ការបើកបង្ហូរទឹកពីទំនប់វារីអគ្គិសនីពីប្រទេសចិន ធ្វើឲ្យចរន្តទឹកឡើងខុសប្រក្រតីចាប់ពីសប្ដាហ៍មុនរហូតបច្ចុប្បន្ន ធ្វើឲ្យកសិករដាំដំណាំតាមដងទន្លេជួបផលវិបាក។ អ្នកភូមិអំពាវនាវសុំឲ្យអាជ្ញាធរពាក់ព័ន្ធផ្ដល់ព័ត៌មានគ្រប់គ្រាន់មុនពេលបើកបង្ហូរទឹកពីតំបន់ខ្សែទឹកខាងលើ ដើម្បីកសិករត្រៀមខ្លួនការពារផលវិបាក ខណៈទឹកឡើងខុសធម្មតា។
ទឹកទន្លេមេគង្គចាប់ពីព្រំដែនប្រទេសឡាវ រហូតមកដល់ខេត្តស្ទឹងត្រែង ឡើងកម្ពស់ជិតបីតឹក នៅថ្ងៃទី៣១ ខែមីនា ប្រៀបធៀបកម្ពស់ទឹកទន្លេនេះកាលពីថ្ងៃទី២៦ ខែមីនា។
ប្រជាពលរដ្ឋរស់នៅតាមដងទន្លេមេគង្គ ក្នុងឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ លោក ហយ វណ្ណា ត្អូញត្អែរថា ទឹកឡើងខុសរដូវនេះធ្វើឲ្យកសិករមិនអាចត្រៀមខ្លួនមុនក្នុងការដាំដុះ ហេតុនេះដំណាំមួយចំនួនរបស់អ្នកភូមិត្រូវទឹកលិចរលួយខូច។
លោកថា ប្រសិនអ្នកភូមិបានទទួលព័ត៌មានមុនទាក់ទិនទឹកឡើងខុសរដូវនេះ កសិករនឹងសម្រេចចិត្តផ្អាកការដាំដុះ ឬប្រមូលផលដំណាំដែលនៅជាប់មាត់ទន្លេចៀសវាងការខាតបង់៖ «យើងជូនដំណឹងដល់ពលរដ្ឋមុនយើងនឹងអាចដឹងថា ទឹកលិចកម្រិតនេះ យើងមានការប្រុងប្រយ័ត្ន។ អ្វីដែលយើងដឹងដំណឹងមុនវានឹងកាត់បន្ថយការប៉ះពាល់»។
ប្រទេសចិន បានជូនដំណឹងថា នឹងបង្ហូរទឹកនៃទំនប់វារីអគ្គិសនី ជីង ហុង (Jing Hong) ក្នុងបរិមាណ ២ពាន់ម៉ែត្រគូបក្នុងមួយវិនាទីចាប់ពីថ្ងៃទី១៥ ខែមីនា រហូតដល់ថ្ងៃទី១០ ខែមេសា។ ចំណែកពលរដ្ឋរស់នៅតាមដងទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង ភាគច្រើនអះអាងថា មិនបានទទួលព័ត៌មានទាក់ទិនការបើកទឹកនោះទេ។
ទាក់ទិនករណីខាងលើនេះ ប្រធានមន្ទីរឧតុនិយមនិងជលសាស្ត្រខេត្តស្ទឹងត្រែង លោក ប៉ាង ប៉េង កត់សំគាល់ថា បរិមាណទឹកដែលចិន បង្ហូរពីតំបន់មេគង្គលើមកនេះមានបរិមាណតិចតួច។ រីឯកម្ពស់ទឹកក៏មិនឡើងច្រើនបង្កផលប៉ះពាល់គួរឲ្យកត់សំគាល់នោះទេ។ លើសពីនេះ កម្រិតទឹកនៅប្រទេសឡាវ ខ្សែទឹកខាងលើក៏ឡើងតិចតួច ហេតុនេះការព្យាករទឹកទន្លេមេគង្គនៅខេត្តស្ទឹងត្រែង នឹងស្រកវិញនារយៈពេលពីរថ្ងៃខាងមុខនេះ។
