សហគមន៍​នេសាទ​រង​ផល​ប៉ះពាល់​ពី​ទឹក​តូច​នៃ​ទន្លេ​មេគង្គ​ ក្រោយ​ពី​ចិន​និង​ឡាវ​បិទ​ទ្វារ​ទឹក

0:00 / 0:00

សហគមន៍​ចាម​អ្នកនេសាទ​នៅ​ក្នុង​តំបន់​ជ្រោយចង្វារ​ត្រើយ​ខាងកើត នៃ​រាជធានី​ភ្នំពេញ សម្ដែង​ក្តី​បារម្ភ​ពី​ផល​ប៉ះពាល់​ជីវភាព ដោយសារ​កំពង់​ទឹកទន្លេ​មេគង្គ​ស្រក​ចុះ​ទាប​ខ្លាំង​មិន​ធ្លាប់​មាន​ពីមុន បណ្ដាល​ឱ្យ​នេសាទ​ត្រី​មិនបាន។ អ្នក​បរិស្ថាន និង​ទីភ្នាក់ងារ​ឃ្លាំមើល​ទន្លេ​មេគង្គ​និយាយ​ថា កម្ពស់​ទឹកទន្លេ​មេគង្គ​នៅ​ឆ្នាំនេះ​ស្រក​ចុះ​ទាប​ខ្លាំង មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​មួយ​សតវត្ស​កន្លង​មក​នេះ បណ្ដាល​មក​ពី​គ្រោះ​រាំងស្ងួត​ផង និង​ការ​បង្ខាំង​ទឹកទន្លេ​មេគង្គ​ដោយ​ទំនប់​វារីអគ្គិសនី​របស់​ចិន និង​ឡាវ ដើម្បី​ប្រយោជន៍​ប្រទេស​របស់​ខ្លួន​ផង។

នៅ​ខណៈ​មន្ត្រី​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា​ថា បញ្ហា​នេះ​បណ្ដាល​មក​ពី​កត្តា​ធម្មជាតិ ឯ​សហរដ្ឋអាមេរិក​ឯណោះ​វិញ​ថា ប្រទេស​ចិន​កំពុង​គ្រប់គ្រង​ធនធាន​ទឹក​ក្នុង​ទន្លេ​មេគង្គ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រទេស​នៅ​ខ្សែទឹក​ខាងក្រោម។

ប្រជាពលរដ្ឋ​អ្នកនេសាទ​រស់នៅ​ក្នុង​តំបន់​ជ្រោយចង្វារ​នៃ​រាជធានី​ភ្នំពេញ បង្ហាញ​ក្តី​បារម្ភ​ដែល​ពួកគាត់​មិន​អាច​រក​ចំណូល​បាន​តាមរយៈ​នេសាទ​ដែល​ជា​មុខរបរ​តែមួយគត់​តាំងតែ​ពី​ដូនតា​មក ដ្បិត​កម្ពស់​ទឹក​ទន្លេ​មេគង្គ​នៅ​ឆ្នាំនេះ​ស្រក​ចុះ​ទាប​ខ្លាំង​ខុស​ពី​រៀងរាល់​ឆ្នាំ។

បណ្ដាញ​សារព័ត៌មាន National Geographic ផ្សាយ​ថ្មីៗ​នេះ​ថា គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ និង​ការ​បង្ខាំង​ទឹក​ទុក​ដោយ​ប្រទេស​ចិន និង​ឡាវ បណ្តាល​ឱ្យ​កម្ពស់​ទឹកទន្លេ​មេគង្គ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​ជាង ១០០​ឆ្នាំ​មកនេះ ហើយ​ដែល​អាច​នឹង​បង្ក​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ពពួក​ត្រី និង​មនុស្ស​រាប់​សិប​លាន​នាក់​ដែល​រស់នៅ​តាម​ដង​ទន្លេ​មេគង្គ។

