អ្នកឃ្លាំមើល​បរិស្ថាន​ថា បទល្មើស​ព្រៃឈើ​កើន​ឡើង ដោយសារ​ក្រសួង​រឹតត្បិត​ពលរដ្ឋ​មិន​ឱ្យ​ល្បាត​ព្រៃ

អ្នកឃ្លាំមើល​បរិស្ថាន​អះអាង​ថា ការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​របស់​មន្ត្រី​ជំនាញ​កើន​ឡើង ដោយសារតែ​ក្រសួង​បរិស្ថាន​នៅតែ​រឹតត្បិត​ពលរដ្ឋ និង​ប្រជា​សហគមន៍​មូលដ្ឋាន​មិន​ឱ្យ​ល្បាត​ព្រៃ ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​។ ការ​លើកឡើង​នេះ ក្រោយពី​ក្រសួងបរិស្ថាន​បាន​បង្ហាញ​របាយការណ៍ បង្ក្រាប​បទល្មើស​ព្រៃឈើ​បាន​ជិត ៩​ពាន់​ករណី (៩ ០០០) ក្នុង​ឆ្នាំ ២០២០ កើន​ឡើង ៣០% បើ​ធៀប​នឹង​ឆ្នាំ​២០១៩។

សកម្មជន​បរិស្ថាន​លើកឡើង​ថា របាយការណ៍​របស់​ក្រសួង​បរិស្ថាន ឆ្លុះបញ្ចាំង​ថា បទល្មើស​ព្រៃឈើ​នៅ​កម្ពុជា​នៅតែ​កើត​មាន​ច្រើន ដោយ​មិន​បាន​ថមថយ​នោះ​ទេ។

អ្នកឃ្លាំមើល​បរិស្ថាន លោក ម៉ា ចិត្រា ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ មករា​ថា មូលហេតុ​សំខាន់​នាំ​ឱ្យ​ការ​បង្ក្រាប​បទល្មើស​កើនឡើង ដោយសារតែ​ក្រសួង​បរិស្ថាន និង​សមត្ថកិច្ច​បាន​ហាមប្រាម​ប្រជា​សហគមន៍​មិន​ឱ្យ​ចុះ​ល្បាត​ព្រៃ ក្រោម​ហេតុផល​តំបន់​ស្នូល និង​មិន​សុំច្បាប់​អនុញ្ញាត​។ លោក​ថា របាយការណ៍​របស់​ក្រសួង​បរិស្ថាន ឆ្លុះបញ្ចាំង​ថា ស្ថាប័ន​ជំនាញ​មួយ​នេះ គ្មាន​សមត្ថភាព​ការពារ​ព្រៃឈើ​ឱ្យ​មាន​ប្រសិទ្ធភាព​នោះ​ទេ​៖ «ដោយសារតែ​រឹតត្បិត​សហគមន៍​មិន​ឱ្យ​ចុះ​ល្បាត​ហ្នឹងហើយ បាន​ធ្វើឱ្យ​បទល្មើស​ហ្នឹង​កើន​ឡើង យើង​សំណូមពរ​ឱ្យ​ក្រសួង​ហ្នឹង ឱ្យ​សហគមន៍​ចុះ​ល្បាត​ដូច​សព្វមួយដង​ទៅ ហើយ​មិន​ចាំបាច់​សរសេរ​លិខិត នាំ​តែ​ខាត​ពេល វេលា​ទាំងអស់​គ្នា​ហ្នឹង»។

ការ​លើកឡើង​របស់​សកម្មជន​នេះ គឺ​បន្ទាប់ពី​ក្រសួងបរិស្ថាន​បង្ហាញ​របាយ​ការណ៍​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ក្នុង​ឆ្នាំ​២០២០​។ របាយការណ៍​ឱ្យ​ដឹង​ថា​ មន្ត្រី​ឧទ្យានុរក្ស​បង្ក្រាប​បាន​បទល្មើស​ជិត ៩​ពាន់​ករណី ( ៨.៩១៧ ) កើន​ឡើង​ជាង ៣​ពាន់​ករណី ( ៣.៤៤២) បើ​ធៀប​នឹង​ឆ្នាំ​២០១៩។ ក្នុង​ការ​បង្ក្រាប​នេះ មន្ត្រី​ជំនាញ បាន​បញ្ជូន​សំណុំរឿង​បទល្មើស​ធនធាន​ធម្មជាតិ ទៅ​តុលាការ​ជាង ៦​រយ​ករណី ( ៦០៥ ករណី ) ផាក​ពិន័យ​អន្តរការណ៍​ជាង ៨​រយ​ករណី (៨៥៧ ) និង​ធ្វើ​កិច្ចសន្យា​ឱ្យ​បញ្ឈប់​ជិត ៣​ពាន់​ករណី ( ២ ៩៤៦)។

