ពលរដ្ឋនៅឃុំបុសខ្នុរ ស្រុកចម្ការលើ ខេត្តកំពង់ចាម ស្ទើរតែពេញមួយភូមិកំពុងបារម្ភពីសុខភាពរបស់ខ្លួន ដោយសារតែក្លិនស្អុយចេញពីរោងចក្រកែច្នៃជ័រកៅស៊ូក្រែបនៅក្នុងភូមិ។ ពលរដ្ឋខ្លះស្ទើរតែរត់ចេញពីភូមិ ដើម្បីស្វែងរកកន្លែងផ្សេងរស់នៅ ពីព្រោះពួកគាត់មិនអាចទ្រាំទៅនឹងក្លិនស្អុយដែលចេញពីរោងចក្រនោះបាន។
យ៉ាងណា អាជ្ញាធរបញ្ជាក់ថា ពួកគេបានធ្វើកិច្ចសន្យាជាមួយម្ចាស់ក្រុមហ៊ុននោះហើយ ថាឲ្យមានប្រព័ន្ធកែច្នៃក្លិននោះឲ្យបានប្រសើរ តែបើគ្មានវិធីទប់ស្កាត់ អាជ្ញាធរនឹងបិទអាជីវកម្មនោះតែម្តង។
ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី នៅក្នុងភូមិ១០មករា ឃុំបុសខ្នុរ លើកឡើងដូចៗគ្នាចំពោះក្លិនស្អុយដែលចេញពីកន្លែងកែច្នៃជ័រកៅស៊ូធំជាងគេនៅក្នុងភូមិមួយកន្លែង ដែលបង្កការរំខាន និងផលប៉ះពាល់ដល់សុខភាពរបស់ពួកគាត់យ៉ាងខ្លាំង។ ពលរដ្ឋខ្លះឈឺក្បាល ខ្លះថប់ដង្ហើម ពិសេសប៉ះពាល់ដល់ស្ត្រីកូនខ្ចី និងមនុស្សចាស់នៅក្នុងភូមិទៀតផង។
ពលរដ្ឋនៅភូមិ១០មករា ម្នាក់ លោក ងួន លាងស្រូយ មានប្រសាសន៍ថា ក្លិនស្អុយដែលចេញពីកន្លែងផលិតជ័រកៅស៊ូនោះ គឺចាប់ផ្ដើមធុំប្រមាណពីរឆ្នាំមកហើយ ដោយពលរដ្ឋនាំគ្នាផ្ដិតមេដៃប្ដឹងទៅអាជ្ញាធរជាច្រើនលើកច្រើនសា ឲ្យចាត់វិធានការលើបញ្ហានេះ ប៉ុន្តែអាជ្ញាធរនៅតែធ្វើមិនដឹងមិនឮ ចំពោះបញ្ហាពួកគាត់ដដែល។ លោកបន្តថា ក្លិនស្អុយនៅតែកើតមានឡើង ដែលធ្វើឲ្យលោកបារម្ភចំពោះសុខភាពរបស់ពលរដ្ឋនៅក្នុងភូមិ ពិសេសកូនក្មេង៖ «ពីព្រោះប្រជាពលរដ្ឋនៅតំបន់នេះមានការលំបាកនឹងធាតុស្អុយហ្នឹង។ អ៊ីចឹងបងប្អូននៅក្នុងភូមិនេះឃុំបុសខ្នុរ ចុះមកអនុវត្តមើលធ្វើម៉េចបង្ក្រាបក្លិនស្អុយហ្នឹង»។
លោកមិនចង់ឲ្យរោងចក្រកែច្នៃជ័រកៅស៊ូនោះផ្អាកដំណើរការទាំងស្រុងទេ ប៉ុន្តែលោកចង់ឲ្យម្ចាស់អាជីវកម្មធ្វើយ៉ាងណា កែច្នៃកន្លែងបង្ហូរទឹកចេញពីរោងចក្រ និងកន្លែងឡចំហុយជ័រ កុំឲ្យធុំក្លិនតទៅទៀត។