កំពុង​ឈរ​នៅ​ពីមុខ​ខ្ទម ភ្នែក​សម្លឹង​ទៅ​កាន់​ទូក​ដែល​ចង​នៅ​មាត់ច្រាំង​ទន្លេ អ្នកនេសាទ​ម្នាក់​ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ប្រាប់​អាស៊ីសេរី​ថ្មីៗ​នេះ​ថា ភាព​ខុស​ប្រក្រតី​នៃ​ទឹកទន្លេ​មេគង្គ​នៅ​ឆ្នាំនេះ បាន​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ជីវភាព​គ្រួសារ​របស់​អ្នកស្រី និង​អ្នកនេសាទ​ផ្សេងទៀត ដោយសារ​គ្រួសារ​របស់​អ្នកស្រី​មិន​អាច​រក​ចំណូល​បាន​គ្រប់គ្រាន់​តាមរយៈ​ការ​ប្រកប​របរ​នេសាទ​នេះ៖ «បើ​ថា រឿង​ចិន​បិទ​យើង​នៅ​ជឿ​ថា បើ​គេ​មិន​បិទ ក៏​វា​មិន​ពិបាក​ដល់​យើង​ក្រោម​ដែរ ពីព្រោះ​រាំងស្ទះ​មកពី​លើ​មក បាន​ប៉ះពាល់​ដល់​យើង​ក្រោម​។ បើ​អត់​មាន​រាំងស្ទះ​ពីលើ​មក អត់​ប៉ះពាល់​ដល់​យើង​ក្រោម​ទេ វា​មក​ពីលើ​ដែរ»។

អ្នកស្រី​បន្ត​ថា ការ​រាំង​ខ្ទប់​ទឹកទន្លេ​មេគង្គ​ទុក​បម្រើ​ប្រយោជន៍​ផ្ទាល់ខ្លួន​របស់​ប្រទេស​ឡាវ និង​ប្រទេស​ចិន​ធ្វើ​ឱ្យ​ទឹកទន្លេ​មាន​ទំហំ​តូច ដែល​មិន​អាច​ផ្ដល់​ជម្រក​ឱ្យ​ពពួក​ត្រី​ពង​បាន៖ «ឆ្នាំ​នេះ​ទឹក​តូច​មាន​កន្លែង​ណា​ឱ្យ​ត្រី​ពង អត់។ អ៊ីចឹង​បាន​ជីវភាព​យើង​ខ្វះខាត​ត្រង់​ហ្នឹង​។ ខ្វះខាត​កន្លែង​ថា ជីវភាព​យើង​នេសាទ​យើង​ត្រូវការ​បាន​ត្រី ចុះបើ​ទឹក​តូច យើង​អត់​បាន​ត្រី បាន​អី​ ? អត់​ដឹង​ថា រក​ស្អី ?»។

អង្គុយ​ជាមួយ​ក្រុម​គ្រួសារ​នៅ​ក្នុង​ផ្ទះ​ខ្ទម​តូច​ប្រក់​ស្លឹក សង់​នៅ​មាត់ច្រាំង​នៃ​ទន្លេ​មេគង្គ អ្នកនេសាទ​ម្នាក់ទៀត គឺ​លោក ម៉ាត់ យូសុះ បាន​ប្រាប់​អាស៊ីសេរី​ថា ជា​រៀងរាល់​ឆ្នាំ លោក​និង​ក្រុម​គ្រួសារ​អាច​រក​ត្រី​ដើម្បី​ផ្គត់ផ្គង់​ជីវា​ភាព​បាន​គ្រាន់ ប៉ុន្តែ​នៅ​ឆ្នាំនេះ​លោក​មិន​អាច​រក​បាន​ដូច​ពេល​មុន​ទេ ដ្បិត​ដង្ហើមទឹក​ទន្លេ​មេគង្គ មិន​ហក់​ឡើង​ដូច​រៀងរាល់​ឆ្នាំ​នា​រដូវវស្សា៖ «ឆ្នាំទៅ​យើង​អាច​រក​បាន​គ្រាន់បើ ទាំង​ត្រី​ល្អិត ទាំង​ត្រី​តូច​ទាំង​ត្រី​ធំ​។ យើង​អាច​ថា បើ​មិន​អាច​សល់ ក៏​អាច​ទប់ទល់​ក្នុង​គ្រួសារ​បាន»។

