ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅធ្វើការ រៀនសូត្រ និងមានក្រុមគ្រួសារជាជនជាតិកូរ៉េ (South Korea) បានបន្តស្នាក់នៅនិងបំពេញការងារជាធម្មតា ប៉ុន្តែពួកគេមានការប្រុងប្រយ័ត្នខ្ពស់ខ្លាចឆ្លងមេរោគដ៏កាចសាហាវនេះ។ រីឯគ្រួសារខ្មែរដែលមានសមាជិក ៣នាក់ កើតជំងឺនេះ កំពុងបន្តសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនៅឡើយ។
ពលករផ្នែកឧស្សាហកម្មនៅទីក្រុងផ្ចង់ថេក (Pyeongtaekc) យុវជន ឃ្លោក លាប ថ្លែងថា លោកបន្តធ្វើការជារៀងរាល់ថ្ងៃដោយថៅកែរោងចក្រមិនបានផ្អាកការងារទេ។ លោកថា ថៅកែរោងចក្របានចូលរួមរឹតបណ្ដឹងវិធានការរបស់អាជ្ញាធរ និងបានចែកម៉ាស់ និងអាល់កុលលាងដៃសម្លាប់មេរោគដល់បុគ្គលិក រួមទាំងភ្ជាប់នូវវិន័យមួយចំនួនឱ្យបុគ្គលិកអនុវត្ត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩នេះ។ យុវជនដដែលបន្តថា ថ្វីបើវិធានការតឹងរ៉ឹង បូករួមនិងការប្រយ័ត្នប្រយែងខ្លួនរបស់លោកក្ដី ប៉ុន្តែក្ដីបារម្ភពីការឆ្លងជំងឺនេះនៅតែមាន៖ «គេទទួលខុសត្រូវគ្រប់បែបយ៉ាងដាក់ចង់១០កន្លែង បើសិនជាយើងប្រញាប់អត់លាងគេយកមកដាក់ឱ្យនៅមុខតុហូបបាយទៀត។ នឹកឃើញថា កូរ៉េឱ ! លោកអើយលោក គេស្រលាញ់ជីវិតយើងគេការពារជីវិតគេដែរ។ បើនិយាយរួមទៅមានតែស្រលាញ់ការពារអាយុជីវិតខ្លួនឯងទេ ថៅកែគ្រាន់តែបម្រាមអ៊ីចឹង បើសិនជាយើងនៅតែប្រហែស នៅចង់ដើរលេងសប្បាយអរទៅថតទៅដើរលេងពពាក់ពពួនគ្នា វាជារឿងគ្រោះថ្នាក់»។
រីឯពលការិនីម្នាក់ទៀតដែលធ្វើការផ្នែកឧស្សាហកម្មដែរនៅទីក្រុងថេគូ (Teagu) អ្នកនាង ហៀន សុខនីន មានមតិថា រោងចក្រគាត់ថ្វីបើជារោងចក្របែបលក្ខណៈគ្រួសារក្ដី ប៉ុន្តែគាត់បានទទួលការយកចិត្តទុកដាក់ខ្លាំងពីថៅកែ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺថ្មីនេះ។ ចំណែកឯម៉ាស់ និងអាល់កុលលាងដៃ ក៏ថៅកែចែកឱ្យប្រើដោយមិនចាំបាច់ចំណាយថវិកាទិញឡើយ៖ «ពួកខ្ញុំធ្វើការធម្មតាតែតាំងពីផ្ទុះជំងឺនេះមកថៅកែបិទការចេញចូលអត់ឱ្យពួកខ្ញុំចេញប្រាស្រ័យគ្នាជាមួយអ្នកខាងក្រៅទាំងអស់ នៅក្នុងរង្វង់ការងារពួកខ្ញុំអត់មានចំណូលថ្មីទេ គេអនុវត្តបានល្អអត់ឱ្យពួកខ្ញុំចេញទំនាក់ទំនងខាងក្រៅដាច់ខាតតាំងពីផ្ទុះមេរោគនេះមកគឺថៅកែដាក់លក្ខខណ្ឌ បើនរណាចេញក្រៅអត់ឱ្យចូលរោងចក្រវិញទេ។ និយាយទៅកក់ក្ដៅណាស់ ខ្ញុំចង់បានបែបហ្នឹង។
