ជនជាតិដើមកាចក់ ៥ភូមិស្នើអាជ្ញាធរខេត្តរតនគិរីបំភ្លឺរឿងក្រុមហ៊ុនឈូសឆាយព្រៃអាស្រ័យផល៧០ហិកតារ
2023.09.21

ជនជាតិដើមកាចក់រស់នៅ ក្នុងភូមិចំនួន ៥កៀកព្រំដែនកម្ពុជា-វៀតណាមស្នើអាជ្ញាធរខេត្តរតនគិរីបំភ្លឺ ករណីក្រុមហ៊ុនឯកជនមួយ បន្តឈូសឆាយព្រៃអាស្រ័យផលទំហំ ៧០ហិកតារ។ ពួកគេក៏ចោទប្រកាន់ក្រុមហ៊ុនថា កំពុងបំផ្លាញ ព្រៃឈើតាមបណ្តោយដងទន្លេសេសាន ប៉ះពាល់អន្លង់អភិរក្សត្រីមេពូជ ៥អន្លង់ ដែលពួកគេខំអភិរក្ស។
ព្រៃឈើតូចធំ ដុះតាមបណ្តោយដងទន្លេសានប្រវែង ១គីឡូម៉ែត្រ ចាប់ពីចំណុចភូមិកាក់ ទៅទល់នឹងភូមិតាឡាវ ឃុំតាឡាវ ស្រុកអណ្ដូងមាស បន្តទទួលរងការឈូសឆាយកាន់តែច្រើន ដើម្បីយកធ្វើជាសម្បត្តិឯកជន។
រីឯការឈូសឆាយដីព្រៃទំហំ ៧០ហិកតារនៅជាប់មាត់ទន្លេ នៅតែកើតមានជាបន្តបន្ទាប់ ក្នុងរយៈពេលជាង២ ខែកន្លងទៅនេះ ដែលប្រជាសហគមន៍ឆ្ងល់ថា តើការឈូសឆាយដីព្រៃដ៏ធំនេះ ស្របច្បាប់ឬយ៉ាងណា ? ខណៈដែលអាជ្ញាធរនៅតែលាក់លៀម មិនផ្សព្វផ្សាយពីគម្រោងអភិវឌ្ឍន៍នៅឡើយទេ។
សមាជិកសហគមន៍ជនជាតិដើមភាគតិចកាចក់ លោក សល់ សើយ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី ២០ កញ្ញាថា ដើមឈើធំៗ និងឈើខ្លះទៀតទើបតែធំបានបន្តិច ដុះនៅតាមបណ្ដោយទន្លេសេសានប្រវែង ១ពាន់ម៉ែត្រ គឺជាជម្រកត្រីពងកូន និងជាកន្លែងអាស្រ័យផលព្រៃឈើយ៉ាងសំខាន់ របស់ពលរដ្ឋចំនួន ៥ភូមិ កំពុងរងការឈូសឆាយអស់ជាច្រើន។
លោកថា សកម្មភាពឈូសឆាយនេះ កំពុងបំផ្លាញប្រភពចំណូលសហគមន៍ ប៉ះពាល់កន្លែងឃ្វាលគោ និងជម្រកសត្វព្រៃជាដើម។
លោក សល់ សើយ៖ «៧០ ហិកតារគេចង់ឈូសឱ្យ ១០០ហិកតារ ហ្នឹងពលរដ្ឋអត់ព្រមទេ ហើយពួកគាត់ឈូសរលាយអស់ ដល់មាត់ទន្លេ។ ខ្ញុំសុំឱ្យពួកគាត់ដោះស្រាយផលប៉ះពាល់ រឿងអន្លង់អភិរក្ស គាត់ (មេឃុំតាឡាវ) ថា ចាប់ចងមេភូមិទៀត ។ ខ្ញុំថា ចាប់ចងចាប់ចងទៅ គុកហ្នឹងមិនមែនដាក់ឆ្កែណា សម្រាប់ដាក់មនុស្សតើ»។
ប្រជាសហគមន៍បន្ថែមថា ក្រុមហ៊ុនឯកជនមួយដែលពួកលោកមិនស្គាល់ឈ្មោះបន្តឈូសឆាយព្រៃទំហំ ៧០ហិកតារទៀត នៅកៀកនឹងភូមិកំណើតពួកគាត់ អាជ្ញាធរមិនទាន់បង្ហាញភាពស្របច្បាប់នៃការឈូសឆាយនេះ នៅឡើយទេ មកទល់ពេលនេះ។
