រដ្ឋាភិបាល​រក្សា​ជំហរ​មិន​ជម្លៀស​ពលរដ្ឋ​ខ្មែរ​ដែល​ជាប់​នៅ​ចិន​ដោយសារ​វីរុស​កូរ៉ូណា

រដ្ឋាភិបាល​នៅតែ​រក្សា​ជំហរ​មិន​ជម្លៀស​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ជាប់​នៅ​តំបន់​ស្នូល​នៃ​ការ​ផ្ទុះ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​បង្កឡើង​ដោយ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី នៅ​ប្រទេស​ចិន​។ ជំហរ​របស់​កម្ពុជា​នេះ ផ្ទុយ​ពី​អ្វី​ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​នានា​នៅ​លើ​ពិភពលោក កំពុង​ខ្នះខ្នែង​ជម្លៀស​ពលរដ្ឋ​របស់​ខ្លួន​ចេញពី​តំបន់​នេះ​ជា​បន្តបន្ទាប់ និង​ដាក់​ចេញ​នូវ​វិធានការណ៍​បង្ការ​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ការ​ឆ្លង​វីរុស​ថ្មី​នេះ​ដល់​ពលរដ្ឋ​របស់​ខ្លួន។

អ្នកនាំពាក្យ​ក្រសួងការបរទេស លោក កុយ គួង ស្នើ​កុំ​ឱ្យ​មានការ​ព្រួយបារម្ភ​ខ្លាំង​ពេក​ចំពោះ​ករណី​ពលរដ្ឋ​ខ្មែរ ជា​និស្សិត​ចំនួន​២៣​រូប ដែល​បច្ចុប្បន្ន​កំពុង​ជាប់​នៅ​ក្រុង​វូហាន កន្លែង​ដើមចម​នៃ​ការ​ផ្ទុះ​វីរុស​ដ៏​កាច​សាហាវ​មួយ​នេះ​។ លោក​ថា និស្សិត​ខ្មែរ​ទាំងនេះ មាន​សុខភាព​ល្អ ហើយ​អាជ្ញាធរ​ចិន​ក៏បាន​សហការ​ល្អ​ក្នុង​ការ​យកចិត្តទុកដាក់​លើ​ពួកគេ​ដែរ តាមរយៈ​ការ​ផ្គត់ផ្គង់​ម្ហូបអាហារ និង​ចេញ​នូវ​សេចក្ដី​ណែនាំ​នានា ដូច្នេះ​ហើយ​រដ្ឋាភិបាល​ពុំ​មាន​ផែនការ​ជម្លៀស​ពួកគេ​ចេញ​នោះ​ទេ៖ «ខ្ញុំ​សូម​បញ្ជាក់​ជាថ្មី​ថា មកដល់ពេលនេះ ជំហរ​យើង​គឺ​នៅ​ដដែល​អំពី​បញ្ហា​ស្ថានភាព​និស្សិត​កម្ពុជា​យើង ដែល​មាន​ចំនួន ២៣​រូប​នៅ​ទីក្រុង​វូហាន​នោះ គឺថា​គាត់​នៅ​សុខភាព​ល្អ​ដដែល ហើយ​ស្ថានទូត​កម្ពុជា​នៅ​ទីនោះ និង​ស្ថាន​អគ្គ​កុងស៊ុល យើង​ក៏​មាន​ទំនាក់ទំនង​សួរសុខទុក្ខ​គាត់​ជាប្រចាំ ហើយ​បាន​លើកទឹកចិត្ត​គាត់​កុំ​ឱ្យ​មានការ​ភ័យខ្លាច​ពេក ហើយ​ឱ្យ​គាត់​គោរព​តាម​សេចក្ដី​ណែនាំ​របស់​អាជ្ញាធរ​ចិន ក្នុង​ការ​ការពារ​ខ្លួន ហើយ​ឱ្យ​គាត់​ខិតខំ​ធ្វើ​យ៉ាង​ណា​ប្រយ័ត្ន​ប្រយែង​ថែរក្សា​ខ្លួន​ផង ហើយ​បើ​គាត់​អនុវត្ត​ទៅតាម​សេចក្ដី​ណែនាំ​របស់​អាជ្ញាធរ​ចិន​នោះ នោះ​ខ្ញុំ​យល់ថា មិន​ជា​បញ្ហា​នោះ​ទេ»។