ដៃ​ចង្អុល​ទៅកាន់​ទូក​របស់​គាត់​ដែល​ចង​នៅ​មាត់ច្រាំង​ទល់មុខ​ខ្ទម លោក យូ សុះ រៀបរាប់​បន្ត​ថា រាល់​ឆ្នាំ​នា​រដូវ​ទឹក​ឡើង លោក​អាច​រក​ត្រី​បាន​បាន​ច្រើន​ប្រភេទ៖ «ឆ្នាំ​មុន​ពេល​ទឹក​ឡើង​អ៊ីចឹង វា​មាន​ត្រី​ព្រាម ត្រី​ប្រាកណ្តុរ ត្រី​កែ ត្រី​ចេកទុំ។ អាហ្នឹង​ដែល​ចំណាំ ដែល​រាល់​ឆ្នាំ​មក​ដែល​ទឹក​ឡើង​មក​យើង​បណ្ដែត​ត្រូវ តែ​វា​មិន​ថា​មួយ​ជើង​អីហ្នឹង ត្រី​ហ្នឹង​បី​បួន​ក្បាល ត្រី​កែ​បី​បួន​ក្បាល​ទៅ ចេកទុំ​មួយ​ពីរ​អីចឹង​ទៅ​។ វា​គួប​ផ្សំ​គ្នា តែ​ឆ្នាំនេះ​អត់ អា​ត្រី​អី​ក៏​គ្មាន បានតែ​ត្រី​កែង​មួយ​មុខ»។

មិនមែន​តែ​កម្ពុជា​ទេ ដែល​រង​ផល​ប៉ះពាល់​ពី​កម្ពស់​ទឹកទន្លេ​មេគង្គ​ស្រក​ចុះ​ទាប​ខ្លាំង​ជា​លើកដំបូង​ក្នុង​រយៈពេល​១០០​ឆ្នាំ​មកនេះ ប្រជាពលរដ្ឋ​ឡាវ និង​ថៃ ក៏​ជួប​ការ​ខ្វះខាត​ទឹក​ធ្វើស្រែ​ដែរ។ មេដឹកនាំ​ប្រទេស​ទាំងពីរ​ដែល​នៅ​ខ្សែទឹក​ខាងលើ​កម្ពុជា បាន​ស្នើ​សុំ​ឱ្យ​ប្រទេស​ចិន​បើកទ្វារ​ទំនប់ទឹក​បញ្ចេញ​ទឹក​បន្ថែម។

នាយករង​នៃ​នាយកដ្ឋាន​ឧតុនិយម​នៃ​រដ្ឋាភិបាល​ឡាវ លោក ប៊ុនថង សួនវណ្ណៈហាន (Bounthong Souvannahan) បាន​ប្រាប់​អាស៊ីសេរី ថ្មីៗ​នេះ​ថា ចិន​បាន​បិទទ្វារ​ទំនប់​វារីអគ្គិសនី​ជីងហុង (Jinghong) ដើម្បី​បង្ខាំង​ទឹក​ទុក​សម្រាប់​ប្រយោជន៍​ខ្លួនឯង បណ្ដាល​ឱ្យ​កសិករ​ឡាវ និង​អ្នក​រស់នៅ​ខ្សែទឹក​ខាងក្រោម ដែល​អាស្រ័យ​ផល​ពី​ទឹកទន្លេ​មេគង្គ​ជួប​បញ្ហា​ធ្ងន់ធ្ងរ។ លោក​ថា ទំនប់​វារីអគ្គិសនី​ជីងហុង​របស់​ចិន កំពុង​បញ្ចេញ​ទឹក​ត្រឹម ៦០០​ម៉ែត្រគួប​ប៉ុណ្ណោះ​ក្នុង ១​វិនាទី ដែល​ចំនួន​នេះ​តិច​ជាង​ពាក់​កណ្ដាល​នៃ​ចំនួន​ដែល​ធ្លាប់​បញ្ចេញ។

