យុទ្ធនាការ​ជិះកង់​ របស់​ក្រុម​យុវជន​ចូល​ដល់​ថ្ងៃ​ទី៣ ខណៈ​អាជ្ញាធរ​តាម​សាកសួរ​ជា​ហូរហែ

0:00 / 0:00

យុទ្ធនាការ​ជិះកង់​ជុំវិញ​តំបន់​ព្រៃឡង់ និង​ព្រៃ​ព្រះរកា របស់​ក្រុម​អ្នក​ស្រឡាញ់​បរិស្ថាន បាន​ធ្វើ​ដំណើរ​ដល់ ស្រុកឆែប ខេត្តព្រះវិហារ នៅ​ល្ងាច​ថ្ងៃ​ទី១២ ឧសភា ខណៈ​ដែល​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​មាន​ការ​សាកសួរ​មួយ​ចំនួន​ពី​សំណាក​អាជ្ញាធរ​មូលដ្ឋាន និង​មាន​ការ​ជិះ​ម៉ូតូ​តាម​ពី​ក្រោយ។ពួកគាត់ ចាត់​ទុក​ទង្វើ​របស់​អាជ្ញាធរ​ថា ជា​ការ​រំខាន និង​គំរាម​កំហែង​ពួក​គាត់។

ក្រុម​យុវជន ២៥នាក់ បាន​ចាប់​ផ្ដើម​ជិះកង់ ដោយ​ចេញ​ដំណើរ​ពី​ទី​រួម​ខេត្ត​កំពង់ធំ ហើយ​ប្ដេជ្ញា​ចិត្ត​នឹង​បន្ត​ដល់​ថ្ងៃ​បញ្ចប់ បើ​ទោះ​បី​ជា​អាជ្ញាធរ ព្យាយាម​រាំង​ស្ទាក់​សាកសួរ​ពួក​គាត់​ជា​បន្ត​បន្ទាប់​ក្ដី។ ពេល​នេះ​ពូក​គេ​ធ្វើ​ដំណើរ​បាន​ប្រវែង​ជាង ១៩០គីឡូ​ម៉ែត្រ​ហើយ។

យុវជន​ចូលរួម​ជិះកង់ លោក អួត ឡាទីន បាន​លើក​ឡើង​ថា ការ​ធ្វើ​ដំណើរ​នៅ​ថ្ងៃ​ទី៣ ឧសភា​នេះ មាន​ការ​ចូលរួម​យ៉ាង​សកម្ម​ពី​សំណាក់​យុវជន​មក​ពី​បណ្ដា​ខេត្ត​នានា រួម​នឹង​ប្រជា​សហគមន៍​មូលដ្ឋាន​ផង​ដែរ។ លោក​អះអាង​ថា កំឡុង​ពេល​ធ្វើ​ដំណើរ​របស់​ពួក​គេ​មាន​ការ​សាកសួរ​ពី​សំណាក​អធិការ​រង​ក្រុង​ព្រះវិហារ និង​អាជ្ញាធរ​ស្លៀក​ពាក់​ស៊ីវិល ដែល​តែងតែ​សាកសួរ​ពី​គោលបំណង​នៃ​ការ​ជិះកង់ និង​ការ​ចំណាយ​ផ្សេងៗ។ លោក​បន្ត​ថា ការ​សួរ​នាំ​បែប​នេះ​អាច​ជា​សញ្ញា​មិន​ល្អ​សម្រាប់​យុទ្ធនាការ​ជិះ​កង់៖ « បើ​យើង​មើល​រូប​ភាព វា​ហាក់​ដូច​ជា គ្រាន់​តែ​រូបភាព​បែប​ការ​សួរ​នាំ​សាមញ្ញ​ក្នុង​នាម​អាជ្ញាធរ​គ្រប់គ្រង​តំបន់​ប៉ុន្តែ បើ​យើង​មើល​ឱ្យ​ស៊ី​ជម្រៅ ការ​សួរ​នាំ​បែប​នេះ​ជា​សញ្ញា​មួយ ដែល​ពួក​អ្នក​ធ្វើ​យុទ្ធនាការ​នេះ​មាន​ការ​ព្រួយ​បារម្ភ​ពី​ផ្តល់​ព័ត៌មាន​ទៅ​កន្លែង​ផ្សេង យើង​បារម្ភ​ពី​ការ​រារាំង​ដំណើរ​ពួក​យើង។ សម្រាប់​នាម​ខ្ញុំ​ផ្ទាល់​គឺ មាន​ការ​ព្រួយ​បារម្ភ ក្រែង​លោ​យើង​មិន​អាច​ធ្វើ​សកម្មភាព​នេះ​ចប់​ចុង​ចប់​ដើម »

លោក​បន្ត​ថា យុវជនមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការជិះកង់ឱ្យបាន៦០០គីឡូម៉ែត្រតាមផែនការកំណត់ បើ​ទោះ​បី​ជា​មាន​អ្នក​ខ្សត់ខ្សោយ​កម្លាំង​ខ្លះ​ក៏​ដោយ ប៉ុន្តែ​យុវជន​ទាំង​នោះ មាន​ការ​តស៊ូ​ដោយ​ទឹក​មុខ​រីករាយ។ លោក​បាន​លើក​ឡើង​ថា ការ​ចូលរួម​របស់​យុវជន​មាន​ទាំង​ស្រ្តី និង​បុរស គឺ​ជា​រឿង​សំខាន់ ដើម្បី​យុត្តិធម៌​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា កំពុង​តែ​រង​ការ​គំរាម​កំហែង​ពី​សំណាក​ជន​ជន​ល្មើស។

