ក្រុមហ៊ុនវៀតណាមភីអ៊ិនធី (PNT Co., Ltd.) នៅតែបន្តធ្វើអាជីវកម្មឈើ និងកាប់ឈើក្នុងតំបន់ព្រៃឡង់ទ្រង់ទ្រាយធំដោយគ្មានការទប់ស្កាត់។ ប្រជាសហគមន៍ព្រៃឡង់ និងក្រុមយុវជនអះអាងបែបនេះ បន្ទាប់ពីពួកគាត់បានប្រទះឃើញគំនរឈើហ៊ុបរាប់រយដើម នៅតាមដងផ្លូវចូលព្រៃឡង់ ក្បែរការដ្ឋានរបស់ក្រុមហ៊ុនមួយនេះ។ ពួកគេថា ឈើទាំងនោះ ត្រូវបានគេដឹកចេញពីតំបន់ស្នូលព្រៃឡង់ ចូលការដ្ឋានក្រុមហ៊ុនវៀតណាម ឋិតក្នុងឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហារ។
ក្រុមយុវជន និងប្រជាសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ អះអាងថា គំនរឈើហ៊ុបទាំងនោះ មានមុខកាត់ចាប់ពី ៣តឹក ដល់ ៦តឹក ប្រវែង ៥ម៉ែត្រ ដល់ ៧ម៉ែត្រដែលក្រុមកម្មកររបស់ក្រុមហ៊ុនវៀតណាមកាប់ចេញពីតំបន់ស្នូលព្រៃឡង់ នៅចំណុចវាលស្រែអាចម៍ដែករួចដឹកមកទម្លាក់ទុក ពាសពេញផ្លូវ ក្បែរបរិវេណក្រុមហ៊ុនភីអ៊ិនធី។ ប្រភេទឈើទាំងនោះភាគច្រើន គឺជាដើមត្បែង ឈ្លីក ផ្ចឹក និងសុក្រំ ជាដើម។
អ្នកសម្របសម្រួលសហគមន៍ព្រៃឡង់ ខេត្តព្រះវិហារ លោក ស្រី ថី ឱ្យដឹងនៅថ្ងៃទី២៨ ឧសភា ថា ក្នុងបរិវេណក្រុមហ៊ុន ចាប់ពីតំបន់មួយ ដល់តំបន់ ៥ គ្មានឈើសម្រាប់ធ្វើអាជីវកម្មទៀតទេ ហើយគំនរឈើទាំងនោះ ជាឈើប្រមូលចេញពីតំបន់ស្នូលព្រៃឡង់។ លើសពីនេះ មេការក្រុមហ៊ុន លោក ចាប សារ៉ន មានងារជាមន្ត្រីអាវុធហត្ថផ្ទៃប្រទេស កំពុងប្រើអំណាចកាងការពារ ដំណើរការអាជីវកម្មឈើរបស់ក្រុមហ៊ុននេះ។ លោកថា កម្មកររបស់ក្រុមហ៊ុនរាប់សិបនាក់ ប្រដាប់ដោយរណាយន្ត គោយន្ត និងរថយន្តច្នៃជាច្រើនគ្រឿង កំពុងធ្វើសកម្មភាព កាប់ឈើចេញពីតំបន់ព្រៃឡង់ ជាបន្តបន្ទាប់ជា ៣ សប្តាហ៍មកហើយ៖ «ខ្ញុំយល់ឃើញថា លោក ចាប សារ៉ន តួនាទីគាត់ជាអាវុធហត្ថការពារព្រៃឈើ ជាគណៈកម្មការមួយហើយ បែរជាគាត់មកធ្វើឈើ និងបំផ្លាញឈើសួរថា ត្រឹមត្រូវអត់ ? តំបន់នោះបរិស្ថានគ្រប់គ្រង តំបន់ស្នូលរបស់គេ មិនអាចចូលបានទេ ហេតុអីបាន ចាប សារ៉ន ចូលធ្វើឈើបាន។ អ៊ីចឹងមានន័យថា ទាំង ចាប សារ៉ន ទាំងមន្ត្រីបរិស្ថាន និងក្រសួងកសិកម្ម សុទ្ធតែត្រូវរ៉ូវគ្នាអស់ហើយ បានជាដឹកជញ្ជូនឈើចេញពីព្រៃឡង់បាន»។
