មន្ត្រីក្រសួងសុខាភិបាលនៅតែអះអាងថា កម្ពុជាមិនទាន់មានជំងឺឆ្លងប្រភេទរលាកសួត ដែលបង្កដោយវីរុស កូរ៉ូណា (Corona Virus) នៅឡើយទេ ក៏ប៉ុន្តែមន្ត្រីពាក់ព័ន្ធកំពុងបន្តតាមដានឃ្លាំមើល ដើម្បីទប់ស្កាត់ជំងឺនេះ។
អ្នកនាំពាក្យក្រសួងសុខាភិបាលលោកវេជ្ជបណ្ឌិត លី សុវណ្ណ ប្រាប់អាស៊ីសេរីនៅយប់ថ្ងៃសុក្រទី២៤ ខែមករាថា ក្រសួងបានដាក់ម៉ាស៊ីនស្ទង់កម្តៅបន្ថែមនៅតាមច្រកអន្តរជាតិផ្លូវគោក ៣កន្លែង រួមមាន ប៉ោយប៉ែត បាវិត និងព្រែកចាក។
កាលពីម្សិលមិញក្រសួងបានដាក់ម៉ាស៊ីនស្ទង់កម្តៅនៅតាមអាកាសយានដ្ឋានអន្តរជាតិទាំង ៣កន្លែងផងដែរ គឺនៅភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ។ ក្រសួងសុខាភិបាលក៏បានដាក់ពង្រាយមន្ត្រីជាង ២ពាន់នាក់ ដែលត្រូវបានក្រសួងបណ្ដុះបណ្ដាលរួចហើយ ដើម្បីតាមដានរោគសញ្ញានៃវីរុស គូរ៉ូណា នេះ នៅទូទាំងប្រទេស៖ «យើងមានត្រៀមមន្ទីរពិសោធន៍ ហើយយើងនិងជំរុញឱ្យមន្ត្រីរបស់យើងគ្រប់ជាន់ថ្នាក់ទាំងអស់ប្រុងប្រយ័ត្នជានិច្ច»។
ទោះបីយ៉ាងណាក៏ដោយ លោក លី សុវណ្ណ បញ្ជាក់ថា កម្ពុជាមិនមានគម្រោងផ្អាកការធ្វើដំណើររបស់អ្នកទេសចរជនជាតិចិនទេ ប៉ុន្តែមន្ត្រីក្រសួងសុខាភិបាលនឹងតាមដានស្ថានភាពសុខភាព ពួកគេនៅកម្ពុជា។
ជំងឺរលាកសួតដែលបង្កដោយវីរុសខូរូណាថ្មីនេះ បានផ្ទុះឡើងនៅខេត្ត ហ៊ូបេ (Hubei) ប្រទេសចិន ហើយបើតាមគណៈកម្មការសុខភាពជាតិ របស់ប្រទេសចិនបានឱ្យថា មកទល់ពេលនេះ មានមនុស្ស ២៥នាក់បានស្លាប់ និង ៨៣០នាក់ ធ្លាក់ខ្លួនឈឺ បណ្ដាលមកពី វីរុសខូរូណា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
