សហគមន៍ខេត្តព្រះវិហារថា ក្រុមហ៊ុន​ចំនួន២ បោះ​ទីតាំង​ធ្វើ​អាជីវកម្ម​ឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​ព្រហ្មទេព

0:00 / 0:00

សហគមន៍ការពារព្រៃឈើរស់នៅឃុំគូលែន​ខាង​ជើង ស្រុក​គូលែន ខេត្ត​ព្រះវិហារ​អះអាង​ថា ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ឈ្មោះ ប្លូហេវិន (Blue Haven) និង ក្រុមហ៊ុន​ឯកជន កូម៉ូលី បាន​ធ្វើ​អាជីវកម្ម​ឈើ​ទ្រង់ទ្រាយ​ធំ​ជា​ថ្មី​ទៀត ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​ព្រហ្ម​ទេព។ សហគមន៍​ថា ក្រុមហ៊ុន​ទាំង​នេះ បាន​បញ្ជូន​គ្រឿងចក្រ​ជា​ច្រើន​គ្រឿង​អារ​រំលំ និង​ដឹក​ជញ្ជូន​ឈើ​ធំៗ ក្នុង​ព្រៃ​អភិរក្ស ចូល​ការដ្ឋាន​របស់​ក្រុមហ៊ុន។

ប្រជាសហគមន៍ការពារព្រៃឈើភូមិពោធិ៍រៀង ខេត្តព្រះវិហារ ចោទ​ប្រកាន់​ក្រុមហ៊ុន​ឯកជន​ឈ្មោះ កូម៉ូលី និង​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ប្លូហេវិន ថា បាន​បើក​ការដ្ឋាន​អារ​ច្រៀក​ឈើ​ទ្រង់ទ្រាយ​ធំ នៅ​ក្បែរ​ព្រៃ​សហគមន៍​ភូមិ​ពោធិ៍រៀង ឋិត​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​គូលែន​ព្រហ្មទេព​ជាង ១សប្តាហ៍​មក​ហើយ។

ប្រជា​សហគមន៍រស់នៅឃុំគូលែនខាងជើង លោក និប ដុញ ឲ្យដឹងនៅថ្ងៃទី ១៣ ខែ​ធ្នូ​ថា ប្រជា​សហគមន៍​ចំនួន ៣ភូមិ នៃ​ឃុំ​គូលែន​ប្រមាណ ៥០នាក់ បាន​នាំ​គ្នា​ចាប់​រថយន្ត​ប៉ាកុង​មួយ​គ្រឿង ដឹក​ឈើ​មូល​ប្រមាណ ៥ម៉ែត្រ​គូប​ចេញ​ពី​ព្រៃ​សហគមន៍​ភូមិ​ពោធិ៍រៀង។ លោក​ថា បច្ចុប្បន្ន​កម្មករ​ក្រុមហ៊ុន ប្លួហេវិន កំពុង​សម្រុក​កាប់​ឈើ​មូល​ធំៗ ចូល​ការដ្ឋាន​អារ​ច្រៀក​ឈើ​របស់​ក្រុមហ៊ុន​នេះ ដែល​បាន​បោះ​ទីតាំង​អារ​ឈើ​ជា​គ្រឿង​ផ្ទះ​នៅ​តំបន់​នោះ៖ «ឥឡូវ​កំពុង​កាប់​រុករាន​ព្រៃ​សម្បើម​ណាស់ វា​រុករាន​កាប់​ព្រៃ​ចូល​ម៉ាស៊ីន​រ៉ៃ វា​ច្រៀក​កើត​ជា​គ្រឿង​ផ្ទះ។ ឈើ​ឈ្លីក ផ្ចឹក និង​ពពេល។ វា​ដឹក​មក​ទាំង​មូល​ចូល​ម៉ាស៊ីន »

