អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក កុយ កួង បញ្ជាក់ប្រាប់អាស៊ីសេរីថា សិក្ខាកាមយោធាចំនួន ៣រូប ដែលកំពុងសិក្សានៅក្នុងប្រទេសរុស្ស៊ីពិតជាបានរកឃើញថា មានកូវីត១៩ ប្រាកដមែន បន្ទាប់ពីពួកគេត្រូវបានបញ្ជូនទៅពិនិត្យសុខភាពនៅក្នុងមន្ទីរពេទ្យមួយហើយបានរកឃើញថា មានលទ្ធផលវិជ្ជមាន។
នៅក្នុងសេចក្ដីប្រកាសរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសរុស្ស៊ីចុះថ្ងៃទី១៩ មេសា បានឱ្យដឹងថា សិក្ខាកាមយោធាទាំងបីនាក់កំពុងរៀនឆ្នាំទី៣ លើមុខជំនាញវេជ្ជសាស្ត្រទូទៅ នៅសាកលវិទ្យាល័យវេជ្ជសាស្ត្រយោធានៃទីក្រុង សេន ភីតថើស្បើក (Saint Petersburg) នៃសហព័ន្ធរុស្ស៊ី។
ស្ថានទូតកម្ពុជាប្រចាំប្រទេសរុស្ស៊ីបានឲ្យដឹងទៀតថា មូលហេតុដែលបណ្ដាលឲ្យសិក្ខាកាមទាំង ៣រូបឆ្លងជំងឺនេះ ដោយសារតែមានសិក្ខាកាមយោធាមកពីប្រទេសដទៃទៀត ដែលសិក្សារួមជំនាន់ និងស្នាក់នៅអគារជាន់ជាមួយគ្នាមានជំងឺកូវីត១៩ ហើយសិក្ខាកាមយោធាកម្ពុជាទាំង ៣នាក់ ត្រូវបានសាកលវិទ្យាល័យបញ្ជូនទៅព្យាបាលនៅក្នុងមន្ទីរពេទ្យតែស្ថានភាពជំងឺរបស់ពួកគេមិនទាន់មានសភាពធ្ងន់ធ្ងរនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។