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា មាន​ប្រសាសន៍​ថា បទល្មើស​ភាគច្រើន គឺ​ការ​លួច​កាប់​ឈើ កាប់​រុករាន​ទន្ទ្រានព្រៃ​ខុសច្បាប់ បរបាញ់​សត្វ និង​ដាក់​អន្ទាក់​ចាប់​សត្វព្រៃ​ជាដើម​។ លោក​បញ្ជាក់​ថា បទល្មើស​ព្រៃឈើ​ខ្នាត​ធំ​លែង​មាន​ទៀត​ហើយ គឺ​មាន​តែ​បទ​ល្មើស​ព្រៃឈើ​តូចៗ​ប៉ុណ្ណោះ ៖ «បង្ក្រាប​បទល្មើស​របស់​មន្ត្រី​ឧទ្យានុរក្ស សហការ​ជាមួយ​ដៃគូ យើង​ឃើញ​ថា ការ​បង្ក្រាប​របស់​យើង គឺ​មាន​ការ​កើនឡើង ៣០ ភាគរយ ដែល​ឆ្នាំ ២០១៩ វា​ឡើង​តែ​ជាង ៥​ពាន់ ឥលូវ​វា​ឡើង​ដល់​ជាង ៨​ពាន់​ករណី ដែល​យើង​បង្ក្រាប​បាន»។

ទោះជា​យ៉ាងណា លោក នេត្រ ភក្ត្រា នៅ​មិនទាន់​ឆ្លើយតប​ចំពោះ​ការចោទប្រកាន់​របស់​សកម្មជន​បរិស្ថាន​ដែល​ថា ការ​បង្ក្រាប​បទល្មើស​កើន​ឡើង ដោយសារ​ក្រសួង​រឹតត្បិត​ពួកគេ​មិន​ឱ្យ​ល្បាត​ព្រៃឈើ​នោះ​នៅឡើយ​ទេ។ ប៉ុន្តែ​លោក​ធ្លាប់​អះអាង​ថា ក្រសួង​បរិស្ថាន​បាន​ផ្ដល់​កិច្ចសហការ​តែ​ជាមួយ​ប្រជា​សហគមន៍​ណា ដែល​ទទួលស្គាល់​ដោយ​ច្បាប់ ឬ​មានការ​ចុះបញ្ជី​ត្រឹមត្រូវ​នៅ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​ពាក់ព័ន្ធ​តែប៉ុណ្ណោះ។

ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ ទប់ស្កាត់​ការបំផ្លាញ​ធនធានធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ (ACNCIPO) លោក ជា ហ៊ាន សង្កេត​ឃើញ​ថា បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​នៅតែ​កើតមាន​មក​ទល់​ពេល​នេះ​។ លោក​ថា អំពើពុករលួយ គឺជា​មូលហេតុ​ចម្បង ធ្វើ​ឱ្យ​បទល្មើស​កើន​ឡើង​ច្រើន ដែល​ក្រសួង​បរិស្ថាន​មិន​ទាន់​កំណែទម្រង់​នៅឡើយ​ទេ ៖ «មន្ត្រី​គាត់​ប្រព្រឹត្ត​អំពើពុករលួយ ភាព​ស្មុគស្មាញ​ក្នុង​ការ​អនុវត្ត​ច្បាប់ ហើយ​ការដែល​ជន​ប្រព្រឹត្ត​បទល្មើស​កើន​ឡើង គឺ​គាត់​មិន​ខ្លាច​ច្បាប់ ដោយសារតែ​មន្ត្រី​មិន​អនុវត្ត​។ អ៊ីចឹង​បើ​យើង​អនុវត្ត​លើ​មន្ត្រី​ជំនាញ​ទាំងឡាយ​ណា ដែល​ប្រព្រឹត្ត​អំពើពុករលួយ ផ្ដន្ទាទោស ហើយ​រឹបអូស​ទ្រព្យសម្បត្តិ ពេលនោះ​ហើយ បទល្មើស​នឹង​ថយ»។

កាលពីដើម​ខែ​ធ្នូ ឆ្នាំ ២០២០ ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្នែក​បរិស្ថាន ម៉ុនហ្កាបេ (Mongabay) បាន​រាយការណ៍ ដោយ​ផ្អែក​ទៅ​លើ​ទិន្នន័យ​ពី​ផ្កាយរណប​ថា តំបន់​ជួរ​ភ្នំក្រវាញ ដែល​គ្រប​ដណ្តប់​លើ​ឧទ្យាន​ជាតិ និង​ដែន​ជម្រក​សត្វព្រៃ​ចំនួន​៨ បាន​បាត់បង់​ទំហំ​ព្រៃឈើ​ជាង ១ សែន ៤​ម៉ឺន​ហិកតារ ( ១៤៨.០០០) ឬ​ស្មើនឹង​ជិត ១០ ភាគរយ (៨,៦%) នៃ​គម្រប​ព្រៃឈើ​សរុប ក្នុង​ចន្លោះ​ឆ្នាំ ២០០១ ដល់ ២០១៩​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ដដែល​រាយការណ៍​ទៀត​ថា ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ជួរ​ភ្នំក្រវាញ​ទាំងមូល មិន​ថយ​ចុះ​នោះ​ទេ នៅ​ឆ្នាំ​២០២០ ស្រប​ពេល​សកម្មជន​ប​រិ​ស្ថាន​រក​ឃើញ​ថា តំបន់​អភិរក្ស​ទូទាំង​ប្រទេស​កំពុង​រង​ការ​បំផ្លិចបំផ្លាញ ដោយសារ​គម្រោង​ដី​សម្បទាន​សេដ្ឋកិច្ច ការ​កាប់​ព្រៃឈើ និង​ការទន្ទ្រាន​យក​ដី​ជា​កម្មសិទ្ធិឯកជន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។