ចំពោះពលរដ្ឋខ្មែរដែលឆ្លងជំងឺ covid-19នេះ ស្ត្រីខ្មែររៀបការស្វាមីកូរ៉េ ដែលបានឆ្លងជំងឺកូវីដ១៩ ពីស្វាមីបានជាសះស្បើយហើយ ខណៈកូនតូច និងម្ដាយរបស់គាត់នៅមានផ្ទុកមេរោគនេះនៅឡើយ បន្ទាប់ពីធ្វើតេស្តឡើងវិញចំនួន៣លើករួចមក។
ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លោក ឡុង ឌីម៉ង់ ឱ្យដឹងថា ស្ត្រីខ្មែរវ័យ ២៣ឆ្នាំ ដែលរៀបការស្វាមីកូរ៉េ បានឆ្លងជំងឺកូវីដ១៩ ពីស្វាមីឥឡូវនេះបានបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យជាង៣សប្ដាហ៍ហើយ បន្ទាប់ពីធ្វើតេស្តបញ្ជាក់ចំនួន ៣ ឃើញថា ស្ត្រីជាម្ដាយទារកពុំមានផ្ទុកជំងឺនេះទៀតទេ។ ប៉ុន្តែកូនតូចអាយុ៣ខែ និងគាត់ម្ដាយរបស់គាត់វ័យជាង៤០ឆ្នាំ នៅមានផ្ទុកវីរុសថ្មីនេះនៅឡើយ ដែលតម្រូវឱ្យពួកគាត់ត្រូវបន្តស្នាក់នៅក្នុងមន្ទីរពេទ្យ ដើម្បីតាមដាននិងព្យាបាលសុខភាពបន្តទៀត៖ «គាត់អត់មានបញ្ហាផ្លូវដង្ហើមរាករូសអីគឺអត់ទេ គឺសឹងតែសព្វថ្ងៃនេះគាត់ថា ខ្ញុំដូចជាមនុស្សដែលអត់មានបញ្ហាអីសោះហើយគេឱ្យនៅសម្រាកនិងហូបចុកក្នុងពេទ្យអ៊ីចឹង។ យើងឃើញថា ស្ថានភាពគាត់អត់មានបញ្ហាអីទេ សរុបមកគាត់នៅតែមិនអាចចេញទៅវិញបាន អ៊ីចឹងត្រូវនៅជាមួយកូនដដែល។ អ៊ីចឹងទេឥឡូវគេធ្វើតេស្ត ១០ថ្ងៃម្ដង ៤ថ្ងៃម្ដង ហើយប្រហែលប៉ុន្មានថ្ងៃទៅមុខទៀតគេនឹងធ្វើតេស្ត២ថ្ងៃម្ដង ដើម្បីតាមដានស្ថានភាពរបស់មីងជាម្ដាយនិងទារកទៀតបាទ !»។
លោក ឡុង ឌីម៉ង់ បន្តថា ដោយឡែកស្វាមីជាជនជាតិកូរ៉េបានជាសះស្បើយហើយ ដោយអាជ្ញាធរសុខាភិបាលបានអនុញ្ញាតឱ្យគាត់ចេញពីមន្ទីរពេទ្យនិងវិលត្រឡប់ទៅផ្ទះវិញដែលស្ថិតនៅទីក្រុងប៊ូឆុន (Bucheon) ជាយទីក្រុងសេអ៊ូល (Seoul) ដែលមានចម្ងាយពីគ្នាប្រមាណជា២០គីឡូម៉ែត្រ។ លោកថា ក្នុងចំណោមពលរដ្ឋខ្មែរ ជាង៦ម៉ឺននាក់ រស់នៅ រៀនសូត្រ និងធ្វើការក្នុងប្រទេសកូរ៉េមានតែសមាជិកគ្រួសារខ្មែរចំនួន ៣នាក់ប៉ុណ្ណោះដែលឆ្លងមេរោគនេះ។
សហគមន៍ខ្មែរនៅប្រទេសកូរ៉េ សរុបមានជាង ៦ម៉ឺននាក់ ដែលក្នុងនោះមានពលករប្រមាណជា ៤ម៉ឺន ៨ពាន់នាក់ ស្ត្រី និងបុរសខ្មែររៀបការជាមួយភរិយាស្វាមីកូរ៉េមានប្រមាណ ៨ពាន់នាក់ និងនិស្សិតជាង ៤រយនាក់។ ក្នុងគ្រាឆ្លងរាលដាលជំងឺនេះ នៅប្រទេសកូរ៉េក៏ដូចជាប្រទេសដទៃដែរ អាជ្ញាធរកូរ៉េបានប្រើវិធានការបិទសាលារៀន គ្រឹះស្ថានអប់រំ ដោយឱ្យសិស្សនិស្សិតរៀនតាមអនឡាយ ចំណែកពលករធ្វើការក្នុងវិស័យកសិកម្មនៅបន្តធ្វើការជាធម្មតា និងរោងចក្របម្រើឱ្យវិស័យឧស្សាហកម្មខ្លះក៏នៅបន្តដំណើរការដែរ៕