លោក កុយ គួង បដិសេធ​ឆ្លើយ​សំណួរ​អាស៊ីសេរី ថា​តើ​អ្នកណា​ជា​អ្នកទទួលខុសត្រូវ​ប្រសិន​បើ​ពលរដ្ឋ​ខ្មែរ​ជា​និស្សិត​ទាំងនោះ ឆ្លង​វីរុស​ថ្មី​នេះ ដោយ​ប្រការ​ណាមួយ​នា​ពេល​ខាងមុខ ដោយសារ​កម្ពុជា​មិនបាន​ចាត់​វិធានការណ៍​ជម្លៀស​ពួកគេ​ជាមុន​នោះ។

ព្រម​ជាមួយ​គ្នា​នេះ រដ្ឋាភិបាល​ក៏​នៅ​មិនទាន់​ដាក់​ចេញ​វិធានការណ៍​តឹងរ៉ឹង​តាមរយៈ​ការ​បិទ ឬ​ផ្អាក​ជើង​ហោះហើរ​ត្រង់​ទាំង​អស់ពី​ប្រទេស​ចិន​មកកាន់​កម្ពុជា​នៅឡើយ​ទេ​។ លោក ជា អូន អ្នកនាំពាក្យ​អាកាសចរណ៍​ស៊ីវិល​បញ្ជាក់​ថា កម្ពុជា​បាន​បិទ​ជើង​ហោះហើរ​តែ​ពី​ក្រុង​វូហាន​ពី​ប្រទេស​ចិន គឺ​តាំងពី​ថ្ងៃ​ទី​២៣ មករា មក​ម្ល៉េះ ក៏ប៉ុន្តែ ពុំបាន​បិទ​ជើង​ហោះហើរ​ពី​តំបន់​ដទៃ​នៅ​ចិន​នោះ​ទេ៖ «ចំណុច​ដទៃ​ទៀត​ដែល​មាន​ហានិភ័យ​ទាប យើង​នៅ​មាន​ការហោះហើរ ប៉ុន្តែ​ការហោះហើរ​នេះ​គឺ​គោរព​តាម​ការ​ការពារ​ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ផង និង​ស្របតាម​ស្តង់ដារ​របស់​អង្គការ​សុខភាព​ពិភពលោក និង​អង្គការ​អាកាសចរណ៍​ស៊ីវិល​ [​ អន្តរជាតិ​ ]​ ផង​ដែរ​។ អ៊ីចឹង អ្វីៗ​គឺ​បាន​ការពារ​ត្រឹមត្រូវ​ទៅតាម​វិធាន​ដែល​មាន​ចែង​ជា​ការ​ណែនាំ​ដែល​យើង​បាន​បង្កើត​តាំងពី​មុន​ឆ្នាំ​២០០២​មក​ម្ល៉េះ»។

លោក ជា អូន បន្ថែម​ថា ចំពោះ​ករណី​អ្នកដំណើរ​ដែល​ចូល​មក​កម្ពុជា​ពី​ចិន​នៅមុន​ថ្ងៃ​ទី​២៣ មករា ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​បាន​ដឹក​ពួកគេ​ត្រលប់​ទៅ​កន្លែង​ដើម​វិញ​អស់ហើយ៖ «ពី​ម្សិលម្ង៉ៃ​នេះ គឺ​ចុងក្រោយ​នៅ​សល់​ភ្ញៀវ អ្នកដំណើរ ២៤​នាក់ ដោយសារ​បិទ​ទីក្រុង​នោះ​ហើយ គឺ​ដឹក​ទៅ​ដាក់​នៅ​ទីក្រុង​ស៊ិនជិន​។ អ៊ីចឹង ភ្ញៀវ​ដែល​មកពី​វូហាន មក​ក្រុងព្រះសីហនុ​នេះ គឺ​យើង​បាន​ដឹក​ទៅវិញ​អស់​ហើយ»។

