ពលរដ្ឋ និង​យុវជន​រិះគន់​អាជ្ញាធរ ដែល​បណ្ដោយ​ឱ្យ​ក្រុមហ៊ុន​បូម​ខ្សាច់​បាក់​ច្រាំង​ទន្លេ

2024.12.13
ពលរដ្ឋ និង​យុវជន​រិះគន់​អាជ្ញាធរ ដែល​បណ្ដោយ​ឱ្យ​ក្រុមហ៊ុន​បូម​ខ្សាច់​បាក់​ច្រាំង​ទន្លេ ​​ច្រាំង​ទន្លេ​បាក់ ស្ថិត​នៅ​ឃុំ​ស្វាយ​រមៀត ស្រុក​ខ្សាច់​កណ្ដាល ខេត្តកណ្ដាល នៅ​ថ្ងៃ​ទី១១ ខែធ្នូ ឆ្នាំ២០២៤។
រូបពីពលរដ្ឋ

ពលរដ្ឋ និង​យុវជន​រិះគន់​អាជ្ញាធរ​ខេត្តកណ្ដាល និង​ក្រសួង​រ៉ែ​និង​ថាមពល ដែល​បណ្ដោយ​ឱ្យ​ក្រុម​ហ៊ុន​ឯកជន​បន្ត​បូម​ខ្សាច់​តាម​ដង​ទន្លេ​មេគង្គ​បណ្ដាល​ឱ្យ​បាក់​ច្រាំង​ទន្លេ គំរាមកំហែង​ដល់​ការ​រស់​នៅ​​​របស់​ពលរដ្ឋ។ ការ​រិះគន់​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​​ច្រាំង​ទន្លេ​ស្ថិត​នៅ​ឃុំ​ស្វាយ​រមៀត ស្រុក​ខ្សាច់​កណ្ដាល បាន​បាក់​ស្រុត សង្កត់​ទូក​ដឹក​ខ្សាច់ ៣គ្រឿង និង​បណ្ដាល​ឱ្យ​មនុស្ស ៣នាក់​រង​បួស និង​ម្នាក់​ទៀត​បាត់​ខ្លួន កាល​ពី​យប់​ថ្ងៃ​ទី១១ ខែធ្នូ។

ប្រជា​ពលរដ្ឋ​ និង​យុវជន​ស្រឡាញ់​បរិស្ថាន​សោកស្ដាយ​ដែល​អាជ្ញាធរ​ និង​ក្រសួង​រ៉ែ និង​ថាមពល ពុំ​អើពើ​ទប់ស្កាត់​ក្រុមហ៊ុន​ឯក​ជន​ធ្វើសកម្មភាព​បូម​ខ្សាច់​អនាធិបតេយ្យ​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​លំនៅឋាន និង​ជីវភាព​របស់​ពលរដ្ឋ។

ពលរដ្ឋ​រស់​នៅ​ខេត្ត​កណ្ដាល លោក ឆន ម៉ៅ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១២ ខែធ្នូ ថា បញ្ហា​​បាក់​ច្រាំង​ទន្លេ​មេគង្គ​ គឺ​បណ្ដាល​មក​ពី​ការ​បូម​ខ្សាច់​​លើសលប់ ដែល​កើត​មាន​គ្រប់កន្លែង​នៅ​តាម​ដង​ទន្លេ​មេគង្គ។ លោក​បន្ត​ថា ករណី​នេះ​បាន​បង្ក​បញ្ហា​អ​សុវត្ថិភាព​ជា​ខ្លាំង​ដល់​ការ​រស់​នៅ​របស់​ពលរដ្ឋ​​​​តាម​ដង​ទន្លេ​។​ លោក​ចោទ​ថា ករណី​នេះ អាជ្ញាធរ​ពាក់ព័ន្ធ ហាក់​គ្មាន​ឆន្ទៈ និង​ខ្វល់​ខ្វាយ​ដោះស្រាយ​បញ្ហា​ការ​បូម​ខ្សាច់​អនាធិបតេយ្យ​ឱ្យ​បាន​ត្រឹម​​ត្រូវ​ឡើយ។

