អ្នកផ្ទុកមេរោគអេដស៍នៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ទាំងអ្នកកើតថ្មីនិងអ្នកកើតចាស់មានចំនួនជាង ២០០នាក់ គិតត្រឹមថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០១៥។ ចំណែកឯអ្នកស្លាប់ដោយសារមេរោគនេះវិញបានកើនឡើងដល់ចំនួន ៥នាក់ហើយគិតត្រឹមថ្ងៃទី២៥ កុម្ភៈ។
«សំឡេងស្មូតបុណ្យសព»៖ សាច់ញាតិនៃសពរៀបរាប់ឲ្យដឹងថា អ្នកផ្ទុកមេរោគអេដស៍ទី៥ ក្នុងចំណោម ៤នាក់ដែលស្លាប់ជាបន្តបន្ទាប់កន្លងមកនេះ កើតឡើងដោយសារការភ័យតក់ស្លុត និងមេរោគអេដស៍ដែលមិនធ្លាប់ជួបប្រទះពីមុនមក។
កញ្ញា ហង្ស ហ៊ន រស់នៅភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ថ្លែងនៅថ្ងៃទី២៥ កុម្ភៈ ថា ម្ដាយរបស់កញ្ញាឈ្មោះអ្នកស្រី នាច រស់ អាយុ ៧២ឆ្នាំ មានជំងឺប្រចាំកាយរស់នៅជាច្រើនឆ្នាំមកហើយ ពុំមានបញ្ហាអ្វីនោះទេ។
កញ្ញាបន្តថា ម្ដាយចាប់តាំងពីទៅធ្វើតេស្តឈាមនៅមណ្ឌលសុខភាពរកា កាលពីថ្ងៃទី១៦ កុម្ភៈ កន្លងទៅ ហើយរកឃើញមេរោគអេដស៍នៅក្នុងឈាមគាត់មក ធ្វើឲ្យជំងឺនោះឈឺខុសពីធម្មតា ហើយទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ចំនួន ៨ថ្ងៃ ត្រឡប់មកផ្ទះវិញស្លាប់តែម្ដង៖ «កាលពីមុនឈឺដែរ តែធ្វើការងារក្នុងផ្ទះបានខ្លះ ដល់ពេលគាត់ទៅធ្វើតេស្តឈាមមកស្រាប់គាត់តក់ស្លុត ហើយទៅជារាករូស ពិសាអ្វីក៏មិនបាន គឺរស់ដោយសារថ្នាំបន្តោងសេរ៉ូម។ គាត់ដាច់ខ្យល់ស្លាប់នៅពេលដែលត្រឡប់មកពីមន្ទីរពេទ្យវិញ ទាំងបន្តោងសេរ៉ូមជាប់ខ្លួន»។
ជំទប់ទី២ឃុំរកា លោក សឿម ឆម មានប្រសាសន៍បញ្ជាក់ថា អ្នកដែលផ្ទុកមេរោគអេដស៍នៅឃុំរកា ហើយធ្លាក់ខ្លួនឈឺធ្ងន់ចំនួន ៤នាក់ ភាគច្រើនជាមនុស្សចាស់ ៧០ឆ្នាំប្លាយ។ នៅក្នុងនោះមួយចំនួនកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង និងខ្លះទៀតទៅណាមិនរួចសម្រាកនៅផ្ទះ៖ «នៅមណ្ឌលសុខភាពរកា គ្មានថ្នាំព្យាបាលអ្នកផ្ទុកមេរោគអេដស៍ទេ ហើយក្រសួងសុខាភិបាល គួរតែយកចិត្តទុកដាក់លើការងារនេះ មិនគួរបណ្ដែតបណ្ដោយអ៊ីចឹងសោះ»។
ទាក់ទងនឹងបញ្ហានេះដែរ ប្រធានអង្គការព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ ដែលបានចុះអប់រំផ្ទាល់ ដល់អ្នកផ្ទុកមេរោគអេដស៍នៅឃុំរកា គឺលោក ហេង មុនីចិន្តា មានប្រសាសន៍ថា អ្នកផ្ទុកមេរោគអេដស៍មួយចំនួនធំដែលបានលេចថ្នាំពន្យារជីវិតទៀងទាត់ មានសុខភាពធូរស្រាយខ្លះៗហើយ។
ទោះយ៉ាងនេះក្ដី លោកថា អ្នកដែលផ្ទុកមេរោគទាំងនោះ ត្រូវផ្ដល់កម្លាំងចិត្តដល់ពួកគាត់បន្ថែមទៀត ដើម្បីសុខភាពមាំមួនទៅថ្ងៃអនាគត៖ «យើងត្រូវការជំនួយសម្រាប់អប់រំផ្លូវចិត្តគាត់ និងផ្ដល់អាហារូបត្ថម្ភដល់អ្នកផ្ទុកមេរោគអេដស៍ជាការល្អ។ ម្យ៉ាងទៀតយើងព្រួយបារម្ភចំពោះការរើសអើងដល់ពួកគាត់ ព្រោះការងារនេះយើងត្រូវចុះអប់រំបន្ថែមទៀត»។
រហូតមកទល់ពេលនេះ អ្នកដែលផ្ទុកមេរោគអេដស៍នៅឃុំរកា មានចំនួន ២៦៩នាក់ គិតត្រឹមថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០១៥។ ចំណែកឯអ្នកស្លាប់បានកើនឡើងដល់ចំនួន ៥នាក់ហើយ គិតត្រឹមថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០១៥ ហើយអ្នកទី៥ នោះបានស្លាប់នៅថ្ងៃទី២៥ កុម្ភៈ។ សរុបអ្នកភូមិរកា មានអ្នកស្លាប់ចំនួន ៤នាក់ និងនៅភូមិអំបែងថ្ងែ ម្នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ ៕
