វេជ្ជបណ្ឌិតឯកទេសវិកលវិទ្យា និងព្រះសង្ឃ ថាយុវជនកម្ពុជា មានជំងឺវិបត្តិផ្លូវចិត្ត និងជំងឺបាក់ទឹកចិត្តច្រើនក្នុងពេលបច្ចុប្បន្ន។ ការអះអាងដូច្នេះ ធ្វើឡើងក្នុងសិក្ខាសាលាស្ដីពីការដោះស្រាយវិបត្តិផ្លូវចិត្តតាមបែបវេជ្ជសាស្ត្រ និងព្រះពុទ្ធសាសនា។
ថ្វីត្បិតតែកម្ពុជា បានបញ្ចប់ការហែកហួរដោយសង្គ្រាមជាច្រើនឆ្នាំ និងមានសន្តិភាពយ៉ាងណាក្តី ប៉ុន្តែអ្នកជំនាញនៅតែរកឃើញថា មានយុវជនមិនតិចទេដែលទទួលរងការឈឺចាប់ និងជួបនូវវិបត្តិផ្លូវចិត្តក្នុងពេលបច្ចុប្បន្ននេះ ដោយសារកត្តាសង្គម។
សាស្ត្រាចារ្យវេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេសវិកលវិទ្យា និងជាប្រធានផ្នែកសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀននៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានប្រសាសន៍ថា មូលហេតុដែលយុវវ័យមានជំងឺបាក់ទឹកចិត្ត និងជំងឺវិបត្តិផ្លូវចិត្តច្រើននោះ គឺដោយសារពួកគេប្រឈមនឹងកត្តាសង្គម និងកត្តាគ្រួសារផ្ទាល់៖ « កត្តាសង្គម គឺរាប់តាំងពីរឿងតូចតាចឡើង ប្រសិនបើគាត់មានកត្តាចិត្តសាស្ត្រចុះខ្សោយ ក៏ធ្វើឲ្យគាត់មានជំងឺផ្លូវចិត្តបានដែរ។ មួយទៀត យុវជនគាត់អត់មានបទពិសោធន៍ប្រឡូកក្នុងសង្គម ចឹងហើយបទពិសោធន៍ក្នុងការដោះស្រាយ បទពិសោធន៍ក្នុងការប្រឈមនឹងបញ្ហាសង្គម គឺគាត់នៅមិនទាន់មានលក្ខណៈពេញលេញ។ ដូច្នេះអាចងាយនឹងធ្វើឲ្យប៉ះទង្គិចផ្លូវចិត្តខ្លាំងណាស់។ រីឯករណីផ្សេងទៀតនោះ គឺយុវភាពមួយចំនួនទទួលបានការបីបាច់ពីគ្រួសារមកមិនបានល្អ ដែលសំដៅលើការលូតលាស់ផ្នែកចិត្តសាស្ត្រ » ។
ទោះយ៉ាងណា អ្នកជំនាញថាមិនទាន់មានការស្រាវជ្រាវរកឃើញភាគរយនៃយុវជនដែលមានវិបត្តិផ្លូវចិត្តឡើយ ប៉ុន្តែពួកគេថាសព្វថ្ងៃនេះមានមនុស្សជាច្រើន បានទៅស្វែងរកសេវាព្យាបាល និងពិគ្រោះយោបល់។
រីឯសាស្ត្រាចារ្យនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ព្រះតេជព្រះគុណ គួ សុភាព ក៏ទទួលស្គាល់ថា យុវវ័យមានវិបត្តិផ្លូវចិត្តច្រើនជាងគេដែរ ដោយសារពួកគេពុំទាន់មានបទពិសោធន៍ទទួលយករឿងរ៉ាវដែលកើតមានក្នុងជីវិត៖ « នៅក្នុងហ្វេសប៊ុកមានរឿងក្តៅក្រហាយច្រើនណាស់ អាជេរបញ្ចោរ អាកាប់ចាក់ អាលួចប្លន់ អាវាយទាត់ធាក់ អារក ក៏មានទាំងអស់ ហើយបើយុវជនគាត់ឧស្សាហ៍ទៅមើលតែរឿងចឹងៗ វាធ្វើឲ្យគាត់ប៉ះពាល់។ សូមប្រើរបស់អ្វីឲ្យមានប្រយោជន៍ ដូចជាបើរើសយកម្ហូប សូមជ្រើសរើសយកម្ហូបណាដែលមានប្រយោជន៍សុខភាពដែរ » ។
