មន្ត្រី​សង្គម​ស៊ីវិល និង​សកម្មជន​បរិស្ថាន​ទាម​ទារ​ឱ្យ​របប​ក្រុង​ភ្នំពេញ​បកស្រាយ​រឿង​រំសាយ​ដែន​ជម្រក​សត្វព្រៃ​ជាង ១១​ម៉ឺន​ហិកតារ

ដោយ សន ចាន់រដ្ឋា
2018.03.17
រនាមដូនសំ ៦២២ ផែនទីពណ៌​បៃតង បង្ហាញអំពី​ទីតាំង​ជម្រកសត្វព្រៃ​ រនាមដូនសំ នៅក្នុង​ខេត្ត​បាត់ដំបង។
Print-screen pic.

ពួក​គេ​យល់​ឃើញ​ថា ការ​ធ្វើ​បែប​នេះ គឺ​ជា​ការ​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​បំផ្លិច​បំផ្លាញ​ធនធាន​ធម្មជាតិ​កាន់​តែ​ខ្លាំង និង​បង្ហាញ​ឱ្យ​ឃើញ​កាន់​តែ​ច្បាស់​ថា ការ​ប្ដេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​រឿង​ការពារ​ធនធាន​ធម្មជាតិ​នោះ គ្រាន់តែ​ជា​ការ​ធ្វើ​ឱ្យ​ល្អ​មើល​ពី​ខាង​ក្រៅ​តែប៉ុណ្ណោះ។

មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម អាដហុក (ADHOC) លោក ប៉ែន បុណ្ណារ៍ ថ្លែង​ថា លោក​ភ្ញាក់​ផ្អើល​នៅ​ពេល​ឃើញ​ព្រះរាជក្រឹត្យ ស្ដីពី​ការ​រំលាយ​ដែន​ជម្រក​សត្វ​ព្រៃ ស្នួល និង​ដែន​ជម្រក​សត្វ​ព្រៃ រនាម​ដូន​សំ ដូច​នេះ ព្រោះ​រដ្ឋាភិបាល​តែង​តែ​លើក​ឡើង​អំពី​រឿង​ការពារ​ធនធាន​ធម្មជាតិ និង​ទើប​តែ​បាន​បង្កើត​តំបន់​អភិរក្ស​មួយ​ចំនួន​ទៀត ក៏​ប៉ុន្តែ​ស្រាប់​តែ​ពេល​នេះ មាន​ការ​រំសាយ​ដែន​ជម្រក​សត្វ​ព្រៃ​ពីរ​កន្លែង ដែល​មាន​ផ្ទៃដី​រាប់​ម៉ឺន​ហិកតារ ដោយ​មិនបាន​បញ្ជាក់​ពី​មូលហេតុ​ទៅ​វិញ។ លោក​សោក​ស្តាយ​ចំពោះ​រឿង​នេះ ព្រោះ​ដែន​ជម្រក​សត្វព្រៃ​ដែល​ជា​តំបន់​ការពារ​ដោយ​ច្បាប់​ជា​យូរ​ឆ្នាំ​មក​ហើយ​នោះ បែរ​ជា​ត្រូវ​រំសាយ​នៅ​ពេល​នេះ​ទៅ​វិញ៖ «ប្រសិន​បើ​មាន​ព្រះរាជក្រឹត្យ​ថែម​លើ​តំបន់​ផ្សេងៗ ច្រើនទៀត នោះ​យើង​គិត​ថា វា​នឹង​ជា​យន្តការ​ច្បាប់​មួយ ដែល​អាច​ទប់​ស្កាត់​បទល្មើស​ព្រៃឈើ​បាន​ច្រើន។ ក៏​ប៉ុន្តែ​ពេល​នេះ យើង​បែរ​ជា​ឃើញ​មាន​ការ​រំសាយ​ទៅ​វិញ។ ដូច្នេះ យើង​មាន​ការ​សោក​ស្ដាយ​ណាស់ ចំពោះ​ការ​រំសាយ​ដែន​ជម្រក​សត្វ​ព្រៃ​នេះ ទាំង​ដែល​យើង​មិន​ដឹង​មូលហេតុ​អ្វី​ទាំង​អស់។”

