ព្រៃ​សហគមន៍​ចំនួន​២​នៅ​ខេត្ត​កំពង់ស្ពឺ ត្រូវ​ជនល្មើស​កាប់​ទន្ទ្រាន​និង​ឈូស​ឆាយ​ស្ទើរ​ទាំងស្រុង

ព្រៃ​សហគមន៍​ចំនួន​២​កន្លែង នៅ​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ត្រូវ​ជនល្មើស​ចូល​កាប់​ទន្ទ្រាន​និង​ឈូស​ឆាយ​យក​ធ្វើជា​កម្មសិទ្ធិ​ស្ទើរ​ទាំងស្រុង ហើយ​បច្ចុប្បន្ន​អាជ្ញាធរ​កំពុង​សិក្សា​ស្រាវជ្រាវ​ស្វែងរក​ជនល្មើស​ទាំងអស់​នោះ យក​ទៅ​ផ្ដន្ទាទោស​តាម​ច្បាប់ ។ មន្ត្រី​សង្គម​ស៊ីវិល ថា ការ​កាប់​ទន្ទ្រាន​អាច​កើតឡើង​បែប​នេះ​បាន ដោយសារ​អាជ្ញាធរ​នៅ​មូលដ្ឋាន​បណ្ដែតបណ្ដោយ​និង​ជាប់​ពាក់ព័ន្ធ​ជាមួយ​ជនល្មើស។

ព្រៃ​សហគមន៍​ចំនួន​២​កន្លែង គឺ​ព្រៃ​សហគមន៍​ឧត្ដម​ស្រែពស់ និង​ព្រៃ​សហគមន៍ កោ​ដូនតី ស្ថិត​នៅ​ឃុំ​ត្រពាំងជោ ស្រុក​ឱរ៉ាល ខេត្ត​កំពង់ស្ពឺ ត្រូវ​ជនល្មើស​ចូល​កាប់​ទន្ទ្រាន និង​ឈូស​ឆាយ​ដី​ព្រៃ​ធ្វើជា​កម្មសិទ្ធិ​ស្ទើរ​ទាំងស្រុង។

ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ ទប់ស្កាត់​ការបំផ្លាញ​ធនធានធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ​(ACNCIPO) ដែល​បាន​ចុះ​ស៊ើបអង្កេត​រឿង​នេះ លោក ជា ហ៊ាន អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​១៣ ខែ​ឧសភា​ថា ដី​ព្រៃ​សហគមន៍​ចំនួន​២​កន្លែង ជាង​៣​ពាន់​ហិកតារ ត្រូវ​បាន​ក្រុម​ជនល្មើស​លួច​កាប់​ទន្ទ្រាន និង​ឈូស​ឆាយ ដី​ព្រៃ​យក​ធ្វើជា​កម្មសិទ្ធិ និង​បម្រុង​លក់​ដី​ព្រៃ​ទាំងនោះ​ទៅ​ឲ្យ​ក្រុម​ឈ្មួញ​បន្ត​ទៀត ប៉ុន្តែ​ត្រូវ​លោក​ប្ដឹង និង​ស្នើ​ឲ្យ​មន្ត្រី​បរិស្ថាន​សិក្សា​ស្រាវជ្រាវ​ស្វែងរក​ជនល្មើស និង​អ្នក​ជាប់​ពាក់ព័ន្ធ​ដើម្បី​ចាត់​វិធានការ​តាមច្បាប់​។ លោក​បន្ថែម​ថា មន្ត្រី​បរិស្ថាន​កំពុង​បន្ត​នីតិវិធី​ដកហូត​ដី​ទាំងនោះ​យក​មក​ទុក​សម្រាប់​ជា​តំបន់​អភិរក្ស​វិញ ប៉ុន្តែ​ប្រសិនបើ​អាជ្ញាធរ​មិន​ព្រម​ចាត់​វិធានការ​ឲ្យ​បាន​តឹងរ៉ឹង​ទៅលើ​ជនល្មើស​ទាំងអស់​នោះ​ទេ តំបន់​ការពារ​ផ្សេងទៀត​នឹង​ត្រូវ​ជនល្មើស​បន្ត​កាប់​ទន្ទ្រាន​ថែម​ទៀត​ជាក់​ជាមិនខាន។

លោក ជា ហ៊ាន៖ «អ៊ីចឹង​យើង​រង់​ចាំ​មើល​លទ្ធផល​ការអនុវត្ត​ច្បាប់​របស់​តុលាការ​ស្ដី​អំពី​ច្បាប់​ការពារ​តំបន់​ធនធានធម្មជាតិ​ដែល​ឬទេ ហើយ​ទីមួយ​យើង​បន្ត​ស៊ើបអង្កេត​បន្ត​ទៀត ទី​ពីរ​បន្ទាប់ពី​ក្រសួង​បរិស្ថាន​ដែល​បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មោឃភាព​រាល់​លិខិត​ដី ដែល​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដោយ​អាជ្ញាធរ​ភូមិ​ឃុំ គេ​បាន​និរាករណ៍​ចោល​ហើយ ប៉ុន្តែ​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ​ថា​តើ​ការ​អនុវត្ត​ច្បាប់​មាន​ប្រសិទ្ធភាព ឬ​មិន​ទាន់​មាន​ប្រសិទ្ធភាព​នៅ​ឡើយ»។

