ប្រជាពលរដ្ឋនៅឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្តតាកែវ បាននាំគ្នាបើកទូកពី ២០ ទៅ ៣០គ្រឿងចូលទៅក្នុងប្រឡាយលេខ ១៣ និងឡូត៍នេសាទលេខ ១៦ ដើម្បីស្រាវយកឧបករណ៍នេសាទខុសច្បាប់ រួមមានលូស្បៃមុង និងសៃយ៉ឺនជាដើម ព្រមទាំងប្រមូលយកវត្ថុទាំងនោះ មកដុតចោលនៅមុខសាលាស្រុកអង្គរបុរី កាលពីដើមខែកញ្ញា នេះ។ សកម្មភាពរបស់ពលរដ្ឋធ្វើឡើងបន្ទាប់ពីមិនឃើញអាជ្ញាធរមូលដ្ឋានចុះទៅបង្ក្រាបបទល្មើសនេសាទក្នុងរដូវហាមឃាត់។
អាជ្ញាធរស្រុកអង្គរបុរី ខេត្តតាកែវ គាំទ្រការស្ម័គ្រចិត្តបង្ក្រាបបទល្មើសនេសាទរបស់ពលរដ្ឋខ្លួន ប៉ុន្តែស្នើសុំឲ្យមានកិច្ចសហការពីសមត្ថកិច្ចមុនចុះស្រាវយកឧបករណ៍ល្មើសទាំងនោះ។
អភិបាលស្រុកអង្គរបុរី លោក ឌឹម គឹមសាន្ត ថ្លែងបន្តថា ពលរដ្ឋក្នុងឃុំព្រែកផ្ទោល បានចុះបង្ក្រាបបទល្មើសនេសាទនៅក្នុងប្រឡាយលេខ ១៣ និងឡូត៍លេខ ១៦ ដែលមានព្រំប្រទល់ជាប់ខេត្តកណ្ដាល។ ក្រោយពីស្រាវបានឧបករណ៍ល្មើស ប្រជាពលរដ្ឋបានយកមកដុតនៅមុខសាលាស្រុកទៀតផង។ លោកថា ទោះជាយ៉ាងណា សុំឲ្យពលរដ្ឋមុនសម្រេចចិត្តបង្ក្រាបបទល្មើសនេសាទ គួរសហការជាមួយសមត្ថកិច្ចដើម្បីបង្ការសុវត្ថិភាពពីការប្រឆាំងរបស់ជនល្មើស។
លោក ឌឹម គឹមសាន្ត៖ «គឺយើងអបអរសាទរ ឮគាត់រាយការណ៍មកទាន់ពេលពីការលួចដាក់ចន្លោះកន្លៀតណា ឲ្យតែរាយការណ៍មក យើងនឹងសហការធ្វើភ្លាម អត់មានពន្យារពេលថាទេ យ៉ាងណាៗនោះទេ គឺយើងសហការធ្វើជាមួយគាត់ ប៉ុន្តែដាច់ខាតគាត់មិនអាចអានាធិបតេយ្យទៅធ្វើអ្វីដែលគ្មានជំនាញពីអាជ្ញាធរចូលរួមទេ»។
ដូចគ្នាដែលមេឃុំព្រែកផ្ទោល លោក ណុប ឌល ថ្លែងថា បទល្មើសនេសាទកើតមានមិនឈប់ឈរក្នុងផ្ទៃទឹកដែលលាតសន្ធឹងពីស្រុកកោះធំ ខេត្តកណ្ដាល ទៅដល់ស្រុកអង្គរបុរី ខេត្តតាកែវ។ លោកគាំទ្រការបង្ក្រាបបទល្មើសនេសាទដោយស្ម័គ្រចិត្តរបស់ពលរដ្ឋក្នុងឃុំនេះ។ លោកឲ្យដឹងដែរថា ការចុះស្រាវឧបករណ៍នេសាទខុសច្បាប់ មានសៃយ៉ឺន លូស្បៃមុង ដែលជាឧបករណ៍ហាមប្រើរបស់ច្បាប់នេសាទនោះ គឺមានការដាក់យកត្រី ដោយជនជាតិវៀតណាម តែមួយខ្សែទេ ក្រៅពីនោះគឺជារបស់ពលរដ្ឋនៅក្នុងឃុំគោកធ្លក មួយចំនួនធំ។
