​សកម្មជន​បរិស្ថាន​រំពឹង​ថា ​ជំនួប​រវាង​ស្ថាន​ទូតអាមេរិកនិងក្រសួងបរិស្ថាន​អាច​មាន​ដំណោះស្រាយ​ឱ្យ​ពលរដ្ឋ​ចូល​ល្បាត​ព្រៃ​វិញ

0:00 / 0:00

សកម្មជន​ការពារ​ព្រៃឈើ ​និង​មន្ត្រី​សង្គម​ស៊ីវិល​ផ្តល់​ក្តី​សង្ឃឹម​ច្រើន​ពី​លទ្ធផល​នៃ​ជំនួប​រវាងឯកអគ្គរដ្ឋទូត​អាមេរិកលោក​ ប៉ាទ្រីក ​ម័រហ៊្វី ​(Patrick Murphy) និងលោកសាយ សំអាល់ ​រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន ដែលជជែក​ពិភាក្សារក​ដំណោះស្រាយ​ពី​វិបត្តិ​ព្រៃឈើ ​និង​ការ​បិទ​ខ្ទប់​សិទ្ធិ​ពលរដ្ឋ​មិន​ឱ្យ​ល្បាត​ព្រៃ​ជាដើម​។

មន្ត្រី​តស៊ូ​មតិ​គម្រោង​អ្នក​ការពារ​ព្រៃឈើ ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​លោក​ សាន់ ម៉ាឡា ​សង្កេត​ឃើញថា ​ក្រសួង​បរិស្ថាន​នៅតែ​បន្តរារាំង ​និង​រឹតត្បិត​ ប្រជា​សហគមន៍​តាម​មូលដ្ឋាន ​និង​ ក្រុម​អ្នក​ស្រឡាញ់​បរិស្ថាន​មិន​ឱ្យ​ចូល​ល្បាត​ព្រៃ​ ធ្វើ​ឱ្យ​ពួកគេខឹង​សម្បារ ​និង​ឈឺ​ចាប់​ខ្លាំង​ ស្របពេល​ដែល​ព្រៃ​ឡង់​នៅតែ​មាន​សកម្មភាព​កាប់​ឈើ​ឥត​ឈប់ឈរ​។ ​លោកថា ​សហរដ្ឋអាមេរិក​តាម​រយៈទីភ្នាក់ងារ​របស់​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (USAID) ដែល​ជា​ម្ចាស់​ជំនួយ​អនុវត្ត​គម្រោង​ព្រៃ​ឡង់បៃតង​ គួរតែ​ដាក់​សម្ពាធ​ឱ្យ​ក្រសួង​បរិស្ថាន​កែប្រែ​ឥរិយាបថ​ឡើងវិញ​ ដោយ​បើក​សិទ្ធិ​សេរីភាព ​ឱ្យ​ប្រជា​សហគមន៍​មូលដ្ឋាន​ចុះ​ល្បាត​ព្រៃ​បាន​ដូច​មុន៖ «អាមេរិក​បាន​ជួយ​គាំទ្រ​ច្រើន ​ដល់​កិច្ច​ការពារ ​ការងារ​អភិរក្ស ​និង​ការពារ​បរិស្ថាន​ ដូច្នេះ​យើង​សង្ឃឹម​ថា ​ប្រហែល​ជា​អាច​មាន​សញ្ញា​វិជ្ជមាន​ណាមួយ​ដែល​ គេ​នឹង​អនុញ្ញាត​ឱ្យ​សហគមន៍​មូលដ្ឋាន ​ក៏​ដូច​ជា​សកម្មជន​ហ្នឹង​ ត្រឡប់​ទៅ​ធ្វើការ​នៅ​តំបន់​ព្រៃឈើ​ឡើង​វិញ។​ នេះ​ជា​ក្តី​សង្ឃឹម​របស់​ខ្ញុំ ​តែ​វា​អាច​ក្លាយ​ជា​ការ​ពិត​ឬ​យ៉ាង​ណា ?​»។