ដែន​ជម្រក​សត្វព្រៃ​ដែល​ត្រូវ​បាន​រំសាយ​នោះ គឺ​ដែន​ជម្រក​សត្វ​ព្រៃ ស្នួល ស្ថិត​ក្នុង​ខេត្ត​ក្រចេះ មាន​ទំហំ ៧​ម៉ឺន ៥​ពាន់​ហិកតារ និង​ដែន​ជម្រក​សត្វព្រៃ រនាម​ដូន​សំ ស្ថិត​ក្នុង​ខេត្ត​បាត់​ដំបង មាន​ទំហំ​ជិត​ ៤​ម៉ឺន​ហិកតារ (៣៩,៩៦១)។ ព្រះរាជក្រឹត្យ​ស្ដីពី​ការ​រំសាយ​ដែន​ជម្រក​សត្វព្រៃ​ទាំង​ពីរ​កន្លែង​នេះ មិន​បាន​បញ្ជាក់​អំពី​មូលហេតុ ដែល​ឈាន​ដល់​ការ​រំសាយ​នោះ​ទេ ហើយ​ក៏​មិន​ឃើញ​មាន​ការ​ប្រថាប់​ត្រា ឬ​ការ​ឡាយ​ព្រះហស្ត​លេខា​ពី​ព្រះ​មហាក្សត្រ​ ព្រះបាទ នរោត្តម សីហមុនី នោះ​ដែរ គឺ​ឃើញ​មាន​តែ​ត្រា​របស់​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី និង​ការ​ចុះ​ហត្ថលេខា​របស់​លោក សយ សុខា អគ្គលេខាធិការ​រាជរដ្ឋាភិបាល ព្រម​ទាំង​សញ្ញា​សម្គាល់​បញ្ជាក់​ថា បាន​វាយ​ត្រា​ចូល​ក្រសួង​បរិស្ថាន​ប៉ុណ្ណោះ។

ព្រះរាជក្រឹត្យ​ដដែល​បង្ហាញ​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​ជា​អ្នក​ស្នើសុំ​ឱ្យ​ព្រះមហាក្សត្រ​ឡាយ​ព្រះហស្តលេខា​រំសាយ​ដែន​ជម្រក​សត្វ​ព្រៃ​ទាំង​ពីរ តាម​រយៈ​ការ​រាយការណ៍​ពី​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ។

លោក ប៉ែន បុណ្ណារ៍ យល់​ឃើញ​ថា រដ្ឋាភិបាល​បាន​សម្រេច​ផ្អាក​ការ​ផ្ដល់​ដី​សម្បទាន​សេកកិច្ច​រួច​ហើយ ដូច្នេះ​វា​គ្មាន​ហេតុផល​អ្វី ដែល​មក​ត្រូវ​រំសាយ​ដែន​ជម្រក​សត្វ​ព្រៃ​នោះ​ទេ។ លោក​បន្ត​ថា ការ​រំសាយ​ដែន​ជម្រក​សត្វ​ព្រៃ​ទាំង​ពីរ​នេះ នាំ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ថា ដែន​ជម្រក​សត្វព្រៃ និង​តំបន់​ការពារ​ធម្មជាតិ​ជា​ច្រើន​កន្លែង​ផ្សេង​ទៀត អាច​នឹង​ត្រូវ​​រំសាយ​ជា​បន្តបន្ទាប់​ទៀត​ដូច​គ្នា​ដែរ។ លោក​អះអាង​ទៀត​ថា ការ​រំសាយ​នេះ មាន​ន័យ​ស្មើនឹង​ការ​លើក​ទឹក​ចិត្ត​ដល់​ជន​ល្មើស​ឱ្យ​បន្ត​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​កាន់​តែ​ច្រើន​ជាង​មុន​ទៀត។

អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក សៅ សុភាព ដើម្បី​សុំ​ការ​​បកស្រាយ​អំពី​រឿង​នេះ​បាន​ទេ កាល​ពី​ថ្ងៃ​ទី​១៦ មីនា។

ដែន​ជម្រក​សត្វព្រៃ ស្នួល និង រនាម​ដូន​សំ សុទ្ធ​សឹង​តែ​ត្រូវ​បាន​បង្កើត​ឡើងជា​យូរ​ឆ្នាំ​មក​ហើយ ដោយ​ព្រះរាជ​ក្រឹត្យ​របស់​ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ នរោត្តម សីហនុ។ ដែន​ជម្រក​សត្វ​ព្រៃ ស្នួល ត្រូវ​បាន​បង្កើត​ឡើង​កាល​​​ពី​ថ្ងៃ​ទី​០១ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៣ និង​ដែន​ជម្រក​សត្វ​ព្រៃ រនាម​ដូន​សំ ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០០៣ កន្លង​ទៅ។

ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា និង​ជា​សកម្មជន​ព្រៃ​ឈើ​ដ៏​ល្បី​មួយ​រូប គឺ​លោក អ៊ូច ឡេង អះអាង​ថា ធនធាន​ធម្មជាតិ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ ស្នួល ក្នុង​ខេត្ត​ក្រចេះ​នោះ ត្រូវ​វិនាស​ហិនហោច​អស់​ទៅ​ហើយ តាំង​ពី​ឆ្នាំ ២០១២ មក​ម្ល៉េះ ដោយសារ​ស្នាដៃ​ក្រុម​ហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​វៀតណាម ចំណែក​ឯ​ដែន​ជម្រក​សត្វព្រៃ រនាម​ដូន​សំ វិញ ក៏​ត្រូវ​វិនាស​ហិនហោច​អស់​ទៅ​ហើយ​ដែរ នៅ​ត្រឹម​ឆ្នាំ​២០១១ ដោយ​សារ​ការ​រុក​រាន​ទន្ទ្រាន​យក​ដី​ពី​សំណាក់​ក្រុមហ៊ុន​ឯកជន។ លោក​ថា នេះ​ជា​កំហុស​ដ៏​ធ្ងន់​ធ្ងរ​របស់​រដ្ឋាភិបាល ដែល​មើល​ឃើញ​តែ​ផល​ចំណេញ​រយៈ​ពេល​ខ្លី​ចំពោះ​ការ​ផ្តល់​ដី​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន។ ប៉ុន្តែ​មើល​មិន​ឃើញ​ពី​ក្តី​អន្តរាយ​រយៈ​ពេល​វែង​នៃ​ធនធាន​ធម្មជាតិ​ក្នុង​តំបន់​ការពារ​របស់​ខ្លួន “ខ្ញុំ​មាន​ការ​បារម្ភ​ចំពោះ​តំបន់​ការពារ​ទាំង​ពីរ​នេះ បន្ទាប់​ពី​ត្រូវ​បាន​គេ​រំសាយ​ហើយ​នឹង​ធ្លាក់​ទៅ​ក្នុង​ដៃ​ក្រុមហ៊ុន​ឯកជន ឬ​ឧកញ៉ា និង​អ្នក​មាន​អំណាច​ជាក់​ជា​មិន​ខាន ឬ​ក៏​នឹង​អាច​ក្លាយ​ជា​កម្មវត្ថុ ដើម្បី​បំលែង​ដី​នោះ​ជា​សម្បទាន​សេដ្ឋកិច្ច ឬ ​សង្គម​កិច្ច ដើម្បី​ចង់​បាន​ការ​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​ក្រី​ក្រ​បន្ត​ទៀត សម្រាប់​បន្ត​ការ​គ្រប់គ្រង​អំណាច​របស់​រដ្ឋាភិបាល”។

ម្ចាស់​ពានរង្វាន់​វីរជន​បរិស្ថាន​ពិភពលោក​រូប​នេះ អះអាង​ថា សព្វថ្ងៃ​នេះ មាន​តំបន់​ការពារ​ធម្មជាតិ​ជាច្រើន​ផ្សេង​ទៀត ក៏​កំពុង​រង​នូវ​ការ​វិនាស​ហិនហោច​ដូច​ដែន​ជម្រក​សត្វព្រៃ ស្នួល និង រនាម​ដូន​សំ ដែរ ហើយ​ទៅ​មុខ​ប្រហែល​ជា​នឹង​មាន​ការ​រំសាយ​ដូចគ្នា​នេះ​ដែរ។ លោក​បន្ត​ថា លោក​មិន​គាំទ្រ​ជា​ដាច់ខាត ចំពោះ​វិធាន​ការ​បែប​នេះ ទោះ​បី​ជា​តំបន់​អភិរក្ស​ទាំងនោះ​ត្រូវ​វិនាស​ហិនហោច​យ៉ាង​ណា​ក្តី។ ផ្ទុយ​ទៅវិញ លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ដក​ហូត​ដី​សម្បទាន​​ពី​ក្រុមហ៊ុន​ឯកជន​មក​វិញ និង​តម្រូវ​ឱ្យ​ពួក​គេ​ទទួល​ខុស​ត្រូវ ចំពោះ​ការ​បំផ្លិច​បំផ្លាញ​​ធនធាន​ធម្មជាតិ​ក្នុង​តំបន់​ទាំង​នោះ តាម​រយៈ​ចំណាត់​ការ​តាម​ផ្លូវ​ច្បាប់ និង​ជួសជុល​ការ​ខូចខាត​ទាំងស្រុង។

