តំណាង​សហជីព​ស្នើ​សាលាក្រុង​រក​ដំណោះស្រាយ​ដល់​បុគ្គលិក​ប្រមូល​សំរាម ពេល​ពួកគេ​បាត់បង់​ការងារ

តំណាង​សហជីព​ស្នើ​ឱ្យ​អាជ្ញាធរ​រក​ដំណោះស្រាយ​ចំពោះ បុគ្គលិក​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន ស៊ីនទ្រី ក្រោយ​ពី​បាន​បាត់បង់​ការងារ​ធ្វើ​ដោយសារ​សាលាក្រុង​ភ្នំពេញ សម្រេច​ឱ្យ​មាន​ក្រុមហ៊ុន​ចំនួន ៣ ដើម្បី​បម្រើការ​ប្រមូល​សំរាម សំណល់​រឹង នៅ​តំបន់​ចំនួន ៣ នៃ​ខណ្ឌ​ទាំង ១៤ ក្នុង​ទីក្រុង​ភ្នំពេញ ដែល​ពីមុន​មាន​ក្រុមហ៊ុន​ស៊ីនទ្រី តែមួយ ដែល​បាន​ប្រតិបត្តិ​ការ​ប្រមូល​សំរាម កន្លង​ទៅ។

ប្រធាន​សហព័ន្ធ​សហជីព កម្មករ​និយោជិក វិស័យ​ទេសចរណ៍ សេវាកម្ម កម្ពុជា លោក ម៉ម ប្ញទ្ធី ថ្លែង​ថា លោក​មិន​ជំទាស់​ទៅ​នឹង​វិធានការណ៍ របស់​សាលាក្រុង​ភ្នំពេញ​ដែល​ចង់ឱ្យ​ទីក្រុង​ភ្នំពេញ​មាន​សោភ័ណ​ភាពល្អ​នោះ​ទេ​។ ប៉ុន្តែ លោក​ថា ការរៀបចំ​ឡើងវិញ​នេះ សម្រាប់​កម្មករ​ដែល​ប្រមូល​សំរាម​នៅ​សេសសល់​ពី​ក្រុមហ៊ុន​ស៊ីនទ្រី តើ​ពួកគាត់​ទាំងនោះ​នឹង​ត្រូវ​រក្សាទុក​នៅ​កន្លែង​ណា?។

លោក​បន្ដ​ថា តើ​សាលាក្រុង​ទទួល​យក​ពួកគាត់​ទាំងនោះ​ទៅ​ចូល​បម្រើ​ការងារ​វិញ ឬ​មួយ​យ៉ាងណា បញ្ហា​នេះ​គឺជា​បន្ទុក​ធំ​របស់​កម្មករ ដោយសារ​តែ​មាន​កម្មករ​ជាង ១​ពាន់​នាក់ (១.២០០) អាច​នឹង​បាត់បង់​ការងារ ហើយ​បញ្ហា​ជីវភាព​របស់​ពួកគេ​អាច​នឹង​ត្រូវ​ប្រឈម នា​ពេល​ខាងមុខ​ប្រសិនបើ​សាលាក្រុង​ភ្នំពេញ​មិន​បាន​ដោះស្រាយ​ឱ្យ​ទាន់​ពេលវេលា​នោះ​ទេ៖ «ខ្ញុំ​គិតថា កម្មករ​ជាង ១​ពាន់​នាក់​ប្រសិនបើ​សាលាក្រុង​គាត់​យក អ្នក​ដែល​ចាស់​ទៅ​ធ្វើ​ការងារ​វិញ​នៅ​តាម​តំបន់​ទាំងអស់​ហ្នឹង ហើយ​មាន​ប្រាក់ខែ​ធម្មតា​។ ខ្ញុំ​ចូលរួម​អបអរសាទរ​។ ប៉ុន្តែ​ប្រសិនបើ​កម្មករ​ទាំងអស់​ហ្នឹង ត្រូវ​បាត់បង់​ការងារ​ធ្វើ គាត់​បង្កើត​អ្វី​ថ្មី នោះ​ជា​ផល​ប៉ះពាល់​ការងារ​មួយ​ដែរ ប៉ុន្តែ យើង​អត់​ជំទាស់​ទេ ដើម្បី​ឱ្យ​ទីក្រុង​យើង​ស្អាត»។

