ប្រជាពលរដ្ឋនៅខេត្តបាត់ដំបងអះអាងថា អាជីវកម្មលក់សត្វព្រៃនៅតាមជាតិលេខ៥ នៅស្រុកសង្កែបន្តកើតមានជាថ្មី ដោយសារអាជ្ញាធរប្រព្រឹត្តអំពើពុករលួយ ដើម្បីជាថ្នូរបើដៃឲ្យពលរដ្ឋទាក់សត្វព្រៃយកទៅលក់ឲ្យឈ្មួញ។ អ្នកភូមិព្រួយបារម្ភថា អាជីវកម្មនេះនឹងធ្វើឲ្យហិនហោចសត្វកម្រនៅក្នុងព្រៃក្នុងពេលឆាប់ៗ ប្រសិនបើអាជ្ញាធរនៅតែមិននាំគ្នាទប់ស្កាត់ឲ្យបានតឹងរ៉ឹងនោះទេ។
ពលរដ្ឋនៅឃុំអន្លង់វិលស្រុកសង្កែឲ្យដឹងនៅថ្ងៃទី២៧តុលាថា ក្រុមអ្នករកស៊ីលក់សត្វព្រៃប្រភេទសត្វស្លាបដ៏កម្រ ដូចជាកុក មាន់ទឹក ស្រកៀខ្យង និងសត្វទុងជាដើម ត្រូវបានឈ្មួញដាក់លក់យ៉ាងព្រោងព្រាតនៅតាមដងផ្លូវជាត់លេខ៥ ក្នុងភូមិទួលចារនៃឃុំអន្លង់វិល ដោយគ្មានអាជ្ញាធរបង្ក្រាបណាទប់ស្កាត់ឲ្យមានប្រសិទ្ធភាពនោះទេ។
ពលរដ្ឋនៅស្រុកសង្កែដែលសុំមិនបញ្ចេញឈ្មោះព្រោះបារម្ភពីសុវត្ថិភាពអះអាងទៀតថា សមត្ថកិច្ចនៅមូលដ្ឋានមិនអាចបង្ក្រាបក្រុមអ្នកលក់សត្វព្រៃនេះបានទេ ព្រោះបានយកលុយពីក្រុមព្រានដើម្បីជាថ្នូរបានទាក់សត្វនៅតាមព្រៃយកទៅលក់ឲ្យឈ្មួញជាប្រចាំ៖ «ខ្ញុំគិតថា តិចទៀតអស់សត្វព្រៃនោះ ហើយបញ្ហានេះខ្ញុំមិនបន្ទោសអ្នកលក់ទេ ខ្ញុំបន្ទោសអ្នកចាប់សត្វ។ ចំណែកអាជ្ញាធរមិនបង្ក្រាបមិនជាប់ទេ តាមដែលខ្ញុំក្ដាប់បាន ព្រោះបានយកលុយពីគេ ទៅតាមការដែលចាប់សត្វបានតិច ឬច្រើន ដូចជាឲ្យ៥ម៉ឺនរៀលនិង៣ម៉ឺនរៀលក្នុងយប់មួយជាដើម។ហើយអ្នកលក់វិញគេលក់ចាប់ពីម៉ោង៧ព្រឹករហូត១២យប់ទើបគេឈប់លក់»។
អធិការនគរបាលស្រុកសង្កែមិនទាន់មានប្រតិកម្មជុំវិញការចោទប្រកាន់ពីប្រជាពលរដ្ឋនៅឡើយទេ ដោយលោកទទួលទូរស័ព្ទហើយបានចុចផ្ដាច់ទៅវិញ។
ប៉ុន្តែកាលពីថ្ងៃទី១៨ តុលា អធិការដ្ឋាននគរបាលស្រុកសង្កែ លោក ស៊ុន សុវណ្ណ បានសហការជាមួយសមត្ថកិច្ចជំនាញ រួមមានសង្កាត់រដ្ឋបាលព្រៃឈើខេត្តបាត់ដំបង មន្ត្រីរដ្ឋបាលស្រុក និងមន្ត្រីកងរាជអាវុធហត្ថស្រុកសង្កែ ចុះធ្វើការបង្ក្រាបការធ្វើអាជីវកម្មសត្វស្លាបដ៏កម្រដែលបានដាក់លក់នៅភូមិទួលចារ ឃុំអន្លង់វិលនោះ។ ការបង្ក្រាបនេះឃាត់ខ្លួនអ្នកធ្វើអាជីវកម្មសត្វស្លាបបាន ៧នាក់ហើយដកហូតសត្វស្លាបប្រភេទសត្វដ៏កម្រនេះបានចំនួន ១០ប្រភេទដែលបានសម្លាប់ហើយបោចរោមរួចជាស្រេច សរុបជិត៧០០ក្បាល។