លោក ឆន ម៉ៅ៖ «ការ​បូម​ខ្សាច់​ដែល​មិន​មាន​ការ​សិក្សា​ស្រាវជ្រាវ​ច្បាស់​លាស់ ហើយ​គិត​តែ​ពី​បូម​ឱ្យ​មាន​ការ​បាក់​ច្រាំង​បណ្ដើរៗ ហើយ​មិន​មាន​មន្ត្រី​ណា​ចូលរួម​ទទួល​ខុសត្រូវ ឬ​ចូល​ជជែក​ពី​បញ្ហា​ទាំង​អស់​នេះ​ទេ​​។​អ៊ីចឹង​ទៅ អ្វី​ដែល​ប៉ះពាល់​គឺ​មិន​មែន​មន្ត្រី​អស់​នោះ​ទេ គឺ​ប្រជាពលរដ្ឋ។​ជាពិសេស ​ពួកគាត់​ដែល​នៅ​តាម​ដងទន្លេ​​គឺ​គាត់​មានការ​ត្អូញត្អែរ​ច្រើន​មែន​ទែន ហើយ​កន្លែង​តំបន់​ខ្លះ​ជា​តំបន់​សំបុក​ត្រី​​ឥឡូវ​នេះ​វា​លេង​មាន​ត្រី​ទៀត​​នៅ​តាម​តំបន់​បូម​ខ្សាច់​ហ្នឹង»

ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​ច្រាំង​ទន្លេ​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​ព្រែក​តាបែន ឃុំ​ស្វាយ​រមៀត ស្រុក​ខ្សាច់​កណ្ដាល​បាន​បាក់​ស្រុត​ជាង ៣០០ម៉ែត្រការ៉េ និង​ទទឹង​ជិត ៥០ម៉ែត កៀក​នឹង​លំនៅឋាន​របស់​ពលរដ្ឋ កាល​ពី​យប់​ថ្ងៃ​ទី១១ ខែធ្នូ។ ការ​បាក់​ស្រុត​នេះ​បាន​សង្កត់​ទូក​ដឹក​ខ្សាច់​៣គ្រឿង បណ្ដាល​ឱ្យ​មនុស្ស ៣នាក់​រង​បួស​ធ្ងន់ និង​ស្រាល និង​ម្នាក់​ទៀត​បាត់​ខ្លួន។

Landslide_in_Svay_Romeat_Ksachkandal_Kandal_121124_Kandal_Admin_1.jpg
ច្រាំង​ទន្លេ​បាក់ ស្ថិត​នៅ​ឃុំ​ស្វាយ​រមៀត ស្រុក​ខ្សាច់​កណ្ដាល ខេត្តកណ្ដាល នៅ​ថ្ងៃ​ទី១១ ខែធ្នូ ឆ្នាំ២០២៤។ រូប៖ ហ្វេសប៊ុក​រដ្ឋបាលខេត្តកណ្ដាល

ជា​មួយ​គ្នា​នោះ ការ​បាក់​ស្រុត​ច្រាំង​ទន្លេ ក៏​បាន​ប៉ះពាល់​ដល់​ដំណាំ​ពលរដ្ឋ​មួយ​ចំនួន ដូច​ជា ចេក ស្វាយ ដូង និង​របង​ផ្ទះ​ពលរដ្ឋ​ផង​ដែរ ប៉ុន្តែ ពុំ​ប៉ះពាល់​ផ្ទះ​ពលរដ្ឋ​នោះ​ឡើយ។ ភ្លាមៗ ក្រោយ​កើត​ហេតុ អភិបាល​ខេត្ត​កណ្ដាល លោក គួច ចំរើន បាន​ចុះ​ទៅ ហើយ​អះអាង​ប្រាប់​ពលរដ្ឋ​ថា ករណី​បាក់​ប្រាំង​នេះ​បណ្ដាល​មក​ពី​គ្រោះ​ធម្មជាតិ មិន​មែន​ដោយ​សារ​ការ​បូម​ខ្សាច់​នោះ​ទេ។ លោក​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ដែល​រស់​នៅ​តាម​មាត់​ទន្លេ ត្រូវ​ប្រុងប្រយ័ត្ន និង​ឱ្យ​ជម្លៀស​ទៅ​កន្លែង​មាន​សុវត្ថិភាព​បណ្ដោះអាសន្ន។

វិទ្យុ​អាស៊ីសេរី​ពុំ​អាច​ទាក់ទង​អភិបាលខេត្ត​កណ្ដាល​ លោក គួច ចំរើន ដើម្បី​សុំ​ការ​​ឆ្លើយ​តប​​ជុំ​វិញ​រឿង​នេះ​បន្ថែម​បាន​ទេ​នៅ​ថ្ងៃ​ទី១២ ខែធ្នូ។