​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឯក​អគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​លោក ​ប៉ាទ្រីក ​ម័រហ៊្វី​ (Patrick Murphy) ​បាន​ថ្លែង​ក្នុង​បណ្តាញ​សង្គម​ធ្វីតទ័រ (Twitter) ផ្លូវការ​របស់​ខ្លួន​ថា​ លោក​បាន​ពិភាក្សា​ដោយ​ផ្ទាល់ ​ជាមួយ​រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន ដោយ​បារម្ភ​ អំពី​សកម្មភាព​ការ​កាប់​បំផ្លាញ​ដែន​ជម្រក​សត្វ​ព្រៃ​ឡង់ ​ក្នុង​ប្រទេស​កម្ពុជា​។

អាស៊ីសេរី​មិន​ទាន់​សុំ​ការ​បំភ្លឺ​រឿង​នេះ ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថានលោក​ នេត្រ​ ភក្ត្រា ​បាន​នៅ​ឡើយ​ទេ ​នៅ​ថ្ងៃ​ទី​១៦​ ខែមិថុនា ដោយ​លោក​មិន​​ឆ្លើយ​​តាម​បណ្ដាញ​​សង្គម​​ស៊ិក​ណល ​និង​គ្មាន​អ្នក​លើក​ទូរសព្ទ​។

តែយ៉ាងណា​លោក​ ​នេត្រ​ ​ភ​ក្ត្រា ​ធ្លាប់លើកឡើងថា ​ ​ក្រសួង​បរិស្ថាន​គ្មាន​សមត្ថកិច្ច​បិទ​ក្រុមហ៊ុន​ទាំងនេះ​ទេ​ ​ព្រោះជាភារកិច្ច​របស់​​​ក្រសួង​កសិកម្ម។ លោកថា ក្រសួង​បរិស្ថាន កំពុង​ប្រឹងប្រែង​ការពារ​ ​និង​អភិ​រក្ស​តំបន់​ព្រៃ​ឡង់​ឱ្យ​មាន​ប្រសិទ្ធ​ភាព ហើយ​ដែន​ជម្រក​សត្វព្រៃ​ឡង់​ ​គ្មាន​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​ទេ​ ​មាន​តែ​​បទល្មើស​​តូច​ៗប៉ុណ្ណោះ។ លោកបញ្ជាក់ថា ​ ​ ​ក្រសួង​នៅតែ​បន្ត​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ ​ដើម្បី​ទប់​ស្កាត់​​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ឡង់។

ចំណែក​សកម្មជន​ការពារ​ព្រៃឈើវិញ​មើល​ឃើញ​ថា​ ជំនួប​នេះ​នឹង​មិន​អាច​ដោះស្រាយ​វិបត្តិ​ព្រៃឈើ​បាន​ឡើយ ​ដរាប​ណា​រដ្ឋាភិបាល​នៅតែ​គ្មាន​ឆន្ទៈ ការពារ​ដែន​ជម្រក​សត្វ​ព្រៃឡង់​ និង​ព្រៃ​អភិរក្ស​ដទៃ​ទៀត​។ ​ពួកគេ​សង្កេត​ឃើញ​ថា​ រដ្ឋាភិបាល​ហាក់​មាន​ចេតនា ​បើកដៃ​ឱ្យ​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​ ក្នុង​តំបន់​ព្រៃ​ឡង់ ​នៅតែ​កើត​មាន​ឥត​ឈប់ឈរ​។

