ក្រសួងបរិស្ថានកំពុងចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងស្ត្រីម្នាក់ ដែលប្រើប្រាស់បណ្ដាញសង្គម យូធូប (Youtube) បង្ហោះពីរបៀបចម្អិនសត្វកម្ររួមមាន ឆ្មាព្រៃ និងពស់វែកជាដើម។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក សៅ សុភាព ប្រាប់ប្រព័ន្ធឃោសនារបស់លោក ហ៊ុន សែន នៅថ្ងៃទី៩ ខែឧសភា នេះថា ក្រសួងបរិស្ថានកំពុងប្រមូលព័ត៌មាននានា ទាក់ទងទៅនឹងសកម្មភាពរបស់ស្ត្រីរូបនោះ។
លោក សៅ សុភាព បន្តថា ក្នុងករណីរកឃើញថា ការសម្លាប់សត្វតិចតួចគឺក្រសួងគ្រាន់តែកោះហៅស្ត្រីរូបនោះមកអប់រំណែនាំទេ ប៉ុន្តែបើការសម្លាប់សត្វនេះមានកម្រិតធ្ងន់ធ្ងរនឹងឈានទៅចាត់ការតាមច្បាប់។
វិធានការរបស់ក្រសួងពេលនេះ ដោយសារ តែស្ត្រីម្នាក់ ដែលគេមិនទាន់ស្គាល់អត្តសញ្ញាណបានបង្កើតទំព័រ Youtube មួយឈ្មោះ «Natural Life TV» ហើយបានបង្ហាញសកម្មភាពយកសត្វព្រៃជាច្រើនប្រភេទមកចម្អិនជាអាហារ ស្រី្តនេះ មានគោលបំណងស្វែងរកការមើលឲ្យបានច្រើន ដើម្បីទទួលបានថវិកាពីការផ្សាយពាណិជ្ជកម្ម៕
