អង្គការមិនមែនរដ្ឋាភិបាលមួយហៅកាត់ថា វ៉ាយ.អ.ឌី.ភី (YRDP) ប្រមូលយុវជននៅតាមមហាវិទ្យាល័យនៅខេត្តកំពង់ចាម ដើម្បីស្វែងយល់ពីបញ្ហាបម្រែបម្រួលបរិស្ថាន នៅព្រឹកថ្ងៃទី៣០ សីហា ដែលធ្វើឡើងនៅសណ្ឋាគារភ្នំប្រុស ក្នុងក្រុងកំពង់ចាម។
វេទិកានេះ ដើម្បីឲ្យយុវជនទទួលបានចំណេះដឹងស្ដីពីមូលហេតុ និងការផលប៉ះពាល់បណ្ដាលមកពីការប្រែប្រួលអាកាសធាតុ។ យុវជនយល់ថា បញ្ហាបរិស្ថាន គឺជាបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងជាបញ្ហាសម្រាប់ពលរដ្ឋទាំងអស់គ្នា ពិសេសយុវជនដែលត្រូវចូលរួមដោះស្រាយ។
ប្រធានបទក្រោមចំណងជើងថា "គោលការណ៍ ហ្វ័រ.អ (4Rs) ដើម្បីអាកាសធាតុ" មានន័យជាភាសាអង់គ្លេសបួនពាក្យថា រីព្យូស៍ (Refuse) រីដ្យូស៍ (Reduce) រីយ៉ូស៍ (Reuse) និង រីសាយខល (Recycle)។ ពាក្យទាំងនោះមានន័យកាត់បន្ថយនៅរាល់ការប្រើប្រាស់វត្ថុទាំងឡាយណាដែលមិនសូវចាំបាច់ កាត់បន្ថយការប្រើប្រាស់ឥន្ធនៈ និងថាមពលអគ្គិសនីដែលមិនសូវសំខាន់។ ម្យ៉ាងទៀត គឺព្យាយាមទិញរបស់ប្រើប្រាស់ដែលប្រើបានច្រើនដង និងបានយូរ។ លើសពីនេះ គឺត្រូវចេះបែងចែកកាកសំណល់ ឬសំរាមទៅតាមប្រភេទ ដើម្បីងាយស្រួលដល់ការប្រមូល និងកែច្នៃសំរាមសម្រាប់ប្រើប្រាស់ឡើងវិញ ជាដើម។
អ្នករៀបចំកម្មវិធីនេះ និងជាជំនួយការគម្រោងឧស្សាហកម្មនិស្សារណកម្ម និងការប្រែប្រួលអាកាសធាតុ នៃអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន ហៅកាត់ថា វ៉ាយ.អ.ឌី.ភី លោក រ័ត្ន វណ្ណឆៃ មានប្រសាសន៍ថា សិក្ខាសាលានេះ គឺធ្វើឡើងដើម្បីលើកទឹកចិត្តឲ្យយុវជនចូលរួមកាត់បន្ថយឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ តាមរយៈការអនុវត្តនូវគោលការណ៍ទាំងបួននេះ ក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគេ ដើម្បីលើកកម្ពស់បរិស្ថាន ឬអាកាសធាតុនៅក្នុងទីក្រុង និងទូទាំងប្រទេស។ លើសពីនេះទៀត លោកថានៅខេត្តកំពង់ចាម កន្លងមកបញ្ហាគ្រោះធម្មជាតិកើតឡើងច្រើននៅតំបន់ខ្លះ រួមមានបញ្ហាគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់កន្ត្រាក់។ ម្យ៉ាង ខេត្តនេះ គឺមានយុវជនច្រើនដែលកំពុងសិក្សានៅតាមមហាវិទ្យាល័យ ដែលអាចឲ្យពួកគេមានឱកាសស្វែងយល់អំពីបញ្ហាទាំងនេះ៖ «គឺពួកគាត់ចាប់ផ្តើមយល់ដឹង ហើយកាត់បន្ថយទម្លាប់នៃការរស់នៅរបស់ពួកគាត់តាមរយៈមិនប្រើប្រាស់ថង់ប្លាស្ទិក ឬក៏មិនប្រើប្រាស់របស់ដែលមិនចាំបាច់ ឬកាត់បន្ថយជិះឡានម៉ូតូកន្លែងណាដែលជិតៗ»។
សិក្ខាសាលាស្ដីពីគោលការណ៍ទាំងបួនចំណុច ដើម្បីអាកាសធាតុ មានសិស្សនិស្សិត ព្រះសង្ឃ សាស្ត្រាចារ្យ មន្ត្រីអង្គការក្រៅរដ្ឋាភិបាល មន្ត្រីមកពីក្រសួងបរិស្ថាន និងមន្ត្រីអាជ្ញាធរខេត្តប្រមាណ ៣០០នាក់ និងអង្គ ដោយមកពីបណ្ដាស្ថាប័នមួយចំនួនក្នុងខេត្តកំពង់ចាម និងរាជធានីភ្នំពេញផង។ គរុនិស្សិតមកពីវិទ្យាស្ថានជាតិអប់រំ ផ្នែកចិត្តវិទ្យា លោក ហូយ ធារី យល់ថា បរិស្ថាន គឺមានសារសំខាន់ណាស់សម្រាប់ជីវិតមនុស្ស និងសត្វ។ លោកបន្តថា សិក្ខាសាលានេះ គឺជាការចែករំលែកបទពិសោធន៍ ឬចំណេះដឹងឲ្យគ្នាទៅវិញទៅមកទៀតផង៖ «សំខាន់ព្រោះខ្ញុំក៏រស់នៅក្នុងបរិស្ថានដែរ អ៊ីចឹងបើបរិស្ថានប្រែប្រួល នឹងប៉ះពាល់ដល់ខ្ញុំ។ អ៊ីចឹងបើយើងដឹងថាបរិស្ថានប្រែប្រួលដោយម៉េច យើងត្រូវមានការកែប្រែ»។