សាលាក្រុង​ភ្នំពេញ​កាលពី​ថ្ងៃទី៣០ មិថុនា សម្រេច​ឱ្យ​មាន​ក្រុមហ៊ុន​ចំនួន ៣ ដើម្បី​ប្រតិបត្តិ​ការ​ប្រមូល​សំរាម សំណល់​រឹង នៅ​តំបន់​ចំនួន ៣ នៃ​ខណ្ឌ​ទាំង ១៤ ក្នុង​ទីក្រុង​ភ្នំពេញ ដែល​ពីមុន​មាន​ក្រុមហ៊ុន ស៊ីនទ្រី ( CINTRI)​តែមួយ។

ក្រុមហ៊ុន​ទាំងនោះ រួមមាន​ឈ្មោះ មីដស៊ូដា សែនីថេសិន​( Mizuda Sanitation) ទទួល​បាន​សិទ្ធិ​សម្អាត ប្រមូល និង​ដឹកជញ្ជូន​សំរាម​នៅ​ខណ្ឌ​៥ រួមមាន ខណ្ឌដូនពេញ ខណ្ឌ​៧​មករា ខណ្ឌដង្កោ ខណ្ឌ​ពោធិ៍សែនជ័យ និង​ខណ្ឌ​កំបូល ក្រុមហ៊ុន ៨​រយ ស៊ុបព័រ( 800 Super) ទទួល​បាន​សិទ្ធិ​នៅ​ខណ្ឌ​៥​ទៀត រួមមាន ខណ្ឌទួលគោក ឫស្សីកែវ សែនសុខ ជ្រោយ​ចង្វារ និង​ព្រែក​ព្នៅ ចំណែក​ក្រុមហ៊ុន ស៊ីនទ្រី (CINTRI) ទទួល​បាន​សិទ្ធិ ប្រមូល​សំរាម​នៅ​ខណ្ឌ​ចំការមន បឹងកេងកង មានជ័យ និង ខណ្ឌ​ច្បារអំពៅ។

អភិបាលក្រុង​ភ្នំពេញ លោក ឃួង ស្រេង និង​អ្នកនាំពាក្យ​សាលាក្រុង​ភ្នំពេញ លោក ម៉េត មាសភក្តី មិន​អាច​ទាក់ទង​បានទេ ដោយ​ទូរស័ព្ទ​ហោះ​ចូល មិន​មាន​អ្នកទទួល​។ ចំណែក តំណាង​ក្រុមហ៊ុន ស៊ីនទ្រី លោក ងួន ស៊ីផេង បាន​បដិសេធ​មិន​ឆ្លើយ​ជាមួយ​វិទ្យុ​អាស៊ីសេរី ដោយ​លោក​និយាយ​ថា កំពុង​ជាប់រវល់។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា មាន​ប្រសាសន៍​ថា សេចក្តី​សម្រេច​នេះ​ជា​ផ្នែក​មួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ក្នុង​ការគ្រប់គ្រង កាកសំណល់​រឹង និង​សំរាម នៅក្នុង​ទីក្រុង​ភ្នំពេញ និង​ឆ្លើយតប​ទៅ​នឹង កំណើន​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ និង​បរិមាណ​សំរាម ក៏​ចេះតែ​កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដែល​ចាំបាច់ ត្រូវ​បង្កើន​សមត្ថភាព នៃ​ការ​ប្រមូល​នឹង​ដឹកជញ្ជូន​សំរាម​ឱ្យ​ទាន់​ពេលវេលា និង​ក៏​ដើម្បី​សម្អាត អនាម័យ បរិស្ថាន នៅក្នុង​ទីក្រុង​ភ្នំពេញ​ផង​ដែរ៖ «ភ្នំពេញ ដែល​បច្ចុប្បន្ន​នេះ​មាន​សំរាម​ដែល​បាន​បង្កើត​ឡើងជា​រៀងរាល់ថ្ងៃ​គឺ​ចន្លោះ​ពី​២៧០០ ទៅ ៣០០០ តោន​នៅក្នុង​មួយថ្ងៃ ហើយ​នៅ​ក្នុង​នោះ សំណល់​សរីរាង្គ មាន​ចំនួន ៦៨ % សំណល់​ប្លាស្ទិក មាន​ជាង ២០ % និង​សំណល់​រឹង មាន​ចំនួន​ជាង ១០ %​ ។ យន្តការ​នេះ​ត្រូវ បាន​អនុវត្តន៍​ឡើង​ដោយ​ស្រប​ទៅ​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ស្ដីពី​ការគ្រប់គ្រង សំណល់​រឹង​តាម​ទី​ប្រជុំជន»។