យុទ្ធនាការ​ជិះកង់​ជុំវិញ​តំបន់​ព្រៃឡង់ និង​ព្រៃ​ព្រះ​រកា​របស់​ក្រុម​អ្នក​ស្រឡាញ់​បរិស្ថាន​ក្នុង​គោលបំណង ដើម្បី​ចូលរួម​ប្រារព្ធ​ទិវា​បរិស្ថាន​ពិភព​លោក​ឆ្នាំ២០២២ ដែល​មាន​រយៈ​ពេល​២៤​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី១០ ខែ​ឧសភា ដល់​ថ្ងៃ​ទី៣ ខែ​មិថុនា ឆ្នាំ២០២២ ក្រោម​មូល​បទ​ស្ដីពី​ការ «លើក​កម្ពស់​កិច្ច​ការពារ​បរិស្ថាន ដើម្បី​ចិរភាព​ធនធាន​ធម្មជាតិ​ និង​សុខមាល​ភាព​មនុស្ស​ជាតិ»។

ស្រដៀង​គ្នា​នេះ សមាជិក​បណ្ដាញ​ព្រៃឡង់ លោក ខែម សុខឃី ដែល​ចូលរួម​យុទ្ធនាការ​ជិះ​កង់​ដែរ​នោះ​បាន​ឱ្យ​អាស៊ី​សេរី​ដឹង​ថា លោក​សប្បាយ​ចិត្ត​ដែល​ឃើញ​យុវជន​ចូលរួម​ខ្វល់ខ្វាយ​ជិះ​កង់ ដើម្បី​លើក​កម្ពស់​ធនធាន​ធម្មជាតិ ខណៈ​ដែល​ព្រៃឡង់ និង​ព្រៃព្រះ​រកា​កំពុង​តែ​មាន​បទ​ល្មើស​ជា​ហូរហែ។ លោក​បាន​អះអាង​ថា បទ​ល្មើស​ព្រៃឡង់​ភាគ​ច្រើន​មាន​ពាក់ព័ន្ធ​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ​រវាង​អាជ្ញាធរ និង​ក្រុមហ៊ុន។ លោក​សង្ឃឹម​ថា អាជ្ញាធរ​ពាក់ព័ន្ធ និង​ក្រសួង​បរិស្ថាន​នឹង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង៖ « បើ​ខ្ញុំ​គិត​ថា ការ​កើត​ឡើង​នូវ​បទ​ល្មើស​នៅ​តំបន់​ព្រៃឡង់​នោះ​បង្ក​មក​ពី​ការ​ប្រព្រឹត្ត​នូវ​អំពើ​ពុករលួយ ពី​អ្នក​ដែល​មាន​កាតព្វកិច្ច​ក្នុង​ការពារ​នៅ​ក្នុង​តំបន់​របស់​ខ្លួន។ ដោយសារ​យើង​គិត​មើល​ទៅ​ថា រចនា​នៃ​ការពារ​ព្រៃឈើ​ដូច​ជា​នៅ​ក្នុង​តំបន់​មួយៗ គឺ​មាន​ច្រកចេញ និង​ក៏​មាន​ប៉ុស្តិ៍​ការពារ​ដែរ។ មូលហេតុ​អ្វី​ក៏​មាន​បទ​ល្មើស យើង​មិន​បាច់​វែកញែក​ច្រើន​ទេ បើ​មិន​មាន​ពុក​រលួយ គឺ​ឈើ​នោះ​មិន​អា​ចេញ​បាន​ទេ »

ក្រុម​អ្នក​ជិះ​កង់ ២៥នាក់ ក្នុង​នោះ​មាន​ស្ត្រី ៧នាក់ បាន​ពាក់​ឯកសណ្ឋាន​អាវ​កាក់​ពណ៌​បៃតង​ភ្ជាប់​ពាក្យ​ស្លោក​ថា ជិះកង់៦០០គីឡូម៉ែត្រដើម្បីបរិស្ថា ។ យុទ្ធនាការ​នេះ ផ្ដោត​សំខាន់​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បើក​ទូលាយ​សិទ្ធិ​សេរីភាព​របស់​ប្រជា​សហគមន៍ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល ចូលរួម​ល្បាត​ព្រៃ​ឡើង​វិញ។

ឆ្លើយ​តប​ការ​លើក​ឡើង​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា ប្រាប់​វិទ្យុ​អាស៊ី​សេរី កាល​ពី​ថ្ងៃទី១០ ឧសភា​ថា យុទ្ធនា​ការ​ជិះកង់​របស់​ក្រុម​យុវជន គឺ​ជា​សិទ្ធិ​របស់​ពួក​គាត់ តែ​ត្រូវ​ធ្វើ​ឡើង​ស្រប​តាម​ច្បាប់។

ព្រឹត្តិការណ៍​នេះ ក្រុម​យុវជន បាន​បែង​ចែក​យុទ្ធនាការ ​ជា ៣សកម្មភាព ដើម្បី​អបអរ​ទិវា​បរិស្ថាន​ពិភពលោក ឆ្នាំ២០២២ នេះ គឺ​ទី១ នឹង​ជិះកង់​ចម្ងាយ ៦០០គីឡូ​ម៉ែត្រ រយៈ​ពេល ១០ថ្ងៃ ទី២ យុទ្ធនា​ការ​តាម​បណ្ដាញ​សង្គម ដើម្បី​ផ្សព្វផ្សាយ​បញ្ហា​ព្រៃឈើ ​និង​ការ​បម្រែបម្រួល​អាកាសធាតុ និង​សកម្មភាព​ទី៣ រៀប​ចំ​សិក្ខាសាលា​ធំ​មួយ នៅ​រាជធានី​ភ្នំពេញ ដើម្បី​លើក​កម្ពស់​កិច្ច​ការពារ​ធនធាន​ធម្មជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។