ក្រុមយុវជនបានបញ្ចប់យុទ្ធនាការជិះកង់ និងចុះល្បាតព្រៃព្រះរកាហើយ។ ពួកគេ និងប្រជាសហគមន៍បានរកឃើញបទល្មើសថ្មីៗជាច្រើនករណីនៅក្នុងព្រៃអភិរក្សមួយនេះ និងស្នើសុំយ៉ាងទទូចដល់ក្រសួងបរិស្ថានដាក់ចេញនូវចំណាត់ការផ្លូវច្បាប់ឱ្យបានតឹងរ៉ឹងចំពោះការគ្រប់គ្រងព្រៃព្រះរកា។
សកម្មជនបរិស្ថាន និងជាអ្នកចូលរួមរៀបចំយុទ្ធនាការការពារព្រៃព្រះរកា លោក សាន់ ម៉ាឡា ឱ្យអាស៊ីសេរីដឹងថា ក្រុមយុវជន ប្រជាសហគមន៍ និងមន្ត្រីឧទ្យានុរក្សសរុបចំនួន៣៥ នាក់ បានចុះល្បាតព្រៃព្រះរកាចាប់ពីថ្ងៃទី៣ ដល់ទី៥ ធ្នូ និងបានប្រទះឃើញបទល្មើសកាប់រំលំដើមឈើចំនួន ១៨ករណី ក្នុងនោះ ៦ករណី ឈើត្រូវបានជនល្មើសអារច្រៀករួចទៅហើយ ប៉ុន្តែមិនទាន់បានដឹកចេញនៅឡើយ។ លោកបន្តថា ក្រុមអ្នកចុះល្បាតមិនបានប្រទះឃើញជនល្មើសនោះឡើយ ប៉ុន្តែបានលឺសំឡេងម៉ាស៊ីនអារឈើនៅពេលយប់ស្ងាត់។ ក្រោយចុះល្បាតព្រៃនេះរួច លោក សាន់ ម៉ាឡា វាយតម្លៃថា ដែនជម្រកសត្វព្រៃមួយនេះនៅតែកើតមានបទល្មើសកាប់ឈើឥតឈប់ឈរ ហើយវិធានការរបស់អាជ្ញាធរនៅតែមានភាពខ្វះចន្លោះច្រើន៖ «យើងពិបាកនៅក្នុងការសន្និដ្ឋានថា តើនៅក្នុងផ្ទៃដី៩ ម៉ឺនហិកតារហ្នឹង មានបទល្មើសប៉ុន្មានដែលកើតឡើងមួយយប់ៗ ដោយសារតែយើងអត់អាចដើរអស់។ យ៉ាងណាក៏ដោយ យើងប៉ាន់ស្មានថាប្រហែលជាយ៉ាងហោចណាស់ក្នុងមួយថ្ងៃមានគោយន្តចំនួន១០ គ្រឿងដែលចូលទៅកាប់ និងដឹកជញ្ជូនឈើចេញពីតំបន់មួយហ្នឹង។ យើងមើលឃើញថា ដូចជាមិនមានសកម្មភាពអ្វីស្ងប់ស្ងាត់ និងធានាបានថា ព្រៃឈើនៅក្នុងតំបន់ហ្នឹងលែងមានការកាប់បំផ្លាញ ហើយដើមឈើធំៗត្រូវបានបាត់ម្តងបន្តិចៗ នៅសល់តែដើមឈើតូចៗទំហំប្រមាណជាប៉ុនភ្លៅ ឬតូចជាងភ្លៅរបស់យើងហ្នឹងទេ»។
សកម្មជនបរិស្ថានរូបនេះជឿជាក់ថា ឈើដែលត្រូវគេកាប់ក្នុងដែនជម្រកសត្វព្រៃព្រះរកានេះ ទំនងជាត្រូវយកទៅធ្វើអាជីវកម្ម មិនមែនជាឈើដែលពលរដ្ឋកាប់យកទៅធ្វើផ្ទះនោះឡើយ។ លោកឱ្យដឹងទៀតថា មន្ត្រីឧទ្យានុរក្ស បានទទួលស្គាល់ភាពចន្លោះប្រហោងនៃការគ្រប់គ្រងដែនជម្រកសត្វព្រៃព្រះរកា ដោយសារពួកគាត់មានគ្នាតិច ហើយព្រៃដែលត្រូវការពារមានទំហំធំ។