លោកកត់សម្គាល់ឃើញថា នៅពេលថ្មីៗនេះ បញ្ហាបម្រែបម្រួលអាកាសធាតុនៅក្នុងប្រទេសកម្ពុជា រួមនឹងប្រទេសលើពិភពលោក គឺកើតមានច្រើន រួមមានបញ្ហាកើនឡើងនៃរលកកម្ដៅ បញ្ហាគ្រោះរាំងស្ងួត ការប្រែប្រួលនៃរបបទឹកភ្លៀង ឬរបបទឹកទន្លេមេគង្គ និងបញ្ហាមួយចំនួនទៀត។
មិនខុសគ្នានេះ និស្សិតឆ្នាំទីបួននៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម កញ្ញា ឃាន និកា យល់ថា វេទិកានេះ គឺល្អក្នុងការបណ្ដុះគំនិតយុវជនឲ្យចេះថែរក្សាបរិស្ថាន ឬអាកាសធាតុ ព្រោះបច្ចុប្បន្ន ការប្រែប្រួលអាកាសធាតុបានជះឥទ្ធិពលដល់រដូវទាំងពីរនៅកម្ពុជា ជាខ្លាំង។ កញ្ញាថា នឹងយកចំណេះដឹងទាំងនេះទៅចែកចាយបន្តដល់ពលរដ្ឋនៅតាមសហគមន៍ ដើម្បីឲ្យពួកគេបានយល់ពីផលប៉ះពាល់ និងរបៀបកាត់បន្ថយបញ្ហាប្រឈមទាំងអស់នេះ៖ «ខ្ញុំយល់ថា ចំណេះដឹងទាំងអស់ហ្នឹងគឺមានសារសំខាន់ណាស់ដើម្បីឲ្យយើងយល់ដឹងកាន់តែច្បាស់ ដើម្បីឲ្យយើងបានដឹងពីការប្រែប្រួលអាកាសធាតុ»។
ក្រៅពីនេះ ក៏មានការលើកឡើងពីសំណាក់មន្ត្រីក្រសួងបរិស្ថាន និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលនៅក្នុងសិក្ខាសាលាបង្ហាញថា ការប្រែប្រួលអាកាសធាតុពុំមែនកើតចេញពីការបាត់បង់គម្របព្រៃឈើតែមួយមុខទេ ប៉ុន្តែក្នុងនោះមានកត្តារួមចំណែកផ្សេងទៀត ដូចជាការប្រើប្រាស់ប្រភពថាមពលដែលបណ្ដាលឲ្យកើនឡើងនៃឧស្ម័នផលផ្ទះកញ្ចក់ ការរីកចម្រើននៃកសិកម្ម និងឧស្សាហកម្ម ជាដើម។ ចំណែកផលប៉ះពាល់វិញ គឺធ្វើឲ្យកើនឡើងនូវនីវ៉ូទឹកសមុទ្រ ការប្រែប្រួលនៃរបបទឹកភ្លៀង ឬទឹកជំនន់ គ្រោះរាំងស្ងួត ដែលធ្វើឲ្យកសិករពិបាកធ្វើកសិកម្ម។ ជាងនេះទៀត គឺបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពមនុស្ស និងសត្វជាខ្លាំង។ ជាក់ស្តែង ដូចជាធ្វើឲ្យផ្លាស់ប្ដូរនៃរបៀបរស់នៅកើតមានជំងឺផ្សេងៗ និងបញ្ហាចំណីអាហារទៀតផង។
លោក រ័ត្ន វណ្ណឆៃ យល់ថា ការចូលរួមកាត់បន្ថយនូវរាល់បញ្ហាបម្រែបម្រួលអាកាសធាតុនេះ គឺផ្ដើមចេញពីមនុស្សគ្រប់រូប ពិសេសយុវជន ព្រោះជាវ័យមួយដែលមានកម្លាំងគ្រប់គ្រាន់ បូករួមនឹងចំណេះដឹងផង ដើម្បីធ្វើការងារនេះ។ លើសពីនេះទៀត ស្ថាប័នពាក់ព័ន្ធក៏មានចំណែកចូលរួមដោះស្រាយបញ្ហាទាំងអស់នេះដែរ។ លោកបញ្ជាក់ថា ផែនការទៅមុខទៀត ខាងលោកនឹងមានវេទិកាយុវជនស្ដីពីបរិស្ថានក្នុងមួយឆ្នាំពីរដង ហើយក៏មានយុទ្ធនាការផ្សេងៗដើម្បីឲ្យពួកគេចូលរួមកាត់បន្ថយបញ្ហាប្រឈម ដែលជះឥទ្ធិពលលើការប្រែប្រួលអាកាសធាតុ។ ម្យ៉ាង ខាងលោកក៏មានគម្រោងបង្កើតជាសាលាបៃតងនៅតាមបណ្ដាខេត្តមួយចំនួនទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។