ពលរដ្ឋ​រងគ្រោះ​ពី​ទឹកជំនន់​ប្រឈម​បញ្ហា​ជីវភាព​ធ្ងន់ធ្ងរ

0:00 / 0:00

ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ពី​ទឹកជំនន់ កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ជីវភាព​លំបាក ដោយសារ​ពួកគេ​បាន​ខាតបង់​ការ​ចំណាយ​លើ​ការ​ធ្វើស្រែ ដែល​ត្រូវ​បាន​ទឹកជំនន់​បំផ្លាញ​ទាំងអស់។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​យល់​ថា រដ្ឋាភិបាល​ត្រូវ​មាន​អន្តរាគមន៍​ជួយ​ឧបត្ថម្ភ​ដល់​កសិករ​ដែល​រងគ្រោះ​ពី​ទឹកជំនន់​ឱ្យ​បាន​គ្រប់គ្នា នឹង​មិន​ត្រូវ​មាន​ការ​ប្រកាន់​និន្នាការ​នយោបាយ ឬ​បក្សពួក​ឡើយ។

កសិករ​ម្នាក់​រស់នៅ​ខេត្ត​បាត់ដំបង គឺ​លោក ស៊ីម សន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៦ ខែ​តុលា ថា ជីវភាព​របស់​ក្រុម​គ្រួសារ​លោក​កាន់តែ​មាន​ការ​លំបាក​លំបិន ព្រោះ​លោក​បាន​ខាតបង់​ទៅលើ​ការ​ចំណាយ​ថ្លៃ​ស្រូវពូជ ថ្លៃ​ជី និង​ជួល​ម៉ាស៊ីន​គេ​ធ្វើ​ដីស្រែ ហើយ​ទឹកជំនន់​បាន​បំផ្លិចបំផ្លាញ​ស្រូវ​របស់​លោក​ឱ្យ​រលួយ​អស់ ដែល​មាន​ទំហំ​រហូតដល់​ទៅជា​ង​៣​ហិកតារ​។ លោក​បន្ត​ថា បើ​ទោះ​បី​ជា​គ្រួសារ​របស់​លោក​មាន​បង​ស្រី​ជា​ជន​ពិការ និង​មាន​ជីវភាព​ក្រីក្រ​ក្ដី ក៏ប៉ុន្តែ​លោក​មិនដែល​ទទួល​បាន​អំណោយ​ពី​រដ្ឋាភិបាល​នា​ពេល​កន្លងមក​នោះ​ទេ ខណៈ​អ្នកភូមិ​របស់​លោក​ខ្លះទៀត​ដែល​មាន​ជីវភាព​ធូរធារ និង​មិនបាន​ធ្វើស្រែ​ចម្ការ​ផង​នោះ បែរជា​ទទួល​បាន​អំណោយ​ពី​អាជ្ញាធរ​ទៅវិញ។

លោក ស៊ីម សន៖«គេ​ជីវភាព​គេ​គ្រាន់​ធូរធារ​អ្នក​អត់ អត់ អ្នកមាន មាន អ្នកខ្លះ​មាន​សុទ្ធតែ​ឡាន លេង​ទៅ​ម្ដង លេង​សុទ្ធតែ​៣ ៤​នាក់​អី​វិ​ន​ឯណោះ មាន​សុទ្ធតែ​ឡាន​ហើយ​ទៅ​បើក​អំណោយ បែរជា​អ្នក​ពិការ​អត់ ប្រហែល​គេ​គិតថា​ខ្ញុំ​ហ្នឹង​មាន​ទេ​ដឹង ហ៊ឺ​ស(​សំឡេង​សើច​)រកតែ​ផ្ទះ​នៅ​មិនបាន​ផង នៅ​ជាមួយ​ទ្រុង​ជ្រូក​ហ្នឹង»។