រីឯ​សកម្មជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ សុំ​មិន​បញ្ចេញ​ឈ្មោះ​ ព្រោះ​បារម្ភ​សុវត្ថិភាព​លើក​ឡើង​ថា ការ​អះអាង​របស់​លោក គួច ចំរើន ថា ការ​បាក់​ច្រាំង​ ជា​គ្រោះ​ធម្មជាតិ​នេះ គឺ​គ្រាន់តែ​ជា​លេស​ ដើម្បី​គេចវេះ​ មិន​ចង់​ទទួល​ខុស​ត្រូវ ចំពោះ​បញ្ហា។ សកម្មជន​រូប​នេះ​ចោទ​ថា ការ​បូម​ខ្សាច់ បង្ក​ជា​ក្ដី​បារម្ភ​ដល់​ពលរដ្ឋ ដោយសារ​តែ​ក្រសួង​មួយ​ចំនួន ដូច​ជា ក្រសួងបរិស្ថាន និង​ក្រសួង​រ៉ែ និង​ថាមពល​អសមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នៅ​ចំពោះ​មុខ ហើយ​គិត​តែ​ពី​ផល​ប្រយោជន៍ ដើម្បី​បាន​លុយ​ចូល​ហោប៉ៅ​ខ្លួន​ឯង តាម​រយៈ​លួច​លក់​ធនធាន​ធម្មជាតិ ដូច​ជា ខ្សាច់​ជា​ដើម។

សកម្មជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​សុំ​លក់​ឈ្មោះ៖ «ប៉ះពាល់​ដល់​អាយុជីវិត​ពលរដ្ឋ និង​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​នោះ​ ដោយ​សារ​តែ​ភាព​អសមត្ថភាព​របស់​រដ្ឋ និង​ក្រសួង​មាន​សមត្ថកិច្ច។ ដូច​យើង​មើល​ឃើញ​ ការ​វាយ​តម្លៃ​អំពី​ផល​ប៉ះពាល់​បរិស្ថាន​មុន​នឹង​ការ​អនុវត្ត​សម្រាប់​​​គម្រោង​ គឺ​​នៅ​មាន​ភាព​​​​​ខ្វះខាត​​ មិនមែន​ខ្វះខាត​តិច​តូច​​គឺ​ធ្ងន់ធ្ងរ​មែន​ទែន។ យើង​មិន​ដែល​ទទួល​បាន​លទ្ធផល ​ឬ​សម្រេច​ពី​ការ​វាយតម្លៃ​ទាំងអស់​នោះ​ទេ។ ឃើញ​ទេ​ នៅ​ពេល​ដែល​គម្រោង​​នោះ​ត្រូវ​បាន​អនុវត្ត ឬ​ក្រុម​ហ៊ុន​ណា​មួយ​ទទួល​បាន​អាជ្ញាប័ណ្ណ គឺ​តែងតែ​មាន​ការ​គំរាមកំហែង​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ»

វិទ្យុ​អាស៊ីសេរី​ពុំ​អាច​ទាក់ទង​​ អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ​​ ​និង​ថាមពល​ លោក អ៊ឹង ឌីប៉ូឡា​ និង​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក ខ្វៃ អាទិត្យា ដើម្បី​ឆ្លើយ​តប​ជុំ​វិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​​ទី​១២​ ខែ​ធ្នូ​។​​

យ៉ាងណា​លោក អ៊ឹង ឌីប៉ូឡា​​ ធ្លាប់​លើក​ឡើង​ថា​​​អាជីវកម្ម​បូម​ខ្សាច់​នៅ​តាម​ដង​ទន្លេ​ដែល​ធ្វើ​ឲ្យ​បាក់​ច្រាំង​​ ​គឺ​ជា​ប្រភេទ​អាជីវកម្ម​បែប​អនាធិបតេយ្យ​មិន​គោរព​តាម​ស្តង់ដារ​បច្ចេកទេស​ដែល​ក្រសួង​បាន​កំណត់។​ រីឯ​ ​ក្រុម​ហ៊ុន​ដែល​​គោរព​តាម​ច្បាប់​ មិន​​ប៉ះពាល់​ដល់​ច្រាំង​ទន្លេ​នោះ​ទេ។​​ បើ​ទោះ​ជា​មាន​ការ​អះអាង​បែប​នេះ​ក្ដី​​ សកម្មជន​បរិស្ថាន​ លើក​ឡើង​ថា​ ក្រសួង និង​អាជ្ញាធរ​ មិន​ហ៊ាន​ចាប់​ក្រុម​ហ៊ុន​បូម​ខ្សាច់​អនាធិបតេយ្យ​ទាំង​នោះ​មក​ផ្ដន្ទាទោស​​​ ព្រោះ​ខ្លាច​ខាតបង់​ផល​ប្រយោជន៍​​​​។