លោកបញ្ជាក់ថា ក្រោយប្រមូលបានភស្តុតាងមួយចំនួននៃបទល្មើសកាប់ឈើនេះ ពួកលោកនឹងសរសេររបាយការណ៍ដាក់ជូនទៅក្រសួងបរិស្ថាន ដើម្បីស្នើសុំឱ្យស្ថាប័នសាមីមួយនេះ ដាក់ចេញនូវវិធានការបន្ថែមទៀតក្នុងការការពារព្រៃព្រះរកាឱ្យមានប្រសិទ្ធភាព៖ «ទោះបីជាបច្ចុប្បន្ននេះ មិនមានក្រុមហ៊ុនធំៗ គេប្រើប្រាស់រថយន្តយីឌុប ឬក៏អារ៉េវ ដើម្បីដឹកជញ្ជូនចេញ ក៏ប៉ុន្តែបើយើងនៅតែធ្វេសប្រហែស បណ្ដោយឱ្យមានជនខិលខូចកាប់យកទៅលក់ឱ្យសិប្បកម្មតូចៗនៅក្នុងតំបន់ហ្នឹង ខ្ញុំគិតថា វាគង់តែបាត់បង់ដែនជម្រកសត្វព្រៃព្រះរកានៅថ្ងៃណាមួយមិនខានទេ»។

អាស៊ីសេរីមិនអាចទាក់ទងសុំការបំភ្លឺរឿងនេះពីអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានទេ នៅថ្ងៃទី៦ វិច្ឆិកា។
តំណាងបណ្ដាញសហគមន៍ការពារព្រៃព្រះរកាឃុំប្រមេរ អ្នកស្រី ពឿន ជឿន ទទួលស្គាល់ថា បទល្មើសក្នុងដែនជម្រកសត្វព្រៃព្រះរកាមានការថយចុះ ប៉ុន្តែមិនមែនដោយសារការបង្ក្រាបរបស់អាជ្ញាធរនោះទេ គឺដោយសារតែអស់ឈើប្រណីតដែលត្រូវកាប់។ អ្នកស្រីព្រួយបារម្ភថា ប្រសិនបើក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធ មិនពង្រឹងការគ្រប់គ្រង និងទប់ស្កាត់បទល្មើសព្រៃឈើឱ្យមានប្រសិទ្ធភាពទេ នោះដែនជម្រកសត្វព្រៃព្រះរកានឹងវិនាសហិនហោចក្នុងពេលដ៏ខ្លីខាងមុខនេះ៖ «មន្ត្រីពាក់ព័ន្ធទាំងអស់ សូមឱ្យជួយយកចិត្តទុកដាក់ និងចាត់វិធានការយ៉ាងណាតឹងរ៉ឹងទៅនឹងការការពារព្រៃព្រះរកាយើងនេះឱ្យបាន។ បើបណ្ដែតបណ្ដោយឱ្យតែខាងសហគមន៍ទៅទប់ស្កាត់ ធម្មតាទេប្រជាពលរដ្ឋសហគមន៍គាត់មិនមានពេលវេលាឯណាទៅទប់ស្កាត់រាល់ថ្ងៃទេ ព្រោះគាត់ធ្វើការងារផ្ទាល់ខ្លួនដើម្បីគ្រួសារ។ មួយខែបានចុះពីរដង ឬក៏បីដង មិនអាចឈ្នះបទល្មើសទេ សំខាន់ខាងក្រសួង ឬក៏មន្ត្រីពាក់ព័ន្ធទាំងអស់ រាជរដ្ឋាភិបាលត្រូវមើលការខុសត្រូវ»។
នៅលើក្រដាស ព្រៃព្រះរកាមានទំហំជាង ៩ម៉ឺនហិកតារ ស្ថិតនៅចន្លោះព្រំប្រទល់ស្រុកចំនួន៣ គឺស្រុកត្បែងមានជ័យ ស្រុកជាំក្សាន្ត និងស្រុកឆែប របស់ខេត្តព្រះវិហារ។ សកម្មជនបរិស្ថានអះអាងថា ព្រៃអភិរក្សមួយនេះមានគុណប្រយោជន៍ជាច្រើនខាងផ្នែកបរិស្ថាន និងសង្គម ដូចជា រក្សាតុល្យភាពកម្ដៅផែនដី ផ្ដល់អុកស៊ីហ្សែនដល់ជីវិតមនុស្សសត្វ ផ្ដល់មុខរបរដល់ប្រជាពលរដ្ឋ និងជាជម្រកសត្វព្រៃ ជាដើម ក៏ប៉ុន្តែព្រៃអភិរក្សមួយនេះកំពុងរងការបំផ្លិចបំផ្លាញឥតឈប់ឈរ តាមរយៈការកាប់ឈើធ្វើអាជីវកម្ម និងការទន្ទ្រានដីយកធ្វើជាកម្មសិទ្ធិឯកជនដោយខុសច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។