ចំណែក​អ្នកសម្របសម្រួល​គម្រោង​បរិស្ថាន​របស់​បណ្ដាញ​យុវជន​កម្ពុជា លោក ម៉ើ ចាន់ដារ៉ា បញ្ជាក់​ថា ជាច្រើន​ឆ្នាំ​កន្លង​ទៅ​ដែល​សាលាក្រុង​ភ្នំពេញ បាន​ផ្ដល់​ឱ្យ​ក្រុមហ៊ុន ស៊ីនទ្រី តែមួយ​ក្នុង​ការ​ប្រមូល​សំរាម​គឺ​មិនទាន់​ពេលវេលា​ទេ ដែល​ធ្វើ​ឱ្យ​មាន​ក្លិន ស្អុយ​នៅក្នុង​ទីក្រុង​ភ្នំពេញ។

លោក​សង្ឃឹម​ថា នៅ​ពេល​ដែល​សាលាក្រុង​ភ្នំពេញ​ឱ្យ​មាន​ការប្រកួតប្រជែង​ពី​ក្រុមហ៊ុន​ច្រើន​នោះ សោភ័ណភាព នៅក្នុង​ទីក្រុង​ភ្នំពេញ នឹង​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន៖ «មាន​ន័យ​ថា បើសិនជា​យើង​មាន​ក្រុមហ៊ុន​ច្រើន​សម្រាប់​ប្រកួតប្រជែង​មាន​ន័យថា យើង​មាន​ជម្រើស​ច្រើន​សម្រាប់​ជ្រើសរើស ហើយ​វា​ជា​ការ​ជ្រើសរើស​មួយ​ដ៏​សំខាន់​សម្រាប់​សាលាក្រុង ដែល​តម្រូវការ​ក្នុង​ការ​ជ្រើស​រើស​យក​ក្រុមហ៊ុន​ណាមួយ​ក្នុង​ការ​សម្រេច​ឱ្យ​មាន​ប្រមូល​សំរាម»។

កាលពី​ចុង​ឆ្នាំ​២០១៩ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​រិះគន់​ម្ដង​រួច​មក​ហើយ​ទៅលើ​ពី​ក្រុមហ៊ុន​ប្រមូល​សំរាម​ស៊ីនទ្រី​ថា ជា​ក្រុមហ៊ុន​គ្មាន​សមត្ថភាព​ប្រមូល និង​គ្រប់គ្រង​សំរាម ហើយ​រដ្ឋាភិបាល​នឹង​ដក​យក​ក្រុមហ៊ុន​នេះ​មក​គ្រប់គ្រង​រួម​ទាំង​បុគ្គលិក ហើយនឹង​ទូទាត់​សង​ទៅ​ក្រុមហ៊ុន​នូវ​អ្វី​ដែល​ក្រុមហ៊ុន​បាន​ចំណាយ​លុយ​ទិញ​ដូចជា​ឡាន​ដឹក​សំរាម​ជាដើម គឺ​មិន​ឱ្យ​ក្រុមហ៊ុន​ខាត​ទេ និង​បើកឱកាស​ដល់​ក្រុមហ៊ុន​ផ្សេងៗ​ដែល​មាន​លទ្ធភាព និង​សមត្ថភាព​យ៉ាងហោចណាស់​៤ ដើម្បី​ចូលរួម​ដេញថ្លៃ​វិនិយោគ​លើ​ការងារ​ប្រមូល និង​គ្រប់គ្រង​សំរាម​ក្នុង​រាជធានី​ភ្នំពេញ​ឱ្យ​បាន​ល្អ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។