ពលរដ្ឋម្នាក់ទៀត អ្នកស្រី ហ៊ី សាវីន ដែលបីកូននៅដៃ និងមានទឹកមុខមិនសូវស្រស់បស់នោះ ឲ្យដឹងថា អ្នកស្រី និងកូនដែលទើបនឹងកើតបាន ២០ថ្ងៃ គឺមានជំងឺជាប់រហូតមក ដោយសារតែក្លិនស្អុយដែលចេញពីរោងចក្រ បើទោះបីជាអ្នកស្រីប្រើប្រាស់ថ្នាំអ្វីក៏មិនបាត់ដែរ៖ «គ្រុនផ្ដាសាយទាំងម្តាយទាំងកូន ដោយសារក្លិនស្អុយដែលជះពីរោងចក្រគេមក។ ចា៎! ដោយសារក្លិនហ្នឹងផ្ដាសាយពេញភូមិដោយវាស្អុយពេក»។
ស្រដៀងគ្នានេះ ពលរដ្ឋក្នុងភូមិ១០មករា មួយរូបទៀត គឺលោកយាយ មិន មឿន មានអាយុ ៨៤ឆ្នាំ មានប្រសាសន៍ថា លោកយាយរស់ទាំងទ្រាំ ពីព្រោះពិបាកដកដង្ហើមណាស់ រហូតធ្វើឲ្យលោកយាយឈឺទៀតផង។ លោកយាយថា រឿងនេះ គឺជារឿងមិនត្រឹមត្រូវ ពីព្រោះផលប្រយោជន៍បានមកខ្លួនឯង ហើយផលប៉ះពាល់បែរជាបានទៅពួកគាត់៖ «សូមឲ្យទៅធ្វើនៅអណ្ដូងប្រេងទៅ ឲ្យវាឆ្ងាយបន្តិច ឲ្យវាស្បើយជំងឺ។ ចា៎! ឆ្ងាយពីភូមិស្រុក»។
គ្រាន់តែខ្ញុំទៅឈរនៅក្នុងភូមិចម្ងាយជាច្រើនរយម៉ែត្រពីកន្លែងកែច្នៃជ័រមិនបានប៉ុន្មាននាទីផង ក្លិនស្អុយចេញពីរោងចក្រ ធ្វើឲ្យខ្ញុំទ្រាំសឹងតែមិនបាន។ ក្លិនស្អុយ គឺធុំទាំងថ្ងៃទាំងយប់ ប្រៀបដូចគំរង់សត្វស្លាប់ ឬលាមកយ៉ាងនោះឯង។ កន្លែងកែច្នៃជ័រដែលធំជាងគេ គឺមិនបានដាក់ស្លាកយីហោបញ្ជាក់ថាឈ្មោះអ្វីឡើយ ហើយពលរដ្ឋនៅទីនោះក៏មិនបានស្គាល់ថាម្ចាស់នោះជានរណាពិតប្រាកដដែរ។ មិនថាតែពលរដ្ឋទេដែលមិនស្គាល់ថៅកែផលិតជ័រកៅស៊ូនោះ សូម្បីតែអាជ្ញាធរក៏មិនស្គាល់ថែមទៀត។
វិទ្យុអាស៊ីសេរី បានព្យាយាមចូលដល់កន្លែងកែច្នៃជ័រកៅស៊ូធំជាងគេនៅក្នុងភូមិ១០មករា នៅថ្ងៃទី២១ ធ្នូ ប៉ុន្តែត្រូវជំនួយការអ្នកគ្រប់គ្រងបញ្ជាក់ថា ថៅកែរោងចក្រគាត់មិនស្គាល់ឈ្មោះ ហើយអ្នកគ្រប់គ្រងធំក៏មិននៅទៀត។ ដោយឡែកជំនួយការរូបនោះមិនបានប្រាប់ឈ្មោះ និងមិនបានបកស្រាយយ៉ាងណាដែរ ជុំវិញការត្អូញត្អែរនេះ។
យ៉ាងណា ពលរដ្ឋខ្លះថា ម្ចាស់អាជីវកម្មនោះ គឺជាអ្នកមានអំណាចតែម្តង ពីព្រោះសូម្បីតែអាជ្ញាធរក៏មិនអាចធ្វើអ្វីបាន។
សមាជិកក្រុមប្រឹក្សាឃុំបុសខ្នុរ លោក ហ៊ុន សុខគង់ មានប្រសាសន៍ថា ក្នុងភូមិ១០មករា មានរោងចក្រកែច្នៃជ័រកៅស៊ូ ៤កន្លែង ប៉ុន្តែបីកន្លែងតូចៗមិនបង្កផលប៉ះពាល់ដល់ពលរដ្ឋទេ។ ដោយឡែកកន្លែងច្នៃធំជាងគេ គឺបណ្ដាលឲ្យប៉ះពាល់ដល់ពលរដ្ឋចំនួន ២ភូមិ គឺភូមិបុសខ្នុរ និងភូមិ១០មករា៖ «រោងចក្រដែលប៉ះពាល់ជាងគេ គឺមានតែរោងចក្រមួយដែលប្រជាពលរដ្ឋហៅថាម៉ែអាថាតៗ ប៉ះពាល់ខ្លាំងជាងគេហ្មង»។
