សហគមន៍នេសាទនៅស្រុកលំផាត់ ខេត្តរតនគិរី អះអាងថា កម្មករក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចមួយ បានប្រើប្រាស់ឧបករណ៍ឆក់សម្លាប់សត្វព្រៃ និងសត្វពាហនៈប្រជាពលរដ្ឋនៅក្នុងព្រៃដែនជម្រកសត្វព្រៃ។ ក៏ប៉ុន្តែ មន្ត្រីអាជ្ញាធរស្រុកឲ្យដឹងថា កម្មករក្រុមហ៊ុនប្ដឹងចោទវិញថា សហគមន៍បានចូលឆែកឆេរកន្លែងស្នាក់នៅរបស់កម្មករបំពានច្បាប់។
ឧបករណ៍ឆក់សម្លាប់សត្វព្រៃមួយគ្រឿង ត្រូវបានសហគមន៍នេសាទភូមិថ្មី ឃុំជ័យឧត្ដម ស្រុកលំផាត់ រកឃើញ និងរឹបអូសយកមកប្រគល់ឲ្យមន្ត្រីខណ្ឌរដ្ឋបាលជលផល ដើម្បីចាត់វិធានការស្វែងរកអ្នកប្រើប្រាស់មកផ្ដន្ទាទោស។
ឧបករណ៍ខុសច្បាប់នេះ ត្រូវបានអ្នកភូមិមួយក្រុមរកឃើញនៅក្នុងរោងកម្មករមួយរបស់ក្រុមហ៊ុនសម្បទាន ហ័ង អាញ់ លំផាត់ (Hoang Anh Lum Phat) មានទីតាំងជាប់នឹងដែនអភិរក្សជលផលភូមិថ្មី កាលពីថ្ងៃទី២៧ ខែមេសា ខណៈអ្នកភូមិនាំគ្នាទៅពិនិត្យមើលដីសហគមន៍ដែលគេសង្ស័យថា ក្រុមហ៊ុនបានឈូសឆាយប៉ះពាល់ ហើយបានចូលទៅសម្រាកនៅរោងកម្មករនោះ។
តំណាងសហគមន៍ លោក ធន ប៊ុនហាង បញ្ជាក់ថា កម្មករម្នាក់ស្នាក់នៅក្នុងរោងមិនស្គាល់ឈ្មោះ មិនយល់ព្រមប្រគល់ឧបករណ៍នេះមកឲ្យសហគមន៍ទេ បើទោះបីសហគមន៍បានពន្យល់ថា ច្បាប់មិនអនុញ្ញាតឲ្យប្រើប្រាស់ ឬរក្សាទុកឧបករណ៍នោះក៏ដោយ។ បន្ទាប់មក កម្មករនោះបានយកឧបករណ៍នោះចេញពីរោង ទើបសហគមន៍រាយការណ៍មកមន្ត្រីសង្កាត់ជលផល និងនាំយកវត្ថុតាងនេះមកប្រគល់ឲ្យមន្ត្រីជលផលចាត់វិធានការតាមផ្លូវច្បាប់៖ «ឧបករណ៍ហ្នឹងគេដាក់ខ្សែលួសរាយជុំវិញអ៊ីចឹងទៅ និយាយរួមសត្វស្អីក៏ដោយ ឲ្យតែដើរទៅប៉ះ ដឹងតែឆក់ងាប់ហើយ។ របស់ហ្នឹងគេឃើញពីរបីដងហើយ ពួកហ្នឹងគេទៅមើលដីគេ ទៅលេងដល់ខ្ទមហ្នឹងគេឃើញ។ មុនដំបូងគេឃើញដល់ទៅបី ក្រោយមកនៅសល់តែមួយ វាបាត់ពីរ គេយកទៅដាក់អាណាបាត់ហើយ»។
វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៩ ខែមេសា មិនអាចស្វែងរកអត្តសញ្ញាណកម្មករ សុំបំភ្លឺពីករណីនេះបានទេ ក៏ប៉ុន្តែអ្នកបកប្រែតំណាងក្រុមហ៊ុន លោក ថាច់ ភៀន បញ្ជាក់ថា នេះជាបញ្ហាផ្ទាល់ខ្លួនរបស់កម្មករ ក្រុមហ៊ុនមិនទទួលខុសត្រូវឡើយ។
ទាក់ទិនករណីនេះដែរ អភិបាលស្រុកលំផាត់ស្តីទី លោក នូ ថេរ បញ្ជាក់ដែរថា ក្រោយរឿងរ៉ាវនេះ កម្មករក្រុមហ៊ុនបានប្ដឹងមកមន្ត្រីស្រុក ចោទថាអ្នកភូមិបានរំលោភឆែកឆេរកន្លែងស្នាក់នៅរបស់កម្មករ ក៏ប៉ុន្តែលោករវល់ប្រជុំមិនទាន់បានពិនិត្យពាក្យប្ដឹងនោះនៅឡើយ។ លោកថា ករណីទាំងពីរនេះ អាជ្ញាធរស្រុកនឹងធ្វើការស្រាវជ្រាវបន្ថែមទៀត៖ «ខ្ញុំឲ្យសមត្ថកិច្ចគេមើល តើសម្ភារៈដែលគេយកហ្នឹងស្អី ហើយដែលគេចោទថាចូលលុកលុយរំលោភលំនៅឋានរបស់គេហ្នឹងយ៉ាងម៉េច? ហើយបាត់ស្អីខ្លះថែមទៀត»។
យ៉ាងនេះក្តី នាយខណ្ឌរដ្ឋបាលជលផលខេត្តរតនគិរី លោក ងួន សុគន្ធ ទទួលស្គាល់ថា លោកបានពិនិត្យកំណត់ហេតុប្រគល់ឧបករណ៍ឆក់សត្វពីមន្ត្រីលោករួចហើយ។ លោកចាត់ទុកថា ការដកហូតឧបករណ៍របស់សហគមន៍ គឺត្រឹមត្រូវតាមលក្ខន្តិកៈសហគមន៍។ លោកកត់សម្គាល់ថា កន្លងទៅនេះ បទល្មើសប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ កើតមានច្រើននៅតំបន់នោះ។ ហេតុនេះ ក្រសួងកសិកម្ម បានបង្កើតសហគមន៍នេសាទ ដើម្បីរួមចំណែកបង្ក្រាប និងទប់ស្កាត់ការប្រើប្រាស់ឧបករណ៍ប្រមាញ់ និងនេសាទខុសច្បាប់នេះ៖ «គាត់ទៅនិយាយជាមួយសហគមន៍ កុំនិយាយថាគេចាប់ចងស្អី ប្ដឹងផ្តល់គេអ៊ីចេះអ៊ីចុះ គឺមាត្រាទី១០៤ យើងមើលទៅអត់ស្អីទេ ច្បាប់ជលផល។ បើគាត់រើកាន់តែជ្រៅ គាត់ជាប់កាន់តែជ្រៅទេ»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ខេត្តរតនគិរី កត់សម្គាល់ថា កាលពីចុងឆ្នាំ២០១៣ អតីតឆ្មាំអភិរក្សដែនជម្រកសត្វព្រៃលំផាត់ បានរកឃើញអន្ទាក់ប្រមាញ់សត្វព្រៃជាង ១០០អន្ទាក់ ត្រូវគេដាក់ប្រមាញ់សត្វព្រៃខុសច្បាប់ក្នុងដែនជម្រកសត្វព្រៃលំផាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។