ចំណែក​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សា​ឡេស ដេវិតសឹន (Alexandro Gonzales Davidson) វិញ ក៏​អះអាង​ដូច​គ្នា​ថា ទាំង​ដែន​ជម្រក​សត្វព្រៃ ស្នួល និង​ដែន​ជម្រក​សត្វព្រៃ រនាម​ដូន​សំ បាន​រង​ការ​បំផ្លិច​បំផ្លាញ ការ​ទន្ទ្រាន​យក​ដី និង​ការ​ផ្ដល់​ដី​សម្បទាន​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯក​ជន​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ រហូតដល់​ធនធាន​នៅ​ក្នុង​តំបន់​ការពារ​ទាំង​ពី​រ​ត្រូវ​វិនាស​ហិន​ហោច​ខ្ទេចខ្ទី​ទៅ​ហើយ។ លោក​យល់​ថា ការ​រំសាយ​ដែន​ជម្រក​សត្វព្រៃ​ទាំង​ពីរ​នេះ គឺ​ជា​វិធាន​ការ​ការពារ​ឧក្រិដ្ឋជន ដែល​បាន​បំផ្លិចបំផ្លាញ​តំបន់​ទាំងនោះ ឱ្យ​បាន​រួច​ខ្លួន​ពី​សំណាញ់​ច្បាប់​តែ​ប៉ុណ្ណោះ៖ ៖ “នៅ​ពេល​ដែល​អ្នក​មាន​អំណាច​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ ដើម្បី​ទទួល​បាន​សិទ្ធិ​វិនិយោគ​ក្នុង​តំបន់​ការពារ​ក្រោម​លេស​ថា ជា​ដីសម្បទាន​សេដ្ឋកិច្ច ហើយ​រដ្ឋាភិបាល​បែរ​ទៅ​ជា​រំលាយ​ដែន​ជម្រក​សត្វព្រៃ​នោះ ខ្ញុំ​ថា​នោះ​ជា​ការ​បើក​ភ្លើង​ខៀវ​ឱ្យ​មាន​ការ​បំផ្លិច​បំផ្លាញ​ធនធាន​ធម្មជាតិ​បន្ត​បន្ទាប់​ទៀត ហើយ​វា​ក៏​ជា​ការ​បើក​ភ្លើង​ខៀវ​ដល់​អ្នក​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​រួច​ខ្លួន​ម្ដង​ទៀត កុំ​ឱ្យ​មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​តុលាការ។”

សកម្មជន​បរិស្ថាន​ជន​ជាតិ​អេស្ប៉ាញ​រូប​នេះ ថ្លែង​ថា លោក​គ្មាន​ជំនឿ​ថា អាជ្ញាធរ​នៃ​របប​លោក ហ៊ុន សែន បច្ចុប្បន្ន អាច​ទប់​ស្កាត់​បទល្មើស​ធន​ធាន​ធម្មជាតិ​ក្នុង​តំបន់​ការពារ​ឱ្យ​មាន​ប្រសិទ្ធភាព​នោះ​ឡើយ ព្រោះ​ពួក​គេ​ភាគ​ច្រើន​សុទ្ធ​សឹង​តែ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស។ លោក​យល់​ថា បើ​ការ​អនុវត្ត​ច្បាប់​ចំពោះ​បទល្មើស​ធនធាន​ធម្មជាតិ មាន​តែ​នៅ​លើ​មាត់ ឬ​លើ​ក្រដាស​ដូច​សព្វថ្ងៃ​ទៀត នោះ​តំបន់​ការពារ​ធម្មជាតិ​ជា​ច្រើន​កន្លែង​ផ្សេង​ទៀត ក៏​នឹង​មាន​វាសនា​ដូច​ដែន​ជម្រក​សត្វព្រៃ​ស្នួល​ និង​រនាម​ដូន​សំ​នេះ ជាក់​ជា​មិន​ខាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។