មន្ត្រី​ជំនាញ​​ជួប​ពលរដ្ឋ​ពិភាក្សា​​ពី​សំណង​ប៉ះពាល់​គម្រោង​សង់​ទំនប់​ទឹក​ស្ទឹងសង្កែ​​នៅ​ខេត្ត​បាត់ដំបង

ដោយ ហ៊ុំ ចំរើន
2017.02.02
ឯកភ្នំ បាត់ដំបង ៨៥៥ មន្ត្រី​ជំនាញ​មក​ពី​ក្រសួង​ពាក់ព័ន្ធ និង​អាជ្ញាធរ​ស្រុក​ឯកភ្នំ ជួប​ពិភាក្សា​ជាមួយ​ពលរដ្ឋ​នៅ​ភូមិ​ព្រែកតាច្រែង ឃុំ​ព្រែកនរិន្ទ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង អំពី​សំណង​ប៉ះពាល់​គម្រោង​សង់​ទំនប់​ទឹក​ស្ទឹងសង្កែ ​​នៅ​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Hum Chamrouen
RFA/Hum Chamrouen

ប្រជាពលរដ្ឋ​ប្រមាណ ៥០​នាក់​ ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​សង់​ទំនប់​ទឹក​ស្ទឹង​សង្កែ នៅ​ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ចូល​រួម​​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ស្រុក​ឯកភ្នំ និង​មន្ត្រី​មក​ក្រសួង​ពាក់ព័ន្ធ ដើម្បី​សិក្សា​អំពី​សំណង​ប៉ះពាល់​ដែល​ត្រូវ​ដោះស្រាយ​ជូន​​ពួកគាត់។

នៅ​ក្នុង​កិច្ច​ពិភាក្សា​នោះ​ ប្រជាពលរដ្ឋ​ភាគ​ច្រើន​​ព្រួយ​បារម្ភ​ខ្លាច​អាជ្ញាធរ​​​ពាក់ព័ន្ធ​ផ្ដល់​សំណង​ជូន​ពួកគាត់​មិន​បាន​សមរម្យ​​ដូច​ការ​សន្យា។

តំណាង​ពលរដ្ឋ​ម្នាក់​រស់​នៅ​ភូមិ​ព្រែកតាច្រែង ឃុំ​ព្រែកនរិន្ទ ស្រុក​ឯកភ្នំ លោក ឌី ខុន ផ្ដល់​សម្ភាសន៍​ឲ្យ​អាស៊ីសេរី នៅ​ខាង​មុខ​ផ្ទះ​ព្រឹក​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ថា គម្រោង​សង់​ទំនប់​ទឹក​ស្ទឹង​សង្កែ នៅ​ចំណុច​សាលាតាអន ប៉ះពាល់​ដី​​លំនៅឋាន​​មាន​ដំណាំ​ហូប​ផ្លែ​ រួម​មាន​ដើម​​ដូង​ ស្វាយ​ និង​ចេក ជាដើម ទទឹង​ជាង ២០​ម៉ែត្រ​ និង​បណ្ដោយ​ប្រហែល ៧០​ម៉ែត្រ។

លោក​បន្ថែម​ថា ផល​ដំណាំ​ទាំង​អស់​នេះ​ជា​ចំណូល​សំខាន់​​ប្រចាំ​ថ្ងៃ​ដោះស្រាយ​ជីវភាព​ក្នុង​​គ្រួសារ​របស់​​លោក។ លោក​ព្រួយបារម្ភ​ខ្លាច​​អាជ្ញាធរ​សង់​ទំនប់​ទឹក ហើយ​មិន​ផ្ដល់​ប្រាក់​សំណង​ជូន​ពួកគាត់​ទៅ​តាម​តម្លៃ​ដី​ទីផ្សារ«ខ្ញុំ​ព្រួយ​បារម្ភ​ខ្លាំង​តែ​ម្ដង មិន​ដឹង​ថា​ចេញ​ពី​នេះ​ទៅ​កូន​ចៅ​ទៅ​រៀន​សូត្រ​យ៉ាង​ណា​ទេ។ ហើយ​ពេល​រុះរើ​ផ្ទះ ទាល់​តែ​ដោះស្រាយ​ឲ្យ​ហើយ បើ​មិន​ដោះស្រាយ​ទេ ខ្ញុំ​មិន​ដឹង​បាន​ប្រាក់​ពី​ណា​រើ​ផ្ទះ​ទេ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អភិបាល​ស្រុក​ឯកភ្នំ លោក ឡុង សុភឺន​ មាន​ប្រសាសន៍​នៅ​កិច្ច​ពិភាក្សា​នោះ​ថា មន្ត្រី​ជំនាញ​មក​ពី​ក្រសួង​ពាក់​ព័ន្ធ​ចុះ​មក​សិក្សា​សំណង​ផល​ប៉ះពាល់​អំពី​គម្រោង​សង់​ទំនប់​ទឹក​នេះ​ ដើម្បី​ដាក់​ទៅ​រដ្ឋាភិបាល​អនុប័ត្រ​សម្រេច​នៅ​ពេល​ខាង​មុខ។ លោក​បន្ថែម​ថា​ អាជ្ញាធរ​នឹង​ផ្ដល់​សំណង​ប៉ះពាល់​​ជូន​ពលរដ្ឋ​ទៅ​តាម​តម្លៃ​ជាក់​ស្ដែង​នៅ​លើ​ទីផ្សារ«អ៊ីចឹង​មាន​ន័យ​ថា ដោះស្រាយ​ផល​ប៉ះពាល់ គឺ​ជា​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​ផ្ដល់​ជូន​ពលរដ្ឋ​មិន​ឲ្យ​ខាត​ទេ។ ទំនប់​នេះ​មាន​ប្រយោជន៍​សំខាន់​៣។ ទី​១ បម្រើ​ផ្នែក​កសិកម្ម​សម្រាប់​ស្រោចស្រព។ ទី​២ បម្រើ​វិស័យ​ទេសចរណ៍។ យើង​អាច​ទាញ​ប្រយោជន៍​ដូច​នៅ​អាង​កំពីងពួយ​ដែរ។ ទី​៣ បម្រើ​វិស័យ​គមនាគមន៍ មាន​ផ្លូវ​នៅ​លើ​ស្ពាន​នោះ»