លោក ជា ហ៊ាន ដាក់​ការ​សង្ស័យ​ទៅលើ​អាជ្ញាធរ​មូលដ្ឋាន​នៅ​តំបន់​នោះ​ថា បាន​ឃុបឃិត​គ្នា​ជាមួយ​ជនល្មើស​កាប់​ទន្ទ្រាន​និង​ឈូស​ឆាយ​ដី​ព្រៃ​នៅក្នុង​តំបន់​ការពារ​លក់​យក​លុយ​ចែក​គ្នា ហើយ​ពួកគេ​ក៏​គ្រោង​លក់​ដី​ទាំងនោះ​ឲ្យ​ទៅ​ក្រុម​ឈ្មួញ​មាន​លុយ​មានអំណាច​មួយ​ចំនួន​ទៀត។

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ លោក ចន្ទថេត ថានរៈ និង​អភិបាលខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ នៅ​ថ្ងៃទី​១៣ ខែ​ឧសភា។

ចំណែក​ប្រធាន​សហគមន៍​ព្រៃឈើ​កោដូនតី និង​ជា​ជនជាតិ​ដើម​ភាគតិច​សួយ លោកស្រី ណិត ម៉ារី ឲ្យ​ដឹង​ថា ព្រៃ​សហគមន៍​កោដូនតី បាត់បង់​ស្ទើរ​ទាំងស្រុង ដោយសារតែ​អាជ្ញាធរ​បាន​ឃុបឃិត​គ្នា​ជាមួយ​ក្រុម​ឈ្មួញ​ខិលខូច លួច​ចូល​កាប់​ទន្ទ្រាន និង​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍​យក​ទៅ​លក់​បន្ត ហើយ​មក​ដល់​ពេល​នេះ​មិន​ទាន់​ឃើញ​អាជ្ញាធរ​អនុវត្ត​ច្បាប់​ទៅលើ​ជនល្មើស​ទាំងអស់​នោះ​ឡើយ។ លោកស្រី​ស្នើ​ឲ្យ​មន្ត្រី​ជំនាញ​ជួយ​ទប់ស្កាត់ និង​ដកហូត​ដី​ទាំងនោះ និង​ត្រូវ​ចុះបញ្ជី​ជា​ដី​សមូហភាព ដើម្បី​ទុក​សម្រាប់​អភិរក្ស​ឡើងវិញ និង​ត្រូវ​ចាត់វិធានការ​ទៅលើ​ជនល្មើស និង​អ្នក​ជាប់​ពាក់ព័ន្ធ​ឲ្យ​បាន​តឹងរ៉ឹង។

លោកស្រី ណិត ម៉ារី៖ «ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ជួយ​ដក​ដី​ដែល​មាន​ក្នុង​ផែនទី​តំបន់​សហគមន៍​ការពារ​តំបន់​ធម្មជាតិ​កោ​ដូនតី​ឲ្យ​សហគមន៍​វិញ ដើម្បី​ឲ្យ​ពួកគាត់​ប្រើប្រាស់​ដី​ជា​ដី​សមូហភាព​វិញ»។

ព្រៃ​សហគមន៍​ឧត្តមស្រែពស់ ឬ​ព្រៃ​មេត្តា​ធម្មជាតិ និង​ព្រៃ​សហគមន៍​កោ​ដូនតី មាន​ផ្ទៃដី ជិត​៥​ពាន់​ហិកតារ និង​ជា​ផ្នែក​មួយ​នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱរ៉ាល់ ដែល​ធ្លាប់​មាន​សត្វព្រៃ​ជាច្រើន​ប្រភេទ​រស់នៅ ដូច ទោច ស្វា ក្ងោក មាន់ព្រៃ ឈ្លូស និង ស្វា​ជាដើម​។ ប៉ុន្តែ​ព្រៃ​សហគមន៍​ទាំងពីរ​នេះ ត្រូវ​បាន​ក្រុម​អ្នក​មាន​អំណាច មន្ត្រី​យោធា ពលរដ្ឋ និង​ឈ្មួញ​ខិលខូច​មួយចំនួន ចូល​កាប់​ទន្ទ្រាន​និង​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍ ដែល​ធ្វើ​ឲ្យ​បាត់បង់​ព្រៃឈើ និង​សត្វព្រៃ​ស្ទើរតែ​ទាំងស្រុង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។