​សកម្មជន​ការពារ​ព្រៃឈើលោក ​ហេង ​ស្រស់ ​សង្កេត​ឃើញ​ថា មាន​ក្រុមហ៊ុន​ចំនួន​ ៤ ​បាន​ធ្វើ​អាជីវកម្ម​ឈើ​ និង​កាប់​ឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ឡង់​ជាច្រើន​ឆ្នាំ​មក​​ហើយ​។ ​លោក​ថា ​មក​ទល់​ពេល​នេះ ​ក្រុមហ៊ុន​ស៊ីង​បាយ​អូថេក (Think ​Biotech) បាន​​ផ្អាក​សកម្មភាព​មួយ​រយៈ​ហើយ ប៉ុន្តែ​នៅ​ក្រុមហ៊ុន​ចំនួន​ ៣​ ទៀត​ គឺ​ក្រុមហ៊ុន ​ធីង៉ា (THY NGA CO., LTD. DEVELOPMENT AND INVESTMENT) និង​ក្រុមហ៊ុន​របស់​ជន​ជាតិ​វៀតណាម ​ភីអ៊ិនធី(PNT Co., Ltd.)នៅតែ​បន្ត​ធ្វើ​អាជីវកម្ម​​ឈើ ​និង​កាប់​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​។​ រីឯ​ក្រុមហ៊ុន​អង្គ​ផ្លាយវូដ (Angkor Plywood) គឺជា​អ្នក​ប្រមូល​ទិញ​ឈើ​ពី​ក្រុមហ៊ុន​ទាំង​នោះ ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​។ ​លោក​ផ្តល់​ទស្សនៈ​ថា​ ប្រសិន​បើ​រដ្ឋាភិបាល ​និង​ស្ថាន​ទូត​អាមេរិក ​ចង់​ថែ​ព្រៃ​ឡង់​ឱ្យ​គង់​ ត្រូវ​បោស​សំអាត​ និង​ដក​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​ទាំង​នោះ​ចេញ​៖ «ទោះ​បី​ជា​រាជ​រដ្ឋាភិបាល​ ទោះបីជាទូត​អាមេរិក​ជួបគ្នា​ ១០០​ដង​ទៀត​ក៏​ដោយ ​បើ​សិន​ជា​ខាងរ​ដ្ឋាភិបាល​កម្ពជាគ្មាន​ឆន្ទៈ​ក្នុង​ការ​ទប់ស្កាត់ ​កុំ​ឱ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ ​ក្នុង​ប្រទេស​កម្ពុជា​ វា​មិន​អាច​ទប់ស្កាត់​បាន​ទេ​ ព្រោះ​យើង​មើល​ទៅ​រាជ​រដ្ឋាភិបាល ​ហាក់​បី​ដូចជា​មាន​ចេតនា ​ក្នុង​ការ​ឱ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ ​ក្នុង​ប្រទេស​កម្ពុជា​។ ជាក់ស្តែង​អ្នក​កាប់​បំផ្លាញ​ព្រៃឈើ ​ក្នុង​តំបន់​ព្រៃឡង់ ​មាន​ក្រុមហ៊ុនអង្គផ្លាយវូដ​ និង​មាន​ក្រុមហ៊ុន​ភីអ៊ិនធី ​និង​មាន​ក្រុមហ៊ុន​ធីង៉ា »។

ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (USAID) បាន​ផ្តល់​ជំនួយ​ជាង ២១លាន​ដុល្លារ​សម្រាប់​អនុវត្ត​គម្រោង​ព្រៃ​ឡ​ង​បៃតង​ជាមួយ​ក្រសួង​បរិស្ថាន​​រយៈ​ពេល ៥ ឆ្នាំ​ពី​ឆ្នាំ២០១៨ ដល់​ឆ្នាំ២០២៣ ក្នុង​គោលដៅ​អភិ​រក្ស​ធនធាន​ធម្មជាតិ និង​ដោះស្រាយបញ្ហា​ប្រឈម​ដែល​កើតមាន​នៅ​តំបន់​ព្រៃ​ឡង់ រួម​និង​លើក​ក​ម្ពស់​ជីវភាព​សហគមន៍​ប្រកបដោយ​ចិរភាព។​ ទោះ​ជា​យ៉ាង​ណា​ សកម្មជន​ព្រៃឈើ​​មើល​ឃើញ​ថា បទ​ល្មើស​ធនធានធម្មជាតិ​នៅ​តំបន់​ព្រៃ​ឡង់​មិន​មានការ​ថមថយ​ឡើយ​ ដោយសារ​រដ្ឋាភិបាល ​នៅតែ​អនុញ្ញាត​ឱ្យ​មាន​ក្រុមហ៊ុន​ឯកជន​ យ៉ាង​​ហោច​ណាស់ ​៤​ ក្រុមហ៊ុន​ បើក​ការដ្ឋាន​អារ​ឈើ​ខ្នាត​ធំ ​ជាប់​ព្រៃ​ឡង់​ និង​លួច​កាប់​ឈើ​ក្នុង​ព្រៃ​ឡង់​បំពេញ​តម្រូវ​អាជីវកម្ម​ឈើ ​ដោយ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ជាមួយ​អាជ្ញាធរ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។