យ៉ាងណាក៏ដោយ ចំណាត់​ការ​មិន​ជម្លៀស​ពលរដ្ឋ​ខ្មែរ​ពី​ចិន និង​ការ​មិន​បិទ​ជើង​ហោះហើរ​ពី​ចិន​នេះ ហាក់​ផ្ទុយ​ពី​អ្វី​ដែល​រដ្ឋាភិបាល​ប្រទេស​នានា​កំពុង​ខ្នះខ្នែង​យកចិត្តទុកដាក់​ទៅលើ​ពលរដ្ឋ​ខ្លួន ដែល​កំពុង​ជាប់​នៅ​ចិន​នេះ​។ ជប៉ុន និង​សហរដ្ឋអាមេរិក គឺជា​ប្រទេស​ពីរ​ដំបូង​គេ​បង្អស់ ដែល​បាន​ចាប់ផ្តើម​ជម្លៀស​ពលរដ្ឋ​ខ្លួន​ចេញពី​តំបន់​ស្នូល​នៃ​ការ​ផ្ទុះ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​បង្ក​មកពី​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី នៅ​ក្រុង​វូហាន ប្រទេស​ចិន​។ ការ​ជម្លៀស​នេះ ធ្វើ​ឡើង​កាលពី​ថ្ងៃ​ពុធ ទី​២៩ មករា​។ រីឯ​សហរដ្ឋអាមេរិក​វិញ ក៏​បាន​បញ្ជូន​យន្តហោះ​ពិសេស​ទៅ​ដឹក​ពលរដ្ឋ​របស់​ខ្លួន ដែល​ជា​បុគ្គលិក​កុងស៊ុល និង​ពលរដ្ឋ​អាមេរិកាំង​ដទៃ​ទៀត មក​ត្រួតពិនិត្យ​នៅ​ក្រុង​មួយ​នៅ​រដ្ឋ​អាឡាស្កា (Alaska) មុននឹង​បញ្ជូន​ពួកគេ​បន្ត​មក​រដ្ឋ​កាលីហ្វ័រញ៉ា (California) នៅ​ថ្ងៃ​ទី​២៩ មករា។

ក្រាហ្វិក​ព័ត៌មាន​៖ វីរ៉ុស​កូរ៉ូណា​ប្រភេទ​ថ្មី​នៅ​ចិន៖ ការជម្លៀស​ពលរដ្ឋ​បរទេស (ត្រឹម​ថ្ងៃទី​៣០​ ខែមករា​ ឆ្នាំ២០២០)។
ក្រាហ្វិក​ព័ត៌មាន​៖ វីរ៉ុស​កូរ៉ូណា​ប្រភេទ​ថ្មី​នៅ​ចិន៖ ការជម្លៀស​ពលរដ្ឋ​បរទេស (ត្រឹម​ថ្ងៃទី​៣០​ ខែមករា​ ឆ្នាំ២០២០)។ (ក្រាហ្វិក៖ AFP)

ក្រៅពី​ជប៉ុន និង​សហរដ្ឋអាមេរិក រដ្ឋាភិបាល​អូស្ត្រាលី និង​នូវែលហ្សេឡង់ ក៏​កំពុង​ធ្វើ​ការ​រួមគ្នា​ដើម្បី​ជម្លៀស​ពលរដ្ឋ​ខ្លួន​ចេញពី​តំបន់​នោះ​ដែរ ហើយ​ពលរដ្ឋ​ដែល​ត្រូវ​ជម្លៀស​នោះ ត្រូវ​យក​ទៅ​ដាក់​ឱ្យ​នៅ​ដាច់​ពី​គេ​រយៈពេល ១៤ ថ្ងៃ នៅ​លើ​កោះ​មួយ (Christmas Island) មុននឹង​អនុញ្ញាត​ឱ្យ​ចូល​មក​ប្រទេស​កំណើត​របស់​ពួកគេ​វិញ។ ដោយឡែក សហភាព​អឺរ៉ុប​វិញ ក៏​មាន​គម្រោង​ជម្លៀស​ពលរដ្ឋ​តាម​យន្តហោះ​បារាំង​ពីរ នៅ​ចុង​សប្ដាហ៍​នេះ​ដែរ​។ កូរ៉េខាងត្បូង និង​ម៉ុងហ្គោលី​ឯណោះ ក៏​ផែនការ​ជម្លៀស​ពលរដ្ឋ​ខ្លួន​ស្រដៀង​គ្នា​នេះ​ដែរ ខណៈ​អាជ្ញាធរ​កាណាដា និង​ហ្វីលីពីន កំពុង​តាមដាន និង​ថ្លឹងថ្លែង​វិធានការណ៍​នេះ។