ស្រដៀង​គ្នា​នេះ កសិករ​ម្នាក់​ទៀត​រស់នៅ​ខេត្ត​បន្ទាយមានជ័យ គឺ​លោក វឿន ភាព ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា គ្រួសារ​របស់​លោក​មិន​បាន​ទទួល​អំណោយ​ពី​ភាគី​ណាមួយ​នៅ​ឡើយ ខណៈ​ទឹកជំនន់​បាន​ធ្វើ​ឱ្យ​ស្រែ​របស់​លោក​ជាង ៤​ហិកតារ​រលួយ​អស់​។ លោក​ថា ជីវភាព​គ្រួសារ​របស់​លោក​កាន់តែ​លំបាក​លំបិន ព្រោះ​លោក​ត្រូវ​រក​ចំណូល​ផ្គត់ផ្គង់​អាហារ​ប្រចាំថ្ងៃ ហើយ​ត្រូវ​សងបំណុល​ធនាគារ ដែល​លោក​បាន​ខ្ចី​ដើម្បី​ចំណាយ​ធ្វើស្រែ​កន្លងមក​អស់​ជាង​៣​លាន​រៀល​បន្ថែម​ទៀត​។ ជាមួយ​គ្នា​នេះ លោក វឿន ភាព ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​ចែក​អំណោយ​ឱ្យ​មាន​ភាពស្មើគ្នា និង​បាន​ទៅដល់​ដៃ​គ្រួសារ​កសិករ​ក្រី​ក្រី​ផង។

លោក វឿន ភាព៖«មកដល់​វា​មិន​កើត​ហើយ វា​ខាត ខាត​ទុន​ច្រើន​ហើយ ចាប់​(​ខ្ចី​)​របស់​គេ​ទាំងអស់​អ៊ីចឹង ចាប់​(​ខ្ចី​)​របស់​គេ ទិញ​ជី អី​ផង ម៉េច​បាន​ដើម​វិញ​បើ​វា​រលួយ​ម៉ត់​អញ្ចេះ​ហើយ មិនដឹង​ទៅ​ធ្វើ​អី បើ​រក​ដើម​អី​គ្មាន​។ វា​អត់​មាន​ធ្វើការ​អី​ទេ​សព្វថ្ងៃ​នេះ រកតែ​ត្រី​វាលស្រែ​ហ្នឹង ណា​ចៅ​រៀន​ផង អី​ផង ក៏​មិន​ដឹង​រក​អី ក៏​ខ្ញុំ​រក​ត្រី​បាន​ត្រី​ឆ្លូញ ត្រី​អី​លក់​ឱ្យ​ចៅ​ទៅ​រៀន»។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុនី ដើម្បី​បកស្រាយ​ពី​បញ្ហា​នេះ​បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី​២៦ ខែ​តុលា ដោយ​ទូរស័ព្ទ​ចូល​តែ​មិន​មាន​អ្នក​ទទួល​។ ទោះជា​យ៉ាងណា លោក សុទ្ធ គឹមកុលមុនី ធ្លាប់​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា គ្រោះ​ទឹកជំនន់​ក្នុង​ឆ្នាំ​២០២២​នេះ មាន​សភាព​ធ្ងន់ធ្ងរ​ជាង​ឆ្នាំ​២០២១ ដោយ​បាន​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​ផលដំណាំ​របស់​ប្រជាកសិករ​ចំនួន​១៩​ខេត្ត នៅក្នុង​នោះ​ប្រជាកសិករ​បាន​រងគ្រោះ​ដោយ​ទឹកជំនន់​មាន​ចំនួន​ជាង ១០​ម៉ឺន​គ្រួសារ ដោយឡែក​រដ្ឋាភិបាល​បាន​ផ្ដល់​ជំនួយ​បាន​ត្រឹមតែ​ជាង ២​ម៉ឺន​គ្រួសារ​តែប៉ុណ្ណោះ។

