នាយករដ្ឋមន្ត្រីបារាំងធ្វើទស្សនកិច្ច២ថ្ងៃនៅកម្ពុជា
2011.06.23
មន្ត្រីជាន់ខ្ពស់កម្ពុជាបានចាត់ទុកទស្សនកិច្ចនេះជាការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែជិតស្និត។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី២២ ខែមិថុនា បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចរបស់លោក ហ្វ្រង់ស័រ ហ្វីយ៉ុង នាយករដ្ឋមន្ត្រីបារាំងមកកម្ពុជា លោកមានគម្រោងចូលជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលបង្គំគាល់ព្រះមហាក្សត្រខ្មែរ សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី និងអតីតព្រះមហាក្សត្រ សម្ដេចឪ នរោត្តម សីហនុ។
លោក កុយ គួង មន្ត្រីនាំពាក្យក្រសួងការបរទេសកម្ពុជា មានប្រសាសន៍នៅថ្ងៃទី២៣ ខែមិថុនាថា ដំណើរទស្សនកិច្ចរបស់លោក ហ្វ្រង់ស័រ ហ្វីយ៉ុង នាយករដ្ឋមន្ត្រីបារាំងមកកម្ពុជា ក៏នឹងចូលរួមសម្ពោធបិទការដ្ឋានជួសជុលប្រាសាទបាពួន ដែលផ្ដល់ជំនួយដោយរដ្ឋាភិបាលបារាំងផងដែរ ៖ «តាមគម្រោងដូចជាមិនមានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ឬលើឯកសារអ្វីទេ។ ពីព្រោះបញ្ហាសំខាន់ដំណើរទស្សនកិច្ចរបស់ឯកឧត្ដម ហ្វ្រង់ស័រ ហ្វីយ៉ុង នាយករដ្ឋមន្ត្រីបារាំង នៅពេលនេះ គឺជំរុញឲ្យមានទំនាក់ទំនងទ្វេភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែមានលក្ខណៈប្រសើរ និងកាន់តែទូលំទូលាយថែមទៀត។ ក្រៅពីជួបពិភាក្សាជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រី គាល់ព្រះមហាក្សត្រ និងគាល់ព្រះមហាវីរក្សត្រ ឯកឧត្ដម ហ្វ្រង់ស័រ ហ្វីយ៉ុង នឹងចូលរួមពិធីសម្ពោធបិទការដ្ឋានជួសជុលប្រាសាទបាពួន ក្រៅពីនេះនឹងទៅទស្សនាប្រាសាទអង្គផងដែរ»។
មន្ត្រីក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីបារាំងមកកម្ពុជា គឺជាលើកទី១ហើយ ក្នុងតួនាទីនាយករដ្ឋមន្ត្រីមកទស្សនកិច្ចប្រទេសកម្ពុជា។ ប៉ុន្តែសម្រាប់តួនាទីជាប្រធានាធិបតីបារាំងមកទស្សនកិច្ចកម្ពុជា គឺមានទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោកប្រធានាធិបតី សាល ដឺហ្គោល (Charles de Gaulle) នៅឆ្នាំ១៩៦៦ និងទស្សនកិច្ចរបស់លោកប្រធានាធិបតី ហ្វ្រង់ស័រ មីតេរ៉ង់ (Frncois Mitterant) កាលពីឆ្នាំ១៩៩៣។
លោក កុយ គួង បានចាត់ទុកដំណើរទស្សនកិច្ចរបស់លោក ហ្វ្រង់ស័រ ហ្វីយ៉ុង នាយករដ្ឋមន្ត្រីបារាំងមកកម្ពុជាបង្ហាញឲ្យឃើញពីកិច្ចសហប្រតិបត្តិការជាមួយគ្នាកាន់តែជិតស្និទ្ធ ដែលកម្ពុជា បារាំងមានជាមួយគ្នាជាយូរលង់មកហើយ៕