អ្នក​ឆ្លង​កូវីដ១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ឡើង​ដល់​ជិត ៥ពាន់​នាក់​ហើយ

ដោយ ខែ សុណង
2021.04.16
អ្នក​ឆ្លង​កូវីដ១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ឡើង​ដល់​ជិត ៥ពាន់​នាក់​ហើយ
Photo: RFA

ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ បាន​កើន​ដល់ ៤.៩៣៨នាក់ ហើយ បន្ទាប់​ពី​ក្រសួង​សុខាភិបាល​រក​ឃើញ​ករណី​ឆ្លង​ថ្មី ២៦២នាក់​ទៀត គិតមកដល់​រសៀល​ថ្ងៃ​ទី១៦ មេសា។

អ្នក​ឆ្លង​ថ្មី​ទាំង​នេះ មាន​នៅ​ខេត្ត​ព្រះសីហនុ សៀមរាប កណ្ដាល តាកែវ កំពង់​ចាម ព្រៃវែង ពោធិ៍សាត់ និង​ខេត្ត​មួយ​ចំនួន​ទៀត ក្នុង​នោះ​រាជធានី​ភ្នំពេញ​មាន​អ្នក​ឆ្លង​ច្រើន​ជាងគេ (២៣២)

ទន្ទឹម​នឹង​ការ​រក​ឃើញ​ករណី​ឆ្លង​ថ្មី​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ ៧៤នាក់ បាន​ជា​សះ​ស្បើយ​នៅ​ថ្ងៃ​ដដែល​នេះ ដោយ​ពួក​គាត់​ភាគ​ច្រើន ជា​អ្នក​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​។

តួលេខ​ពី​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​បង្ហាញ​ថា គិត​ត្រឹម​ម៉ោង ១២:២០នាទី ថ្ងៃ​ទី១៦ មេសា កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ-១៩ ចំនួន ៥.៤៨០នាក់ ក្នុង​នោះ​អ្នក​ជា​សះ​ស្បើយ​មាន ២.៣៩៣នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល ៣.០៤៤នាក់។ ដោយ​ឡែក​ចំនួន​អ្នក​ស្លាប់​ដោយសារ​កូវីដ-១៩ វិញ ក្រសួង​សុខាភិបាល​ប្រកាស​ថា មាន​ចំនួន ៣៨នាក់។

ទាក់ទង​នឹង​រឿងកូវីដ-១៩ នេះ​ដែរ ស្ថាន​ទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​អះអាង​លើ​ហ្វេសប៊ុក (Facebook) នៅ​ថ្ងៃ​ទី១៦ មេសា​ថា វ៉ាក់សាំង​ចិនស៊ីណូវ៉ាក់ (Sinovac) ដែល​ជា​ការ​បញ្ជា​ទិញ​ជំហាន​ទីពីរ​របស់​រដ្ឋាភិបាល​កម្ពុជា ចំនួន ៥សែន​ដូស នឹង​ត្រូវ​ដឹក​ជញ្ជូន​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី១៧ មេសា ស្អែក​នេះ។ ចំណែក​វ៉ាក់សាំង​ស៊ីណូហ្វាម (Sinopharm) ចំនួន ៤សែន​ដូស ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន​វិញ ស្ថាន​ទូត​ចិន​ឱ្យ​ដឹង​ថា នឹង​មក​ដល់​នៅ​ចុង​ខែ​មេសា​នេះ៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។