ក្រសួង​ធនធាន​ទឹក​ស្នើ​ឱ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ធម្មជាតិ​អំឡុង​ពេល​ប៉ុន្មាន​ថ្ងៃនេះ

សូម​លោក​អ្នកនាង​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​មាន​កើតមានឡើង​ជាយថាហេតុ ចាប់ពី​ថ្ងៃ​ទី​៩ ដល់​ទី​១៥ កក្កដា​ខាងមុខ​។ មូលហេតុ គឺ​ដោយសារតែ​កម្ពុជា​កំពុង​ទទួលរង​ឥទ្ធិពល​ជ្រលង​សម្ពាធ​ទាប និង​របប​ខ្យល់មូសុង​និរតី​កម្រិត​មធ្យម​។ នេះ​បើ​យោង​តាម​សេចក្ដី​ជូនដំណឹង​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ដែល​អាស៊ីសេរី​ទទួល​បាន​នៅ​ថ្ងៃ​ទី​៩ កក្កដា​នេះ។

លក្ខណៈ​បែបនេះ​នឹង​ធ្វើ​ឱ្យ​តំបន់​មាត់​សមុទ្រ មាន​ភ្លៀង​ធ្លាក់​ពី​កម្រិត​តិច​ទៅ​មធ្យម​។ ចំណែក បណ្ដា​ខេត្ត​-​ក្រុង​នៅ​តំបន់​វាលទំនាប​ភាគ​កណ្ដាល ភាគ​ខាងជើង និង​ភាគ​ពាយ័ព្យ មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ ឬ​ភាគ​ខ្លះ​អាច​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ស្រប​ពេល​បណ្ដា​ខេត្ត​-​រាជធានី​នៅ​តំបន់​ទំនាប​ខាងក្រោម និង​ខេត្ត​ភាគ​ខាងកើត​ជាប់​ប្រទេស​វៀតណាម ក៏​កើតមាន​បាតុភូត​ដូចគ្នា​នេះ​ដែរ​។ ក្រសួង​បញ្ជាក់​ថា បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ នឹង​កើតមាន​ច្រើន​នៅ​តំបន់​វាលទំនាប ដូច្នេះ​ក្រសួង​ស្នើ​ឱ្យ​ពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​រឿង​នេះ។

គិត​ត្រឹម​ពាក់​កណ្ដាល​ខែ​ឧសភា​កន្លង​​ទៅ មាន​ពលរដ្ឋ ៣៥​នាក់​ហើយ ដែល​ត្រូវ​រន្ទះបាញ់​ស្លាប់ និង ៣២​នាក់​ទៀត​រងរបួស។ បាតុភូត​ធម្មជាតិ​នេះ ក៏បាន​ធ្វើ​ឱ្យ​លំនៅឋាន​របស់​ពលរដ្ឋ​ជាច្រើន​គ្រួសារ​រង​ការ​ខូចខាត និង​ងាប់​សត្វ​ពាហនៈ​ជាច្រើន​ក្បាល​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។