លោកស្នើឲ្យតំណាងរាស្ត្រ ឬអាជ្ញាធរពាក់ព័ន្ធ ធ្វើយ៉ាងណាពិនិត្យលើបញ្ហានេះ ដើម្បីដោះស្រាយបញ្ហាដែលពលរដ្ឋជួបប្រទះ ពិសេសបំបាត់ក្លិនស្អុយដែលចេញពីរោងចក្រកែច្នៃជ័រនោះឲ្យបាន។
ទាក់ទងបញ្ហានេះ អភិបាលស្រុកចម្ការលើ លោក ខ្លូត ចិន្តា មានប្រសាសន៍កាលពីថ្ងៃទី២៣ ធ្នូ ថា រោងចក្រមួយនេះពិតជាបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋមែន។ លោកបន្តថា ខាងអាជ្ញាធរស្រុកបានបង្កើតគណៈកម្មការមួយ ដើម្បីដោះស្រាយលើបញ្ហានេះតាមសំណូមពររបស់ពលរដ្ឋ ហើយក៏បានធ្វើកិច្ចសន្យាជាមួយម្ចាស់អាជីវកម្មនោះរួចរាល់ហើយ ថានឹងត្រូវធ្វើយ៉ាងណាកែច្នៃចំហេះចេញ កុំឲ្យមានក្លិនស្អុយ។ លោកបន្ថែមថា ប្រសិនបើក្លិនស្អុយនៅតែធុំទៀតនោះ អាជ្ញាធរនឹងឈានទៅបញ្ឈប់អាជីវកម្មទាំងស្រុងតែម្តង៖ «ត្រូវហើយបង! បើគាត់ធ្វើមិនបានទេ វានឹងបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋបរិស្ថានទាំងមូល។ អាហ្នឹងមិនអាចឲ្យគាត់បន្តអាជីវកម្មបានទេ»។
អភិបាលស្រុកដដែលឲ្យដឹងថា នៅស្រុកចម្ការលើ មានបញ្ហាស្រដៀងគ្នានេះច្រើន ប៉ុន្តែអាជ្ញាធរបានដោះស្រាយជាបន្តបន្ទាប់ នៅឡើយតែអាជីវកម្មកែច្នៃជ័រដែលមិនស្គាល់ម្ចាស់មួយនេះ។
បន្ថែមពីលើអ្វីដែលអាជ្ញាធរស្រុកលើកឡើង ប្រធានគណៈកម្មការទី៣នៃរដ្ឋសភា ដឹកនាំដោយ លោក ប៉ុល ហំម បានចុះទៅសិក្សានៅកន្លែងកែច្នៃជ័រកៅស៊ូក្រែបនៅក្នុងភូមិ១០មករា កាលពីថ្ងៃទី១៨ ធ្នូ រកឃើញថា ផលប៉ះពាល់មិនត្រឹមតែកើតឡើងចំពោះមនុស្សទេ ប៉ុន្តែបរិស្ថានរួមមានខ្យល់ និងទឹកអណ្ដូងខ្លះនៅទីនោះ ក៏ប៉ះពាល់ដែរ។ លោក ប៉ុល ហំម ផ្តល់អនុសាសន៍ថា ខាងក្រសួងបរិស្ថាន ឬអាជ្ញាធរ គប្បីពិនិត្យមើលលើផលប៉ះពាល់ទាំងនេះឲ្យបានច្បាស់លាស់។ លើសពីនេះទៀត បើអាជ្ញាធរអាចចាត់វិធានការឲ្យម្ចាស់អាជីវកម្មនោះរើទៅធ្វើនៅកន្លែងណាផ្សេង ដែលមិនប៉ះពាល់ដល់ពលរដ្ឋ និងបរិស្ថាន គឺជាការប្រសើរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។