នកនេសាទ​ម្នាក់ទៀត គឺ​លោក ម៉ាត់ ស្លេះ មាន​វ័យ ៧៧​ឆ្នាំ ដែល​ប្រកប​របរ​នេះ តាំងតែ​ពី​ខ្លួន​មិនទាន់​ដឹង​ក្តី​ស្រួលបួល​ផង​នោះ បាន​សម្ដែង​ក្តី​បារម្ភ​ប្រាប់​អាស៊ីសេរី ខណៈ​ដៃ​ទាំងពីរ​កំពុង​ជាប់រវល់​ចង​មង​ទុក​សម្រាប់​ចាប់​ត្រី ថា ឆ្នាំនេះ​លោក​និង​មិត្ត​អ្នកនេសាទ​ដទៃ​ទៀត​បាន​ជួបប្រទះ​បញ្ហា​ជីវភាព​ខ្វះខាត​ធ្ងន់​ដ្បិត មិន​អាច​រក​ត្រី​បាន​គ្រប់​ល្មម៖ «យ៉ាប់​ណាស់​ឆ្នាំនេះ វា​កម្សត់​ជាង​ឆ្នាំ​មុន​ទៅ​ទៀត អា​ខ្លះ​ចង​អត់​បាយ ខ្លះ​បាន​ទៅ ខ្លះ​ចង់​អត់បាយ អា​ខ្លះ​កូន​ច្រើន​ចង់​អត់បាយ​ហ្នឹងហើយ»។

ប្រទេស​នៅ​ខ្សែទឹក​ខាងលើ​កម្ពុជា តែ​នៅ​ក្រោម​ឡាវ និង​ចិន​ដែរ​នោះ គឺ​ប្រ​ទស​ថៃ។ នាយករដ្ឋមន្ត្រី​ថៃ លោក ប្រាយុទ្ធ ច័ន្ទអូឆា (Prayuth Chan-o-cha) បាន​ប្រាប់​កាសែត​បាងកក​ប៉ុស្ត៍​ថ្មីៗ​នេះ​ថា លោក​មានការ​ព្រួយបារម្ភ​អំពី​ជីវភាព​របស់​កសិករ​ថៃ ដ្បិត​ពួកគេ​បាន​ចំណាយ​លុយ និង​ពេលវេលា​ច្រើន​ណាស់ ប៉ុន្តែ​ឥឡូវនេះ​ស្រាប់តែ​ខ្វះ​ទឹក​ធ្វើស្រែ​។ នាយករដ្ឋមន្ត្រី​ថៃ​រូប​នេះ បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ចិន និង​ឡាវ បញ្ចេញ​ទឹក​បន្ថែម​ទៀត ហើយ​រដ្ឋាភិបាល​ទាំងពីរ​ក៏បាន​យល់ព្រម។

ចំណែក​នៅ​កម្ពុជា​វិញ មន្ត្រី​ក្រុងភ្នំពេញ លោក តែ ណាវុធ អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ប្រាប់​អាស៊ីសេរី​ថា ការដែល​ទឹកទន្លេ​មេគង្គ​មាន​សភាព​តូច​ខុស​ប្រក្រតី​នៅ​ឆ្នាំនេះ មិន​មាន​អ្វី​ទាក់ទង​នឹង​ការ​រាំង​ខ្ទប់​ខ្សែទឹក​ខាង​លើ ដោយ​វារីអគ្គីសនី​របស់​ភាគី​ចិន និង​ឡាវ​នោះ​ទេ តែ​លោក​ថា គឺ​ដោយសារតែ​មានការ​បម្រែបម្រួល​អាកាសធាតុ​ដែល​បណ្ដាល​ឱ្យ​មាន​ភ្លៀង​ធ្លាក់​តិច​នៅ​ឆ្នាំនេះ៖ «ឆ្នាំ​ហ្នឹង​វា​តូច ដោយសារ​មក​ទល់​ពេល​នេះ​ទន្លេ​វា​នៅ​ទាប​នៅ​ឡើយ ដោយសារ​បរិមាណ​ទឹក​ភ្លៀង​វា​ធ្លាក់​តិច​ជាង​រាល់ដង​ជាង​ឆ្នាំ​មុនៗ​។ អ៊ីចឹង​ហើយ​យើង​និយាយ​ដោយ​សាមញ្ញ​ថា ការប្រែប្រួល​អាកាសធាតុ​នៅ​ក្នុង​តំបន់​មេគង្គ​ហ្នឹង​ដែល​បណ្ដាល​ឱ្យ​មាន​ភាព​រាំងស្ងួត ទើប​បរិមាណ​វា​ខុស​ធម្មតា»។