លោកបន្តថា អាជ្ញាធរនឹងធ្វើការជូនដំណឹងជាមុន ប្រសិនការបង្ហូរទឹកណាដែលអាចបង្កគ្រោះថ្នាក់ និងផលវិបាកធ្ងន់ធ្ងរដល់ពលរដ្ឋ៖ «៦ថ្ងៃវាឡើងបាន ២,៤តឹក។ ចង់និយាយថា មួយថ្ងៃវាឡើងបានមួយថ្នាំងដៃ វាតិចពេក ហើយនៅប៉ាក់សេ ចាប់ពីថ្ងៃទី២ទៅវាស្រកវិញ។ នៅសុវណ្ណ (ខេត្ត) ទឹកឡើង ៥ហ៊ុន ៦ថ្ងៃ»។
សមាជិកគណៈកម្មការទន្លេមេគង្គមានប្រទេសវៀតណាម និងប្រទេសថៃ បានស្វាគមន៍ចំពោះប្រទេសចិន ដែលសម្រេចបើកបង្ហូរទឹកជាបន្ទាន់មកទន្លេមេគង្គក្រោម និងចាត់ទុកថា ជាលើកដំបូងដែលប្រទេសនេះសហការល្អដើម្បីសម្រួលដល់ការផ្គត់ផ្គង់ទឹកស្រោចស្រពវិស័យកសិកម្ម សម្រាប់ប្រទេសនៃតំបន់មេគង្គក្រោម។
អ្នកឃ្លាំមើលបរិស្ថាន និងជាអតីតមន្ត្រីសម្របសម្រួលអង្គការទន្លេបី លោក មៀច មាន កត់សំគាល់ដែរថា ប្រទេសកម្ពុជា មិនមានផលប្រយោជន៍ច្រើនទាក់ទិនការបង្ហូរទឹកនេះទេ ពីព្រោះប្រទេសកម្ពុជា មិនទាន់មានតម្រូវការទឹកទន្លេមេគង្គសម្រាប់ផ្គត់ផ្គង់វិស័យវារីអគ្គិសនីនៅឡើយ។
លោកបន្តថា ការបង្ហូរទឹកពីប្រទេសចិន បង្កផលប៉ះពាល់ប្រជាពលរដ្ឋតិចតួច និងធ្វើឲ្យស្ថានភាពទឹកឡើងខុសប្រក្រតី បង្កឲ្យមានភាពស្មុគស្មាញដល់ការបន្លាស់ទីប្រព័ន្ធជីវចម្រុះទន្លេមេគង្គ ហេតុនេះអាជ្ញាធរត្រូវផ្ដល់ដំណឹងឲ្យប្រជាពលរដ្ឋបានដឹងដើម្បីត្រៀមខ្លួនបញ្ចៀសផលប៉ះពាល់៖ «ជារឿងថ្មីអត់ដែលមាននៅប្រទេសកម្ពុជា យើងទេ គួរតែមានការជូនដំណឹងឲ្យច្បាស់លាស់។ សហគមន៍យើងចាំបាច់ត្រូវការត្រៀមខ្លួន យ៉ាងហោចណាស់ប្រមូលដំណាំឲ្យអស់ ឬក៏ត្រៀមកុំឲ្យគាត់ចេញទៅដេកតាមកោះនេសាទនេះជាលក្ខណៈបង្ការ»។
ទោះជាយ៉ាងណាក៏ដោយ ប្រធានគណៈកម្មការជាតិទន្លេមេគង្គកម្ពុជា លោក តែ ណាវុធ អះអាងរួចហើយថា ការបង្ហូរទឹកជាបន្ទាន់ពីទំនប់វារីអគ្គិសនី ជីង ហុង ប្រទេសចិន មិនបង្កផលប៉ះពាល់អវិជ្ជមានដល់កម្ពុជា នោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។