លោកថា ពលរដ្ឋបានចុះបង្ក្រាបបទល្មើសនេសាទ ២ដង ពេលព្រឹក និងល្ងាច។ ឧបករណ៍ល្មើសច្បាប់ប្រមូលបានពេលព្រឹកបានដុតអស់ ៩០០ម៉ែត្រ ក្រៅពីនោះម្ចាស់ឧបករណ៍បានមកសុំពីអាជ្ញាធរស្រុក ក្រោយពីពួកគេទទួលបានការអប់រំពីសំណាក់អាជ្ញាធរ៖ «អរគុណហើយដែលបងប្អូនបានជួយបង្ក្រាបអ៊ីចឹង។ ប៉ុន្តែបើសិនមានករណី វាពិបាកយើងអត់ដឹង។ ពិតមែនតែល្មើសនេសាទមែន តែយើងទៅអនាធិបតេយ្យ អាជ្ញាធរមិនដឹងមិនឮ អ៊ីចឹងក្រែងលោអាល្មើសនោះ វាតបត វាខឹងដែរទៅ នាំឲ្យរឿងនៅកណ្ដាលបឹង អ្នកណាដឹង? ដល់ដឹងទៅវាមានបញ្ហា អ្នកខ្លះបានងាប់ អ្នកខ្លះបានជាប់គុកទៅ យើងឯណេះក៏បានតែស្អុយអសោចិ៍ដល់ថ្នាក់ដឹកនាំទៀត អ៊ីចឹងយើងធ្វើអីឲ្យរបៀបរដ្ឋបាល»។
រដូវហាមនេសាទនៅក្នុងទន្លេផ្នែកខាងក្រោមបានចាប់ផ្ដើមបិទនេសាទពីខែកក្កដា ហើយអនុញ្ញាតឲ្យនេសាទនៅចុងខែតុលា។ ចំណែកការនេសាទនៅបឹងទន្លេសាបវិញ ហាមនេសាទពីខែមិថុនា ហើយបើកវិញនៅខែកញ្ញា។
ប្រជាពលរដ្ឋក្នុងឃុំព្រែកផ្ទោល ភូមិកំពង់ពោធិ៍ ដែលចូលរួមបង្ក្រាបបទល្មើសនេសាទថ្លែងថា បានជាពួកគាត់ហ៊ានលើកគ្នា ២០ ទៅ ៣០ទូក ស្រាវយកឧបករណ៍នេសាទល្មើសច្បាប់បានច្រើនពាន់ម៉ែត្រពីក្នុងប្រឡាយលេខ១៣ មកពីគាត់មើលឃើញថា ២ឆ្នាំមកនេះ ទឹកភ្លៀងធ្លាក់តិចតួច ត្រីមិនអាចបង្កើតកូនបានច្រើនទេ បើសិនជាបទល្មើសនេសាទចេះតែកើនឡើងដោយប្រើសៃយ៉ឺន លូស្បៃមុង និងឧបករណ៍ឆក់ វានឹងបំផ្លាញផលត្រី និងធ្វើឲ្យត្រីដាច់ពូជ ទើបពួកគាត់ប្ដឹងទៅអាជ្ញាធរសុំឲ្យជួយបង្ក្រាប។ ប៉ុន្តែអាជ្ញាធរយឺតយ៉ាវក្នុងការចុះអនុវត្តពេក ទើបពួកគាត់នាំគ្នាចុះស្រាវយកឧបករណ៍នេសាទខុសច្បាប់មកដុតចោល ដោយមិនខ្លាចបាត់បង់ជីវិតដើម្បីដោះលែងកូនត្រី និងមេត្រីពូជបានច្រើនរយគីឡូក្រាម។
សំឡេងពលរដ្ឋ៖ «កាត់អត់អស់ទេច្រើនណាស់! យកទូកដាក់អត់អស់ទេ! ឧបមាបើចង់បង្ក្រាបមួយសាទៀត ដល់មានអ្នកកាសែតអី បានចុះមកគ្រប់ប៉ុស្តិ៍ គ្រប់កន្លែងអ៊ីចឹងទៅ បានហ៊ានធ្វើ ព្រោះមានការដាក់ទ្រង់ទ្រាយធំជាងពួកខ្ញុំធ្វើនេះទៀតនោះ។ បទល្មើសនេសាទរបស់វៀតណាម យកមកដាក់ណែនដីខ្មែរ នៅតែមានដដែល ដល់អ៊ីចឹង ប្រជាពលរដ្ឋគាត់រួមកម្លាំងគ្នាចុះទៅបង្ក្រាបផ្ទាល់តែម្ដង។ យើងរឹបអូសយកទាំងអួនក្រឡាញឹក ស្បៃមុងហ្នឹងបានចំនួនរាប់ពាន់ម៉ែត្រនោះ»។
ក្រុមប្រឹក្សាស្រុកអង្គរបុរី លោក អ៊ុំ គាវ ថ្លែងថា អ្នកភូមិមួយចំនួនធំក្នុងស្រុកអង្គរបុរី រំពឹងផលត្រីដើម្បីបម្រើជីវភាពប្រចាំថ្ងៃ ព្រោះពួកគេមិនមានដីសម្រាប់ធ្វើកសិកម្មទេ។ លោកថា ជននេសាទល្មើសច្បាប់ហាក់មិនញញើតអាជ្ញាធរមានសមត្ថកិច្ចទេ ខណៈមន្ត្រីជលផលមិនសូវអើពើផងនោះ។ កាលពីចុងខែសីហា អភិបាលខេត្តតាកែវ បានបង្ក្រាបបទល្មើសនេសាទជាក់ស្ដែង ច្រើនកន្លែង និងបានលែងកូនត្រីក្នុងឧបករណ៍នេសាទខុសច្បាប់បានច្រើនតោនដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។