ប៉ុន្តែ សម្រាប់​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិបាលកិច្ច​ធនធានធម្មជាតិ លោក ហែម ឧត្តម ដែល​តាមដាន​យ៉ាង​សកម្ម​លើ​បញ្ហា​ធម្មជាតិ និង​បញ្ហា​ទន្លេ​មេគង្គ ហាក់​យល់​ខុស​ពី​មន្ត្រី​ក្រុងភ្នំពេញ​។ លោក​យល់ថា ការ​បង្ខាំង​ទុក​ទឹកទន្លេ​មេគង្គ​ដោយ​ភាគី​ចិន និង​ឡាវ​បាន​រួម​ចំណែក​ធ្វើ​ឱ្យ​ទឹកទន្លេ​មេគង្គ​មាន​កម្ពស់​ទាប​នៅ​ឆ្នាំនេះ ហើយ​លោក​យល់ថា មន្ត្រី​ក្រុងភ្នំពេញ​ទំនងជា​មាន​ការ​ពិបាក​ក្នុង​ការ​និយាយ​ការពិត ដ្បិតអី​រឿង​នេះ​វា​អាច​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ៖ «នៅ​ក្នុង​បញ្ហា​បរិស្ថាន​នេះ មែនទែន​ទៅ​វា​ពាក់ព័ន្ធ​នឹង​រឿង​ដែល​គេ​ហៅ Politics ឬក៏​នយោបាយ​ខ្លះៗ​ដែរ ហើយ​ពេលខ្លះ​តួ​អង្គ​ផ្សេងៗ​គាត់​មានការ​បញ្ចេញ​មតិ​រៀងៗ​ខ្លួន​ដើម្បី​ជា​របៀបវារៈ​របស់​ស្ថាប័ន​គាត់​។ ដូច​ខ្ញុំ​លើក​ពី​ខាងដើម​អ៊ីចឹង គណៈកម្មការ​ទន្លេ​មេគង្គ​ថ្នាក់​តំបន់​ដែល​មាន​ថ្នាក់​ជាតិ​ជា​សមាជិក​ហ្នឹង គាត់​ពិបាក​ក្នុង​ការ​បញ្ចេញមតិ​ដែរ។ ពេលខ្លះ​ដែល​ខ្ញុំ​លឺ​ញឹកញាប់​នោះ​គឺ អ្នក​បច្ចេកទេស​គាត់​យល់​អំពី​ផល​ប៉ះពាល់។ គាត់​រៀបរាប់​បញ្ហា​ទៅកាន់​អ្នក​សម្រេច​ចិត្ត ហើយ​ពេលខ្លះ ការ​ស្នើ​របស់​គាត់​ទៅ​កាន់​អ្នក​សម្រេចចិត្ត​ក៏​អត់​ដូច​ផ្អែក​ទៅតាម​លក្ខណៈ​បច្ចេកទេស​ដែល​ពួកគាត់​ស្នើ​សុំ​ដែរ»។

