើរដោយថ្មើរជើងដើម្បីទាមទារឱ្យមានដំណោះស្រាយលើរឿងការសាងសង់កាស៊ីណូរំលោភដីឆ្នេរ ដើម្បីការពារឆ្នេរសាធារណៈរបស់រដ្ឋ។ បើមានការរារាំងពីអាជ្ញាធរ វាមើលទៅដូចជាអាក្រក់មើលពេក»។
សកម្មជនបរិស្ថានរូបនេះឱ្យដឹងថា គិតត្រឹមថ្ងៃទី១០ តុលា មានមនុស្សចំនួន ៨នាក់ បានសម្រេចចូលរួមក្នុងដំណើរធម្មយាត្រានេះ ដោយក្នុងនោះមានព្រះសង្ឃ ៥អង្គ និងយុវជន ៣នាក់។ កញ្ញាថ្លែងទៀតថា ក្រុមយុវជន និងព្រះសង្ឃនឹងមានកាន់បដាមួយចំនួន ប៉ុន្តែនឹងមិនមានការស្រែកទាមទារនៅតាមដងផ្លូវនោះទេ។ កញ្ញាបញ្ជាក់ថា ក្រុមយុវជននឹងសុំផ្ទះប្រជាពលរដ្ឋ ឬវត្តអារាម ដើម្បីស្នាក់នៅនៅអំឡុងពេលដើរក្បួនយាត្រា។ កញ្ញាអំពាវនាវដល់ពលរដ្ឋ ជាពិសេសយុវជន ឱ្យចូលរួមក្នុងយុទ្ធនាការនេះ និងចូលរួមជួយការពារបរិស្ថាន និងធនធានធម្មជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