អ្នកជំនាញលើកឡើងប្រហាក់ប្រហែលគ្នាថា រោគសញ្ញាផ្លូវចិត្តមានដូចជា ការត្អូញត្អែរអំពីការអស់កម្លាំង ការសម្រាកមិនសូវបាន មានអារម្មណ៍ហត់នឿយ មានភាពមិនប្រក្រតីផ្នែកអារម្មណ៍ ចិត្តគំនិតមានឥរិយាបថផ្លាស់ប្ដូរឆាប់ ងាយទទួលរងនូវការរំជួលចិត្តដូចជាខឹងច្រើន មួម៉ៅច្រើន ឬមានអារម្មណ៍ឯកោស្រងូតស្រងាត់ ជាដើម។
វេជ្ជបណ្ឌិត យឹម សុបុត្រា មានប្រសាសន៍ថា នៅពេលយុវជនមានបញ្ហាវិបត្តិផ្លូវចិត្តច្រើននោះ នឹងនាំឲ្យប៉ះពាល់ដល់បុគ្គលខ្លួនឯង ប៉ះពាល់លើគ្រួសារ សេដ្ឋកិច្ច និងផលប៉ះពាល់ទៅលើសង្គម ជាដើម៖ « ប៉ះពាល់ដល់សេដ្ឋកិច្ច ព្រោះថាមនុស្សម្នាក់មិនបានផលិតមនុស្សផ្សេងទៀត ត្រូវលុយចិញ្ចឹមម្នាក់នោះទៀត វារឹតតែនាំឲ្យមានវិបត្តិ។ រីឯសង្គមត្រូវការយុវភាពដើម្បីផលិត ចឹងបើយុវភាពហ្នឹងគាត់មានជំងឺផ្លូវចិត្ត ឬវិបត្តិផ្លូវចិត្តច្រើន ដូច្នេះកម្លាំងផលិតរបស់សង្គមក៏មិនបានច្រើនដែរ ហើយការអភិវឌ្ឍក៏មិនបានល្អទៅតាមនោះដែរ។ មែនទែនទៅ វិបត្តិផ្លូវចិត្តនេះក៏អាចមានផលប៉ះពាល់ដល់ផ្នែកច្បាប់ទៀត។ អ្នកខ្លះអាចប្រើហិង្សា។ អ្នកខ្លះប្រើគ្រឿងញៀន ផឹកស្រា ចាប់រំលោភ ចោរប្លន់ចោរឆក់ យើងឃើញថាទាំងអស់នេះកើតឡើងពីវិបត្តិផ្លូវចិត្ត » ។
ការដោះស្រាយ ឬព្យាបាលវិបត្តិផ្លូវចិត្តតាមបែបសាសនានោះ ព្រះតេជព្រះគុណ គួ សុភាព ណែនាំថា ជាដំបូងមនុស្សគ្រប់រូបត្រូវរក្សាកាយវាចាចិត្តឲ្យបានល្អ ដោយកុំជេរប្រមាថ កុំខឹង កុំស្អប់ ឬច្រណែនឈ្នានីស កុំប្រព្រឹត្តអំពើអាក្រក់ ហើយត្រូវមានពេលវេលាអានសៀវភៅអប់រំចិត្ត ស្តាប់ធម៌ ធ្វើសមាធិ និងចំណាយពេលជជែកជាមួយមនុស្សមានសមត្ថភាពខាងអប់រំផ្លូវចិត្ត ជាដើម។
ចំណែកលោកវេជ្ជបណ្ឌិត យឹម សុបុត្រា ផ្តល់ដំបូន្មានឲ្យយុវជនត្រូវចេះដោះស្រាយបញ្ហា ចេះកែប្រែបញ្ហា ចេះគេចពីបញ្ហា និងត្រូវចេះទទួលយកបញ្ហា។ ម្យ៉ាងវិញទៀត លោកថាអ្នកដែលមានវិបត្តិផ្លូវចិត្តខ្លួនឯងផ្ទាល់ ត្រូវដឹងថាខ្លួនឯងមានបញ្ហាផ្លូវចិត្តក្នុងប្រភេទណា ហើយត្រូវស្វែងរកការព្យាបាលវិធីតាមបែបវេជ្ជសាស្ត្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