ប៉ុន្តែ ប្រជាពលរដ្ឋនៅក្បែរតំបន់លក់សត្វព្រៃនោះលើកឡើងថា ការបង្ក្រាបនេះគ្រាន់តែធ្វើឲ្យល្អមើល ដើម្បីកាត់បន្ថយពីការរិះគន់របស់ពលរដ្ឋនៅតំបន់នោះតែប៉ុណ្ណោះ ព្រោះក្រោយពីការបង្ក្រាបអ្នកធ្វើអាជីវកម្មរបរនេះប្រហែល ១៥តូបនៅតែលួចដាក់លក់សត្វព្រៃដដែល ដោយគ្រាន់ប្ដូរពីការដាក់តាំងដោយចំហ មកដាក់នៅទីកំបាំងវិញម្ដង ហើយនៅពេលមានភ្ញៀវសួររកសត្វព្រៃទើបអ្នកលក់បញ្ចេញសត្វយកមកខាងក្រៅ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (adhoc) ខេត្តបាត់ដំបង លោក យិន ម៉េងលី លើកឡើងថា ការជួញដូរសត្វព្រៃគឺជាអំពើខុសច្បាប់ ហើយអ្នកដែលធ្វើអាជីវកម្មរបរនេះបានដោយសារការអនុវត្តច្បាប់របស់អាជ្ញាធរធូររលុង ដែលអាចកើតចេញពីការប្រព្រឹត្តអំពើពុករលួយរបស់អាជ្ញាធរពាក់ព័ន្ធ ឬដោយសារសមត្ថកិច្ចមិនខ្វល់ខ្វាយចំពោះការវិនាសហិនហោចសត្វព្រៃ ព្រោះបញ្ហានេះបានកើតឡើងជាច្រើនឆ្នាំហើយ នៅតែមានអ្នកប្រកបរបរនេះដដែល ហើយមិនតែប៉ុណ្ណោះ ថែមទាំងមានការលក់សត្វព្រៃនៅតាមភោជនីយដ្ឋានធំៗមួយចំនួនក្នុងខេត្តបាត់ដំបងទៀតផង៖ «ខ្ញុំគិតថាការអនុវត្តច្បាប់ យើងមើលច្បាប់យើងល្អណាស់ ក៏ប៉ុន្តែភាពចន្លោះច្រើនជាងគេគឺការអនុវត្តនេះឯង ដោយសារតែមិនមានយន្តការត្រួតពិនិត្យឲ្យបានច្បាស់លាស់ ហើយមានវិធានការទៅលើមន្ត្រីអនុវត្តច្បាប់ ព្រោះកន្លងមកច្រើនតែយោគយល់ថាមន្ត្រីអនុវត្តច្បាប់គាត់ធ្វើការហត់ហើយគាត់លំបាកណាស់ ដូច្នេះបើគាត់មានកំហុសអីមិនមានអ្នកណាហ៊ានធ្វើអ្វីទៅលើគាត់ទេ នេះជាចំណុចខ្សោយ»។
មន្ត្រីសង្គមស៊ីវិលរូបនេះ បញ្ជាក់ថា ដើម្បីកែប្រែចំណុចខ្សោយនេះឲ្យមានប្រសិទ្ធភាព លុះត្រាតែមន្ត្រីរដ្ឋអំណាចត្រូវត្រួតពិនិត្យទៅលើការអនុវត្តច្បាប់របស់មន្ត្រីថ្នាក់ក្រោម ដោយយកយោបល់ការត្អូញត្អែររបស់ប្រជាពលរដ្ឋធ្វើជាចំណុចសំខាន់ក្នុងការដោះស្រាយ ហើយកែប្រែចំណុចខ្វះខាតនោះធ្វើឲ្យពលរដ្ឋមានទំនុកចិត្តឡើងវិញ ដើម្បីកុំឲ្យពួកគាត់ចោទសមត្ថកិច្ចថាការអនុវត្តច្បាប់គ្មានប្រសិទ្ធភាពដោយសារការប្រព្រឹត្តអំពើពុករលួយ ដែលធ្វើឲ្យពលរដ្ឋអស់ជំនឿ ដោយសារតែពួកគាត់គិតថានៅពេលធ្វើខុសច្បាប់គឺបង់លុយទៅរួចខ្លួន ដែលការធ្វើដូច្នេះនឹងធ្វើឲ្យការគោរពច្បាប់ទៅថ្ងៃអនាគតធ្លាក់ដល់កម្រិតសូន្យជាពុំខាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