ចំណែក​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​វិញ នៅ​ដើម​ខែ​សីហា បាន​បង្ហោះ​អត្ថបទ​មួយ​ក្រោម​ចំណងជើង​ថា ការ​ដោះស្រាយ​នឹង​គ្រោះ​រាំងស្ងួត​៖ បញ្ហា​ប្រឈម​នៅ​តំបន់​ឡាង​ឆាង​-​មេគង្គ បាន​បញ្ជាក់​ថា កត្តា​ចម្បង​ដែល​បង្ក ឱ្យ​មាន​គ្រោះ​រាំងស្ងួត​នៅ​តាម​តំបន់​ដង​ទន្លេ​មេគង្គ គឺ​បណ្ដាល​មក​ពី​បាតុភូត​អាកាសធាតុ​អេលណីណូ (El Nino) ដែល​ធ្វើ​ឱ្យ​ភ្លៀង​ធ្លាក់​តិច​ខុស​ពី​សព្វមួយដង​។ ប៉ុន្តែ​មន្ត្រី​ចិន​រូប​នោះ​មិនបាន​លើកឡើង​ពី​ផល​ប៉ះពាល់​នៃ​ការ​រាំង​ខ្ទប់​លំហូរ​ទឹក​ខាងលើ​ដោយ​ប្រទេស​ចិន​នោះ​ទេ។

រីឯ​រដ្ឋមន្ត្រីការបរទេស​របស់​សហរដ្ឋអាមេរិក លោក ម៉ៃឃ៍ ប៉ុមផេអូ (Mike Pompeo) ត្រូវ​បាន​ស្រង់​សម្តី​ដោយ​ទីភ្នាក់ងារ​កាសែត​បារាំង អា អេហ្វ ប៉េ (AFP) នៅ​ថ្ងៃ​ទី​៣១ កក្កដា​កន្លង​ទៅ​ថា ប្រទេស​ចិន​កំពុង​ត្រួតត្រា​លំហូរ​ទឹកទន្លេ​មេគង្គ​ដែល​ជា​ប្រភព​ដ៏​សំខាន់ តាមរយៈ​ទំនប់​វារីអគ្គិសនី​របស់​ខ្លួន។

ទោះជា​យ៉ាងណា ប្រធាន​ការិយាល័យ​យុទ្ធសាស្ត្រ និង​ភាពជា​ដៃគូ​នៃ​លេខាធិការដ្ឋាន​គណៈកម្មការ​ទន្លេ​មេគង្គ បណ្ឌិត អានូឡាក់ ឃិទ្ទីឃួន ( Anoulak Kittikhoun) ប្រាប់​អាស៊ីសេរី​ថា ទន្លេ​មេគង្គ​នឹង​ប្រែប្រួល បើ​ទោះ​ជា​មិន​មាន​ទំនប់​វារីអគ្គិសនី​ក៏​ដោយ​ចុះ​។ លោក​ថា ទន្លេ​ណា​ក៏​ដោយ​ក៏​មិន​ស្ថិត​នៅ​ថេរ​ដូចដើម​រហូត​នោះ​ទេ​។ ក៏ប៉ុន្តែ លោក​បញ្ជាក់​ថា សំណង់​ទំនប់​វារីអគ្គិសនី​នៅ​ក្នុង​ដង​ទន្លេ​មេគង្គ បណ្ដាល​ឱ្យ​ទន្លេ​មេគង្គ​ប្រែប្រួល​លឿន និង​បង្ក​ផលវិបាក​ពីរ​យ៉ាង​ដល់​ជីវិត​មនុស្ស ពពួក​ត្រី និង​បរិស្ថាន៖ «ទន្លេ​មេគង្គ​ដែល​មាន​ទំហំ​ធំធេង មាន​ត្រី​ច្រើន​អនេក និង​ច្រើន​ប្រភេទ ដែល​មនុស្ស​រាប់​សិប​លាន​នាក់​ពឹង​អាស្រ័យ​ដើម្បី​ជីវភាព នឹង​រង​ផល​ប៉ះពាល់។ ទី​២ លំហូរ​នៃ​ទឹកទន្លេ​ដែល​ពាំនាំ​ដី​ល្បប់​ដែល​មាន​ជីជាតិ​ល្អ​បំផុត​សម្រាប់​វិស័យ​កសិកម្ម និង​សម្រាប់​ជួយ​ទប់​ច្រាំងទន្លេ​មិន​ឱ្យ​បាក់​នឹង​ថយ​ចុះ នៅ​ពេល​គេ​សង់​ទំនប់​វារីអគ្គិសនី​កាន់តែ​ច្រើន​នៅ​ក្នុង​ទន្លេ​មេគង្គ​។ ហេតុ​ដូចនេះ យើង​បាន​និយាយ​ទៅកាន់​ប្រទេស​ពាក់ព័ន្ធ​ថា អ្នក​ត្រូវតែ​មាន​ចាត់វិធានការ​ដោះស្រាយ​កែលំអ ក្នុង​នោះ​រួមមាន​ការគ្រប់គ្រង​ដី​ល្បាប់​ឱ្យ​បាន​ល្អ និង​គ្រប់គ្រង​ផ្លូវ​ធ្វើដំណើរ​របស់​ត្រី​ឱ្យ​មាន​ប្រសិទ្ធភាព ហើយ​បើ​មិន​មាន​ប្រសិទ្ធភាព​ទេ ត្រូវ​ពិនិត្យ​កែសម្រួល​ធ្វើ​ឱ្យ​វា​មាន​ប្រសិទ្ធភាព»។