ជុំវិញ​រឿង​នេះ ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា លោក ថេង សាវឿន យល់​ឃើញ​ថា រដ្ឋាភិបាល​ត្រូវ​ជួយឧបត្ថម្ភ​ដល់​កសិករ​ដែល​រងគ្រោះ​ពី​ទឹកជំនន់​ឱ្យ​បាន​គ្រប់ៗ​គ្នា ព្រោះ​នេះ​គឺជា​តួនាទី​របស់​រដ្ឋាភិបាល ក្នុង​ការ​ផ្ដល់​កិច្ច​គាំពារ​សង្គម​ដល់​ប្រជាពលរដ្ឋ នៅពេល​ដែល​មាន​គ្រោះមហន្តរាយ​។ លោក​បន្ថែម​ថា លោក​គាំទ្រ​ចំពោះ​ការ​ផ្ដល់​អំណោយ​របស់​រដ្ឋាភិបាល​កន្លងមក ក៏ប៉ុន្តែ​ចំនួន​ប្រជាពលរដ្ឋ​រងគ្រោះ​ដែល​ទទួល​បាន​អំណោយ គឺ​មាន​ចំនួន​តិចតួច​ណាស់ បើ​ប្រៀបធៀប​ជាមួយ​ចំនួន​ជនរងគ្រោះ​ទឹកជំនន់​ទាំងអស់​ដែល​មាន​រហូតដល់​ទៅ​ជាង ១០​ម៉ឺន​គ្រួសារ។ ជាមួយ​គ្នា​នេះ លោក ថេង សាវឿន យល់​ថា រដ្ឋាភិបាល​គួរ​ចែក​ពូជស្រូវ​ដល់​កសិករ​ឱ្យ​បាន​គ្រប់គ្នា នឹង​ទាន់​ពេល​វេលា ដើម្បី​លើកកម្ពស់​ដល់​ជីវភាព​របស់​កសិករ ហើយ​មិន​ត្រូវ​មាន​ការ​រើសអើង​និន្នាការ​នយោបាយ ឬ​ផ្ដល់​អំណោយ​តែ​បក្សពួក ឬ​ក្រុម​គ្រួសារ​គ្នាឯង​ឡើយ។

លោក ថេង សាវឿន៖«កាលណា​មានការ​ចែក និង​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​មិនបាន​សមស្រប នៅពេល​រងគ្រោះ​ដូចគ្នា​នេះ ខ្ញុំ​គិតថា​អ្នក​ដែល​ខាតបង់​គឺ​រដ្ឋាភិបាល ហើយនឹង​ប្រជាពលរដ្ឋ មិនមែន​ជា​អ្នក​ផ្សេង​ជា​អ្នក​ខាតបង់​ទេ ពីព្រោះ​ប្រជាពលរដ្ឋ​នឹង​បាត់បង់​ទំនុកចិត្ត(​លើ​រដ្ឋាភិបាល​)ហើយ​ប្រជាពលរដ្ឋ​នឹង​ធ្លាក់ខ្លួន​កាន់តែ​ក្រីក្រ កាន់តែ​វេទនា ដល់ពេល​ហើយ​រឿង​ទាំងអស់​ហ្នឹង​ជា​បន្ទុក​របស់​រដ្ឋាភិបាល ដែល​ត្រូវ​ដោះស្រាយ​ត​ទៅ​មុខ​ទៀត»។

អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​កន្លងមក​តែង​លើកឡើង​ថា រដ្ឋាភិបាល​មិនបាន​បំពេញ​តួនាទី​កិច្ច​គាំពារ​សង្គម​ឱ្យ​បាន​ល្អ​ប្រសើរ​ឡើយ​។ ប្រជាពលរដ្ឋ​ក្រី​ក្រី និង​ក្រុម​អ្នករងគ្រោះ​ពី​គ្រោះធម្មជាតិ​ទាំងនោះ តែង​ប្រឈម​នឹង​ជីវភាព​ខ្វះខាត និង​ត្រូវ​បង្ខំចិត្ត​ធ្វើ​ចំណាកស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​បរទេស មិន​អាច​រស់នៅ​ជួបជុំ​ក្រុម​គ្រួសារ ដើម្បី​រក​ចំណូល​សងបំណុល​ធនាគារ​បាន​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។