ក្រៅពី​វិធានការណ៍​រដ្ឋាភិបាល​ទាំងនេះ ក្រុមហ៊ុន​អាកាសចរណ៍​ធំៗ​នៅ​ទូទាំង​ពិភពលោក បាន​ប្រកាស​ផ្អាក​ជើង​ហោះ​ហើរ​ត្រង់​ទាំងអស់ ឬ​ដោយ​ផ្នែក​ទៅកាន់ និង​មកពី​ប្រទេស​ចិន ឬ​តំបន់​មួយ​ចំនួន​នៃ​ប្រទេស​នេះ​។ ក្រុមហ៊ុន​អាកាសចរណ៍​ទាំងនោះ​រួមមាន ក្រុមហ៊ុន​អាកាសចរណ៍​អង់គ្លេស (British Airways) ក្រុមហ៊ុន​អាកាសចរណ៍​អាល្លឺម៉ង់ (Lufthansa) ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក (American Airlines) ព្រមទាំង​ក្រុមហ៊ុន​អាកាស​មួយ​ចំនួន​នៅ​អាស៊ី រួមមាន ឥណ្ឌា កូរ៉េខាងត្បូង ឥណ្ឌូណេស៊ី និង​សិង្ហបុរី​ជាដើម ដែល​ក្រុមហ៊ុន​ខ្លះ​បាន​កាត់បន្ថយ​ជើង​ហោះហើរ។

បច្ចុប្បន្ន មាន​មនុស្ស​ជាង ៥០​លាន​នាក់ កំពុង​នៅ​ជាប់​នៅ​តំបន់​ផ្ទុះ​ជំងឺ និង​តំបន់​ជុំវិញ​នោះ នៅ​ប្រទេស​ចិន ខណៈ​អាជ្ញាធរ​ចិន​កំពុង​ព្យាយាម​បិទ​តំបន់​ទាំងនោះ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​នេះ ទៅ​កន្លែង​ដទៃ​ទៀត។

ក្រាហ្វិក​ព័ត៌មាន៖ ការរីករាលដាល​នៃ​វីរ៉ុស​កូរ៉ូណា​ប្រភេទ​ថ្មី (ត្រឹមថ្ងៃ៣០ ខែមករា ឆ្នាំ២០២០)។
ក្រាហ្វិក​ព័ត៌មាន៖ ការរីករាលដាល​នៃ​វីរ៉ុស​កូរ៉ូណា​ប្រភេទ​ថ្មី (ត្រឹមថ្ងៃ៣០ ខែមករា ឆ្នាំ២០២០)។ (ក្រាហ្វិក៖ AFP)

ការសម្រេច​រក្សា​ជំហរ​មិន​ជម្លៀស​ពលរដ្ឋ​ខ្មែរ​ពី​ចិន​នេះ រង​ការរិះគន់​ខ្លាំង​ពី​សំណាក់​ក្រុម​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​។ អ្នកប្រើប្រាស់​ហ្វេសប៊ុក​ម្នាក់ ដាក់​គណនី​ឈ្មោះ «​គ្រូបង្រៀន ព្រំដែន​» សរសេរ​ឌឺដង​ថា «​កម្ពុជា​កំពុង​ដុតដៃដុតជើង​ជម្លៀស​ពលរដ្ឋ​ចិន​ចូល​មក​កម្ពុជា​ដែរ»។ អ្នកប្រើប្រាស់​ហ្វេសប៊ុក​ម្នាក់ទៀត​ដាក់​គណនី​ឈ្មោះ «​បុប្ផា គីង (Bophar King)» សរសេរ​ថា​៖ «​នៅ​ក្នុង​ប្រទេស​ខ្មែរ​វិញ បើ​មាន​ពលរដ្ឋ​ខ្មែរ​ណា​ឆ្លង​ជំងឺ​នេះ​ហើយ មិន​សង្ឃឹមថា​រស់​នោះ​ទេ ពីព្រោះ​រដ្ឋាភិបាល​ខ្មែរ​គ្មាន​ពេទ្យ​ពូកែៗ​»។ ម្ចាស់​គណនី​ហ្វេសប៊ុក​រូប​នេះ សរសេរ​បន្ត​ថា «​ពេទ្យ​ខ្មែរ​ជំនាញ​តែ​ខាង​សម្ដី​អាក្រក់ គ្មាន​ជំនាញ​ច្បាស់លាស់ ទារ​ឱ្យ​បង់លុយ​មុន​ព្យាបាល តម្លៃ​ថ្លៃ​កប់​ពពក កោរ​មិន​ដាក់ទឹក ឯ​ការ​ព្យាបាល​វិញ ឮ​តែ​ស្លាប់ ហើយ​មិន​ទទួលខុសត្រូវ»៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។