ទន្លេ​មគង្គ​ដែល​ចាប់ផ្ដើម​ពី​តំបន់​ទីបេ ឆ្លង​កាត់​ប្រទេស​ចិន មីយ៉ានម៉ា ឡាវ ថៃ កម្ពុជា និង​វៀតណាម មាន​ប្រវែង​ប្រមាណ ៤.៣៥០​គីឡូម៉ែត្រ និង​មាន​មនុស្ស​ប្រមាណ ៦៥​លាន​នាក់ នាក់​ដែល​ពឹង​ពាក់​អាស្រ័យ​ផល​ផ្ទាល់​ពី​ទន្លេ​មួយ​នេះ​។ អ្នក​សម្របសម្រួល​អង្គការ​បណ្ដាញ​អភិរក្ស​ទន្លេ​មេគង្គ (Mekong Conservation Network) លោក សុំគៀត ឃួនឈៀងសា (Somkiat Khuanchiangsa) បាន​ប្រាប់​កាសែត​បាងកក​ប៉ុស្ត៍​ថ្មីៗ​នេះ​ថា ប្រទេស​ចិន មីយ៉ានម៉ា ឡាវ ថៃ កម្ពុជា និង​វៀតណាម ត្រូវ​ស្វែងរក​ដំណោះស្រាយ ដើម្បី​សង្គ្រោះ​ទន្លេ​មេគង្គ​ដែល​កំពុង​រង​ការ​ប៉ះពាល់​ខូចខាត​បរិស្ថាន និង​ប្រព័ន្ធ​អេកូឡូស៊ី ដែល​បណ្ដាល​មក​ពី​ទំនប់​វារីអគ្គិសនី​ចំនួន ១១ កំពុង​ប្រតិបត្តិការ ហើយ​ទំនប់​វារីអគ្គិសនី​ចំនួន ១១​ផ្សេងទៀត​កំពុង​ស្ថិត​ក្នុង​គម្រោង​សាងសង់​បន្ថែម​នៅ​ក្នុង​ដង​ទន្លេ​មេគង្គ​ខ្សែទឹក​ខាង​ក្រោម។

សម្រាប់​ពលរដ្ឋ​កម្ពុជា​នៅ​ពេល​នេះ​ក្រៅពី​អ្នកនេសាទ​ដែល​ត្អូញត្អែរ​ពីរ​ការ​រក​ត្រី​មិនបាន ជួប​ជីវភាព​លំបាក ដោយសារ​ទឹកទន្លេ​មគ្គ​ង​ស្រក​ខ្លាំង​ខុស​ពី​ឆ្នាំ​មុនៗ​នោះ ក៏​មាន​កសិករ​រាប់ពាន់​គ្រួសារ​កំពុង​ខ្វះខាត​ទឹក​ស្រោចស្រព​ដំណាំ​របស់​ខ្លួន​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។