ទោះ​បី​ជា​យ៉ាង​ណា អាស៊ីសេរី មិនអាច​ទាក់ទង​មន្ត្រី​ឧទ្យានុរក្ស​ដែន​ជម្រក​សត្វ​ព្រៃ​គូលែន​ព្រហ្មទេព ប្រចាំ​ស្រុក​គូលែន និង​តំណាង​ក្រុមហ៊ុន ប្លូហេវិន លោក សេដ ឡាំ ដើម្បី​សុំ​ប្រតិកម្ម​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១៣ ខែ​ធ្នូ។ រី​ឯ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ លោក អ៊ា សុខា ក៏​មិន​ទទួល​ទូរស័ព្ទ។

ចំណែកមេឃុំគូលែន លោក ឆេង អ៊ួយ ប្រាប់​អាស៊ី​សេរី​ថា សហគមន៍ និង​ក្រុមហ៊ុន នៅ​មិន​ទាន់​មក​ជួប​ពិភាក្សា​ដោះ​ស្រាយ​រឿង​នេះ​ជាមួយ​អាជ្ញាធរ​ឃុំ​នៅ​ឡើយ​ទេ។ លោក​ថា ក្រុមហ៊ុន​មាន​ច្បាប់​ធ្វើ​អាជីវកម្ម​ឈើ ដែល​របប​ក្រុង​ភ្នំពេញ​ផ្តល់​សិទ្ធិ​ឲ្យ ក៏​ប៉ុន្តែ​ឈើ​ដែល​សហគមន៍​ឃាត់​បាន​នេះ ពុំ​មែន​ជា​ឈើ​ស្រប​ច្បាប់​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក្ដី លោក​សង្ស័យ​ថា អាជីវកម្ម​ឈើ​ទាំង​នេះ មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ពលរដ្ឋ​មួយ​ចំនួន​ក្នុង​មូលដ្ឋាន កាប់​លក់​ឲ្យ​ក្រុមហ៊ុន។ លោក​ថា កន្លង​ទៅ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ឈើ​ក៏​មាន​ជាប់​ពាក់ព័ន្ធ​សមាជិក​សហគមន៍​មួយ​ចំនួន​ដែរ តែង​តែ​កាប់​ឈើ​ដឹក​លក់​ឲ្យ​ក្រុមហ៊ុន៖ «ឈើ​ក្រៅ​កាប់​នេះ មិន​ក្នុង​ច្បាប់​ទេ តែ​ក្រែង​លោ​ឈើ​រាល់​ដង​គេ​ទៅ​ទិញ​ពី​ពលរដ្ឋ​ក្នុង​សហគមន៍​ហ្នឹង។ រាល់​ដង​មាន​ចាប់​ឈើ និង​ឃាត់​វា​ខុស​គេ​អនុញ្ញាត​គេ​ចាប់​ទៅ ហើយ​កន្លែង​គេ​ត្រូវ​គ្នា​គេ​ដឹក​មក​ធ្វើ​ការ​ទៅ »

ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ប្លូខេវិន Blue Haven វិនិយោគដំណាំឧស្សាហកម្មកៅស៊ូ ទទួល​សិទ្ធិ​វិនិយោគ​លើ​ផ្ទៃ​ដី ជិត ១ម៉ឺន​ហិកតារ (៩.១២៦) កាល​ពី​ឆ្នាំ២០១២ ស្ថិត​នៅ​ក្នុង​ឃុំ​គូលែន ស្រុក​គូលែន ខេត្ត​ព្រះវិហារ រយៈ​ពេល ៥០ឆ្នាំ។ អ្នក​ស្រុក​ថា ក្រុមហ៊ុន​នេះ ធ្វើ​អាជីវកម្ម​ឈើ​ទ្រង់ទ្រាយ​ធំ​តាំង​ពី​ឆ្នាំ២០១៥ ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន​ឈ្មោះ កូម៉ូលី ទទួល​សិទ្ធិ​ទិញ​ឈើ​ពី​ក្រុមហ៊ុន ប្លូហេវិន ដែល​មាន​ការដ្ឋាន​អារ​ច្រៀក​ឈើ​នៅ​តំបន់​នោះ ហើយ​កាល​ពី​ឆ្នាំ២០១៧ ក្រុមហ៊ុន​នេះ​បាន​ផ្អាក​សកម្មភាព​កាប់​ឈើ​មួយ​រយៈ​ពេល។

