កសិករខេត្តបាត់ដំបងព្រួយរឿងខូចស្រូវព្រោះខ្វះទឹក
2011.06.03
ផលដំណាំស្រូវជាច្រើនពាន់ហិកតារ អាចប្រឈមនឹងការខូចខាតធ្ងន់ធ្ងរ នៅរដូវប្រាំងឆ្នាំនេះ ដោយសារមេឃមិនភ្លៀងឲ្យបានគ្រប់គ្រាន់ សម្រាប់ស្រោចស្រពដីស្រែប្រាំងនៅតាមភូមិឃុំនានា ក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង។
កសិករឈ្មោះ ចាន់ សុភក្កិ រស់នៅឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបងបានឲ្យដឹងថា ចាប់តាំងពីខែមេសា រហូតដល់ខែមិថុនា ឆ្នាំ ២០១១ នេះ ស្រូវរបស់កសិកររាប់ពាន់ហិកតារនៅតាមឃុំនានា ក្នុងស្រុកថ្មគោល កំពុងខ្វះខាតទឹកស្រោចស្រពស្ទើរទាំងស្រុង ៖ «បើស្រែអ្នកខ្លះរាងខ្ពស់ទៅ វាស្វិតស្រូវ។ បើអ្នកណានៅទំនាបអីបានភ្លៀងមួយមេមកបានរស់បានប្រហែល ៤ ទៅ ១០ ថ្ងៃអីដែរ។ បើសិនជាអត់ទឹកឆ្នាំទៅមិញ ស្រែពុកខ្ញុំស្ទើរទឹកក្នុង ១ ហិកតារបានតែ ២ តោនព្រោះអីយើងអត់មានទឹកគ្រប់គ្រាន់»។
ដូចគ្នានេះដែរ មេឃុំរូងជ្រៃ លោក យូ សឿម បានមានប្រសាសន៍ថា ដំណាំស្រូវរបស់កសិករក្នុងឃុំរូងជ្រៃ ចំនួន ៤៧៥០ ហិកតារ ក៏អាចប្រឈមការខូចខាតដែរ ដោយសារភាពរាំងស្ងួតនៅក្នុងឆ្នាំ ២០១១ នេះ។ លោកបន្តថា ផលដំណាំស្រូវជាច្រើនពាន់ហិកតារ នៅឃុំរូងជ្រៃ និងឃុំផ្សេងៗ ទៀត ក្នុងស្រុកថ្មគោល បានទាញទឹកពីដងស្ទឹងបវេលមកប្រើប្រាស់ទាំងស្រុក។
លោក យូ សឿម ៖ «ចាប់ពីថ្ងៃនេះទៅ ក្នុងរយៈពេល ១០ ទៅ ១៥ ថ្ងៃទៀត បើអត់មានទឹកស្ទឹងធ្លាក់មកជួយទៀតទេ ខូចកាន់តែច្រើនទៅៗ។ គាត់ធ្វើស្រូវប្រាំងឆ្នាំនេះ ធ្វើច្រើនហួសផែនការរបស់រដ្ឋកំណត់ ដល់ខ្វះទឹកមិនអាចបម្រើការងារបានវាច្រើនពេក»។
ក្រុមកសិករថ្លែងថា នៅក្នុងស្រុកថ្មគោល មានប្រព័ន្ធប្រឡាយមេសម្រាប់ទាញទឹកពីស្ទឹងបវេលមកស្រោចស្រពដំណាំស្រូវដែរ ប៉ុន្តែ ដោយសារឆ្នាំនេះខ្សត់ទឹកភ្លៀង ធ្វើឲ្យពួកគាត់មានការព្រួយបារម្ភពីការខូចខាត ប្រសិនបើស្រូវជាច្រើនពាន់ហិកតារខ្វះទឹកស្រោចស្រពនោះ។
កសិករក្នុងខេត្តបាត់ដំបង បានចាប់ផ្ដើមចុះភ្ជួររាស់សាបព្រោះបង្កបង្កើនផលស្រូវប្រាំង ចាប់តាំងតែ ពីអំឡុងខែមេសា ឆ្នាំ ២០១១ ហើយអាចនឹងច្រូតកាត់ប្រមូលផល នៅខែកញ្ញា និងខែតុលា ឆ្នាំ ២០១១ ទៅតាមប្រភេទស្រូវស្រាល និងស្រូវធ្ងន់ដែលពួកគេបានដាំ។
លោក ទឹក ដារ៉េត អភិបាលស្រុកបវេល មានប្រសាសន៍ថា នៅឆ្នាំ ២០១១ នេះ មេឃភ្លៀងតិចជាងឆ្នាំ ២០១០ កន្លងទៅ ដែលបញ្ហានេះបានធ្វើឲ្យទឹកក្នុងស្ទឹងបវេលមានពុំគ្រប់គ្រាន់ ដើម្បីចែកចាយទៅស្រោចស្រពដីស្រែស្រូវរបស់កសិកររាប់ពាន់ហិកតារបាន។ បញ្ហានេះ បានធ្វើឲ្យមានការព្រួយបារម្ភថា ទិន្នផលស្រូវប្រាំងរបស់កសិករក្នុងខេត្តបាត់ដំបងនៅឆ្នាំនេះ អាចមានការធ្លាក់ស្រុតចុះតិចជាងឆ្នាំកន្លងទៅ។
របាយការណ៍របស់មន្ទីរកសិកម្មខេត្តបាត់ដំបងបានបង្ហាញថា ផែនការបង្កបង្កើនផលស្រូវប្រចាំឆ្នាំ ២០១០ គឺ ២៤៥ ពាន់ហិកតារ។ កាលពីឆ្នាំ ២០១០ កសិករនៅទូទាំងខេត្តបាត់ដំបង បានបង្កបង្កើនផលសរុបកើនដល់ ២៥០ ពាន់ហិកតារ ស្នើនឹង ១០៣% គឺបានធ្វើលើសផែនការប្រចាំឆ្នាំ ៥០ ពាន់ហិកតារ៕