ទាក់ទិន​រឿង​នេះ​ អ្នក​ការពារ​សិទ្ធិ​មនុស្ស​ និង​បរិស្ថាន លោក ម៉ា ចិត្រា​ យល់​ថា​ ដើម្បី​ដោះស្រាយ​បញ្ហា​បាក់​ច្រាំង ដែល​បណ្ដាល​មក​ពី​ការ​បូម​ខ្សាច់​ ​ក្រុម​ហ៊ុន​បូម​ខ្សាច់​នីមួយៗ​ត្រូវតែ​មាន​អាជ្ញាប័ណ្ណ​​​ទទួល​ស្គាល់​ពី​ក្រសួង​ពាក់ព័ន្ធ​​​ឱ្យ​ត្រឹម​ត្រូវ​​ហើយ​​​​ត្រូវ​មាន​របាយការណ៍​វាយ​តម្លៃ​ពី​ផល​ប៉ះពាល់​បរិស្ថាន​ និង​សង្គម​​ ដែល​ធ្វើ​ឡើង​ពី​សំណាក់​​​​​គណៈកម្មការ​វាយ​តម្លៃ​​ឯករាជ្យ​​​​​​ នោះ​ទើប​មិន​បង្ក​បញ្ហា​​​នៅ​ពេល​អនាគត​។​

លោក ម៉ា ចិត្រា«អ៊ីចឹង​បាន​ថា​មុន​នឹង​អនុញ្ញាត​ឱ្យ​មាន​ការ​បូម​ខ្សាច់​នៅ​តំបន់​ណា​នោះ​ ខាង​ក្រសួង​ពាក់ព័ន្ធ​​ ​ត្រូវ​ពិនិត្យ និង​សិក្សា​មើល​ថា​តើ ​គួរតែ​ផ្ដល់​អាជ្ញាប័ណ្ណ​ឱ្យ​បូម​កន្លែង​នឹង​ទេ​ ឬ​យ៉ាង​ម៉េច​​ គឺ​ត្រូវតែ​សិក្សា​ស្រាវជ្រាវ​អ៊ីចឹង​សិន​ដែរ​។ បើ​យើង​អនុញ្ញាត​​ងាក​បូម​ៗ គឺ​វា​ប៉ះពាល់​ប្រជាពលរដ្ឋ នោះ​វា​ខាត​សេដ្ឋកិច្ច​ពលរដ្ឋ​ផង និង​ខាត​សេដ្ឋកិច្ច​ជាតិ​ផង តាម​រយៈ​ការ​ទៅ​សាសង​ផ្លូវ​ថ្មី​ ឬ​​ទំនប់​​ទប់​​ច្រាំង​​ នឹង​អស់​លុយ​។ សូម​ឱ្យ​អាជ្ញាធរ​យក​ចិត្ត​ទុក​ដាក់​លើ​ចំណុច​អស់​នេះ​ផង​។

បញ្ហា​បាក់​ច្រាំង​​ចូល​ទន្លេ ​ពុំ​មែន​ទើបតែ​កើត​មាន​នោះ​ទេ។​​​ ពលរដ្ឋ​ និង​យុវជន​ទទូច​ឱ្យ​អាជ្ញាធរ​​ ​គិត​ពី​ផល​ប៉ះពាល់​ពលរដ្ឋ​ និង​បរិស្ថាន​ ជា​ជាង​គិត​តែ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន ​ធ្វើ​ឱ្យ​ពលរដ្ឋ​ភាគ​ច្រើន​រងគ្រោះ​ ​ដោយ​សារ​តែ​បញ្ហា​អាជីវកម្ម​បូម​ខ្សាច់​​ គ្មាន​ច្បាប់​ទម្លាប់​។​ ​ជាពិសេស ពួក​គាត់​សង្ឃឹម​ថា​ អាជ្ញាធរ​​នឹង​ចាត់​វិធានការ​តឹងរ៉ឹង​លើ​ក្រុម​ហ៊ុន​ទាំង​ឡាយ​ណា​​​ ដែល​គ្មាន​អាជ្ញាប័ណ្ណ​ត្រឹម​ត្រូវ ​ហើយ​បូម​ខ្សាច់​ហួស​ដែន​កំណត់​​ ត្រូវ​យក​មក​ផ្ដន្ទាទោស​ចំពោះ​មុខ​ច្បាប់​​​៕ ​​​​​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ឃួង ស្រេង ពី​មន្ត្រី​ខណ្ឌ​តូច​តាច​ទៅ​ជា​អភិបាល​ក្រុង​ភ្នំពេញ​ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។