មន្ត្រី​ផ្នែក​តស៊ូ​មតិ​របស់​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ ឲ្យ​ដឹង​ថា សហគមន៍​បាន​បំពេញ​ភារកិច្ច​ការពារ​ព្រៃ​ឈើ ក៏​ប៉ុន្តែ​អាជ្ញាធរ​ដែន​ដី និង​មន្ត្រី​ជំនាញ​ហាក់​ខ្វះ​ចន្លោះ​មិន​អនុវត្ត​ច្បាប់​ព្រៃ​ឈើ​នៅ​ពេល​ដែល​សហគមន៍​ឃាត់​បាន។ លោក​បន្ថែម​ថា អាជ្ញាធរ​ជាតិ​ត្រូវ​ចុះ​ស៊ើប​អង្កេត ពី​ភាព​មិន​ប្រក្រីតី​នៃ​អាជីវកម្ម​ឈើ​របស់​ក្រុមហ៊ុន​ទាំង​នេះ ព្រោះ​សហគមន៍​រក​ឃើញ​ភស្តុងតាង​ជាក់​ស្តែង​ជា​ច្រើន ដែល​ក្រុមហ៊ុន​អនុវត្ត​ខុស​គោលការណ៍​វិនិយោគ៖ «ទាំង​ស្រប​ច្បាប់​ក្តី និង​មិន​ស្រប​ក្តី អំពើ​កាប់​ឈើ​ជា​ទង្វើ​បទ​ល្មើស។ អ៊ីចឹង​ក្រុមហ៊ុន​ទាំង​អស់​នេះ​សុទ្ធតែ​ជា​ក្រុមហ៊ុន​ខុស​ច្បាប់។ សូម​ឲ្យ​ថ្នាក់​ដឹក​នាំ​កំពូល លោក​ពិនិត្យ​មើល »

សហគមន៍ចាត់ទុក ធនធានធម្មជាតិនៃដែនជម្រកសត្វព្រៃឧទ្យានជាតិគូលែនព្រហ្មទេព មាន​សារ​ប្រយោជន៍​ច្រើន សម្រាប់​ពលរដ្ឋ​ចូល​ស្វែង​រក​អនុផល​ព្រៃ​ឈើ​ចិញ្ចឹម​ជីវិត ហើយ​ក៏​ជា​ទីតាំង​ជ្រក​របស់​សត្វ​កម្រ​រស់​នៅ ដូច​ជា សត្វខ្ទីង ទន្សោង ឈ្លូស រមាំង និង​ប្រើស​ជា​ដើម។ អ្នក​ស្រុក​បារម្ភ​ថា វត្តមាន​ក្រុមហ៊ុន​ទាំង​នេះ នឹង​ធ្វើ​ឲ្យ​ដើម​ឈើ​ធំៗ ក្នុង​ព្រៃ​អភិរក្ស​មួយ​នេះ វិនាស​មហន្តរាយ នៅ​ពេល​ដ៏​ខ្លី។

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភត្រា តែ​ទូរស័ព្ទ​របស់​លោក​មិន​អាច​ទាក់ទង​បាន​នៅ​ថ្ងៃ​ដដែល​នេះ។ តែ​លោក​ធ្លាប់​ប្រាប់​អាស៊ី​សេរី នៅ​គ្រា​ដែល​ពលរដ្ឋ​ប្រទះ​ឃើញ បទ​ល្មើស​ព្រៃ​ឈើ​ត្រូវ​ផ្តល់​ព័ត៌មាន និង​ធ្វើ​របាយការណ៍​ទៅ​មន្ត្រី​ឧទ្យានុរក្ស ដែល​ប្រចាំ​ការ​នៅ​តំបន់​នោះ ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​អនុវត្ត​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។