សកម្មជនការពារព្រៃឈើរូបនេះហ៊ានអះអាងបែបនេះ បន្ទាប់ពីលោក និងសកម្មជនមួយចំនួនទៀត បានប្រថុយជីវិត ចុះស៊ើបអង្កេត និងស្រាវជ្រាវ ពីស្ថានភាពព្រៃឡង់ដោយប្រុងប្រយ័ត្នខ្ពស់ នៅរយៈពេល ១សប្តាហ៍ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៨ ឧសភា ស្របពេលដែលក្រសួងបរិស្ថានមិនអនុញ្ញាតឱ្យសហគមន៍ល្បាតព្រៃ។
បេសកកម្មចុះស៊ើបអង្កេតបទល្មើសព្រៃឈើទាំងនេះ ក្រុមយុវជន និងប្រជាសហគមន៍ព្រៃឡង់ ៦នាក់ បានថតរូបភាព និងវីដេអូ បង្ហាញពីឧក្រិដ្ឋកម្មព្រៃឈើ បង្ហោះតាមបណ្ដាញសង្គម ក្នុងបំណងឱ្យពលរដ្ឋ វាយតម្លៃពីសមត្ថភាពការពារព្រៃឈើ របស់អាជ្ញាធរ និងក្រសួងបរិស្ថាន។ ពួកគាត់ធ្វើបែបនេះ ព្រោះពួកគាត់នឿយហត់នឹងរាយការណ៍រឿងដដែលៗអំពីបទល្មើសព្រៃឈើ ទៅអាជ្ញាធរ ប៉ុន្តែអាជ្ញាធរតែងតែច្រានចោល និងមិនដោះស្រាយ។
អាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះ ពីប្រធានដែនជម្រកសត្វព្រៃឡង់ខេត្តព្រះវិហារ លោក មាស ញឹម និងមេការក្រុមហ៊ុន ភីអ៊ិនធី លោក ចាប សារ៉ន បាននៅឡើយទេ នៅថ្ងៃទី ២៨ ឧសភា។ ចំណែក អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ អ្នកនាំពាក្យសាលាខេត្តនេះ លោក យ៉ុង គឹមហឿង និងអ្នកនាំពាក្យគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ លោក អេង ហ៊ី ក៏អាស៊ីសេរីមិនទាន់អាចទាក់ទងបានដែរ នៅថ្ងៃដដែលនេះ។
ប៉ុន្តែតំណាងអយ្យការអមសាលាដំបូង ខេត្តព្រះវិហារ លោក ទី សុវិនថាល់ មានប្រសាសន៍ថា ករណីបទល្មើសព្រៃឈើទាក់ទងនឹងក្រុមហ៊ុនភីអិនធីនេះ ខាងស្ថាប័នអយ្យការបានបញ្ជូនសំណុំរឿង ទៅចៅក្រមស៊ើបសួរហើយ ដើម្បីអនុវត្តនីតិវិធីបន្ត។ លោករុញឱ្យអាស៊ីសេរីសួរទៅចៅក្រមស៊ើបសួរវិញ ព្រោះផុតពីដៃ ព្រះរាជអាជ្ញាហើយ។ តែយ៉ាងណាលោកថា បើក្រុមហ៊ុនអនុវត្តផ្ទុយពីកិច្ចសន្យាវិនិយោគ ពួកគេនឹងប្រឈមចំពោះមុខច្បាប់៖ «ខាងណាដល់ដៃចៅក្រម សួរចៅក្រមទៅ បើបន្តមានតែរុញទៅជម្រះ ខ្ញុំម៉េចចាំអស់ មិនដឹងចៅក្រមណាកាន់ផង»។
ក្រុមហ៊ុន ភីអ៊ិនធី (PNT Co., Ltd.) ទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលទំហំជិត ៨ពាន់ហិកតារ (៧.៩០០) នៅស្រុករវៀង ខេត្តព្រះវិហារ កាលពីឆ្នាំ២០១០ ក្រោមកិច្ចសន្យារយៈពេល ៧០ឆ្នាំ។ ក្នុងកិច្ចសន្យាក្រុមហ៊ុននេះវិនិយោគដំណាំខ្លឹមច័ន្ទ ចន្ទី និងដំណាំរួមផ្សំផ្សេងៗ ទៀត ប៉ុន្តែប្រជាសហគមន៍អះអាងថា ក្រុមហ៊ុនមិនបានដាំដុះតាមកិច្ចសន្យានោះទេ ដោយផ្ដោតលើការកាប់ឈើ និងអាជីវកម្មឈើទៅវិញ។
មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាន នៃសមាគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ សង្កេតឃើញថា បទល្មើសព្រៃឈើទាំងនេះ កំពុងធ្វើឡើងដោយបើកចំហ ដែលទំនងជាមានការបើកដៃ ពីអាជ្ញាធរពាក់ព័ន្ធ ដើម្បីប្រព្រឹត្តអំពើពុករលួយ។ លោកថា ក្រុមយុវជន និងប្រជាសហគមន៍ គួរតែប្តឹងបរិហារទៅតុលាការថែមទៀត ដើម្បីទាមទារឱ្យអាជ្ញាធរបំពេញតួនាទីការពារសម្បត្តិ រដ្ឋ និងទទួលខុសត្រូវចំពោះមុខច្បាប់៖ «ជាពិសេសអំពើពុករលួយ វាធ្ងន់ធ្ងរបទល្មើសព្រៃឈើ និងកាប់ឈើហ្នឹង មេភូមិ រហូតដល់ស្ថាប័នជំនាញ ទទួលភារកិច្ចការពារព្រៃឈើ ឃុបឃិតគ្នា។ ប្រសិនជាក្រុមមន្ត្រីទាំងអស់ហ្នឹង មានឆន្ទៈការពារព្រៃឈើ ម្ល៉េះវាមិនមានសកម្មភាពកាប់ឈើហ្នឹងបានទេ»។
កាលពីថ្ងៃទី១៩ មេសាកន្លងទៅ ប្រជាសហគមន៍ព្រៃឡង់ ៨នាក់ មេការក្រុមហ៊ុន ភីអ៊ិនធី ម្នាក់ និងមន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន ១០នាក់ ដឹកនាំដោយប្រធានដែនជម្រកសត្វព្រៃឡង់ខេត្តព្រះវិហារបានរួមគ្នាចុះល្បាតព្រៃពេញមួយថ្ងៃ។ ក្រុមមន្ត្រី និងអ្នកល្បាតក៏បានប្រទះឃើញដើមឈើធំៗ ជាច្រើនដើម ដែលភាគច្រើនជាដើមច្បោះជ័រទឹក ត្រូវគេកាប់រំលំធ្វើអាជីវកម្ម ឋិតក្នុងតំបន់ព្រៃឡង់ដែរ។
ប្រជាសហគមន៍បន្ថែមថា ក្រុមហ៊ុនមានរោងចក្រអារច្រៀកឈើ ៤គ្រឿង និងមានរថយន្តច្នៃ ៤គ្រឿង កំពុងធ្វើសកម្មភាពកាប់ និងដឹកជញ្ជូនឈើធ្វើអាជីវកម្ម នៅក្នុងតំបន់គ្រប់គ្រងរបស់មន្ត្រីឧទ្យានុរក្ស និងមន្ត្រីរដ្ឋបាលព្រៃឈើ។ លើសពីនេះ ពលរដ្ឋមូលដ្ឋានខ្លះ និងពលរដ្ឋចំណូលថ្មីរាប់សិបនាក់ បានស៊ីឈ្នួលអារឈើលក់ឱ្យក្រុមហ៊ុន។
អង្គការជាតិ និងអន្តរជាតិរកឃើញថា ក្នុងរយៈពេល២០ ឆ្នាំចុងក្រោយនេះ ព្រៃឡង់ដែលមានទំហំជាង ៤សែនហិកតារ បានបាត់បង់ផ្ទៃដីចំនួន២៤% ឬស្មើនឹងជាង ១ សែនហិកតារ (១០២.៤៣៦) ក្លាយទៅជាវាលរហោឋាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។