ទោះ​យ៉ាង​នេះ​ក្ដី អាជ្ញាធរ​ពុំ​ទាន់​កំណត់​តម្លៃ​ជាក់លាក់​ដែល​ត្រូវ​សង​ឲ្យ​​​ពលរដ្ឋ​ក្នុង​ដី​​មួយ​ម៉ែត្រការ៉េ​តម្លៃ​ប៉ុន្មាន​នៅ​ឡើយ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​បាត់ដំបង​ លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ផ្ដល់​សំណង​ជូន​ពលរដ្ឋ​ឲ្យ​បាន​មុន​ពេល​សាងសង់​ទំនប់​ទឹក​ ដើម្បី​ពួកគាត់​យក​​ប្រាក់​ទៅ​សង់​ទី​លំនៅ​ថ្មី​បាន​ទាន់​ពេល​វេលា«ខ្ញុំ​ចង់​សំណូមពរ​ថា ការ​អភិវឌ្ឍ​ធ្វើ​ឡើង​ដើម្បី​ផល​ប្រយោជន៍​ទាំងអស់​គ្នា គឺ​មិន​មែន​សម្រាប់​បក្សពួក ឬ​ក្រុម​ណា​មួយ​នោះ​ទេ។ អ៊ីចឹង​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ការ​អភិវឌ្ឍ​នេះ ប្រជាពលរដ្ឋ​ទទួល​បាន​ផល​ប្រយោជន៍​ទាំងអស់​គ្នា»

ទំនប់​ទឹក​មួយ​នេះ​មាន​ទីតាំង​នៅ​ក្នុង​ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង​ និង​មាន​ពលរដ្ឋ​ប៉ះពាល់​ពី​សំណង់​ប្រមាណ​ជិត ៥០០​គ្រួសារ​ នៅ​ក្នុង​ឃុំ​ចំនួន​៣ គឺ​ឃុំ​ព្រែកនរិន្ទ ព្រែកខ្ពប និង​ឃុំ​សំរោងក្នុង។ គម្រោង​មួយ​នេះ​ អាជ្ញាធរ​គ្រោង​សង់​ប្រឡាយ​ពង្វាង​ទឹក​ប្រវែង​ជាង ៧០០​ម៉ែត្រ នឹង​ទទឹង​ប្រមាណ ៧០​ម៉ែត្រ ដើម្បី​ឲ្យ​ទឹក​ស្ទឹងសង្កែ ហូរ​ឆ្លង​កាត់​នៅ​ពេល​ដែល​​អាជ្ញាធរ​សង់​ទំនប់​ទឹក។

​​​​​​​​​​​​​​​​​​​​​​​​​អភិបាល​​ស្រុក​ឯកភ្នំ អះអាង​​​ថា​ ទំនប់​នេះ​ចាប់​ផ្ដើម​សាងសង់​បណ្ដើរៗ​ហើយ ដោយ​ជំហាន​ដំបូង​សង់​ប្រឡាយ​ពង្វាង​ទឹក។ ជំហាន​បន្ទាប់ សង់​ទំនប់​ទឹក​ស្ទឹង​សង្កែ ដោយ​មាន​ទ្វារ​បង្ហូរ​ទឹក​ចំនួន ៦​កន្លែង និង​មាន​ផ្លូវ​សម្រាប់​ត្រី​ធ្វើ​ចរាចរណ៍​ទាំង​រដូវ​ប្រាំង និង​រដូវ​វស្សា។ លោក​បន្ថែម​ថា ថវិកា​សម្រាប់​សាងសង់​ទំនប់​នេះ ជា​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ចំណាយ​អស់​ជាង ៣០​លាន​ដុល្លារ​អាមេរិក ហើយ​គ្រោង​ញ្ចប់​នៅ​ដំណាច់​ឆ្នាំ​២០១៩៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
មេធាវី​គ្រោង​ដាក់​សេចក្តី​សន្និដ្ឋាន​ទៅ​សាលាឧទ្ធរណ៍​ភ្នំពេញ​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​លោក កឹម សុខា
អត្ថបទពេញនិយម
បរិស្ថាន
តើ លី ចាន់ដារ៉ាវុត ជា​អ្នកណា?
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។