ឆ្លើយតបរឿងនេះ មេឃុំតាឡាវ លោក តា ប៊ុនឡត បកស្រាយថា ទំហំដី ៧០ ហិកតារដែលកំពុងឈូសឆាយ គឺជាដីកម្មសិទ្ធិឯកជនរបស់ពលរដ្ឋផ្សេងទៀត រស់នៅរាជធានីភ្នំពេញ ពុំមែនជាដីដែលរដ្ឋាភិបាលវិនិយោគឱ្យក្រុមហ៊ុនណាមួយឡើយ។
លោកបញ្ជាក់ថា លោកមិនទាន់ទទួលព័ត៌មាន ពីសកម្មភាពឈូសឆាយព្រៃតាមបណ្តោយដងទន្លេសេសាននៅឡើយទេ ហើយលោកនឹងចាត់ឱ្យអាជ្ញាធរឃុំចុះពិនិត្យរឿងនេះឆាប់ៗនេះ។
លោក តា ប៊ុនឡត៖ «ម្ចាស់ចម្ការគាត់យក អាអ៊ិចមកកាយព្រំ រឿងហ្នឹង បើសួរខ្ញុំឆ្លើយអត់ចេញទេ។ សំខាន់សួរម្ចាស់ដី ហើយព្រៃហ្នឹងអត់មានឈើធំៗ យើងមានសិទ្ធិណាហាមឃាត់ បើវាអត់មានឈើធំៗផងហ្នឹង»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទង សុំការបំភ្លឺរឿងនេះ ពីអភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន បាននៅឡើយទេ នៅថ្ងៃទី២០ កញ្ញា ដោយទូរស័ព្ទហៅចូលគ្មានអ្នកលើក។
ជុំវិញរឿងនេះ អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោក វណ្ណ សុផាត ពន្យល់ថា សកម្មភាពឈូសឆាយព្រៃដោយគ្មានការវាយតម្លៃហេតុផលប៉ះពាល់បរិស្ថាន និងគ្មានការផ្សព្វផ្សាយគឺជាទង្វើខុសច្បាប់។
លោកបញ្ជាក់ថា តាមច្បាប់គ្រប់គ្រងអភិវឌ្ឍន៍ទាំងអស់ ត្រូវវាយតម្លៃហេតុផលប៉ះពាល់បរិស្ថាន និងសង្គមជាមុន។
លោក ញ៉ែម សំអឿន៖ «បើឃើញអំពើល្មើសហ្នឹងហើយ មិនអនុវត្ត មិនព្រមប្តឹង ឬរាយការណ៍ទៅអាជ្ញាធរ មានសមត្ថកិច្ច ក្រសួងមានសមត្ថកិច្ច ហ្នឹងគឺជាការទទួលខុសត្រូវរបស់គាត់ទៀត ត្រូវធ្វើអធិការកិច្ច ពិនិត្យមើលមន្ត្រីមូលដ្ឋានទៀត»។
ពលរដ្ឋរស់នៅភូមិតាឡាវ ភាគច្រើនជាជនជាតិដើមភាគតិចកាចក់ ពួកគាត់មានទម្លាប់អាស្រ័យផលព្រៃឈើ នេសាទត្រី និងធ្វើកសិកម្មចិញ្ចឹមជីវិត។
ប្រជាសហគមន៍ថា ដីព្រៃទំហំ ៧០ហិកតារ និងព្រៃតាមបណ្តោយដងទន្លេសេសាន ផ្តល់ប្រយោជន៍សំបូរបែប ដល់ពលរដ្ឋរាប់ពាន់គ្រួសារ រួមមាន ជម្រកត្រីពងកូន ជម្រកសត្វព្រៃ កន្លែងឃ្វាលគោ និង អនុផលព្រៃឈើ ប្រសិនបើបាត់បង់ នឹងធ្វើឱ្យជីវភាពសហគមន៍ធ្លាក់ចុះហើយត្រីក្នុងអន្លង់អភិរក្សក៏ប្រឈមការគំរាមកំហែងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។